ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គមស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ សមរភូមិ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

នៅ​ពេលការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល ​និង​សារព័ត៌មាន​នៅ​បន្ត ​អង្គការ​សមធម៌​កម្ពុជា​ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ឥឡូវ​នេះ​ត្រូវ​បិទ​ ដូច​អង្គការ NDI វិទ្យុ​អាស៊ី​សេរី RFA កាសែត Cambodia Daily អង្គការ​មាតា​ធម្មជាតិ​ហើយ​និង​ស្ថានីយ​វិទ្យុ​ជាង​១០​ទៀត ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បិទ​កាលពី​២​ខែ​មុន។

នៅ​ថ្ងៃ​ថប់​ខ្យល់​ដ៏​ក្តៅ​ខ្លាំង​កាល​ពី​កក្កដា​ឆ្នាំ​ទៅ ​មនុស្ស​ដ៏​ណែន ណាន់​តាន់តាប់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជិត​ភោជនីយដ្ឋាន​នៅ​តាម​បណ្តោយ​ផ្លូវ​ភូមិ​អង់តាសោម​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​មួយ។

គ្រប់​ស្ថានីយ​ទូរទស្សន៍​ស្ទើរ​តែ​ទាំង​អស់​មិន​បាន​បញ្ចាំង​ពី​ពិធី​ដ៏​រន្ធត់នោះ​ទេ។ ជំនួស​ទៅ​វិញ បុណ្យសព​នេះ​បាន​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​គេហទំព័រ Facebook ដោយ​វិទ្យុអាស៊ី​សេរី​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ ហើយ​ក្រុម​របស់​វិទ្យុ អាស៊ី​សេរី​ដែល​មាន​អ្នក​កាសែត​វីដេអូ​ជាង​៣០​នាក់ រួម​ជាមួយ​អ្នក​កាសែត​ ពលរដ្ឋ ​ព្រះ​សង្ឃ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ ហើយ​និង​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទូរស័ព្ទ​មាន​ប្រព័ន្ធ 3G។

វីដេអូ​ និង​រូប​ថត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​លើ​គេហទំព័រ Facebook នៅថ្ងៃ​នោះ​បាន​បង្ហាញ​មនុស្ស​រាប់​សែននាក់​ចេញ​មក​គោរព​បុរស​ម្នាក់​ដែល​ពួកគេ​ជឿជាក់​ថា​ បាន​ត្រូវធ្វើ​ឃាត​ដោយ​រដ្ឋាភិបាល ​ហើយ​នេះ​ជា​សញ្ញា​ព្រមាន​ដ៏​ច្បាស់​ពី​កម្លាំង​នៃ​បណ្តាញ​ព័ត៌មាន​សង្គម។

ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្ដដា ឆ្នាំ ២០១៦នេះ។
ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្ដដា ឆ្នាំ ២០១៦នេះ។

នាង Catherine V. Harry ជា​អ្នក​កាសែត អ្នក​និពន្ធ​ និង​វិចិត្រករ​ខ្មែរ​ដែល​បាន​ក្លាយ​ជា​តារា​សកម្មជន​ស្ត្រី​ខាង​បណ្តាញ​ព័ត៌មាន​សង្គម បាន​រំលឹក​ឡើង​វិញ​ថា៖ «មាន​សេចក្តី​ទោមនស្ស ​ការ​រកាំ​ចិត្ត​ដ៏​ខ្លាំង​ប្រឆាំង​រដ្ឋាភិបាល​ព្រោះ​ឥស្សរជន​ដ៏​ល្បីល្បាញ​ម្នាក់​បាន​ត្រូវ​គេ​ធ្វើ​ឃាត​ដូច​នេះ។ កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ច្រើន​ទៅ​ចូលរួម​ ហើយ​និង​មាន​កំហឹង​យ៉ាង​ខ្លាំង‍»។

