ក្រោយពីអាជ្ញាធរថៃបានចាប់ពលករខ្មែរខុសច្បាប់ ហើយបញ្ជូនមកកម្ពុជាវិញនោះ រដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកការបន្ធូរបន្ថយពីភាគីថៃ ដើម្បីសម្រួលឲ្យពលករខ្មែរដែលកំពុងស្ថិតក្នុងប្រទេសអាចបន្តធ្វើការនៅទីនោះដោយមិនចាំបាច់ធ្វើដំណើរវិលមកកម្ពុជាវិញ។ អ្នកតាមដានស្ថានភាពពលករខ្មែរនៅតាមទល់ដែនខ្មែរថៃ យល់ថា រដ្ឋាភិបាលគួរប្រឹងប្រែងបង្កើតការងារឲ្យពលរដ្ឋខ្មែរក្នុងប្រទេស ជាជាងការសម្របសម្រួលឲ្យពលរដ្ឋទៅធ្វើការនៅស្រុកថៃ។
រដ្ឋាភិបាលថៃយល់ព្រមបន្ធូរបន្ថយការរឹតត្បិតលើពលករខ្មែរដែលបានលួចចូលធ្វើការទឹកដីថៃ ក្រោយពីមានការចាប់ខ្លួននិងបញ្ជូនពលករខ្មែរខុសច្បាប់ជាបន្តបន្ទាប់ត្រឡប់មកវិញចាប់តាំងពីចុងខែមិថុនាកន្លងទៅនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចុះថ្ងៃទី៧ ខែកក្កដានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃមិនអនុវត្តទោសពិន័យចំពោះនិយោជកថៃ ដែលកំពុងប្រើប្រាស់ «កម្លាំងពលករកម្ពុជា ដែលគ្មានឯកសារនោះទេ ហើយរាជរដ្ឋាភិបាលថៃក៏មិនបណ្តេញពលករកម្ពុជា ដែលបានចូលក្នុងទឹកដីថៃ ហើយកំពុងធ្វើការជាមួយក្រុមហ៊ុន ឬរោងចក្រណាមួយនៅក្នុងប្រទេសថៃនោះដែរ»។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានកើតមានឡើង ក្រោយការមកដល់របស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង ដែលបានឲ្យដឹងផងដែរថា ភាគីថៃបានព្រមព្រៀងសម្រួលលក្ខខណ្ឌការងារដល់ពលករកម្ពុជា ដើម្បីអាចឲ្យពួកគេបានបន្តធ្វើការនៅប្រទេសថៃ នៅគ្រាមានការដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីការងារថ្មីមួយ។
លោក អ៊ិត សំហេង ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលថៃបានពន្យារពេលអនុវត្តច្បាប់ការងារថ្មីក្នុងរយៈពេលប្រាំមួយខែ ដើម្បីអនុញ្ញាតឲ្យពលករខ្មែរមានពេលទទួលបានសិទ្ធិពេញច្បាប់ក្នុងការបំពេញការងារនៅទីនោះ។ លោកពន្យល់ថា ភាគីថៃ បានកែទម្រង់លក្ខខណ្ឌបទបញ្ញត្តិមួយចំនួនដែលអាចបើកផ្លូវពលករខ្មែរ ធ្វើការនៅប្រទេសថៃបាន។
លោក អ៊ិត សំហេង ថ្លែងថា៖
«ឥឡូវនេះ គឺគោលការណ៍ថ្មី ទោះបីថា បងប្អូនបានធ្វើលិខិតឆ្លងដែនហើយពីមុន នៅរោងចក្រមួយ ប៉ុន្តែឥឡូវផ្លាស់ទៅនៅរោងចក្រមួយទៀត ធ្វើការរោងចក្រមួយទៀត ឬមួយទៅកន្លែងខេត្តមួយទៀត អញ្ចឹងគឺ ក៏នៅតែអាច នែ៎មកធ្វើបែបបទ សុំអាដេញនែ៎ ទិដ្ឋាការស្នាក់នៅ ហើយនិងទិដ្ឋាការការងារបានដែរបាទ។ នេះជាកំណែទម្រង់ថ្មីមួយ ដែលខ្ញុំគិតថា ខ្ញុំក៏អបអរសាទរដែរ ហើយក៏សម្រួលបានទៅដល់ពលកររបស់យើង កន្លងមកមានលិខិតឆ្លងដែនហើយមិនទាន់បានទទួល ហើយប្តូរកន្លែងធ្វើការបាទ»។
ទោះជាការបញ្ជូនពលករចេញពីប្រទេសថៃរាប់ពាន់នាក់ត្រូវគេថាបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក អ៊ិត ហេង បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្តថា ក្រសួងការងារថៃបានបញ្ជាក់ប្រាប់លោកថា រដ្ឋាភិបាលថៃគ្មានចេតនាបណ្តេញពលករខ្មែរចេញពីប្រទេសថៃនោះឡើយ។
រដ្ឋមន្ត្រីការងាររូបនេះបញ្ជាក់ថា៖
«ក្រសួងការងារថៃក៏បានបញ្ជាក់ប្រាប់ខ្ញុំដែរថា... រដ្ឋាភិបាលថៃ អាជ្ញាធរថៃ គ្មានបំណងណាមួយនឹងបណ្តេញពលករយើងចេញពីព្រះរាជាណាចក្រថៃទេបាទ។ ទោះបីថា ពលករដែលកំពុងធ្វើការងារដោយស្របច្បាប់ ឬមួយក៏មិនស្របច្បាប់»។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបន្ថែមថា រដ្ឋាភិបាលកម្ពុជានឹងបង្កើតក្រុមការងារ និងមជ្ឈមណ្ឌលផ្តល់ឯកសាររដ្ឋបាលនៅតាមខេត្តធំៗដែលមានពលករខ្មែរមានតម្រូវការធ្វើលិខិតឆ្លងដែនច្រើន ហើយនិងក្រុមការងារចល័តចំនួនបួនក្រុមដែលក្នុងមួយក្រុមនឹងទៅដល់រោងចក្រក្នុងប្រទេសថៃចំនួន៥០រោងចក្រ។ យន្តការថ្មីនេះនឹងធ្វើឲ្យពលករខ្មែរចំនួន១៦ម៉ឺននាក់ មានលិខិតពេញច្បាប់សម្រាប់ធ្វើការនៅប្រទេសថៃ។ លោកជឿថាក្នុងរយៈពេល ១០០ថ្ងៃ ពលករខ្មែរទាំងនោះ នឹងមិនប្រឈមបញ្ហាផ្លូវច្បាប់ ទាក់ទិនលិខិតឆ្លងដែនសម្រាប់ធ្វើការនៅប្រទេសថៃនោះឡើយ។ រដ្ឋមន្ត្រីរូបនេះ អះអាងបន្តថា ក្រុមការងារដែលនឹងបង្កើតឡើងឆាប់ៗនេះ នឹងផ្តើមធ្វើការជាមួយពលករនេសាទខ្មែរចំនួន៤៧.០០០នាក់មុន។ លោកថា ពលករនេសាទម្នាក់ៗនឹងទទួលបានលិខិតឆ្លងដែនក្នុងរយៈពេលតែមួយថ្ងៃ ហើយក្រុមការងារនឹងធ្វើឲ្យបាន៥០០លិខិតឆ្លងដែនក្នុងមួយថ្ងៃផងដែរ។
ពលករខ្មែររាប់ពាន់នាក់ដែលភ័យខ្លាចការអនុវត្តច្បាប់ការងារថ្មីរបស់ថៃ បានធ្វើដំណើរ ឬត្រូវចាប់បញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីចុងខែមិថុនាកន្លងទៅ បន្ទាប់ពីច្បាប់ការងារថ្មីរបស់ថៃចូលជាធរមាន។ ច្បាប់ថ្មីដែលចងក្រងដោយរដ្ឋបាលយោធារបស់ថៃបានធ្វើការរឹតត្បិត និងដាក់ទោសទណ្ឌលើពលករខុសច្បាប់ពីប្រទេសនានាដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ាជាដើម។
