[កំណត់និពន្ធ៖ អ្នកជំនាញការអាមេរិកាំងខាងសេរីភាពតាមបណ្ដាញអ៊ីនធឺណិត បានលើកឡើងថា និន្នាការនៃការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលទៅលើក្រុមអ្នកសម្ដែងមតិប្រឆាំងឬរិះគន់ នឹងបន្តកើនឡើងនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុននេះ។ ប៉ុន្តែ អ្នកជំនាញរូបនេះ ព្រមានថា ការប៉ុនប៉ងរបស់រដ្ឋាភិបាលណាមួយក្នុងការគាបសង្កត់លើសេរីភាពតាមបណ្ដាញអ៊ីនធឺណិត ទំនងជានឹងធ្វើឲ្យពលរដ្ឋឲ្យក្រោកឡើងប្រឆាំងរដ្ឋាភិបាលវិញ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍ លោក Mike Godwin អ្នកជំនាញខាងសេរីភាពនិងច្បាប់តាមបណ្ដាញអ៊ីនធឺណិត ហើយរាយការណ៍ថាការលើកឡើងរបស់អ្នកជំនាញរូបនេះធ្វើឡើង ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការបង្ក្រាបទៅលើក្រុមប្រឆាំងនិងអ្នកទិតៀនជាបន្តបន្ទាប់ដូចជាការបិទអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិNDI និងការបិទសារព័ត៌មានឯករាជ្យមួយចំនួនរួមមាន The Cambodia Daily និងវិទ្យុអាស៊ីសេរីក្នុងប្រទេសកម្ពុជាជាដើម។ ខាងក្រោមនេះគឺជាខ្លឹមសារនៃបទសម្ភាសន៍រវាងលោក សាយ មុន្នី និងលោក Mike Godwin]៖
VOA: ជម្រាបសួរលោក Mike Godwin។ សូមអរគុណចំពោះការផ្ដល់បទសម្ភាសន៍នេះជាមួយVOA។ ខ្ញុំដឹងថា លោកបានប្រឡូកក្នុងវិស័យសេរីភាពខាងអ៊ីនធឺណិតនៅជុំវិញពិភពលោកអស់រយៈពេលជាង២៥ឆ្នាំមកហើយ រួមទាំងពេលវេលារបស់លោកនៅក្នុងប្រទេសកម្ពុជា កាលពីពីរបីឆ្នាំមុននេះផង។ ឆ្នាំមុន អង្គការ Freedom House បានដាក់ចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសដែលមានសេរីភាពគួរសមខាងអ៊ីនធឺណិត។ តើឥឡូវ លោកអាចប្រាប់បានទេ ថាតើសេរីភាពលើបណ្ដាញអ៊ីនធឺណិតនៅកម្ពុជាបច្ចុប្បន្ននេះ មានស្ថានភាពបែបណា ជាពិសេសក្រោយពីមានការគាបសង្កត់ថ្មីៗនេះពីសំណាក់រដ្ឋាភិបាលទៅលើសំឡេងក្រុមប្រឆាំងនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននោះ?