នាង​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​ឃើញ​មិត្តភក្តិ​ខ្លះ​របស់​ខ្ញុំ​ដែល​មិន​ធ្លាប់​បាន​និយាយ​ជា​មួយ​ខ្ញុំ​អំពី​លោក​ កែម ​ឡី​ ទាល់​តែ​សោះ ពួកគេ​បាន​ចាប់ផ្តើម​ចុះផ្សាយអត្ថបទ​អំពី​ថា​តើពួកគេ​មាន​ការ​រកាំចិត្ត​អំពី​បញ្ហា​នេះ​យ៉ាង​ដូចម្តេច។ពួកគេ​បាន​ចាប់​ផ្តើម​សម្តែង​មតិ​នៅពេល​ដែល​ពួកគេ​បាន​ឃើញ​មនុស្ស​ផ្សេង​ទៀត​បញ្ចេញ​មតិ​របស់​ខ្លួនដែរ។ ​ពួកគេ​កាន់តែ​ក្លាហាន​ឡើង​នៅ​ក្នុង​ការធ្វើ​ដូច្នេះ‍»។

នាង Harry បាន​ឃើញ​ជា​លើក​ទី​មួយ​នូវ​អំណាច​នៃ​វីដេអូ​គេហទំព័រ Facebook ក្នុង​ប្រទេស​មួយ​ដែល​នៅ​ទី​នោះ​នាង​និយាយថា រដ្ឋ​ត្រួតត្រា​បណ្តាញ​ទូរ​ទស្សន៍​ដាក់​កំហិត​កម្មវិធី​តាម​បែប​ប្រព័ន្ធ​ហួស​សម័យ ស្អប់​ស្ត្រី ​និង​ការ​រឹតត្បិត។

វីដេអូ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​នាង​ដែល​ប្រឆាំង​ការ​វាយតម្លៃ​ស្ត្រី​ដោយ​គិតពីព្រហ្មចារីក្នុង​សង្គម​កម្ពុជា​មាន​គេ​បើក​មើល​២​លាន​ដង​ហើយ​បាន​ចាប់​ផ្តើម​ឲ្យ​មាន​ការជជែក​ដេញ​ដោល​ដ៏​ខ្លាំង​នៅ​តាម​បណ្តាញ​អ៊ីនធឺណិត។

ខណៈ​ដែល​បណ្តាញ​ព័ត៌មាន​ជា​ច្រើន ​រួម​ទាំង​វិទ្យុអាស៊ី​សេរី RFA បាន​ទទួល​ការ​បំភិទ​បំភ័យ​ និង​គំនាប​ខាង​នយោបាយ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​សំឡេង​ឯករាជ្យ​ គេហទំព័រ Facebook នៅ​តែ​មាន​សកម្ម​ភាព​និង​ឥទ្ធិពល។​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុអាស៊ី​សេរី គ្រប់គ្រង​ដោយគណៈអភិបាល​ការ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក។

មនុស្ស​ជា​ច្រើន ​រួម​ទាំង​នាង Harry កំពុង​ឆ្ងល់​ថា តើ​កម្មវិធី​បណ្តាញ​ព័ត៌មាន​សង្គម​ដូចជា​គេហទំព័រ Facebook នឹង​ត្រូវ​ស្ថិតនៅ​ក្នុង​សំណាញ់​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​មក​ហើយ​នេះ​ឬ​យ៉ាង​ណា។

ទើប​តែ​រយៈ​ពេល​៥​ឆ្នាំ គេហទំព័រ Facebook បាន​ចាក​ចេញ​ពី​កម្មវិធី​ដែលមិន​អើពើ​ដោយ​រដ្ឋាភិបាល​ទៅ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​សម្រាប់​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​របស់​ខ្លួន។

នេះ​ជា​ការ​ជឿន​លឿន​ដែល​លោក Seva Gunitsky សាស្ត្រាចារ្យ​ជំនួយ​ខាង​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ Toronto នៃ​ប្រទេស​កាណាដា​មើល​ឃើញ​នៅ​ទូទាំង​ពិភពលោក។ លោក​សិក្សា​អំពី​ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម «រដ្ឋ​កូន​កាត់‍» រវាង​អំណាច​ផ្តាច់​ការផង​ និងប្រជាធិបតេយ្យ​ផង។

