ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កា​សែត​ ​The Cambodia Daily​ លា​អ្នក​អាន​ក្នុង​បរិយាកាស​ដ៏​អាប់អួរ​ ក្រោយ​ការ​គំរាមឱ្យ​បង់​ពន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​


កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។  (ហ៊ាន សុជាតា/VOA)
កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។  (ហ៊ាន សុជាតា/VOA)

នៅ​ក្នុង​លេខ​ផ្សាយ​ចុង​ក្រោយ​នៃ​កាសែត ​The​ Cambodia​ Daily​ ​មុន​នឹង​ត្រូវ​ការ​បិទ​ទ្វារ​ក្រោយ​ការ​ទារ​ពន្ធ​តម្លៃ​រាប់​លាន​ដុល្លារ​ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ​អ្នក​អាន​នៅ​រាជធានី​ភ្នំពេញ​បាន​សម្រុក​ទៅ​​ទិញ​ច្បាប់​ចុង​ក្រោយ​នេះ​ដាច់​គ្មាន​សល់។

​ជា​រៀង​រាល់​ព្រឹក​ ​តាំង​ពី​ពេល​ចាប់​ផ្ដើម​លក់​កាសែត​នៅ​ឆ្នាំ​១៩៩៦​មក ​អ្នកស្រី ​ស្រីមុំ ​តែង​ទទួល​បាន​កាសែត ​The ​Cambodia ​Daily ​ជា​ច្រើន​ច្បាប់​ ​ជាមួយ​នឹង​ព្រឹតិ្តបត្រ​កាសែត​ផ្សេង​ទៀត​សម្រាប់​លក់រាយ ​និង​ចែក​ចាយ​នៅ​តូប​កាសែត​របស់​អ្នក​ស្រី​ ​ក្នុង​ខណ្ឌ​ដូន​ពេញ។

​ដូច​សព្វ​មួយ​ដង ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ​អ្នកស្រី ​ស្រីមុំ​ ​ដែល​មាន​ប្រភព​ចំណូល​គ្រួសារ​ពឹង​ផ្អែក​ទៅ​លើ​ការ​លក់​កាសែត​ ​បាន​ទទួល​ព្រឹត្តិបត្រ​កាសែត​ The ​Cambodia ​Daily​ ​ព្រម​ពេល​ដែល​អ្នក​ដឹក​ជញ្ជូនកាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ​ប្រាប់​លោក​ស្រី​ថា ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយនៃ​ការ​ដឹក​ជញ្ជូនចែក​ចាយ​កាសែត​មួយ​នេះ។​

​អ្នកស្រី ​ស្រីមុំ ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ជាមួយ​នឹង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​និយាយ​ដោយចំហ​ទៅកាន់​សាធារណ​មតិ​ ​បាន​ប្រាប់ ​VOA ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖​

«គេ​ប្រាប់​ថា ​[The​ Cambodia] ​Daily ​ចេញ​តែ​ថ្ងៃ​ហ្នឹង​ទៀត​ទេ ​លែង ... ​ឈប់​ចេញ​ហើយ»។​

កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត​ជា​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ​រាង​តូច​ច្រលឹង​មួយ​នេះ​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​អំពី​ការ​បញ្ចប់​ប្រតិបត្តិ​ការណ៍​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ​ក្រោយ​ពី​ចេញ​ផ្សាយ​អស់​រយៈពេល​២៤ឆ្នាំ​តាំង​ឆ្នាំ​១៩៩៣​មក។​

ការ​សម្រេច​បិទ​ទ្វារ​របស់​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​នេះ​ កើត​មាន​ចំ​ពេលភាព​ចម្រូង​ចម្រាស​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​របស់​កម្ពុជា​ដែល​កាល​ពីថ្ងៃទី៤​ ខែសីហា​កន្លង​ទៅ​ ​បាន​ចេញ​វិក្កយ​បត្រ​ពន្ធ​ដែលចែង​ថា​ព្រឹត្តិបត្រ​នេះ​ជំពាក់​លុយ​ពន្ធ​រដ្ឋ​ ​២៥​ពាន់​លាន​រៀល ​(ប្រហែល៦.៣​លានដុល្លារ​អាមេរិក)។

​កាសែត ​The Cambodia ​Daily ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ដំណើរ​ការ​គណនា​ឯកតោ​ភាគី​របស់រដ្ឋាភិបាលទៅ​លើ​វិក្កយ​បត្រ​ពន្ធ​ ​ហើយ​កាសែត​នេះ​បាន​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ​និង​ធ្វើ​សវនកម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ​ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ​មក​ទល់​នឹង​ថ្ងៃ​បិទទ្វារ។​

លើស​ពីនេះ​ទៅ​ទៀត​ ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​បុរស​ខ្លាំង​នៃ​កម្ពុជា​ ​បាន​ប្រកាស​ហៅ​កាសែត ​The Cambodia ​Daily ​ថា​ជា ​«មេ​ចោរ»​ ដោយ​ចោទ​បន្ថែម​ទៅ​លើ​ការទាមទារ​លុយ​ពន្ធ​របស់​អគ្គ​នាយក​ដ្ឋានពន្ធ​ដារ។​

​នៅក្នុងសេច​ក្ដីថ្លែងការណ៍កាលពីថ្ងៃ​អាទិត្យ កាសែត The​ ​Cambodia Daily បានប្រកាសថា៖

«អំណាចនៃការទារពន្ធគឺជាអំណាចនៃការធ្វើឱ្យវិនាស។ នៅបន្ទាប់ពីរយៈពេល២៤ឆ្នាំនិង​១៥ថ្ងៃ រដ្ឋាភិបាល​បានធ្វើឱ្យខ្ចាត់និរាសកាសែត The Cambodia Daily ដែលជាផ្នែកដ៏​សំខាន់ ​និង​ល្អ​ឯក​មួយ​នៃសារ​ព័ត៌​មាន​សេរី​នៅ​កម្ពុជា»។​

ការ​បិទ​ទ្វារ​នៃ​កាសែត​ The​ Cambodia ​Daily​ កើត​មាន​នៅ​ចំ​ពេល​ដែល​មាន​ព្រឹត្តិ​ការណ៍​នយោបាយកើតឡើងបន្តកន្ទុយ​គ្នា​រួម​មាន​ការ​ចាប់​ខ្លួន​ ​លោក ​កឹម ​សុខា ​មេ​ដឹក​នាំបក្ស​ជំទាស់​ ​ការ​បិទ​ទ្វារ​និង​បណ្ដេញបុគ្គលិក​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ ​(NDI)​ ការ​ហាម​ប្រាម​វិទ្យុ​ក្នុង​ស្រុក​មិន​ឱ្យ​ចាក់​កម្មវិធី​ផ្សាយ​របស់វិទ្យុបរទេស​រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិ ​និង​វិទ្យុ​អាស៊ី​សេរី​ជា​ដើម។​

ក៏​ប៉ុន្តែ​សម្រាប់​អាជីវករ​លក់​កាសែត​ដូច​ជា​អ្នក​ស្រី ​ស្រីមុំ​ ​ថា​ការ​បិទ​ទ្វារ​នៃ​កាសែត ​The ​Cambodia ​Daily ​ជា​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ប្រចាំ​ថ្ងៃ​ដែល​លោក​ស្រី​ធ្លាប់​រក​បានប្រមាណ​៧០​ច្បាប់​ក្នុង​មួយ​ថ្ងៃៗ​ ដែល​ក្នុង​មួយ​ច្បាប់​លោកស្រី​អាច​លក់​បាន​ក្នុង​តម្លៃ​ឯកតា ​២៥០០ ​រៀល។​

«ចំណេញ ​ចំណេញ​គ្រាន់​បាន​ហូប ​...​ តែ​ដល់​តែ​បិទ​ទៅ ​វា​អស់​សង្ឃឹម ​អស់​រលីង។​ ​វា​អស់​សង្ឃឹម​ដោយ​សារ​តែ​កាសែត​ក៏​បិទ​ VOA​ ក៏បិទ»។​

