ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ប្រភេទ​ខ្លះ​ដល់​មន្ត្រី​រាជការ​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា


រូបភាព​នៃ​ទិដ្ឋាការ​របស់​សហរដ្ឋ​អាមេរិក។
រូបភាព​នៃ​ទិដ្ឋាការ​របស់​សហរដ្ឋ​អាមេរិក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​សម្រេច​ផ្អាក​ផ្ដល់​ប្រភេទ​ទិដ្ឋាការ​មួយ​ចំនួន​ដល់​មន្ត្រី​រាជការ​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​ចង់​បញ្ជូន​ទៅ​ឲ្យ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៣ ខែ​កញ្ញា នេះ។

គោល​នយោបាយ​ថ្មី​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ចាត់​វិធានការ​បង្ក្រាប​លើ​ជន​អន្តោប្រវេសន៍​ណា​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​ដាក់​កំហិត​លើ​ការ​ផ្ដល់​ទិដ្ឋាការ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក ដែល​សំដៅ​ទៅ​លើ​ប្រទេស​ណា​ដែល​បដិសេធ​មិន​ទទួល​យក ឬ​ក៏​ពន្យារពេល​ដោយ​គ្មាន​ហេតុផល​សមរម្យ​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​បញ្ជូន​ចេញ​ពី​ប្រទេស ដោយ «រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ត្រូវ​បញ្ជា​ឲ្យ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្ដល់​ទិដ្ឋាការ​រហូត​ទាល់​តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួល​បាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​បាន​យល់ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ពួកគេ​វិញ‍»។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នេះ បាន​សម្រេច​ផ្អាក​ផ្ដល់ «ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2‍ ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ»។ ទិដ្ឋាការ​ប្រភេទ B1 និង B2 នេះ គឺ​ជា​ទិដ្ឋាការ​សម្រាប់​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ចូលរួម​ប្រជុំ​ការងារ ព្យាបាល​ជំងឺ ឬ​ធ្វើ​ដំណើរ​កម្សាន្ត។

កាល​ពី​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ឈប់​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រដ្ឋាភិបាល​អាមេរិក​ចង់​បញ្ជូន​ទៅ​ឲ្យ ដោយ​បាន​លើក​ឡើង​ថា ខ្លួន​ចង់​ចរចា​ឡើង​វិញ​អំពី​កិច្ច​ព្រមព្រៀង​នេះ ដោយ​សំអាង​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស។

ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reutersថា ករណី​នេះ​បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មិន​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​មនុស្ស ទោះបីជា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​ក៏​ដោយ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​ដាស់តឿន​ផង​ដែរ​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​សហរដ្ឋ​អាមេរិក​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ឲ្យ​នេះ ឲ្យ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​ធ្វើ​ការ​ដាក់​ពាក្យ​សម្ភាសន៍​យក​ប្រភេទ​ទិដ្ឋាការ​ណា​ដែល​សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ខាង​លើ​នេះ។ នេះ​បើ​យើង​តាម​សេចក្ដី​ប្រកាស​ដដែល​នេះ៕

XS
SM
MD
LG