លោក Gunitsky និយាយ​ថា ​រយៈ​ពេល​ដំបូង​នៃ​ការ​រំភើប​ចិត្ត​ខ្លាំង​លើ​បណ្តាញ​ព័ត៌មាន​សង្គម​តាម​បែប​ប្រជា​ធិបតេយ្យបើក​ផ្លូវ​ឲ្យ​របប​ផ្តាច់ការ​ក៏​អាច​ប្រើ​ប្រាស់​ បណ្តាញ​ព័ត៌មាន​សង្គម​នោះ​ដែរ។ លោក​ក៏​និយាយ​ដែរ​ថា ​កម្មវិធី​នានា​ដូចជា Facebook ​ជួយ​របបផ្តាច់​ការ​នានា​រារាំង​ព័ត៌មាន​បំភ្លៃ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ពួក​វីរជន​ក្នុង​សង្គម​ដើម្បី​បំប៉ោង​ប្រសិទ្ធភាព​របស់​ពួកគេ​ ហើយ​បិទបាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ព័ត៌មាន​ផ្តល់​មក​ឲ្យ​វិញ​ដោយ​ពួក​អ្នក​ប្រើ​ប្រាស់​ Facebook។ លោក​បាន​និយាយ​បន្ត​ទៀត​ថា៖ «ដូច្នេះ ​ការណ៍​នេះ​ជា​របៀប​មួយ​ដែល​អំពាវនាវឲ្យ​មាន​ការ​យក​ចិត្ត​ដាក់​ដល់​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​ហើយ​ទទួល​បានប្រជាប្រិយ ភាព​ក្នុង​រយៈ​ពេល​ខ្លីដោយ​មិន​ចាំ​បាច់ធ្វើ​កំណែ​ទម្រង់​ធំ​ដុំ‍»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​នាយករដ្ឋ​មន្ត្រី ហ៊ុន ​សែន ​បាន​ចេញ​បទ​បញ្ជាដោយ​ផ្ទាល់​មួយ​ដល់​រដ្ឋ​មន្ត្រី​ទាំងអស់​របស់​រដ្ឋាភិបាល​ឲ្យ​បង្កើត​ក្រុម​ការងារ​ដើម្បី​ដំណើរ​ការ ​និង​ដោះស្រាយ​បណ្តឹង​តាម​គេហទំព័រ Facebook ជា​រៀង​រាល់​ថ្ងៃ។ លោក ​ហ៊ុន សែន​ ​ចូល​ចិត្ត​ធ្វើ​អន្តរាគមន៍​តាម Facebook ហើយ​ប្រើ​ប្រាស់ Facebook ដើម្បី​ប្រកាស​ការ​សម្រេច​ចិត្ត​នានា​ដូចជា​ការ​លុប​ចោល​ការ​បង់​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ។

លោក Kevin Doyle បាន​តាម​ដាន​ការ​ចាប់​កំណើត​របស់​បណ្តាញ​ព័ត៌មាន​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​ជា​បណ្ណាធិការ​របស់​កាសែត The Cambodia Daily ​ដែល​បាន​បិទ​កាល​ពីពេល​ថ្មីៗ​នេះ។