Godwin៖ ប្រាកដជាបាន។ ក្រោយពីខ្ញុំទៅដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ ខ្ញុំហាក់ដូចជាមានសុទិដ្ឋិនិយមគួរសមដែរថា ការរីកចម្រើនខាងសេរីភាពលើបណ្ដាញអ៊ីនធឺណិតនៅកម្ពុជា នឹងបន្តទៅមុខទៀត។ ខ្ញុំបន្តតាមដានការវិវត្តន៍នៅកម្ពុជា ដោយសារភរិយារបស់ខ្ញុំ មកពីប្រទេសកម្ពុជា។ ខ្ញុំបានឃ្លាំមើលជាមួយភរិយារបស់ខ្ញុំនិងក្រុមគ្រួសាររបស់គាត់ ដោយសារមានការព្រួយបារម្ភខ្លះៗថា អាចនឹងមានការព្យាយាមបិទ ឬកម្រិតសេរីភាពលើបណ្ដាញអ៊ីនធឺណិត ពីព្រោះតែការទិតៀនរបស់រដ្ឋាភិបាលទៅលើការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនាក់ទំនងកាន់តែតានតឹងជាមួយស្ថាប័នព័ត៌មានឯករាជ្យមួយចំនួន។
ខ្ញុំមើលព័ត៌មានជាប់លាប់តាមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ខ្ញុំព្យាយាមតាមដានស្ថានការណ៍វិវត្តន៍ថ្មីៗ ហើយយើងដឹងថា ប្រាកដណាស់ មានកិច្ចប្រឹងប្រែងមួយចំនួនពីរដ្ឋាភិបាលក្នុងការចាប់ខ្លួនឬទិតៀនអ្នកដែលបានប្រើប្រាស់អ៊ីនធឺណិត ដើម្បីរិះគន់រដ្ឋាភិបាល។ ដូច្នេះ ខ្ញុំមានការបារម្ភអំពីរឿងនេះ។
ប៉ុន្តែ វាមានលក្ខណៈពិបាកបន្តិចក្នុងការរាំងខ្ទប់អ៊ីនធឺណិត ជាងការរាំងខ្ទប់ស្ថានីយវិទ្យុឬកាសែត ដោយសារ បើនិយាយពីកាសែតឬវិទ្យុ អ្នកគ្រាន់តែបិទមធ្យោបាយផលិតកម្មទៅ នោះរដ្ឋាភិបាលអាចបិទសំឡេងមនុស្ស មិនឲ្យនិយាយបានហើយ។ ប៉ុន្តែ ចំពោះអ៊ីនធឺណិតវិញ វាជាប្រព័ន្ធបែកខ្ញែក ហើយរដ្ឋាភិបាលឬប្រទេសភាគច្រើន ទទួលបានផលប្រយោជន៍ច្រើនពីការមានអ៊ីនធឺណិតប្រើប្រាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើឲ្យប្រទេសជាតិជឿនលឿនថែមទៀតក្នុងសតវត្សទី២១នេះ ដូច្នេះ គេពិបាកក្នុងការបិទបណ្ដាញអ៊ីនធឺណិតហ្នឹងណាស់។ ប៉ុន្តែ សំណួរដែលត្រូវសួរគឺថា តើសេរីភាពតាមបណ្ដាញអ៊ីនធឺណិតនេះ នឹងមានស្ថានភាពបែបណា ក្នុងគ្រាមួយដែលរដ្ឋាភិបាលបារម្ភកាន់តែខ្លាំងចំពោះមតិរិះគន់ច្រើនហួសហេតុពីសាធារណជននោះ?
យើងនៅមិនទាន់ដឹងនៅឡើយទេ។ យើងឃើញមានការចាប់ខ្លួនបុគ្គលខ្លះ ហើយរដ្ឋាភិបាល ក៏កាន់តែសកម្មក្នុងការឆ្លើយតប។ យើងឃើញរដ្ឋាភិបាល រិះគន់ អ្នកទិតៀនជាក់លាក់មួយចំនួនលើបណ្ដាញអ៊ីនធឺណិត ប៉ុន្តែយើងមិនទាន់ឃើញមានការព្យាយាមបិទបណ្ដាញសង្គមហ្វេសប៊ុកនៅឡើយទេ។ ដូចពលរដ្ឋខ្មែរដឹងស្រាប់ហើយ ជាញឹកញយ ហ្វេសប៊ុកគឺជាបណ្ដាញសង្គមទី១ ដែលពលរដ្ឋប្រើប្រាស់ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមកតាមអ៊ីនធឺណិត។ បណ្ដាញសង្គមផ្សេងទៀត សម្រាប់ទាក់ទងគ្នាតាមអ៊ីនធឺណិត ជារឿយៗ រួមមានកម្មវិធីផ្ញើសារដោយផ្ទាល់ដូចជា Signal និង Telegram ជាដើម។ កម្មវិធីតាមអ៊ីនធឺណិតទាំងនេះ នៅដំណើរការនៅឡើយ ហើយមិនទាន់មានការព្យាយាមណាមួយ ក្នុងការបិទកម្មវិធីទាំងអស់នេះនៅឡើយទេ។
VOA: បើលោកក្រឡេកមើលប្រទេសកម្ពុជាសព្វថ្ងៃ ដែលនៅទីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងប្រើប្រាស់អ៊ីនធឺណិតជាពិសេសគឺបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងទូលំទូលាយ ដើម្បីផ្ញើសារនយោបាយរបស់លោកទៅកាន់អ្នកបោះឆ្នោតនោះ តើលោកគិតថា អាចនឹងមានហេតុផលណាមួយ ដែលរដ្ឋាភិបាល អាចនឹងគាបសង្កត់សេរីភាពលើបណ្ដាញអ៊ីនធឺណិតទៀតដែរឬទេ?