​អ្នកស្រី ​ស្រីមុំ ​បាន​បន្ថែម​ថា៖​

«ចង់​ឱ្យ​គាត់​ចេញ​វិញ ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​យើង ​ចេះ​មើល ​ចេះ​ដឹង​ទៅ ​កាន់​តែ ​Update ​ដូច​ថា​គំនិត​ ចំណេះ​ចេះ​ដឹង​កាន់​តែ​ខ្ពស់ ​ចង់​និយាយ​អ៊ីចឹង»។​

ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​នៅ​គ្រប់​តូប​កាសែត​ដែល​ ​VOA​ ​បាន​ទៅ​ដល់ ​កាសែត ​The​ Cambodia ​Daily​ ​បាន​លក់​អស់​គ្មាន​សល់​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​ ​ឯ​តូប​កាសែត​ខ្លះទៀត​ ​ថែមទាំង​បាន​ធ្វើការ​ថត​ចម្លង​ព្រឹត្តិបត្រចុង​ក្រោយ​នេះ​ ​លក់​បន្ថែម​ខណៈ​ដែល​អ្នក​ទិញ​បាន​សម្រុក​ទៅ​ទិញ​ច្បាប់​ចុង​ក្រោយ​នៅ​ថ្ងៃ​អវ​សាន្តកាសែតជាភាសាអង់​គ្លេសមួយ​នេះ។​

​អ្នក​ទិញ ​និង​អ្នក​លក់​កាសែត​ជាច្រើន ​សុទ្ធ​តែ​បដិសេធ​មិន​ហ៊ាន​ផ្ដល់​បទ​សម្ភាស​នោះ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​អះអាង​ថា​ពួក​គាត់​មាន​ការ​ភ័យខ្លាច​ ខណៈ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កំពុង​តានតឹង។​

​នៅ​ក្នុង​ច្បាប់​ចុង​ក្រោយ​នៃ​ការ​ផ្សាយ​របស់​កាសែត ​The ​Cambodia ​Daily ​ទំព័រ​មុខ​ ​បាន​ផ្ដើម​ជាមួយ​រូប​ថតរបស់​លោក​ កឹម ​សុខា​ ប្រធាន​គណបក្ស​ជំទាស់​ដែល​ ​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​ ​ព្រម​នឹង​ចំណង​ជើង​ធំៗ​ថា ​«ការ​រអិល​ធ្លាក់​ចូលទៅកាន់​អំពី​ផ្ដាច់​ការ​ពេញទី»។​

អ្នកស្រី Jodie DeJonge និពន្ធនាយក​នៃ​កាសែត​ The Cambodia Daily ផ្តល់​បទសម្ភាសន៍ជាមួយ VOA តាមរយៈការផ្សាយផ្ទាល់ Facebook នា​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​។
អ្នកស្រី Jodie DeJonge និពន្ធនាយក​នៃ​កាសែត​ The Cambodia Daily ផ្តល់​បទសម្ភាសន៍ជាមួយ VOA តាមរយៈការផ្សាយផ្ទាល់ Facebook នា​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​។

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ VOA ​កាល​ពី​ល្ងាច​ថ្ងៃទី៣​ ​ខែ​កញ្ញា​ដែល​ជា​ថ្ងៃ​ធ្វើការ​ចុង​ក្រោយ​របស់ ​The ​Cambodia​ Daily ​នៅ​មុន​ពេល​បិទ​ទ្វារ​ អ្នកស្រី​និពន្ធ​នាយិកា​ ​Jodie​ DeJonge ​បាន​និយាយ​ថា​ ​ការបាត់បង់នៃកាសែត ​The ​Cambodia ​Daily ​ជា​ការ​បាត់​បង់​នូវ​ប្រភព​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​ដែល​មនុស្ស​ជា​ច្រើន​រំពឹងទៅ​លើ ​ដើម្បី​ស្វះ​ស្វែង​រក​ដំណឹងពិត ​និង​សុក្រឹត។​

«យើង​មាន​ការ​សោក​ស្ដាយ​ដែល​ត្រួវ​ឃ្លាត​ឆ្ងាយ​ពី​មិត្ត​អ្នក​អាន​ទាំង​អស់ ​ខ្ញុំ​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​នឹងទទួលនូវអារម្មណ៍​ថា​បាត់​បង់​អ្វី​មួយ​ដោយ​ធ្ងន់​ធ្ងរ​ជាមួយ​នឹង​ការ​បាត់បង់ទៅ​នូវ​កាសែត ​ The ​Cambodia ​Daily។ ​ហើយ​បើ​ខ្ញុំ​ត្រូវ​ផ្ដល់​ជា​សារ​អ្វី​នោះ ​ខ្ញុំ​ចង់​និយាយ​ថា ​យើង​ពិត​ជា​ចង់​[បម្រើ​លោក​អ្នក]​បន្ត​ទៀត ​ហើយ​យើងជឿ​ជាក់​ថា​អ្នក​រាល់​គ្នា​គួរ​តែ​ទទួល​បាន​អ្វីដែលល្អ​ជាង​នេះ ​ហើយ​យើង​ពិត​ជា​សោកស្ដាយ​ ដែល​យើងនឹងមិន​មាន​វត្ត​មាន​នៅ​ទីនេះ​បន្ត​ទៀត​ទេ ​បន្ទាប់ពី​ថ្ងៃចន្ទ​ទៅ»។​

នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​នៅ​ល្ងាច​ថ្ងៃទី៤​ ខែ​កញ្ញា​នេះ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ក៏បាន​សម្ដែងនូវ​ការ​ «សោក​ស្ដាយ»​ ផង​ដែរ​ ចំពោះ​ការ​បិទ​ទ្វារ​របស់​កាសែត The ​Cambodia ​Daily ​ហើយហៅការបិទ​ទ្វារ​នេះ​ថា​ជា​ការ​ឆក​ល្វែង​ធ្វើ​ឱ្យ​ ​«បាត់​បង់​ប្រភព​ព័ត៌មាន​មួយ​សម្រាប់​អ្នក​អាន​របស់​ខ្លួន»។

«ក្លឹប​អ្នក​កាសែត​កម្ពុជា​សូមអំពាវ​នាវ​ដល់​ម្ចាស់​កាសែត ​The ​Cambodia ​Daily ​គួរ​រក​វិធី​សម្រប​សម្រួល​ ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ដើម្បី​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​កាសែត​មួយនេះ​ដំណើរ​ការ​ឡើង​វិញ​បាន»។​

កាសែត​ The Cambodia Daily ​ព្រឹត្តិបត្រ​ចុងក្រោយ​បង្អស់​ រាជធានីភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់រយៈពេល​ ២៤ឆ្នាំ។(ហ៊ាន សុជាតា/VOA)
កាសែត​ The Cambodia Daily ​ព្រឹត្តិបត្រ​ចុងក្រោយ​បង្អស់​ រាជធានីភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់រយៈពេល​ ២៤ឆ្នាំ។(ហ៊ាន សុជាតា/VOA)

បើ​ទោះ​ជា​ ​កាសែត ​The ​Cambodia ​Daily​ ​ដែល​ដំណើរ​ការ​ជាង​២៤ឆ្នាំ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ត្រូវ​បង្ខំ​បិទ​ក្នុង​ភាព​ ​ហ្មង​សៅ​ក៏​ដោយ​ ​ក៏​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៅ​តែ​ប្រកាន់​ជំហរ​តឹង​រ៉ឹង​ចំពោះ​ការ​ទាម​ទារ​ពន្ធ​ពី​សំណាក់​កាសែត​នេះ។​ ​ក្នុង​លិខិត​មួយ​របស់​អគ្គនាយដ្ឋាន​ពន្ធដារ​ផ្ញើ​ជូន​អគ្គនាយក​អន្តោប្រវេសន៍​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ​និង​ត្រូវ​ផ្សព្វផ្សាយតាម​ព័ត៌មាន​ក្រុង​ស្រុក​ ​អគ្គនាយដ្ឋាន​ពន្ធដារថា​កាសែត​នេះ​នៅ​តែ​ត្រូវ​ ​បង់​ថ្លៃ​ជំពាក់​ពន្ធ​ ​បើ​ទោះ​ណា​ជា​ត្រូវ​បិទ​ទ្វារ​ក៏​ដោយ​ ​ហើយ​អ្នក​តំណាងអាជីវ​កម្ម​បោះ​ពុម្ភ​ផ្សាយនៅ​កម្ពុជា​ ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ​ប្រសិន​បើមិនព្រមបង់នោះ​ទេ។​