ឥឡូវនេះ លោក​កំពុង​ស្រាវជ្រាវ​ប្រធានបទ​នេះ​នៅ​សាកល​វិទ្យាល័យ Dublin ក្នុងប្រទេស​អៀវឡង់ ​ហើយ​លោក​បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អភិវឌ្ឍន៍​កម្មវិធី​ដ៏​ស្មុគ្រស្មាញ​នៅទូទាំង​ប្រទេស​ជាតិ។ លោក​បាន​និយាយ​ថា៖ «ឥឡូ​វនេះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ប្រភព​នានា​នៅ​ទីក្រុង​ភ្នំពេញ​ដែលប្រាប់​ខ្ញុំ​ពី​កលល្បិច​ដែល​គណបក្ស​កាន់​អំណាច​កំពុង​ប្រើ​ប្រាស់​ដើម្បី​ប្រមូល​ការ​គាំទ្រ​ផ្លូវការ​នៅ​លើគេហទំព័រ Facebook គឺ ​ពួក​អ្នក​ប្រើ​ប្រាស់​ដែល​កំពុង​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល ​ហើយ​ដែល​មាន​មុខ​ងារ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​រដ្ឋាភិបាល​ផង»។ លោ​ក Doyle បាន​និយាយថា ​ប្រភព​នានា​បាន​ប្រាប់​លោក​ថា ភ្នាក់​ងារ​បណ្តាញ​ព័ត៌មាន​សង្គម​នៅ​គ្រប់​ខេត្ត​ទាំងអស់​បាន​ប្រតិបត្តិការ​ប្រើ​ឈ្មោះរាប់​សិបក្នុង​ បណ្តាញ​សង្គម​ហើយ​ឈ្មោះ​ម្ចាស់ Facebook នីមួយៗ​នៅ​ក្រោម​ឋាននុក្រម​មួយ​ដែល​ត្រួតត្រានៅ​កម្រិត​ថ្នាក់​ខេត្ត។ លោក​និយាយ​ទៀត​ថា៖ «លោក​ដឹង​ទេ​ថា ភ្នាក់​ងារ​បណ្តាញ​ព័ត៌មាន​ទាំងនេះ​បញ្ចេញ​សារ​តាមដាន​អ្នក​រិះគន់រដ្ឋាភិបាល ធ្វើ​ការ​ឆ្លើយតប​ដោយ​សកម្ម​បំផុត។ ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន​នេះ​ជា​អង្គភាព​ទាក់​ទង​ថ្មី​ខុសពី​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី។ ពួកគេ​ជា​អង្គភាព​ធ្វើ​ការ​ទាក់ទង​បណ្តាញ​សង្គម»។

លោក​ហ៊ុយ វណ្ណៈ​ជា​មនុស្ស​មាន​អំណាច​បំផុត​ម្នាក់​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​កម្ពុជា។ ​លោក​ជា​ប្រធានផ្នែក​ព័ត៌មាន​នៅ​បណ្តាញ​ទូរទស្សន៍ CTN និង​ជា​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​គាំទ្រ​ដោយគណបក្ស​កាន់​អំណាច​ដែល​ទើប​បង្កើត​កាល​ពីពេល​ថ្មីៗ​នេះ។ លោក ហ៊ុយ វណ្ណៈ មិន​បាន​និយាយ​ជាក់លាក់​អំពី​កម្មវិធី​បណ្តាញ​ព័ត៌មាន​សង្គម​របស់​រដ្ឋាភិបាល​ទេ។ ក៏ប៉ុន្តែ ​លោក​ជឿ​ថា បណ្តាញ​ព័ត៌មាន​សង្គម​ទទួល​បានព័ត៌មាន​មិន​ពិត​ពី​សាធារណជន​ដែល​មិន​បាន​បណ្តុះ​បណ្តាល​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​មាន​ការ​ទទួល​ខុសត្រូវ។

លោក​វណ្ណៈ​និយាយ​ថា៖ «លោក ​អ្នក ​ចាំ​បាច់​កំណត់ថា តើ​នរណាប្រើ​បណ្តាញ​ព័ត៌មាន​សង្គម។ ប្រសិន​បើ បញ្ញាជន​ប្រើវា ​ខ្ញុំ​ជឿជាក់​ថា ​ពួកគេ​ប្រើក្នុង​វិធី​និង​សកម្មភាព​ប្រសើរ​មួយ។ ក៏ប៉ុន្តែ ​ប្រសិន​បើ ​មនុស្ស​ដែល​មិន​មាន​ការ​បណ្តុះ​បណ្តាល​ប្រើ​ប្រាស់​វិញ លទ្ធ​ផលមិន​ល្អ​ទេ‍»។