Godwin: ខ្ញុំគិតថា រដ្ឋាភិបាល ហើយនិយាយឲ្យចំគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់យ៉ាងត្រឹមត្រូវថា ហ្វេសប៊ុក និងនិយាយជារួមអ៊ីនធឺណិត គឺជាវេទិកាដ៏ល្អប្រសើរ ក្នុងការបញ្ជូនសាររបស់ខ្លួន ហើយរដ្ឋាភិបាល មិនចង់បញ្ឈប់ការធ្វើបែបនេះទេ។ តាមពិតទៅ ពួកគេ ថែមទៀតលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់អ៊ីនធឺណិតថែមទៀតផង។
ខ្ញុំដឹងថាលោកនាយករដ្ឋមន្ត្រី មានអ្នកតាមមើលយ៉ាងច្រើនលើបណ្ដាញអ៊ីនធឺណិត ហើយបើខ្ញុំជាពលរដ្ឋខ្មែរ ហើយចេះនិយាយភាសាខ្មែរទៀតនោះ ម្លិះខ្ញុំ ក៏នឹងតាមមើលគាត់ដែរ។ ដូច្នេះ ខ្ញុំមើលមិនឃើញហានិភ័យចំពោះអ្វីមួយដែលគេហៅថាជាប៊ូតុងចុចបិទ មិនឲ្យមានការទទួលបានសេវាកម្មអ៊ីនធឺណិតនោះទេ។ មិនមានកិច្ចប្រឹងប្រែងធ្វើបែបនេះទេ ពីព្រោះរដ្ឋាភិបាល ចង់ប្រើប្រាស់អ៊ីនធឺណិត ដើម្បីនិយាយទៅកាន់ពលរដ្ឋរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការបិទអ៊ីនធឺណិត នឹងបង្កការខូចខាតខាងសេដ្ឋកិច្ច និងផ្ដល់ផលអាក្រក់ក្រៃលែងដល់ប្រទេសមួយដែលកំពុងព្យាយាមបង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងលឿនដូចដែលកម្ពុជាកំពុងតែធ្វើបច្ចុប្បន្ននេះ ហើយព្យាយាមអភិវឌ្ឍភាពជាដៃគូជាមួយបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ដែលប្រើប្រាស់អ៊ីនធឺណិតដែរ។
ដូច្នេះ ខ្ញុំមិនបារម្ភអំពីការបិទអ៊ីនធឺណិតទាំងស្រុងនោះទេ។ វាមានលក្ខណៈខុសគ្នាពីការបិទកាសែតឬការបិទស្ថានីយវិទ្យុ។ ការបិទអ៊ីនធឺណិត គឺប្រៀបដូចជាការកម្ទេចផ្លូវទាំងឡាយចោលយ៉ាងដូច្នោះដែរ។ អ្នកអាចបំផ្លាញផ្លូវថ្នល់នានា ឬអ្នកអាចកាត់ផ្ដាច់ខ្សែទូរស័ព្ទ ហើយបិទសេវាកម្មទូរស័ព្ទទាំងអស់បាន។ នោះជាអ្វីមួយដែលរដ្ឋាភិបាលអាចធ្វើបាន ប៉ុន្តែ ការខាតបង់ នឹងមានទំហំធំធេងរហូតដល់ខ្ញុំមិនជឿថា រដ្ឋាភិបាលបច្ចុប្បន្នឬរដ្ឋាភិបាលណាក៏ដោយក្នុងប្រទេសកម្ពុជា នឹងធ្វើបែបនេះទេ ក្នុងពេលនេះ។
VOA៖ អញ្ចឹង ការបារម្ភរបស់មនុស្សមួយចំនួន អំពីលទ្ធភាពនៃការបិទអ៊ីនធឺណិតនៅកម្ពុជា គឺគ្រាន់តែជាការបារម្ភដែលគ្មានមូលដ្ឋានសំអាងអ្វីនោះទេ មែនទេ?
