លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានត្រូវចោទប្រកាន់ជាផ្លូវការពីបទក្បត់ជាតិ។ លោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំប្រសិនបើតុលាការរកឃើញថាលោកមានទោស។
តុលាការមួយនៅក្នុងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃអង្គារនេះថា មេដឹកនាំរបស់គណបក្សសង្គ្រោះជាតិរូបនេះបានត្រូវចោទប្រកាន់ពីបទឃុបឃិតជាសម្ងាត់ជាមួយអង្គភាពបរទេសដើម្បីធ្វើឱ្យអន្តរាយដល់រដ្ឋាភិបាល។
បើតាម Tweet មួយដោយកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីលោកថា លោក សុខា និងពួកអង្គរក្សរបស់លោកបានត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងការឆ្មក់ចូលក្នុងផ្ទះលោក។ រដ្ឋាភិបាលបាននិយាយថាខ្លួនបានចាប់លោក សុខា ដោយផ្អែកលើអត្ថាធិប្បាយរបស់លោកនៅក្នុងវីដេអូមួយដែលត្រូវបានផ្សាយដោយបណ្តាញផ្សព្វផ្សាយឯកជនខ្មែរមួយមានមូលដ្ឋាននៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូដែលបានត្រូវថតកាលពីឆ្នាំ២០១៣នេះ លោក សុខា បានមានប្រសាសន៍អះអាងថាលោកបានទទួលជំនួយពីស.រ.អា.ដើម្បីកសាងចលនាមានទំនោរទៅខាងលទ្ធិប្រជាធិបតេយ្យមួយនៅក្នុងប្រទេសកម្ពុជា។
ការផ្សព្វផ្សាយមួយតាម Twitter លោកកាលពីថ្ងៃចន្ទបាននិយាយថា «ខ្ញុំអាចបាត់បង់សេរីភាពរបស់ខ្ញុំ ក៏ប៉ុន្តែសូមឱ្យសេរីភាពមិនផុតរលត់ដាច់ខាតនៅក្នុងប្រទេសកម្ពុជា»។
ការចាប់ខ្លួនលោកសុខាបានធ្វើឡើងនៅពេលមានការបង្ក្រាបដ៏ធំមួយរបស់រដ្ឋាភិបាលប្រឆាំងនឹងបណ្តាញផ្សាយព័ត៌មានឯករាជ្យ និងក្រុមការពារសិទ្ធិ
មនុស្ស ដោយមានរួមបញ្ចូលការបិទស្ថានីយវិទ្យុជាង១២ និងវិទ្យាស្ថានប្រជាធិបតេយ្យជាតិដែលជាអង្គការក្រៅរដ្ឋាភិបាលមួយផ្តល់ថវិកាដោយរដ្ឋាភិបាលស.រ.អា.។ ការបិទដ៏គួរកត់សម្គាល់ខ្លាំងបំផុតកើតមានឡើងកាលពីថ្ងៃចន្ទ នៅពេលដែលកាសែត The Cambodia Daily ដែលជាសារព័ត៌មានមួយក្នុងបណ្តាសារព័ត៌មានឯករាជ្យចុងក្រោយបង្អស់របស់ប្រទេសកម្ពុជាបានបោះពុម្ពផ្សាយច្បាប់ចុងក្រោយរបស់ផងខ្លួនដោយមានចំណងជើងថា «ការធ្លាក់ចូលទៅក្នុងរបបផ្តាច់ការទាំងស្រុង»។ ពួកអ្នកបោះពុម្ពផ្សាយកាសែតនេះនិយាយ ថាវិកយបត្រពន្ធដារមិនទាន់បង់ដោយហួសកំណត់មានទឹកប្រាក់៦លាន៣សែនដុល្លារដែលជាការក្លែងបន្លំ បានបង្ខិតបង្ខំពួកគេឱ្យបិទប្រតិបត្តិការសារព័ត៌មាននេះ។
ការបង្ក្រាបនេះជាការប៉ុនប៉ងជាក់ច្បាស់មួយដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទមាត់បំបាត់សំឡេងអ្នកប្រឆាំងនៅមុនការបោះឆ្នោតនៅឆ្នាំក្រោយដោយមានគោលដៅបន្តការក្តាប់អំណាចរបស់គាត់ដែលមានរយៈពេលបីទសវត្សរ៍មកហើយនោះ។ រដ្ឋាភិបាលរបស់លោកហ៊ុន សែន ហៀបនឹងត្រូវទម្លាក់នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ហើយក្រុមប្រឆាំងបានទទួលការគាំទ្រកើនខ្លាំងឡើងៗ ជាពិសេសនៅក្នុងចំណោមប្រជារាស្ត្រខ្មែរវ័យក្មេង៕