VOA​ មិន​អាច​ត្រូវ​បាន​ទាក់​ទង​ ​មន្ត្រី​និងអ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មានសុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

​លោក ​មឿន ​ឈាន​ណារិទ្ធិ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា​ការបិទ​ទ្វារ​នៃ​កាសែត​ The ​Cambodia ​Daily ​នៅ​ចំ​ពេល​ដែល​ឧស្សាហកម្ម​ព័ត៌មាន​បោះពុម្ភ​ផ្សាយ​កំពុង​ដាំ​ក្បាល​ចុះ ​មិន​ថា​តែ​នៅកម្ពុជា​នោះ​ទេ ​តែ​ជា​បាតុភូត​សាកល​នៅ​ពេល​សាធារណជន​មិត្ត​អ្នក​អាន​មាន​ជម្រើស​កាន់​តែ​ច្រើន។​

លោក​ ​ឈានណារិទ្ធិ​ ​បាន​បន្ថែម​ថា​ ​ការ​បាត់បង់​កាសែត​ ​The Cambodia Daily​ ​គឺ​ជា​រូបភាព​មិនល្អ​សំរាប់​មួយ​សម្រាប់​សារព័ត៌​មាន​ដទៃ​ ​ ​ហើយ​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ដទៃ​ប្រយ័ត្ន​ប្រយែង​សម្ដី​ជាង​មុន​ លើ​ការរាយ​ការណ៍​ព័ត៌មាន​នា​នា​ ជាមួយ​នឹង​ការ​ចាប់​ពិរុទ្ធ​ខ្លួន​ឯង​មិន​សូវ​ហ៊ាន​សរសេរ​ប៉ះ​ពាល់មន្ត្រី​និង​អ្នក​មានអំណាច​ក្នុង​ស្រុក។​

លោក​ ​មឿន ​ឈាន​ណារិទ្ធិ បញ្ជាក់​ថា៖​

​«ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ ទៅ​លើ​សេរីភាព​របស់​អ្នក​សារ​ព័ត៌មាន​ម្នាក់​ ឬ​ក៏​អង្គភាព​សារ​ព័ត៌មានណា​មួយ ​ក៏​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ត្រូវ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ព្រោះ​អី​អាច​មិន​យូរ​មិន​ឆាប់​ សម្ពាធហ្នឹង​អាច​ធ្លាក់​ដល់​អ្នក​សារ​ព័ត៌មាន​ដទៃ​ទៀត​ក៏​ថា​បាន​ដែរ »។​

កាសែត​ ​The Cambodia Daily ​បើក​ផ្សាយ​ដំបូង​នៅ​ខែ​សីហា​ ​ឆ្នាំ​១៩៩៣​ ​ដោយ​អ្នក​កាសែត​អាមេរិកម្នាក់​ឈ្មោះ ​Bernard ​Krisher ​ជា​ចាង​ហ្វាង​ផ្សាយ។​ ​មក​ដល់​ពេល​បច្ចុប្បន្ននេះ​ ​ជា​រឿយៗ ​សារព័ត៌មាននេះ​តែងរាយការណ៍​អត្ថបទ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​រសើប​ និង​រិះគន់ ​រដ្ឋ​បាល​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន។​ អ្នកគាំទ្រ​ និយម​ការ​អាន​ ​និង​អតីត​បុគ្គលិក​កាសែត The Cambodia Daily ​បាន​សម្តែង​ក្តី​សោក​ស្តាយ​ និង​ខឹង​សម្បា​ចំពោះ​ការ​ ​បង្ខំ​ឱ្យ​កាសែត​នេះ​ឈាន​ដល់​ការ​បិទទ្វា៕​

អ្នក​រាយការណ៍​អត្ថបទ​ព័ត៌មាននេះ​ធ្លាប់​ជា​កម្ម​សិក្សា​ការី​រយៈពេល​ខ្លី​នៅ​កាសែត ​The​ Cambodia ​Daily ​កាល​ពី​ឆ្នាំ​២០១៥

XS
SM
MD
LG