Godwin: ខ្ញុំគិតថា បើគិតពីបច្ចេកទេស គេអាចបិទអ៊ីនធឺណិតបាន ប៉ុន្តែ ទំរាំដល់ពេលដែលរដ្ឋាភិបាលគិតអំពីការបំផ្លាញឬកាត់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធដល់កម្រិតហ្នឹង ប្រាកដជាមានអ្វីមួយអាក្រក់អាក្រីបំផុត បានកើតឡើងរួចទៅហើយ។ អ្វីមួយនោះ អាចជារឿងធំជាងអ៊ីនធឺណិតហ្នឹងទៅទៀត។ ពេលនោះ អ្នកនឹងឃើញហើយ ព្រោះហេតុការណ៍នេះ បានកើតឡើងរួចទៅហើយ។ រដ្ឋាភិបាលខ្លះ បានព្យាយាមស្វះស្វែងរកប៊ូតុងចុចបិទអ៊ីនធឺណិតភា្លមៗ ទៅតាមការបញ្ជារបស់រដ្ឋាភិបាល។ ការណ៍នេះ មិនសូវទទួលបានជោគជ័យទេ។
យើងមានកំណត់ត្រាខ្លះហើយក្នុងបដិវត្តអារ៉ាប់ ដែលរដ្ឋាភិបាលនៃបណ្ដាប្រទេសអារ៉ាបជាច្រើន បានព្យាយាមប្រើប៊ូតុងបិទអ៊ីនធឺណិតនេះ។ ពួកគេ ទទួលបានជោគជ័យខ្លះដែរ ប៉ុន្តែ អ្វីដែលបានកើតឡើងនោះ គឺថា ពលរដ្ឋស្រាប់តែនាំគ្នាស្រែកសួរភ្លាមថាតើអ៊ីនធឺណិតរបស់ខ្ញុំទៅណាបាត់ហើយ? ហើយពួកគេ ក៏នាំគ្នាចុះដើរតាមផ្លូវនានា ដើម្បីតវ៉ា។ រដ្ឋាភិបាល មិនចូលចិត្តទេ ពេលមនុស្សម្នា នាំគ្នាចេញមកតវ៉ាតាមដងផ្លូវនានា ដើម្បីស្វែងរកមូលហេតុនោះ ពីព្រោះការធ្វើបែបនេះ ធ្វើឲ្យរដ្ឋាភិបាល ភ័យបុកពោះ។ ដូច្នេះ ការបិទអ៊ីនធឺណិត មិនមែនជាជម្រើសដ៏ល្អទេ។
VOA៖ ប៉ុន្តែ លោកលើកឡើងថា លោកបារម្ភថាបុគ្គលជាក់លាក់មួយចំនួន អាចក្លាយជាគោលដៅរបស់រដ្ឋាភិបាល មែនទេ?
Godwin: ពិតណាស់ ខ្ញុំពិតជាបារម្ភ។ ខ្ញុំតាមដានព័ត៌មាន ដោយអានកាសែតភ្នំពេញប៉ុស្តិ៍ និងកាសែតដឺខេមបូឌា ដេលី ហើយខ្ញុំក៏តាមដានព័ត៌មានយ៉ាងជាប់លាប់តាមដែលអាចធ្វើបានពីមិត្តភ័ក្ដិដែលផ្ដល់ប្រភពព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា។ ខ្ញុំដឹងថា ពិតជាមានការចាប់ខ្លួនបុគ្គលខ្លះមែន ហើយក៏មានការឆ្លើយតបពីរដ្ឋាភិបាលចំពោះការរិះគន់ផ្សេងៗផងដែរ។ ខ្ញុំបារម្ភចំពោះបុគ្គលមួយចំនួនខ្លាំងមែនទែន។ ដូច្នេះ ខ្ញុំគិតថា បញ្ហាប្រឈមសម្រាប់ពលរដ្ឋខ្មែរបច្ចុប្បន្ននេះ គឺការព្យាយាមធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាល តាមរបៀបណាដែលមិនត្រូវបានបកស្រាយថាជាការព្យាយាមផ្ដួលរំលំរដ្ឋាភិបាល។
ខ្ញុំចង់និយាយថា រដ្ឋាភិបាល បានបង្ហាញជំហរច្បាស់គួរសមហើយថា ពួកគេបារម្ភចំពោះអ្វីដែលពួកគេ បាននិយាយកាលពីឆ្នាំមុនថា ពួកគេជឿថា មានកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ឬក៏បង្កើតបដិវត្តពណ៌នៅកម្ពុជា។ ខ្ញុំគិតថា ជំហររដ្ឋាភិបាលបែបនេះ ធ្វើឲ្យមនុស្សរាល់គ្នា ទោះបីជាពួកគេខំព្យាយាមជួយក៏ដោយ ក៏មានការបារម្ភថា ពួកគេ អាចត្រូវបានគេគិតថាជាអ្នកទិតៀនរដ្ឋាភិបាល ឬក៏ជាផ្នែកមួយនៃអ្វីដែលលោកនាយករដ្ឋមន្ត្រី ហៅថាជាអ្នកសមគំនិតដែរ។
VOA៖ លោកមានប្រសាសន៍ថា លោកបារម្ភខ្លាចបុគ្គលមួយចំនួន ជាពិសេសអ្នករិះគន់រដ្ឋាភិបាល អាចក្លាយជាគោលដៅបង្ក្រាបរបស់រដ្ឋាភិបាល។ តើលោកមើលឃើញថា និន្នាការនេះ នឹងបន្តទៀតទេ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយនេះ?
Godwin: បាទ ខ្ញុំគិតថា និន្នាការនេះ នឹងបន្តកើនឡើងទៀត ដោយរដ្ឋាភិបាល នឹងក្រឡេកមើលយ៉ាងម៉ត់ចត់ និងយ៉ាងម៉ឺងម៉ាត់ជាងមុន ក្នុងការឆ្លើយតបទៅនឹងការរិះគន់នយោបាយនៅមុនការបោះឆ្នោតឆ្នាំ២០១៨។ ផ្អែកតាមអ្នកដែលខ្ញុំបាននិយាយជាមួយក្នុងប្រទេសកម្ពុជា ខ្ញុំជឿថា រដ្ឋាភិបាល មិនចង់ឲ្យមានការបោះឆ្នោតប្រកៀកប្រកិតដូចការបោះឆ្នោតលើកមុន ហើយក៏មិនចង់ឲ្យមានបាតុកម្មឬភាពវឹកវររបស់ពលរដ្ឋកើតឡើងជាថ្មីទៀតដែរ។
រដ្ឋាភិបាល សង្ឃឹមថា ប្រសិនបើពួកគេ អាចបំបាក់ទឹកចិត្តអ្នកប្រឆាំងនយោបាយយ៉ាងសកម្មបាន នោះទំនងជានឹងមិនមានបាតុកម្មកើតឡើងទេ។ ប៉ុន្តែ ខ្ញុំគិតថា នោះគឺជាការយល់ខុសទៅវិញ។ ខ្ញុំគិតថា តាមពិត ការព្យាយាមគាបសង្កត់សំឡេងប្រឆាំង អាចនឹងមិនមានប្រសិទ្ធភាព ដូចដែលរដ្ឋាភិបាលបានសង្ឃឹមនោះទេ ដោយសារ ការគាបសង្កត់ទាំងនោះ នឹងជះឥទ្ធិពល ធ្វើឲ្យពលរដ្ឋងើបឡើង ពីព្រោះតែការមិនសប្បាយចិត្តរបស់ពួកគេ នៅពេលដែលពួកគេ មើលឃើញមិត្តភ័ក្ដិនិងអ្នកដឹកនាំនៅក្នុងខេត្តឬក្រុងរបស់ពួកគេ ត្រូវបានគេទិតៀនឬចាប់ខ្លួននោះ។ ខ្ញុំគិតថា ការណ៍នេះ នឹងធ្វើឲ្យមនុស្សម្នាភ្ញាក់ស្មារតី ហើយធ្វើឲ្យពួកគេ កាន់តែរិះគន់រដ្ឋាភិបាល។ បើអ្នកក្រឡេកមើលជុំវិញពិភពលោក អ្នកឃើញផលវិបាកត្រឡប់មករដ្ឋាភិបាលវិញ នៅពេលដែលរដ្ឋាភិបាលចាត់វិធានការណ៍ទាំងនេះ។
ក្នុងសម័យអ៊ីនធឺណិតនេះ ការដែលមនុស្សម្នា មានឧបករណ៍បច្ចេកវិទ្យាច្រើន ដើម្បីទាក់ទងគ្នា និងចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ វារឹតតែមានការលំបាកកាន់តែខ្លាំងឡើងក្នុងការគាបសង្កត់ក្រុមប្រឆាំង។ ដូច្នេះ អ្វីមួយដែលអ្នកត្រូវចងចាំនោះគឺថា រាល់ទូរស័ព្ទទំនើបដែលមនុស្សម្នាកាន់សព្វថ្ងៃនេះ ដើរតួនាទីជាកុំព្យូទ័រតូចមួយ ជាស្ថានីយផ្សព្វផ្សាយតូចមួយ និងជាស្ថានីយវិទ្យុដ៏តូចមួយ ហើយវាក៏ជាកាមេរ៉ាមួយដែរ។ ទូរស័ព្ទទាំងនេះ អាចថតរូបដែលគេមិនចង់ឲ្យថតបាន។
ដូច្នេះ នោះគឺជាអ្វីមួយដែលរដ្ឋាភិបាលនានានៅជុំវិញពិភពលោក ត្រូវដោះស្រាយជាមួយ រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ យើងត្រូវតែដោះស្រាយចំពោះហេតុការណ៍ដែលប្រសិនបើនគរបាល ប្រព្រឹត្តអាក្រក់អាក្រីលើនរណាម្នាក់ នោះពួកគេ អាចនឹងប្រឈមចំពោះការថតសកម្មភាពអាក្រក់អាក្រីនោះ។ ដូច្នេះ ការព្យាយាមក្នុងការគាបសង្កត់ការរិះគន់រដ្ឋាភិបាល ឬការរិះគន់មន្ត្រីរដ្ឋាភិបាលឬមន្ត្រីប៉ូលិស ជាញឹកញយ តែងផ្ដល់ផលវិបាកត្រឡប់មកវិញ។
VOA៖ អញ្ចឹង លោកគិតថា តើរដ្ឋាភិបាលនឹងអាចលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានបោះបង់ចោលនោះ មកប្រើវិញទេ?
Godwin: ខ្ញុំគិតថា វាពិតជាអាចទៅរួច ដែលថារដ្ឋាភិបាល នឹងប៉ុនប៉ងធ្វើឲ្យសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត រស់ឡើងវិញ។ មានការរិះគន់យ៉ាងច្រើនទៅលើច្បាប់នេះ មិនត្រឹមតែក្នុងចំណោមក្រុមសង្គមស៊ីវិលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងក្នុងឆាកអន្តរជាតិទៀតផង។ ប៉ុន្តែ ក្នុងគ្រាដែលរដ្ឋាភិបាល ព្យាយាមជំរុញច្បាប់នេះ រដ្ឋាភិបាល ក៏បានផ្ដួចផ្ដើមនិងអនុម័តដោយជោគជ័យនូវច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ហើយការណ៍នេះ ហាក់ដូចជាបង្ហាញយ៉ាងច្បាស់លាស់ចំពោះខ្ញុំនិងអ្នកឃ្លាំមើលផ្សេងទៀតដែរថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជឿឬបានសម្រេចចិត្តនិយាយថា អង្គការក្រៅរដ្ឋាភិបាល កំពុងបង្កភាពវឹកវរខាងនយោបាយ ដូច្នេះ រដ្ឋាភិបាល នឹងគ្រប់គ្រងអង្គការទាំងនោះ។
ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយ ដូចដែលយើងបានរំពឹងទុកជាមុនរួចជាស្រេច ក្នុងការដកចេញសំឡេងឯករាជ្យមួយចំនួន ហើយខ្ញុំជឿថា ចំណោទតែមួយគត់ដែលនៅសេសសល់គឺថា តើសហគមន៍អន្តរជាតិ មើលឃើញយ៉ាងដូចម្ដេច ចំពោះអ្វីដែលបានកើតឡើងនៅកម្ពុជា? តាមពិតទៅ មានប្រភពសំខាន់ៗពីរ ដែលបានឆ្លើយតបខ្លាំងៗទៅនឹងកិច្ចប្រឹងប្រែងនេះ។ មួយគឺសហរដ្ឋអាមេរិក ដែលអាចនឹងមិនសូវប្រឡូកច្រើនក្នុងកិច្ចការជាមួយកម្ពុជាតទៅទៀត និងមួយទៀត គឺសហភាពអឺរ៉ុប។ ខ្ញុំគិតថា សហភាពអឺរ៉ុប នៅតែបន្តប្ដេជ្ញាក្នុងការព្យាយាមលើកទឹកចិត្តឲ្យប្រទេសកម្ពុជា ដើរតាមមាគ៌ាប្រជាធិបតេយ្យជាងនេះ។
VOA៖ តើលោកអាចផ្ដល់ឧទាហរណ៍ជាក់លាក់ខ្លះបានទេថា តើសហគមន៍អន្តរជាតិ អាចធ្វើអ្វីបាន ដើម្បីធានា រដ្ឋាភិបាលកម្ពុជា នឹងមិនអាចគ្រប់គ្រងសេរីភាពលើបណ្ដាញអ៊ីនធឺណិតបាននោះ?
Godwin: និយាយទៅ សហគមន៍អន្តរជាតិ នឹងមិនអាចបញ្ឈប់រដ្ឋាភិបាលកម្ពុជា មួយដែលប្ដេជ្ញាចិត្ត ក្នុងការគ្រប់គ្រងការបញ្ចេញមតិតាមបណ្ដាញអ៊ីនធឺណិតបានទេ។ កត្តាម្យ៉ាងគត់ ដែលអាចបញ្ឈប់រដ្ឋាភិបាលបាន គឺថាពលរដ្ឋ ត្រូវរកវិធីប្រាប់ទៅរដ្ឋាភិបាលថា យើងមិនចង់ឲ្យអ្នកធ្វើដូច្នេះទេ។ ការគ្រប់គ្រងសេរីភាពតាមបណ្ដាញអ៊ីនធឺណិតនេះ នឹងបង្កើតបញ្ហាច្រើនជាងដំណោះស្រាយ។ ខ្ញុំជឿថា មានប្រវត្តិសាស្ត្រជាច្រើនរបស់ពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ដែលរង់ចាំឲ្យពិភពលោកភ្ញាក់ឡើងហើយជួយពួកគេ ប៉ុន្តែខ្ញុំគិតថា ជួនកាលការណ៍នេះ គឺជាការរង់ចាំយូរពេក។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវរិះគិតអំពីខ្លួនអ្នកនិងការព្រួយបារម្ភរបស់អ្នក។ ប្រសិនបើអ្នកជាពលរដ្ឋខ្មែរ តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេចចំពោះការព្យាយាមគ្រប់គ្រងសេរីភាពទាំងនេះ?
ខ្ញុំអាចនិយាយបានថា អ្វីមួយដែលមានប្រយោជន៍គឺ ត្រូវព្យាយាមបើកចិត្តទទួលយកគ្រប់សំឡេងទាំងអស់មកពីគណបក្សទាំងអស់។ ដូច្នេះ អ្នកមិនត្រូវនិយាយថា ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ឬខ្ញុំគាំទ្រគណបក្សសង្គ្រោះជាតិឬគណបក្សណាមួយនោះទេ តែផ្ទុយទៅវិញ ចូរនិយាយថា «សូមមើលចុះ ទាំងនេះ គឺជាបញ្ហា ហើយយើងត្រូវការអ្នកជួយ។ ខ្ញុំនៅទីនេះ ខ្ញុំអាចជួយធ្វើកិច្ចការទាំងនេះបាន។ តើអ្នកអាចជួយពួកយើងបានយ៉ាងដូចម្ដេច នៅក្នុងខេត្តរបស់យើង? »ឬ និយាយថា «តើអ្នកអាចជួយខ្ញុំនិងក្រុមរបស់ខ្ញុំ ធ្វើរឿងនេះបានទេ?» ចូរនិយាយបែបនេះជាមួយមនុស្សគ្រប់គ្នា ហើយបណ្ដាញអ៊ីនធឺណិត គឺជាវេទិកាដ៏ល្អសម្រាប់ការធ្វើបែបនេះ។ ប្រសិនបើអ្នកសុំឲ្យគេជួយ ជាជាងរិះគន់គេ ដោយសារគេមិនជួយនោះ នោះវាមានភាពវិជ្ជមានជាង។ ប្រសិនបើរដ្ឋាភិបាល យល់ថា ការមានអ៊ីនធឺណិតប្រើប្រាស់ ជួយឲ្យរដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួនបាន នោះរដ្ឋាភិបាលនឹងមានទស្សនៈវិជ្ជមានជាងមុន អំពីសេរីភាពលើបណ្ដាញអ៊ីនធឺណិតនេះ៕