យ៉ាងណាក៏ដោយ តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែល VOA បានទទួលនាថ្ងៃសុក្រ បានបញ្ជាក់ថា ក្រសួងការងារថៃនឹងផ្តល់ឱកាសចំនួន ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៧ ដល់ពលករកម្ពុជា និងនិយោជកថៃ ដែលមិនទាន់មានឯកសារអ្វីទាំងអស់ឲ្យទៅចុះឈ្មោះនៅតាមការិយាល័យចុះបញ្ជីពលករបរទេស។ ក្រសួងការងារថៃ នឹងបើកការិយាល័យចុះឈ្មោះពលករបរទេសចំនួន ១០កន្លែង នៅក្នុងទីក្រុងបាងកក និងចំនួន ១កន្លែង នៅក្នុងខេត្តនីមួយៗនៃប្រទេសថៃ។
គណៈកម្មការដដែលបានបញ្ជាក់ថា ភាគីថៃបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការរៀបចំយុទ្ធនាការ១០០ថ្ងៃ បើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងប័ណ្ណ OCWC ឬប័ណ្ណពលករខ្មែរធ្វើការក្រៅប្រទេស ដល់ពលករកម្ពុជាឲ្យបានចំនួន ១៦ម៉ឺននាក់ ដែលបានធ្វើការបញ្ជាក់អត្តសញ្ញាណជាមួយគណៈកម្មការផ្តល់ភាពស្របច្បាប់រួចហើយនាពេលកន្លងមក ទោះបីជាពលករបានធ្វើការផ្លាស់ប្តូរនិយោជក ឬក្រុមហ៊ុនខុសពីក្នុងឯកសារដើមក៏ដោយ។
យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ដោយគណៈកម្មការនឹងបញ្ជូនក្រុមចល័តចំនួន ៤ក្រុមបន្ថែមទៀត ដើម្បីចុះបើកផ្តល់តាមរោងចក្រធំៗទាំង ២០០រោងចក្រ ដែលមានប្រើប្រាស់ពលករកម្ពុជាលើសពី៧០នាក់។ កម្រៃសេវាផ្លូវការក្នុងការបើកផ្តល់សំណុំឯកសារ ដែលភាគីថៃ និងកម្ពុជា បានឯកភាពគ្នា គឺ ៩៥០បាត (ឬប្រមាណ ២៨ដុល្លារអាមេរិក)។
VOA ព្យាយាមសុំការអធិប្បាយបន្ថែមពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ ទាក់ទិននឹងនីតិវិធីពន្លឿនការផ្តល់លិខិតឆ្លងដែនដល់ពលករក្នុងយុទ្ធនាការ ១០០ថ្ងៃនោះ តែនៅមិនទាន់អាចទាក់ទងបាននៅថ្ងៃសុក្រនេះ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានឲ្យដឹងទៀតថា ភាគីថៃបានយល់ព្រមឲ្យពលករកម្ពុជា ដែលមិនទាន់មានលិខិតធ្វើដំណើរនិងប័ណ្ណ OCWC ទៅសុំភាពស្របច្បាប់ពីអាជ្ញាធរថៃ ដោយកំណត់យន្តការបញ្ជាក់អត្តសញ្ញាណពលករ និងបើកផ្តល់ឯកសារ ជូនពលករនៅក្នុងថ្ងៃតែមួយ ហើយពលករអាចទៅសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងទិដ្ឋាការការងារ (Work Permit) ពីភាគីថៃនៅកន្លែងតែមួយតែម្តង។
យុទ្ធនាការនេះនឹងចាប់ផ្តើមក្នុងសប្តាហ៍ទីមួយនៃ ខែសីហា ឆ្នាំ២០១៧ ដោយមានក្រុមការងារចំនួន ២០ក្រុមបន្ថែមទៀត ហើយផ្តើមចេញពីពលករផ្នែកនេសាទក្នុងខេត្តរ៉ាក់យ៉ង និងផ្នែក ឬខេត្តផ្សេងទៀតជាបន្តបន្ទាប់។ កម្រៃសេវាផ្លូវការក្នុងការធ្វើ និងបើកផ្តល់សំណុំឯកសារក្នុងថ្ងៃតែមួយ ដែលភាគីថៃ និងកម្ពុជាបានឯកភាពគ្នាគឺ ២៣៥០បាត (ឬប្រមាណ ៦៩ដុល្លារអាមេរិក)។
VOA មិនអាចទាក់ទងស្ថានទូតថៃប្រចាំកម្ពុជាដើម្បីសុំក្តីអធិប្បាយបន្ថែមបានទេនៅថ្ងៃសុក្រនេះ។
អ្នកឃ្លាំមើលស្ថានភាពពលករចំណាកស្រុកខ្មែរ នៅទល់ដែនខ្មែរថៃ សាទរចំពោះការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ និងមានបំណងឆ្លងចូលទៅធ្វើការនៅទឹកដីថៃវិញ តែរយៈពេលដែលបានលើកឡើងនោះ អាចជាការពិបាកដល់មន្ត្រីថា្នក់ក្រោមអនុវត្តន៍តាម។
លោក ស៊ុំ ចាន់គា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចំាខេត្តបន្ទាយមានជ័យប្រាប់ VOA នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលគួរផ្តោតការប្រឹងប្រែងលើការបង្កើតការងារក្នុងស្រុកដល់ពលរដ្ឋខ្លួន ដែលបានឆ្លងកាត់ការលំបាកជាច្រើន នៅពេលពួកគេប្រថុយប្រថានផ្ញើជីវិត និងធ្វើការក្នុងប្រទេសថៃ៖
«គ្មានអ្នកណាមួយដែលចង់ទៅធ្វើការនៅក្រៅប្រទេសទេ ហើយឆ្ងាយប្រពន្ធកូនទេ ឆ្ងាយស្រុកកំណើតទេ ប៉ុន្តែរដ្ឋាភិបាលខ្មែរ ខ្ញុំគិតថា គួរតែគាត់រៀបចំនៅក្នុងប្រទេសយើងវិញ ជាការប្រសើរជាង រៀបចំឲ្យប្រជាពលរដ្ឋ ឬក៏ពលករទាំងអស់ហ្នឹង ទៅធ្វើកម្មករគេ នៅប្រទេសក្រៅ ព្រោះមិនមែនជាអ្វីដែលផលចំណេញ ព្រោះប្រជាពលរដ្ឋខ្មែរនឹងអាចជួបហានិភ័យច្រើនខ្លាំង»។
លោក ស៊ុំ ចាន់គា បន្តថា ពលករខ្មែរបានរងការធ្វើទុក្ខបុកម្នេញជាច្រើន ក្នុងពេលពួកគេកំពុងធ្វើការនៅប្រទេសថៃ។
«កន្លងមកយើងឃើញថា ត្រូវបានគេបាញ់សម្លាប់កន្លងមក ត្រូវបានគេចាប់ដាក់គុក កន្លងមកត្រូវបានគេវាយធ្វើបាប ធ្វើទុក្ខបុកម្នេញគ្រប់ប្រភេទ ប៉ុន្តែថា តើរដ្ឋាភិបាលយើងបានរកយុត្តិធម៌ឲ្យទេ រហូតដល់ថៅកែថៃ បាញ់ខ្មែរយើង បាញ់ស្លាប់នៅមុខៗ ហើយតើមានទទួលបាននូវយុត្តិធម៌អត់ នៅពេលមកដល់ពេលនេះ។ យើងឃើញ អញ្ចឹងហើយគួរតែខ្មែរយើងបានទទួលនូវការយកចិត្តទុកដាក់អំពីរដ្ឋាភិបាលខ្លួនឯង ធ្វើការនៅក្នុងស្រុកខ្លួនឯង ទទួលបានកម្រៃសមរម្យ សម្រាប់ទៅលើកម្លាំងពលកម្មរបស់ខ្លួនបាទ»។
លោក ស៊ុំ ចាន់គា អះអាងថា អ្វីដែលក្រសួងការងារកំពុងធ្វើ គឺគ្រាន់តែព្យាយាមធ្វើឲ្យពលករខ្មែរបានស្ងប់ចិត្តតែប៉ុណ្ណោះ ព្រោះពេលវេលាដែលបានកំណត់ដូចការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារមានរយៈពេលខ្លី សម្រាប់ជួយពលករខ្មែររាប់ម៉ឺននាក់ឲ្យទទួលបានលិខិតអនុញ្ញាតធ្វើការពេញច្បាប់នៅប្រទេសថៃ។
កាលពីខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់៕