លោក​វណ្ណៈ​និយាយ​ទៀត​ថា «ខ្ញុំ​មិនមើល​ឃើញ​ថា ​កម្ពុជា​នឹង​បិទ Facebook ​ទេ។ ខ្ញុំ​មិន​មើល​ឃើញ​ការ​បិទ​នេះ​ទេ ​ក៏ប៉ុន្តែ ​ជំហាន​សំខាន់គឺ​ថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ច្បាប់​ប្រព័ន្ធ​អ៊ីនធឺណិត»។

ខណៈ​ដែល​ច្បាប់​នៅ​លើ​ក្រដាស​នៅ​ឡើយ យន្តការ​ផ្លូវច្បាប់​ដែល​មាន​ស្រាប់​បាន​ត្រូវគេ​ប្រើប្រឆាំង​នឹង​មនុស្ស​ដែល​ចុះផ្សាយ​នៅ​លើ​បណ្តាញ​សង្គម។

​សមាជិក​គណបក្សប្រឆាំង​ និង​ពួក​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ត្រូវ​គេ​កាត់ទោស​ ឬ​ចាប់​ដាក់​ពន្​នា​គារ​ចំពោះ​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ Facebook រួម​មាន​លោក​សម ​រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ដែល​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំ​ដែន​របស់​កម្ពុជា​ជាមួយ​វៀត​ណាម។

​និស្សិត គង់ រ៉ាយ៉ា​បាន​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន១៨​ខែ​នៅ​ឆ្នាំ​២០១៦​ចំពោះ​ការ​ចុះ​ផ្សាយ​នៅលើ​គេហទំព័រ Facebook ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បដិវត្តន៍​ពណ៌ ​ហើយ​កាល​ពី​ដើម​ខែកញ្ញា ​ប៉ូលិស​បាន​ខ្លួន​ស្ត្រី​អាយុ​២០​ឆ្នាំ​ម្នាក់​នៅជិត​ព្រំដែន​ថៃ​ពី​បទចុះ​ផ្សាយ​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ។

ខណៈនោះ​ដែរ ​ការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល ​និង​សារព័ត៌មាន​បាន​បន្ត ហើយ​អង្គការ​សមធម៌​កម្ពុជា​ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាល​ឥឡូវ​នេះ​ត្រូវ​បិទ​ ដូច​អង្គការ NDI វិទ្យុ​អាស៊ី​សេរី RFA កាសែត Cambodia Daily អង្គការ​មាតា​ធម្មជាតិ​ហើយ​និង​ស្ថានីយ​វិទ្យុ​ជាង​១០​ទៀត ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បិទ​កាលពី​២​ខែ​មុន។ លោក Doyle និយាយ​ទៀត​ថា ដោយ​យល់​ឃើញ​ថា ​មន្ត្រី​ខ្លួន​បញ្ចេញ​សារ​ប្រកប​ដោយប្រសិទ្ធិភាព​ផង និង​ការ​ដាក់​ទោស​ខ្លាំង​ប្រឆាំង​នឹង​មនុស្ស​ដែល​ខុសឆ្គង​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផង​នោះ រដ្ឋាភិបាល​កម្ពុជា​ទំនង​ជា​នឹង​មិន​ប្រថុយ​ប្រថាន​ប្រឈម​ប្រតិកម្ម​តបត​ខ្លាំង​ពី​ការ​បិទ​បណ្តាញ​គេហទំព័រ Facebook ​មុនការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នោះ​ទេ។

លោក​បាន​និយាយ​ទៀត​ថា៖ «និយាយ​ពី​ប្រជាប្រិយភាព​វិញ ខ្ញុំ​គិតថា បើ​មិន​ធ្វើ​ការ​បោះឆ្នោត​ទេ រដ្ឋាភិបាល​មិន​បាត់បង់​ប្រជាប្រិយភាព​ច្រើន​ជាង​បិទ​បណ្តាញ​សង្គម Facebookនេះ​ទេ»៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG