ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រជាពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ត្អូញត្អែរ​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មិន​ឱ្យ​ផ្សាយ​កម្មវិធីរបស់​វិទ្យុ​អាស៊ីសេរី​ ​និង​VOA


រូប​សញ្ញា​របស់​សំឡេង​សហរដ្ឋអាមេរិក​និង​វិទ្យុ​អាស៊ីសេរី​
រូប​សញ្ញា​របស់​សំឡេង​សហរដ្ឋអាមេរិក​និង​វិទ្យុ​អាស៊ីសេរី​

ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​តែង​តែ​ស្តាប់​កម្ម​វិធី​វិទ្យុទាំងពីរ​​បន្តបន្ទាប់​គ្នា​ ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​ពិត​ជា​បារម្ភ​អំពី​ការប៉ះពាល់​ដល់​ផល​ប្រយោជន៍ការងា​រ​ និង​អាជីវកម្ម​ខ្លួន​ដែល​ ​ដោយ​សារ ការ​អាក់​ខាន​ទទួល​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​ពីវិទ្យុ​ដែល​ពួកគេ​យល់​ថា​បាន​រាយកាណ៍​លម្អិត​អំពី​សង្គម។ ​

​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ត្អួញត្អែ​រពី​ការ​អាក់ខាន​ ​ទទួល​ព័ត៌មាន​និង​កម្មវិធី​ផ្សេងៗ​របស់​វិទ្យុ​ អាស៊ីសេរី​ ​និង​ ​VOA​ ​ក្រោយ​ពី​ការ​គំរាម​ជា​បន្ត​បន្ទាប់​ដល់​វិទ្យុ​ក្នុង​ស្រុក​ ​ឱ្យ​បិទ​ការ​ផ្សាយ​បន្ត​ ​ដល់​វិទ្យុ​ទាំង​ពីរ​នេះ។​

​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ ​ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ឱ្យ​វិទ្យុ​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​និង​វិទ្យុ​សំបុក​ឃ្មុំ​ ​ដែល​ជា​វិទ្យុ​ពីរ​ចុង​ក្រោយ​បង្អស់​ទទួល​ផ្សាយ​កម្មវិធី​របស់​ ​VOA​ ​និង​វិទ្យុ​អាស៊ី​សេរី​ ​ ​ឱ្យ​បញ្ឈប់​ការ​ផ្សាយ​ការ​ផ្សាយ​វិទ្យុ​បរទេស​ពីរ​ផ្សាយ​ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ​ជា​បន្ទាន់។

​ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាយ​សង្គម​ហ្វេសប៊ុក​ ​បញ្ជាក់​ថា​ ​VOA​ ​និង​វិទ្យុ​អាស៊ី​សេរី​ ​ពុំ​ទាន់​បាន​ចុះ​បញ្ជី​ការិយាល័យ​តំណាង​ស្រប​ច្បាប់​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ ខណៈ​ដែលវិទ្យុអាស៊ី​សេរី​បាន​ផលិត​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន​ជាង២០​ឆ្នាំ​ ​ឯ​សំឡេង​សហរដ្ឋ​អាមេរិក​ ​VOA​ ​បាន​បម្រើ​ជូន​ពលរដ្ឋ​កម្ពុជា​នូវព័ត៌មាន​ប្រចាំថ្ងៃ​ជាង៦០​ ​ឆ្នាំ​ទៅ​ហើយ។​

​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​តែង​តែ​ស្តាប់​កម្ម​វិធី​វិទ្យុទាំងពីរបន្តបន្ទាប់​គ្នា​ ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​ពិត​ជា​បារម្ភ​អំពី​ការប៉ះពាល់​ដល់​ផល​ប្រយោជន៍ការងា​រ​ និង​អាជីវកម្ម​ខ្លួន​ដែល​ ​ដោយ​សារ ការ​អាក់​ខាន​ទទួល​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​ពីវិទ្យុ​ដែល​ពួកគេ​យល់​ថា​បាន​រាយកាណ៍​លម្អិត​អំពី​សង្គម។ ​

​លោក ​ឯក កក្កដា វ័យ​ជិត​៦០ឆ្នាំ​ ​ប្រកប​របរធ្វើស្រែ​ចំការ​ ​និង​ ជា​អាជីវកម្ម​ខ្នាតតូច​មួយ នៅ​ខេត្ត​បាត់​ដំបង។​ ​លោកថា​ លោក​ស្តាប់​ ​VOA​ ​សំឡេង​សហរដ្ឋ​អាមេរិក​តាំង​ពី​លោក​នៅ​ក្មេង។​ ​ពេល​នេះ​ ​លោក​ពុំអាច​ទទួលព័ត៌មាន​ ​ដោយ​ងាយ​ស្រួល​ដូច​មុនទេ ព្រោះពិបាកស្វែងរក​កម្មវិធី​ ​VOA និង​វិទ្យុ​អាស៊ីសេរី​ ​តាម​រលក​ធាតុ​អាកាស​វែង។​

​លោក ​ឯក កក្កដា វ័យ​ជិត​៦០ឆ្នាំ​ ​ប្រកប​របរធ្វើស្រែ​ចំការ​ ​និង​ជា​អាជីកម្ម​ខ្នាតតូច​មួយ នៅ​ខេត្ត​បាត់​ដំបង៖​

«VOA គេ​អាច​បើក​ AM ​បាន​ តែអត់​អាស៊ី​សេរី។ ប៉ុន្មានថ្ងៃនេះនៅសល់​ប៉ុស្តិ៍​ស្ត្រីមួយនៅបាត់ដំបង​ ឥឡូវ​វិទ្យុ​ស្ត្រីហ្នឹងគេ​បិទទៀត។​ ខ្ញុំ​ឆ្ងល់​ថា​គាត់​ធ្វើ​នឹង​ដើម្បី​អីព្រោះ​ ប្រជាពលរដ្ឋ​គាត់ត្រូវការ​ព័ត៌មាន​ហ្នឹង​ចាំបាច់។​ ​រាល់​ថ្ងៃ​ខ្ញុំ​ទទួល​ព័ត៌មាន​ឯករាជ្យ​យ៉ាង​តិច​ ៤ឬ៥ស្ថានីយ រាល់ថ្ងៃសល់២ ឥឡូវ​អស់​២ នឹង​ទៅទៀត។​ ​ហើយអ្នក​ដែល​ប្រើទូរស័ព្ទ​ទំនើប​វាមានតិចទៅទៀត​។ តំបន់​ចុងកាត់​ប្រព័ន្ធ​អ៊ីនធឺណេត​វា​ដើរ​យឺតទៅទៀត»។​

​លោក​ថា​ការ​វិទ្យុ​ផ្សេងៗ ដែល​នៅផ្សាយ​ភាគ​ច្រើន​ជាព័ត៌មាន​កម្សាន្តសប្បាយ​ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ថ្នាំ​ និង​ផលិតផល​ផ្សេងៗ​ ដោះស្រាយ​វិបត្តិ​គ្រួសារ​ និងស្នេហា​ និងសំណូមពរ​បទចម្រៀង​ជាដើម​ ប៉ុន្តែ​ពុំសូវមាន​ព័ត៌មានដែល​លម្អិត​ អំពីសង្គម​ទេ។ ​

​«យើង​ដក​រឿង​នយោបាយ​ចោល​ ​ប្រជាពលរដ្ឋគាត​ចង់​បាន​ព័ត៌មាន​អំពី​កសិកម្ម​ និយាយ​ពី​សុខាភិបាល​ និយាយ​ពី​អប់រំ និយាយ​ពីរឿង​ចំណាក​ស្រុក​មនុស្ស​មាន​ការងារ​ធ្វើ​ អត់ការ​ងារ​ធ្វើ​ មនុស្ស​ធ្វើ​កសិកម្ម​ផ្នែក​នេះចំណេញ ធ្វើ​អានេះ​ខាត​ ប្រទេស​ថៃ​រកស៊ី​អី​ គេធ្វើអី​ ប្រទេសខ្មែរ​គេ​ធ្វើ​អី​ រកស៊ី​អី​ ខេត្ត​បាត់ដំបង​គេ​ធ្វើអី ភ្នំពេញគេ​ធ្វើ​អី កម្មករ​ដួល​សន្លប់​ដោយសារ​អី។ មួយរយៈចុង​ក្រោយ​គាត់​ដឹងច្រើនមែនទែន»។​

​ការ​ហាម​ប្រាម​វិទ្យុ​ក្នុង​ស្រុក​ពីរ​ចុង​ក្រោយ​បង្អស់​ ដែល​ផ្សាយ​កម្ម​វិធី​ ​VOA​ ​និង​វិទ្យុ​អាស៊ី​សេរី​ ​កើត​មាន​ឡើង​ក្រោយ​ពី​ការ​គំរាម​បិទ​វិទ្យុ​ក្នុង​ប្រទេស​នា​នា​ ​ដែល​ទទួល​ការ​ផ្សាយបន្ត​របស់​កម្ម​វិធី​គណបក្ស​សង្គ្រោះជាតិ​ ​VOA​ ​និង​វិទ្យុ​អាស៊ី​សេរី។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ ​យ៉ាង​ហោច​ណាស់​មាន​វិទ្យុ​ក្នុង​ស្រុក​ជាង​ ១០ បាន​ផ្អាកការ​ផ្សាយ​កម្មវិធី​ ​VOA ​ ​និងវិទ្យុ​អាស៊ីសេរី​ ជា​បន្តបន្ទាប់​ដោយ​គោរព​តាម​វិធាន​ការ​ក្រសួង​ព័ត៌មាន។​ ​វិទ្យុ​ទាំង​ពីរ​នេះ​ក៏​ត្រូវ​បានចោទ​ប្រកាន់​ពី​រឿង​មិន​ប្រក្រតី​ទាក់ទិន​នឹង​ពន្ធដារ​ ​និង​ការ​ចុះ​បញ្ចី​ផង​ដែរ។​

​វិទ្យុ​អាស៊ីសេរី​ ​និង VOA​ ​ជា​សារព័ត៌មាន​ដែល​ផ្តល់​ជំនួយ​និងមាន​ការ​ផ្សាយ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ក្រោមគោលការណ៍​ ​លើក​ម្ពស់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​សិទ្ធ​ទទួល​បានព័ត៌មានរបស់​ប្រជា​ពល​រដ្ឋ​ខ្មែរ។​ វិទ្យុទាំងពីររាយការណ៍​ព័ត៌មាន​ក្នុងស្រុក​ពី​សិទ្ធិមនុស្ស​ នយោបាយ​ សេដ្ឋកិច្ច​ សង្គម​ ​ដីធ្លី​ ក៏ដូចជា​តំបន់​អំពី​អាស៊ាន​ ទំនាក់​ទំនង​អន្តរជាតិ​ ​និង​នយោបាយ​ប្រទេស​មហា​អំណាច​ជា​ដើម។

​លោក​ ​ឯក អាងឧត្តម​ កសិករ​នៅ​កំពង់​ចាម​ ​បាន​ឲ្យ​ដឹងថា​កន្លង​មកលោក​ ​ចាប់​អារម្មណ៍ព័ត៌មាន​អំពីទីផ្សារ​កសិកម្ម​ និង​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ជា​ដើម​ ​ពីព្រោះ​ជា​ពាក់ព័ន្ធ​ជីវភាព​ប្រចាំថ្ងៃ​ផង​ និង​ផ្តល់​ចំណេះ​ដឹងអំពី​សិទ្ធិ​ និង​ច្បាប់។​

​បើ​ទោះវិទ្យុ​បន្តផ្សាយ​ព័ត៌មាន​តាម​បណ្តាញសង្គម​ លោក​បានលើកឡើងថា៖​

«អត់សូវ​ចេះប្រើ​ មានតែ​អត់​តែ​សូវប្រើ​។ ទី១​ គឺ​អត់ពេល។ ទី២ កម្រិត​ប្រើ​ភាសាបរទេស​គឺ​អត់សូវ​ចេះ​ អញ្ចឹង​ឲ្យ​កូនបើក​ឲ្យ។​ ​ដល់ពេល​គេរវល់ ទៅរៀនបាត់ទៅ​គឺអត់​ទៅ​ណា»។​

​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​វិទ្យុ​ជា​ប្រភពព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ប្រជាជន​តាម​ជន​បទ​ ដោយ​ឡែក​នៅ​កម្ពុជា​ ​ក្រុម​ប្រជាជនដែល​ទទួល​ព័ត៌មាន​ ពី​វិទ្យុមាន​ភាគរយ​ប្រហាក់​ប្រហែលគ្នា​គឺ​ប្រមាណ៧០​ %​ ទាំង​នៅ​ទីក្រុង​ និង​ជនបទ​ ​ទាំង​អ្នក​វ័យ​ក្មេង និង​វ័យ​ចំណាស់​ នេះ​បើតាម​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ទម្លាប់​នៃ​ការ​ទទួល​ព័ត៌មាន​របស់​យុវជន​កម្ពុជា​ ​ចន្លោះ​ឆ្នាំ​២០១៣ ទៅ​២០១៦​ ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ BBC Media Action។​ ​ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញ​ទៀត​ថា​ ក្រុម​អ្នក​ទទួល​ព័ត៌មាន​ពីវិទ្យុដែល​ចម្បង​ជាង​គេគឺ​ អ្នកធ្វើការ​ផ្នែកជំនាញ​បច្ចេក​ទេស​ កម្មករ​ជំនាញ​ អ្នក​គ្មាន​ការងារ​ធ្វើ​ និង​និស្សិត​ ​ខណៈ​ដែល​អ្នក​ទទួល​ពត៌មាន​ពី​កាសែតគឺ អ្នក​ជំនាញ​បច្ចេក​ទេស​ ​មន្ត្រីរាជការ​ សិស្ស​និស្សិត​ អ្នក​ជំនួញ​ និង​ម្ចាស់​ឧស្សាហកម្ម។​

​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ស្ថិត​ក្នុង​ការ​រឹតត្បិត​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​ដោយ​ការ​ប្រើ​ច្បាប់​ពន្ធដារ​ ​ជាក់​ស្តែង​ការណ៍​ដែល​ឈាន​ដល់​ការបិទ​កាសែត​ The Cambodia Daily ​ ​ដែល​បាន​បំពេញ​បេសកកម្ម​អស់ជាង​ ​២៤ឆ្នាំ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ នៅ​កម្ពុជា​ ​ពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង។

លោក​ អាង ឧត្តម​ សង្ឃឹមថា​ អ្នក​សារព័ត៌មាន​នៅតែ​បន្ត​បេស​កកម្ម​រាយការណ៍​ព័ត៌មាន៖​

«​ខ្ញុំចង់​លើក​ទឹកចិត្ត​ឲ្យអ្នក​សារព័ត៌មាន​ ទាំង​អស់​ប្រឹងប្រែង​ ​យក​ព័ត៌មាន​ណា​ដែរ​ពិត។​ ​សំខាន់​បំផុត​ព័ត៌មាន​ដែល​ពិត​ ​យក​មកផ្សាយ​ជូន​ពល​រដ្ឋ​ទៅ​អត់ខុស​ទេ។ ទោះបី​ជា​រឿង​ពិត​របស់អ្នក​ណា​ក៏ដោយ​ឲ្យតែ​ជា​រឿងពិត។ ​អានេះ​ខ្ញុំ​ចង់​និយាយ​ថា​រឿង​ ​ហ្នឹង​គឺ​រឿង​អសកម្ម​ក្នុង​សង្គម​ដែល​មិន​បាន​ធ្វើ»។​

​VOA​ មិន​អាច​ទំនាក់​ទំនង​ ​ក្រសួង​ព័តមាន​ ​វិទ្យុ​សំប៊ុក​ឃ្មុំ​និង​ មជ្ឈម​ណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ​នា​ថ្ងៃ​ចន្ទ​នេះ។​

​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ​VOA​ ​សំឡេង​សហរដ្ឋ​អាមេរិក​ ​និង​វិទ្យុ​អាស៊ីសេរី​ នៅ​តែ​បន្តការ​ផ្សាយ​របស់​ខ្លូន​តាម​បណ្តាញ​ហ្វេសប៊ុក គេហទំព័រ​និងApp​ របស់​ទូរសព្ទ​ទំនើប​។ ​ដោយឡែក​ VOA​ ​សំឡេង​សហរដ្ឋ​អាមេរិក​ ​នៅ​តែ​បន្តការផ្សាយ​តាម​រយៈ​រលកធាតុអាកាស​ទាប​ ​Short Wave​ AM កម្រិត​ ​១៥៧៥​ ​គីឡូហ៊ឺត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG