កំណត់និពន្ធ៖ ទេសរដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំតំណាងឲ្យកម្ពុជា ក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប នៅឯបូរីញូវយ៉ក អំពីស្ថានការណ៍នយោបាយកម្ពុជា បញ្ហាសិទ្ធិមនុស្ស បញ្ហាលទ្ធិប្រជាធិបតេយ្យ បញ្ហាទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិក និងចិន បញ្ហាវិវាទសមុទ្រចិនខាងត្បូងរវាងចិន និងអាស៊ាន និងបញ្ហាបាញ់កាំជ្រួចមីស៊ីល ក៏ដូចជាការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។ លោកប្រាក់ សុខុនបានឆ្លៀតប្រើវេទិកាពិភពលោកមួយនេះ វាយបកទៅលើការរិះគន់របស់ក្រុមបស្ចិមប្រទេសមួយចំនួនរួមទាំងស.រ.អា.ផងដែរ ទាក់ទងនឹងការរិះគន់ជាអន្តរជាតិចំពោះការចាប់ខ្លួនមេដឹកនាំក្រុមប្រឆាំង និងការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការបិទកាសែតបរទេសមួយក្នុងស្រុក អង្គការសង្គមស៊ីវិលមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសន៍ផ្តាច់មុខជាមួយលោក ប្រាក់ សុខុន នៅឯបូរីញូវយ៉ក បន្ទាប់ពីលោករដ្ឋមន្រ្តីការបរទេសបានថ្លែងការណ៍នៅឯអ.ស.ប។ សូមអាន ស្តាប់ និងទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖
Your browser doesn’t support HTML5
លោកសុខ ខេមរា៖ បាទ! សូមជម្រាបសួរប្រិយមិត្ត និងអ្នកដែលតាមដានស្តាប់ ឬក៏ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន និងនៅបុរីញូវយ៉កនេះ។ ឥឡូវនេះ VOA សំឡេងសហរដ្ឋអាមេរិកមានកិត្តិយស ដែលបានទទួលការផ្តល់កិច្ចសម្ភាសន៍ពីលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាគឺ លោក ប្រាក់ សុខុន ដែលបានអញ្ជើញមកចូលរួមថ្លែងការណ៍នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ នៅឯបុរីញូវយ៉កនេះអំពីស្ថានការណ៍កម្ពុជា និងបញ្ហាសាកលមួយចំនួន។ ដូច្នេះ សូមប្រិយមិត្តរង់ចាំតាមដានកិច្ចសម្ភាសន៍របស់ខ្ញុំបាទដោយផ្ទាល់ជាមួយនឹងលោកទេស រដ្ឋមន្ត្រី។ អញ្ចឹង សូមជម្រាបសួរ។
លោកប្រាក់ សុខុន៖ សូមជម្រាបសួរ បាទ។
លោកសុខ ខេមរា៖ សូមអរគុណច្រើនដែលបានផ្តល់កិច្ចសម្ភាសន៍ដល់ VOA សំឡេងសហរដ្ឋអាមេរិក។ ខ្ញុំបាទបានស្តាប់សុន្ទរកថា [របស់] លោកទេសរដ្ឋមន្ត្រីច្រើនអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហាសាកល បញ្ហាប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ហាមួយចំនួនទៀតនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិ។ ប៉ុន្តែជាដំបូង ការចាប់ផ្តើម សូមលោកបញ្ជាក់ពីបញ្ហាគោលជំហរកម្ពុជាអំពីរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលបានថ្លែងនៅឯអង្គការសហប្រជាជាតិ ហាក់ដូចជាមានការរិះគន់ទៅលើមហាអំណាចមួយចំនួននៅទីនោះ។ តើ [កម្ពុជា] មានគោលជំហរយ៉ាងម៉េច? សូមអញ្ជើញបាទ។
លោកប្រាក់ សុខុន៖ បាទ សូមអរគុណចំពោះសំណួរនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញនេះ គឺយើងផ្តោតទៅលើផ្នែកពីរជាសំខាន់។ ផ្នែកទី១គឺ យើងនិយាយពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិ។ ហើយផ្នែកទី២ពាក់ព័ន្ធផ្ទាល់ទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងឯង ដូចលោកបានតាមដានស្តាប់រួចមកហើយ។ គ្រាន់តែសូមបញ្ជាក់ថា ទាក់ទងនឹងបញ្ហាអន្តរជាតិ យើងបានផ្តោតការយកចិត្តទុកដាក់របស់យើង ចូលរួមជាមួយនឹងសហគមន៍អន្តរជាតិជាទូទៅ នៅក្នុងការសម្រេចរបៀបវារៈការអភិវឌ្ឍចិរភាពរបស់អង្គការសហប្រជាជាតិរហូតទៅដល់ឆ្នាំ២០៣០ ហើយដោយផ្តោតទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។
ទាក់ទងទៅនឹងចំណុចក្តៅៗសាកលលោកមួយចំនួនហ្នឹង គឺយើងបានសម្តែងនូវជំហររបស់យើងពាក់ព័ន្ធទៅនឹងបញ្ហាភេរវកម្ម ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម បញ្ហាកូរ៉េខាងជើង ហើយក៏ដូចជាពាក់ព័ន្ធទៅនឹងការចូលរួមរបស់កម្ពុជានៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ ដែលនេះគឺជា សមិទ្ធិផលមួយដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងទៅនេះ។
ហើយពាក់ព័ន្ធទៅនឹងបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាការចាំបាច់មួយដែលយើងត្រូវតែលើកឡើង ត្រូវតែនិយាយ។ ខ្ញុំសុំកែសម្រួលបន្តិច មិនមែនជាការរិះគន់ទេ។ ប៉ុន្តែចំពោះមហាអំណាចមួយចំនួន យើងចង់ស្នើថា ឲ្យគាត់វិនិច្ឆ័យចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដោយយុត្តិធម៌ផងដែរ ពីព្រោះមានការពិនិត្យពិចារណាការវាយតម្លៃចំពោះសភាពការណ៍នៅកម្ពុជាហ្នឹងតាមតែរបៀបម្យ៉ាង ដោយមិនបានមើលគ្រប់ជ្រុងជ្រោយទាំងអស់ ដោយមិនបានអើពើទៅនឹងការដែលកម្ពុជា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែគោរព និងអនុវត្តទៅតាមច្បាប់ជាធរមាននៅកម្ពុជា ពិសេសគឺ រក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការពារឲ្យបាននូវអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសយើងប្រឆាំងទៅនឹងការលូកលាន់ ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយើង។ អញ្ចឹងបានជា ក្នុងភាគទី២ យើងថា ភាគទី២ទៅចុះ។
ភាគទី១ពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិ។ ភាគទី២ពាក់ព័ន្ធទៅនឹងកម្ពុជាហ្នឹង គឺខ្ញុំបានសង្កត់ធ្ងន់ទៅលើបញ្ហាទាំងនេះ ហើយដែលអាចពាក់ព័ន្ធទៅនឹងការពន្យល់ចំពោះព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងថ្មីៗនេះ ដូចជាលោកបានជ្រាបស្រាប់ហើយ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍អំពីថា ការដែលវាយតម្លៃគ្រប់ជ្រុងជ្រោយ តើមានន័យយ៉ាងដូចម្តេចចំពោះស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាពីអន្តរជាតិ ឬក៏ពីមហាអំណាចហ្នឹង?
លោកប្រាក់ សុខុន៖ ការវាយតម្លៃឲ្យគ្រប់ជ្រុងជ្រោយហ្នឹងគឺ មិនត្រូវវាយតម្លៃតែពីម្ខាងតែប៉ុណ្ណោះទេ ដូចជានៅក្នុងឱកាសដែលមានបញ្ហាកើតឡើងនៅកម្ពុជាថ្មីៗហ្នឹង ដូចលោកបានជ្រាបស្រាប់ហើយ ករណីចាប់ខ្លួនលោក កឹម សុខា ករណីបញ្ឈប់សកម្មភាពរបស់អង្គការ NDI ករណីបិទកាសែត Cambodia Daily និងករណីបិទវិទ្យុមួយចំនួន គឺវាពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនជាមួយនឹងការអនុវត្តច្បាប់។
ខ្ញុំសូមជម្រាបថា មុននឹងយើងឈានមកដល់បញ្ហាចុងក្រោយនេះ គឺកម្ពុជាយើងបានដើរតាមផ្លូវមួយប្រកបទៅដោយស្ថិរភាព ដោយសន្តិភាពល្អណាស់ ហើយយើងបានដំណើរការបោះឆ្នោតថ្នាក់ឃុំសង្កាត់ ដែលជាការបោះឆ្នោតមួយដែលកម្ពុជាយើងចាត់ទុកថា ជាការបោះឆ្នោតដែលរៀបចំល្អ មានសណ្តាប់ធ្នាប់ មានសន្តិភាព មានសេរីភាព មានតម្លាភាព ជាងពេលណាៗទាំងអស់ ហើយដែលប្រទេសមួយចំនួន អ្នកសង្កេតការណ៍មួយចំនួន គាត់ទទួលស្គាល់ចរិតនេះដែរ លើកលែងតែប្រទេសមួយចំនួនដែលគាត់មិនហ៊ាននិយាយថា វាសេរី យុត្តិធម៌ និងអាចទុកចិត្តបាន (បកប្រែពីសម្តីដើម free, fair and credible) តែប៉ុណ្ណឹងទេ ប៉ុន្តែតាមការពិត [ពាក្យថា] free មានសេរីភាពហ្នឹងគឺសេរីភាពត្រឹមត្រូវហើយ [ពាក្យថា] fair ហ្នឹងគឺថាគ្រប់គណបក្សទាំងអស់ចូលរួម គ្រប់គណបក្សទាំងអស់បានទទួលយកនូវលទ្ធផលនៃការបោះឆ្នោត។
អញ្ចឹងហើយបានយើងចាត់ទុក វាអាចជា credible ក៏បានដែរ ជាលទ្ធផលដែលជឿទុកចិត្តបានដោយសារតែគណបក្សទាំងអស់បានទទួលយកនូវលទ្ធផលនៃការបោះឆ្នោត។ អញ្ចឹងចាប់ពីពេលនោះមកយើងបានក្រាលផ្លូវមួយល្អឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំក្រោយ ជាការបោះឆ្នោតថ្នាក់ជាតិ។ ប៉ុន្តែទន្ទឹមនឹងហ្នឹង រដ្ឋាភិបាលយើងក៏មានការចាំបាច់នៅក្នុងការគិតគូរអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវពីព្រោះច្បាប់យើងមាន។ កន្លងទៅ ច្បាប់យើងមាន មានច្រើន យើងខំប្រឹងកសាងច្បាប់ រដ្ឋសភាខំប្រឹងអនុម័តច្បាប់ ប៉ុន្តែច្បាប់នោះមិនត្រូវបានគោរពដោយពេញលេញទេ។
មនុស្សមួយចំនួន អង្គការមួយចំនួនមិនគោរព ហើយខ្ញុំបានលើកឧទាហរណ៍មួយជាមួយក្រុមអង្គទូតនានា ដែលបានមកស្តាប់ខ្ញុំបកស្រាយពីបញ្ហា ព្រឹត្តិការណ៍កន្លងទៅហើយនេះ គឺខ្ញុំបានជម្រាបជូនគាត់ដែរថា ច្បាប់មាន ប៉ុន្តែយើងមិនអនុវត្ត។ ខ្ញុំទាញឧទាហរណ៍។ រឿងជិះម៉ូតូពាក់មួក អាហ្នឹងវាការពារជីវិតរបស់អ្នកជិះម៉ូតូផ្ទាល់។ យើងសង្កេតឃើញថា ប្រហែលជា២០ ភាគរយទៅ៣០ភាគរយ តាមពេលវេលា តាមម៉ោង តាមថ្ងៃ នៃប្រជាជនយើងមិនគោរពច្បាប់ហ្នឹងទេ។
ប៉ុន្តែបើពិនិត្យមើលបរទេស ដែលជិះម៉ូតូនៅស្រុកខ្មែរវិញ គឺរហូតដល់៨០ភាគរយទៅ ៩០ភាគរយមិនគោរពតែម្តង។ អញ្ចឹងខ្ញុំក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតយើង ហើយនឹងអង្គទូតយើងដែលប្រចាំនៅកម្ពុជាថា អ្នកឯងតែងតែមកឲ្យដំបូន្មាន ឲ្យមេរៀន មកដល់ខ្ញុំ ប៉ុន្តែអ្នកឯងផ្ទាល់អត់គោរពច្បាប់របស់ខ្ញុំទេ។ អញ្ចឹងច្បាប់នេះមាន អ្នកអត់គោរព ខ្ញុំត្រូវចាប់ផ្តើមអនុវត្តច្បាប់នេះឲ្យបានត្រឹមត្រូវ។ អញ្ចឹងហើយបានជាយើងអនុវត្តច្បាប់ស្តីពីពន្ធដារ។ ពាក់ព័ន្ធនឹង Cambodia Daily ឧទាហរណ៍។ នៅកម្ពុជាយើងមានកាសែតជាភាសាអង់គ្លេស៣ធំ Cambodia Daily [កាសែត] Phnom Penh Post និង Khmer Times។ Phnom Penh Post និង Khmer Times គេបង់ពន្ធ។ គេអនុវត្តច្បាប់។ ហេតុអ្វី Cambodia Daily ត្រូវរួចខ្លួន? មិនអាចទេ។
វិទ្យុមួយចំនួន វិទ្យុយើងច្រើនណាស់នៅស្រុកខ្មែរ ហើយវិទ្យុគេភាគច្រើន គេគោរពទៅតាមកិច្ចព្រមព្រៀងដែលគេមានជាមួយនឹងក្រសួងព័ត៌មាន។ ប៉ុន្តែវិទ្យុមួយចំនួនមិនគោរព អញ្ចឹងត្រូវតែអនុវត្តតាមច្បាប់។ ចំពោះករណីដែលធ្ងន់ធ្ងរដែរ គឺការចាប់ខ្លួនលោកកឹម សុខានេះគឺជា ការអនុវត្តច្បាប់សុទ្ធសាធ ប៉ុន្តែយើងអាចវិលត្រឡប់មកនិយាយពីរឿងហ្នឹងវិញ នៅពេលក្រោយក៏បានដែរ ប៉ុន្តែ ខ្ញុំគ្រាន់តែសូមជម្រាបថា នេះជាបញ្ហាធ្ងន់ធ្ងរមួយដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពរបស់កម្ពុជាទាំងមូល ពីព្រោះវាពាក់ព័ន្ធទៅនឹងអំពើក្បត់ ជាការស៊ុមគ្រលុំជាមួយនឹងមហាអំណាចបរទេសមួយ ដើម្បីផ្តួលរំលំរបបស្របច្បាប់ ព្រោះរបបស្របច្បាប់គឺជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។
អញ្ចឹង អំពើណាដែលផ្តួលរំលំរបបស្របច្បាប់កើតឡើងពីការបោះ ឆ្នោតគឺជា អំពើខុសច្បាប់ហើយ។ ជាងហ្នឹងទៅទៀត ដោយសារមានការស៊ុមគ្រលុំជាមួយនឹងមហាអំណាចបរទេស ដើម្បីផ្តួលរំលំរបបហ្នឹងទៀត ហើយទាញវេញត្រឡប់កម្ពុជាឲ្យទៅដល់ដំណើរការនៃការចលាចល ឬក៏ចូលសង្គ្រាមស៊ីវិលឡើងវិញ អាហ្នឹងគឺថា ជាអំពើក្បត់ជាតិធ្ងន់ធ្ងរជាទីបំផុត ដែលយើងបានសម្រេចថា ត្រូវតែចាប់ខ្លួន ដោយសារផ្នែកទៅលើច្បាប់។ ឧទាហរណ៍មាត្រាទី៨០ នៃរដ្ឋធម្មនុញ្ញ មាត្រាទី៤៤៣នៃក្រមព្រហ្មទណ្ឌ និងមាត្រាទី១២នៃច្បាប់ស្តីពីតំណាងរាស្ត្រ។ នេះគឺថា ការអនុវត្តតាមច្បាប់។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី នៅពេលដែលមានការចាប់ខ្លួនលោក កឹម សុខា ក្រោយពេលនោះភ្លាមៗ មានប្រតិកម្មច្រើនពីសហរដ្ឋអាមេរិកក្តី ពីសហគមន៍សហភាពអឺរ៉ុបក្តី ពីប្រទេសផ្សេងៗទៀតក្តី ហាក់ដូចជាផ្តល់យុត្តិធម៌ទៅដល់លោក កឹម សុខាទៅវិញ ហើយនៅខាងក្នុងប្រទេស ហាក់ដូចជាមុននឹងការបោះឆ្នោតឆ្នាំ២០០៨បន្តិច ការរិះគន់ខ្លះទៅលើគណបក្សគ្រប់គ្រងប្រទេសថា ធ្វើយ៉ាងដូច្នេះដើម្បីរឹតត្បិត មិនចង់ឲ្យមានការចូលរួមចំណែកដោយភាពស្មើគ្នាទៅនឹងការបោះ ឆ្នោតឆ្នាំ២០១៨ តើរឿងនេះទទួលយកបានប៉ុណ្ណា?
លោកប្រាក់ សុខុន៖ លោក ខេមរា លើកឡើងថា មានការផ្តល់យុត្តិធម៌ទៅដល់លោក កឹម សុខា ពីសំណាក់ប្រទេសមួយចំនួន។ អ្នកណាដែលអាចផ្តល់យុត្តិធម៌ឲ្យលោក កឹម សុខា បានមានតែតុលាការទេ។ មិនអញ្ចឹង? អញ្ចឹង លោក កឹម សុខា បានប្រព្រឹត្តអំពើខុស ហើយមិនមាននរណាទៅចោទប្រកាន់ដោយទទេៗទេ។ លោក កឹម សុខា បានសារភាពខ្លួនឯងនូវអំពើរបស់ខ្លួន នៅក្នុងវីដេអូដែលគេមើលបានគ្រប់គ្នា។ តាមការពិត វីដេអូហ្នឹងថតនៅឆ្នាំ២០១៣ មែនពិត ប៉ុន្តែយើងទើបតែបែកធ្លាយនៅពេលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ បែកធ្លាយនៅពេលល្ងាចហ្នឹងតែម្តង ចាប់ពីម៉ោងប្រហែលជាម៉ោងជិត៦ល្ងាចហ្នឹង ចាប់ផ្តើមបែកធ្លាយ ផ្សព្វផ្សាយពេញតែបណ្តាញសង្គមនៅស្រុកខ្មែររបស់យើង។
អញ្ចឹងរដ្ឋាភិបាលយើងក៏ចាប់ចំណុចនេះបាន។ មានការប្រជុំធំណាស់។ ថ្នាក់ដឹកនាំប្រទេសជាតិសឹងទាំងមូលប្រជុំគ្នាដើម្បីពិភាក្សា។ មិនមែនជាការសម្រេចធ្វើការចាប់ខ្លួនដោយអត្តនោម័តិពីបុគ្គលណាមួយនោះទេ។ មានការប្រជុំគ្នា មានការកោះហៅអ្នកច្បាប់កំពូលៗរបស់ប្រទេសមក ដើម្បីពិភាក្សាគ្នា ហើយរកឃើញថា មានទោសកំហុសអញ្ចឹងមែន។ ប៉ុន្តែប្រតិកម្មពីខាងក្រៅមើលទៅថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង វាជាអំពើមួយដែលអាចជាការរឹតត្បិតការចូលរួមរបស់គណបក្សប្រឆាំងពីសំណាក់រដ្ឋាភិបាល។ អាហ្នឹងក៏អាច។
គាត់ថា អញ្ចឹង ប៉ុន្តែដោយសារតែហេតុហ្នឹងហើយ ដើម្បីកុំឲ្យមានការយល់ច្រឡំហ្នឹងហើយ បានជាព្រឹកថ្ងៃទី៣ ខែកញ្ញាហ្នឹង ដែលជាថ្ងៃអាទិត្យខ្ញុំបានកោះហៅអង្គទូតទាំងអស់ នៅវេលាម៉ោង ១០ព្រឹក ឲ្យមកប្រជុំ និងបើកផ្សព្វផ្សាយរៀបរាប់អំពីមូលហេតុនៃការចាប់ខ្លួនរបស់លោក កឹម សុខា នេះ។ អង្គទូតគាត់បានទទួលហើយ។ ក្រោយមកគាត់បានមានប្រតិកម្ម ប៉ុន្តែប្រតិកម្មហ្នឹង វាមានជាហូរហែអញ្ចឹងហើយ។ អញ្ចឹងហើយ បានខ្ញុំថា ឲ្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ កុំឲ្យមើលតែម្ខាង។ ពីព្រោះយើងធ្វើនេះ ធ្វើស្របទៅតាមច្បាប់។
ឧទាហរណ៍ ប្រទេសទាំងអស់ដែលបានជួយកម្ពុជា ហ្នឹងយើងអរគុណហើយ ខ្ញុំក៏មិនភ្លេចអរគុណពួកគាត់ទេ។ អរគុណចំពោះជំនួយអភិវឌ្ឍប្រទេស អរគុណចំពោះសហប្រតិបត្តិការ អរគុណចំពោះដំណើរការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា ដែលរួមចំណែកធ្វើឲ្យកម្ពុជាយើងបានរីកចម្រើនដល់សព្វថ្ងៃនេះ ប៉ុន្តែខ្ញុំបានជម្រាបជូនគាត់ថា ម្ខាងគាត់មកបង្រៀនយើងឲ្យអនុវត្តច្បាប់ ដូចជា EU គាត់បានផ្តល់អនុសាសន៍មួយចំនួន បន្ទាប់ពីការបោះឆ្នោតថ្នាក់ឃុំទៅ ដើម្បីឲ្យការបោះឆ្នោតទៅឆ្នាំក្រោយមានលក្ខណៈល្អប្រសើរជាងហ្នឹងទៅទៀត។
វាល្អហើយ គាត់ចង់បានល្អជាងហ្នឹងទៅទៀត។ អញ្ចឹង គាត់ផ្តល់អនុសាសន៍។ អនុសាសន៍ខ្លះយើងមើលទៅថា វាសមហេតុផល អនុសាសន៍ខ្លះវាមិនសមហេតុផល យើងធ្វើការឆ្លើយតបជាមួយនឹងគាត់។ ប៉ុន្តែអ្វីដែលសំខាន់។ សំខាន់ត្រង់ថា គាត់ខំប្រឹងប្រាប់យើង ឲ្យដំបូន្មានមកយើង ឲ្យអនុសាសន៍មកយើងដើម្បីឲ្យដំណើរការការបោះឆ្នោតប្រកបទៅដោយភាពត្រឹមត្រូវ ភាពយុត្តិធម៌ និងជឿទុកចិត្តបាន។ ប៉ុន្តែហេតុអ្វីបានទៅគាំទ្រមនុស្សដែលមានគំនិតធ្វើបដិវត្តន៍ពណ៌ ហើយដែលបដិវត្តន៍ពណ៌នេះគឺជា ការផ្លាស់ប្តូររបបក្រៅប្រព័ន្ធនៃការបោះឆ្នោតទៅវិញ។ អញ្ចឹងពីររឿងហ្នឹង វាអត់ស៊ីគ្នា អត់ត្រូវគ្នា។ ជំហរហ្នឹងវាអត់ត្រូវគ្នា។
មានជំហរមួយជាជំហរផ្លូវការ មានជំហរមួយជាជំហរលាក់លៀម។ អញ្ចឹងហើយ បានខ្ញុំសុំស្នើថា យើងគោរពគ្នាទៅវិញទៅមក។ ខ្ញុំគោរពអ្នក អ្នកគោរពខ្ញុំ។ គោរពខ្ញុំហ្នឹង មិនមែនគោរពបុគ្គលខ្ញុំទេ។ គោរពកម្ពុជា គោរពអធិបតេយ្យភាពរបស់កម្ពុជា គោរពឯករាជ្យភាពរបស់កម្ពុជា កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ អញ្ចឹងរឿងនេះគឺ មើលមកពី ក្រៅមក វាឃើញអញ្ចឹងមែន។ ប៉ុន្តែបើសិនជាយើងយករឿងហ្នឹងមកពិនិត្យពិចារណាតាមច្បាប់ទម្លាប់មក បានយើងឃើញថា រឿងនេះគឺ មានលក្ខណៈធ្ងន់ធ្ងរ ហើយដែលចូលទៅក្នុងរឿងក្បត់ជាតិ។
លោក កឹម សុខា ខ្ញុំសូមជម្រាប អត់មានអ្នកណាទៅប្រាប់គាត់ឲ្យគាត់មានប្រសាសន៍អញ្ចឹងទេ។ មានអ្នកណាទៅបញ្ចេះគាត់ឲ្យនិយាយអញ្ចឹង? គាត់ទេលើកបញ្ហាហ្នឹងដោយខ្លួនឯង ហើយគាត់ប្រាប់គេឯងទៀតថា គ្មានអ្នកណាដឹងរឿងហ្នឹងទេ ហើយគាត់ថែមទាំងលើកឡើងទៀតថា ខ្ញុំមិនមែនធ្វើអ្វីៗតាមចិត្តខ្ញុំទេ ខ្ញុំមានអ្នកជំនាញការ ទីប្រឹក្សា អ្នកដែលជំនាញពីសាកលវិទ្យាល័យនានា អាមេរិកាំងក៏មាន កាណាដាក៏មាន ដែលអាមេរិកាំងគាត់ជួលឲ្យមកប្រាប់ថា គាត់ត្រូវធ្វើអ្វីខ្លះ ធ្វើអ្វីខ្លះ។
គេប្រាប់គាត់ឲ្យធ្វើអី គាត់ថា គាត់ធ្វើហ្នឹង។ គេប្រាប់គាត់ឲ្យគាត់ដកខ្លួនចេញពីនយោបាយ គាត់ដកខ្លួនចេញពីនយោបាយ។ គេប្រាប់គាត់ឲ្យចូលក្នុងនយោបាយវិញ គាត់ចូលក្នុងនយោបាយវិញ។ អញ្ចឹងមានន័យថាម៉េច? មានន័យថា គាត់ជាឧបករណ៍សុទ្ធសាធនៃមហាអំណាចមួយ ដែលមានបំណងធ្វើការផ្លាស់ប្តូររបប Regime Changeនេះ ទៅតាមប្រព័ន្ធមួយដែលមិនមែនជាប្រព័ន្ធប្រជាធិបតេយ្យដែលយើងស្គាល់គ្រប់គ្នា។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី នៅពេលនេះតើមានការជជែកជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងណា អំពីរឿងលោក កឹម សុខា ហ្នឹង? តើអាចនឹងមានការប្តឹងផ្តល់ទៅតុលាការអន្តរជាតិ ឬក៏ទៅខាងណាទេ? ឃើញលោកទេសរដ្ឋមន្ត្រីបានលើកឡើងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិខ្លះ ប៉ុន្តែវាហាក់ដូចជាមិនចំ។ តើទៅមុខវានឹងទៅជាយ៉ាងណា? មានន័យថាបើសិនជាសហរដ្ឋអាមេរិកនៅពីក្រោយលោក កឹម សុខា អញ្ចឹងតើអាចនឹងមានការប្តឹងផ្តល់សហរដ្ឋអាមេរិក ឬក៏ប្រទេសណាមួយយ៉ាងណាទៅបាទ?
លោកប្រាក់ សុខុន៖ ជាផ្លូវការយើងអត់ដែលចោទប្រកាន់ថា អាមេរិកនៅពីក្រោយ ឬក៏អាមេរិកមានបំណង ធ្វើអីៗនេះហ្នឹងទេ គឺយើងផ្អែកលើពាក្យសម្តីរបស់លោក កឹម សុខា ទាំងអស់ ដើម្បីដាក់ទោសទណ្ឌលោក កឹម សុខា ឲ្យស្របទៅតាមច្បាប់ជាធរមានរបស់កម្ពុជា និងសំខាន់បំផុត ដើម្បីការពារអធិបតេយ្យ ឯករាជ្យភាពរបស់កម្ពុជា និងការពារសន្តិភាព ដែលយើងពិបាកកសាង ទម្រាំមកដល់ពេលនេះ ពិបាកណាស់ ទម្រាំសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូចលោក ខេមរា ដឹងហើយ ក្នុងរយៈពេល២០ប្លាយឆ្នាំចុងក្រោយនេះ ជាមធ្យម យើងអភិវឌ្ឍបាន៧,៧ភាគរយក្នុងមួយឆ្នាំ។
ប្រទេសតិចណាស់ដែលបានស្គាល់នូវការអភិវឌ្ឍរបៀបនេះ។ អញ្ចឹងរឿងការប្តឹងផ្តល់អី យើងអត់និយាយគ្នាទេ។ ប៉ុន្តែស្អីដែលយើងនិយាយគ្នា គឺការពន្យល់គ្នាទៅវិញទៅមក ពីព្រោះសភាពការណ៍ចុងក្រោយ ជាមួយអាមេរិក ហាក់ដូចជាតានតឹង មិនអញ្ចឹង។ វាមានការតានតឹង ហើយមានការដាក់វិធានការតឹងរ៉ឹងទៅ វិធានការតឹងរ៉ឹងមក។
បើសិនជាអនុញ្ញាត ខ្ញុំសូមជម្រាបអំពីទំនាក់ទំនងជាមួយអាមេរិកហ្នឹងតិច។ មុននេះ រហូតមកដល់ខែ៥ ឆ្នាំនេះ យើងមើលទៅទំនាក់រវាងកម្ពុជា និងសហអាមេរិក ស្ថិតនៅក្នុងផ្លូវដ៏ល្អប្រសើរមួយ។ យើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាហ្នឹងល្អណាស់ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្ម។ ការផា្លស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិក មានទំហំទៅដល់ ៣.២០០លានដុល្លារអាមេរិកនុះ។ ក្នុងនោះ យើងនាំចូលមកអាមេរិក ច្រើនណាស់ គឺនាំចូលមកអាមេរិក គឺ២.៨០០លាន។
នៅពេល អាមេរិក គាត់នាំទៅស្រុកខ្មែរយើង តែ៤០០លានតែប៉ុណ្ណោះទេ។ អញ្ចឹងទំនាក់ទំនងពាណិជ្ជកម្មល្អ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ក្នុងនេះជួញដូរមនុស្ស តាមរបាយការណ៍របស់អាមេរិក ទាក់ទងនឹងការជួញដូរមនុស្ស យើងក៏បានកើនកម្រិតពី Tier Two Watch List តាមដាន មកជាTier Two ទទេ អញ្ចឹងអត់មានការតាមដានអីទៀតទេ។ កម្រិតនេះបានល្អ។ នៅពេលប្រទេសថៃ ប្រទេសអី នៅក្នុងកម្រិតអាក្រក់ជាងយើង។
សហប្រតិបត្តិការខាងការបោសសម្អាតមីន សហប្រតិបត្តិការខាងផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏យើងមានការជួយបង្វឹក ហ្វឹកហាត់ពីសហរដ្ឋអាមេរិក ដើម្បីបំពាក់បំប៉នសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពរបស់យើង ឲ្យកាន់តែល្អប្រសើរឡើង។ ហើយនឹងសហប្រតិបត្តិការខាងផ្នែកអភិវឌ្ឍន៍ ទំនាក់ទំនងរវាងមនុស្ស នឹងមនុស្សប្រជាជន នឹងប្រជាជន តាមរយៈ Peace Corps Volunteersនេះ គឺថាជាការដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរហ្នឹងល្អ។ ខ្ញុំបានជួបពិភាក្សា ជជែកការងារ រកវិធីដើម្បីឲ្យទំនាក់ទំនងទ្វេភាគីយើងនេះ កាន់តែប្រសើរថែមទៀត ជាមួយនឹងលោក Daniel Russel ដែលកាលពីមុន គាត់ជាឧបការីរងរបស់រដ្ឋមន្រ្តីការបរទេសក្រសួងសហរដ្ឋអាមេរិក បន្ទាប់មកខ្ញុំបានជួបជាមួយនឹង លោក Patrick Murphy ដែលជាឧបការីរដ្ឋមន្រ្តីការបរទេស លោក Thomas Shannon ឧបការីរដ្ឋមន្រ្តីការបរទេស។
ហើយចុងក្រោយនេះ ពីម្សិលមិញ ខ្ញុំជួបជាមួយលោក ជំទាវ Susan Thornton ដែលជាឧបការីរងរដ្ឋមន្រ្តីការបរទេស ប៉ុន្តែគាត់ជាស្តីទីទេ យើងដឹងថាអាមេរិក គាត់បានតែងតាំងមនុស្សជាច្រើននៅក្នុងលក្ខណៈជាស្តីទីនៅឡើយ គាត់មិនទាន់សម្រេចថា តែងតាំងអ្នកអស់នោះជាផ្លូវការទេ។ ប៉ុន្តែអ្នកអស់នោះធ្វើការពេញលេញជាផ្លូវការជាមួយនឹងយើង។ អញ្ចឹងយើងបានជជែកគ្នា ដើម្បីរកវិធីធ្វើយ៉ាងម៉េចឲ្យសភាពការណ៍ហ្នឹង វាបានល្អប្រសើរមកវិញ។ មូលហេតុអី?
មូលហេតុកន្លងទៅ វាមានបញ្ហាពាក់ព័ន្ធនឹង៣ករណីដែលខ្ញុំលើកឡើង សុទ្ធតែទាក់ទងជាមួយនឹងអាមេរិកទាំងអស់។ Cambodia Daily ពីព្រោះជាកាសែតរបស់អាមេរិក NDI ជាស្ថាប័ននៃគណបក្សនយោបាយ ប្រជាធិបតេយ្យរបស់អាមេរិក ហើយនឹងការចាប់លោក កឹម សុខា ដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹងការសេពគប់រឿងមួយចំនួន ជាមួយនឹងអាមេរិក។ ប៉ុន្តែដរាបណា តុលាការមិនទាន់កាត់សេចក្តី យើងអត់ទាន់អាចដឹង សន្និដ្ឋានបាននេះទេ។
យើងអត់ទាន់អាចថា យើងធ្វើការចោទប្រកាន់ ឬក៏យ៉ាងម៉េចនោះបានទេ អញ្ចឹងខ្ញុំសូមទុកលទ្ធភាពនេះ ទុកសមត្ថកិច្ចនេះជូនទៅខាងតុលាការ។ ប៉ុន្តែដោយសាររឿងមួយទៀត គឺរឿងការបញ្ជូនប្រជាពលរដ្ឋខ្មែរយើង ឲ្យទៅ ដោយបង្ខំឲ្យទៅស្រុកខ្មែរវិញ។ អានេះគេហៅថា Repatriation Program (កម្មវិធីធ្វើមាតុភូមិនិវត្តន៍) ប៉ុន្តែការពិត វាជា Deportation (ការបណ្តេញចេញ)ទេ។ ជាការការបញ្ជូនមនុស្ស បណ្តេញមនុស្សពីស្រុកអាមេរិកហ្នឹងទៅកាន់កម្ពុជា។ កាលពីឆ្នាំ២០០២ កម្ពុជា និងអាមេរិកបានចុះMOU ជាមួយគ្នា ជាអនុស្សរណៈនៃការយោគយល់ជាមួយគ្នា ទាក់ទងនឹងការទទួលយកពលរដ្ឋខ្មែរយើង ដែលចប់ទោសទណ្ឌនៅស្រុកអាមេរិក ហើយដែលអាមេរិកបញ្ជូនទៅឲ្យនៅស្រុកខ្មែរវិញ។ យើងបានទទួល តាំងពីហ្នឹងមក ជាង៥០០នាក់ តាំងពីឆ្នាំ២០០២ រហូតមកដល់២០១៧នេះ។
ហើយលុះឆ្នាំមុនហ្នឹង ដោយសារតែឆ្លើយតបទៅនឹងសំណូមពរជាច្រើន ដ៏ទទូចរបស់សហគមន៍ខ្មែរយើងនៅអាមេរិក ហើយក៏ដូចជាសំណូរពររបស់ Congressmen អ្នកតំណាងរាស្រ្តរបស់អាមេរិកផ្ទាល់មួយចំនួនផងនោះ គឺយើងបានធ្វើការពិចារណាឡើងវិញ ហើយស្នើសុំទៅអាមេរិកថាគួរតែ យើងធ្វើវិសោធនកម្ម MOU នេះ ដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ ពាក់ព័ន្ធទៅនឹងករណីបញ្ជូនមកនេះ។ ពីព្រោះអី?
ពីព្រោះទីមួយ គ្នាចប់ទោសទណ្ឌហើយ ធម្មតានៅស្រុកនេះ បើចប់ទោសទណ្ឌហើយ ចេញពីពន្ធនាគារ ជាមនុស្សមានសេរីភាពពេញលេញឡើងវិញហើយ។ ប៉ុន្តែចប់ទោសទណ្ឌហើយ បណ្តេញចេញពីអាមេរិក ឲ្យទៅនៅស្រុកខ្មែរ ដែលភាគច្រើនមិនដែលស្គាល់ទេ ភាគច្រើន អត់ដែលស្គាល់ទេ។ ទីពីរជាការបំបែកបំបាក់ក្រុមគ្រួសារជាអចិន្រ្តៃយ៍តែម្តង (Permanent Family Separation) ហើយនេះគឺជា បញ្ហាដ៏ធ្ងន់ធ្ងរបំផុត ព្រោះ អ្នកអស់នោះ មានកូន មានប្រពន្ធ មានប្តី មានឪពុក មានម្តាយ អីចឹងទៅ។ ដល់ពេលត្រូវគេបញ្ជូនមកនៅស្រុកខ្មែរវិញ ដាច់ខ្សែរយៈជាមួយនឹងក្រុមគ្រួសារជាអចិន្រ្តៃយ៍។
លោកសុខ ខេមរា៖ បាទសូមអរគុណលោកទេសរដ្ឋមន្រ្តី ដែលបានបង្ហាញអំពីរឿងនេះ។ វិលទៅរករឿងការបោះឆ្នោតឆ្នាំ ២០១៨វិញ នឹងមានការពិភាក្សា នឹងមានសំណួរទាក់ទងនឹងការបញ្ជូនពលរដ្ឋខ្មែរទៅកាន់ប្រទេសកម្ពុជា នៅពេលក្រោយ ប៉ុន្តែវិលទៅរកលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សជំទាស់មួយនៅក្នុងប្រទេសកម្ពុជា។ តើលោកទេសរដ្ឋមន្រ្តីអាចបញ្ជាក់ នៅឆ្នាំ២០១៨នេះ គាត់នឹងមិនអាចចូលរួមការបោះឆ្នោតបានទេឬយ៉ាងណា ក៏ដូចជាលោក សម រង្ស៊ីដែរ?
លោកប្រាក់ សុខុន៖ សព្វថ្ងៃ ក្នុងករណីលោក កឹម សុខា នេះ គឺថាមានការចោទប្រកាន់ហើយ។ ខាងផ្នែក លោក កឹម សុខា មានមេធាវីចំនួន៧នាក់ ដែលកំពុងតែធ្វើការ ជួយករណីរបស់លោក ។ ហើយនៅពេលខាងមុខ នឹងមានករណីកាត់ (សេចក្តី)នៅថ្នាក់ឧទ្ធរណ៍បន្តបន្ទាប់ទៀត។ អាហ្នឹង ខ្ញុំមិនទាន់ហ៊ានថា ពីព្រោះកិច្ចការងារហ្នឹង វានៅលើខាងផ្នែកតុលាការទាំងអស់។ អញ្ចឹងទុកឲ្យតុលាការគេកាត់សេចក្តី។
ប្រសិនបើគេរកឃើញថា ទោសហ្នឹងមិនត្រឹមត្រូវយ៉ាងម៉េច អាហ្នឹងគាត់នឹងរួចខ្លួន។ តែបើសិនបើថា ការចោទប្រកាន់ហ្នឹង ជាការចោទប្រកាន់ ត្រឹមត្រូវ។ អាហ្នឹងគាត់នឹងត្រូវជាប់តទៅទៀត។ បើគាត់ត្រូវជាប់តទៅទៀត បើតាមខ្ញុំយល់ មានជម្រើសតែមួយទេ សម្រាប់គណបក្សសង្រ្គោះជាតិ គឺការឲ្យគាត់លាលែងចេញពីប្រធានគណបក្ស ហើយនឹងជ្រើសរើសប្រធានគណបក្សថ្មី ដើម្បីដឹកនាំគណបក្សសង្រ្គោះជាតិហ្នឹង ឈានឆ្ពោះទៅកាន់ការបោះឆ្នោតនៅពេលខាងមុខ ឆ្នាំ២០១៨ នៅពេលខាងមុខនេះ។
លោកសុខ ខេមរា៖ នៅពេលដែលលោកទេសរដ្ឋមន្រ្តីអញ្ជើញមកកាន់អង្គការសហប្រជាជាតិ ឃើញមានបាតុកម្ម កាលពីម្សិលមិញដូចថា តវ៉ាទៅដល់ការដោះលែងលោក កឹម សុខា ឬថាការចោទប្រកាន់ហ្នឹងមិនត្រឹមត្រូវ។ មានការរិះគន់រដ្ឋាភិបាលច្រើនអំពីរឿងហ្នឹង ស្របពេលដែលនៅក្បែរគ្នាហ្នឹង ខាងប្រទេសភូមា ឃើញគេបាតុកម្មដែរ ប៉ុន្តែបាតុកម្មទៅគាំទ្រមេដឹកនាំថា គេនឹងឈរជាមួយមេដឹកនាំប្រទេសភូមាទៅវិញ។ តើលោកមានអត្ថាធិប្បាយយ៉ាងម៉េចទៅចំពោះបាតុកម្មរបស់ពលរដ្ឋកម្ពុជា?
លោកប្រាក់ សុខុន៖ រឿងពីរ វាខុសគ្នា យើងមិនអាចយកមកប្រៀបធៀបគ្នាទេ។ រឿងភូមា ជារឿងបញ្ហាពាក់ព័ន្ធទៅនឹងជម្លោះជនជាតិ នៅផ្ទៃក្នុងរបស់ប្រទេសភូមា។ ហើយរឿងយើងនេះ វាជារឿងច្បាប់ទម្លាប់មួយដោយឡែក។ ខ្ញុំបានពន្យល់ជូនលោក ខេមរា ហើយថាលក្ខណៈច្បាប់នោះយ៉ាងម៉េច។ មាត្រាអីខ្លះ?
មាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ មាត្រា៨០នៃរដ្ឋធម្មនុញ្ញ ដែលពិតមែនតែទទួលស្គាល់អភ័យឯកសិទ្ធិសមាជិកសភាពមែនពិត តែលើកលែងតែក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយនេះគឺថា ត្រូវចាត់ទុកថា ជាបទល្មើសជាក់ស្តែងហើយ។ ហើយបទល្មើសជាក់ស្តែងនេះ មិនថាអភ័យឯកសិទ្ធិសភាទេ មិនថាពេលវេលាណាដែលត្រូវចាប់ខ្លួនទេ មិនថាទីកន្លែងណាទេ ពីព្រោះកន្លងទៅបានលើកឡើងថា ចាប់នៅក្នុងផ្ទះ ហើយចាប់ទាំងកណ្តាលអធ្រាត្រទៀត។
អត់ទេ តែគេរកឃើញថា មានបទល្មើសជាក់ស្តែង ពេលនោះគឺ មាននគរបាលយុត្តិធម៌ អមដោយព្រះរាជអាជ្ញា បានទៅកាន់ផ្ទះលោក កឹម សុខា ហើយបានចាប់នាំខ្លួនលោក កឹម សុខា ទៅតែម្តង។ អានេះផ្អែកទៅលើបទល្មើសជាក់ស្តែង ផ្អែកទៅលើច្បាប់មានជាធរមាននៅកម្ពុជា។ អញ្ចឹងយើងធ្វើតាមច្បាប់ផង។
ច្បាប់នេះ គឺដើម្បីឲ្យការពារ ការអនុវត្ត ការពង្រឹងនីតិរដ្ឋនៅកម្ពុជាផង ហើយយើងការពារ ដោយសារវាករណីធ្ងន់ធ្ងរ យើងការពារ ទីមួយ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ទាំងឯករាជ្យភាព ប្រឆាំងទៅនឹងការជ្រៀតជ្រែងពីខាងក្រៅ។ ហើយខ្ញុំសូមជម្រាបណារឿងអំពើក្បត់ជាតិនេះ ប្រទេសណាក៏មានដែរ។ នៅអាមេរិក គឺគាត់មានច្បាប់ស្តីពីចារកម្ម ច្បាប់ស្តីពីឧក្រិដ្ឋកម្ម ហើយក្នុងនោះមានមាត្រាពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ ដែលច្បាប់ទាំងនេះ គឺអាមេរិកចែងច្បាស់ណាស់ គឺការពារការជ្រៀតជ្រែកពីប្រទេសក្រៅ ចូលមកចូលក្នុងប្រទេសរបស់អាមេរិក។
ប្រទេសអាមេរិក មហាអំណាចប៉ុណ្ណាណី គេនៅមានច្បាប់ការពារការជ្រៀតជ្រែកពីខាងក្រៅ ចុះទម្រាំយើង ប្រទេសតូចតាច បើយើងអត់មានច្បាប់ការពារចឹងៗ តើប្រទេសយើងទៅជាយ៉ាងណា? អញ្ចឹងរឿងថាតើលោក កឹម សុខា នឹងចូលរួម (ការបោះឆ្នោត) នៅពេលខាងមុខយ៉ាងម៉េច។ ខ្ញុំបានឆ្លើយហើយ រឿងបាតុកម្ម ទាមទារ គឺខ្ញុំឆ្លើយហើយ។ ហើយកុំយករឿងកម្ពុជាប្រៀបធៀបជាមួយនឹងរឿងភូមា ពីព្រោះរឿងភូមា ជារឿងដោយឡែក មិនដូចគ្នាទេ។
លោកសុខ ខេមរា៖ នៅពេលមានបាតុកម្ម មានប្រជាពលរដ្ឋខ្មែរសម្តែងការមិនពេញចិត្តអញ្ចឹង មានន័យថាពួកគាត់ពិបាកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា អាចថានឹងមានការពាក់ព័ន្ធជាមួយនឹងលោកកឹម សុខា ឬក៏ការសេពគប់ក្នុងរឿងហ្នឹង តើការព្រួយបារម្ភនោះមានការធានាយ៉ាងម៉េច ក្នុងការដើរហើរ ឬក៏ចេញចូលទៅថ្ងៃក្រោយ?
លោកប្រាក់ សុខុន៖ ទេ ការធ្វើបាតុកម្មនៅស្រុកក្រៅនេះ ជាសិទ្ធិរបស់គាត់ទេ។ ជាការសម្តែងមតិ ហើយយើងតែងគោរពនូវការសម្តែងមតិ។ គាត់ពន្យល់ពីមតិរបស់គាត់ ការយល់ឃើញរបស់គាត់ គាត់មិនពេញចិត្តចំពោះចំណាត់ការរបស់យើង យើងបានពន្យល់ទៅវិញ។ ដូចខ្ញុំ ការដែលខ្ញុំបានសម្រេចចិត្តថា មកជួបជាមួយលោក ខេមរា ដើម្បីផ្តល់កិច្ចសម្ភាសន៍ជាមួយ VOA នេះ គឺដើម្បីពន្យល់ ពន្យល់អំពីជំហររបស់រដ្ឋាភិបាល អំពីហេតុផលនៃចំណាត់ការរបស់រដ្ឋាភិបាលចំពោះលោក កឹម សុខា ក៏ដូចជាបញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងបញ្ហាក្នុងពេលថ្មីៗនេះ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្រ្តី ប្រហែលជាបានទទួលព័ត៌មានច្បាស់ហើយ អំពីការលើកឡើងរបស់តំណាងរាស្រ្តសហរដ្ឋអាមេរិកចំនួន៨រូប នេះជាតំណាងរាស្រ្តមកពីគណបក្សទាំងពីរ ដែលធ្វើកិច្ចការទាក់ទងនឹងរឿងកម្ពុជា។ ហើយឭថាមានការរិះគន់នៅក្នុងលិខិតមួយ ឭថារិះគន់ទៅដល់រដ្ឋាភិបាលអំពីរឿងចាប់ខ្លួនលោក កឹម សុខា ព្រួយបារម្ភអំពីការបោះឆ្នោតនៅឆ្នាំ២០១៨។ នៅក្នុងហ្នឹង មានតំណាងរាស្រ្តមួយចំនួន បានបង្ហាញការដែលចង់ឲ្យមានការផ្អាក ឬជំនួយស្អីផ្សេងៗទៅដល់ប្រទេសកម្ពុជា។ តើរឿងនេះមានការយកចិត្តទុកដាក់យ៉ាងណា ឬក៏មានការពន្យល់ទៅវិញយ៉ាងណាទៅបាទ?
លោកប្រាក់ សុខុន៖ រឿងនេះ យើងកំពុងតែរៀបចំនូវការឆ្លើយតបពីសំណាក់សភារបស់យើង សភារបស់កម្ពុជា ពីព្រោះតំណាងរាស្រ្តរបស់ខាងអាមេរិក គាត់ធ្វើមក អញ្ចឹងយើងឆ្លើយតបរបស់តំណាងរាស្រ្តរបស់កម្ពុជាយើង ត្រឡប់ទៅវិញ។ ហើយរដ្ឋាភិបាលយើង ក៏ធ្លាប់បានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតប ទាំងខ្លួនខ្ញុំផ្ទាល់ ទាំងអ្នកនាំពាក្យរបស់ក្រសួងការបរទេស អ្នកនាំពាក្យរាជរដ្ឋាភិបាល សភាខ្លួនឯងផ្ទាល់ ក៏ធ្លាប់បានធ្វើការស្រាយបំភ្លឺ តុលាការក៏បានធ្វើការស្រាយបំភ្លឺ ក្រសួងយុត្តិធម៌ក៏បានធ្វើការស្រាយបំភ្លឺ។ ការស្រាយបំភ្លឺហ្នឹងជាច្រើន។
អញ្ចឹងដូចខ្ញុំបានជម្រាបជូនពីដើមទីមកថា សូមឲ្យមានការពិចារណាគ្រប់ជ្រុងជ្រោយទាក់ទងទៅនឹងករណីទាំងនេះ។ អញ្ចឹងអ្នកផ្សេងមានមតិយោបល់ ខ្ញុំស្តាប់ ប៉ុន្តែសូមឲ្យនៅពេលដែលខាងភាគីរដ្ឋាភិបាលមានមតិយោបល់ បកស្រាយបំភ្លឺ សូមស្តាប់ផង។ បើសិនថា ខ្ទប់តែត្រចៀក ហើយចាំតែស្រែក ខ្ញុំមិនដឹងធ្វើម៉េចដែរទេ។ អញ្ចឹងកន្លងទៅ យើងបានធ្វើការពន្យល់ បកស្រាយហើយ ហើយយើងនឹងខិតខំធ្វើការបកស្រាយពន្យល់តទៅទៀត។ ហើយនឹងមានការជួបគ្នាជាបន្តបន្ទាប់ទៅទៀត ព្រោះកន្លងទៅ បន្ទាប់ពីខ្ញុំបានធ្វើការបកស្រាយជូនអង្គទូតទាំងមូលហើយ។
ខ្ញុំក៏បានជួបដោយឡែកទៀត ខ្ញុំជួបជាមួយអង្គទូតថ្ងៃទី៣ ខែកញ្ញា ថ្ងៃ១២ ខែកញ្ញា ខ្ញុំបានជួបជាមួយក្រុមអង្គទូត យើងហៅថាអង្គទូតលោកខាងលិច ដែលក្នុងនោះមានអាមេរិក មានកាណាដា មាន EU (សហភាពអឺរ៉ុប) មានអង់គ្លេស មានបារាំង មានអូស្រ្តាលី មានជប៉ុនជាដើម។ អញ្ចឹងខ្ញុំបានបកស្រាយ អញ្ចឹងគាត់ក៏ទទួលយកទៅ។ ហើយយើងនឹងធ្វើការបន្តបកស្រាយទៀត។ ស្អីដែលខ្ញុំកត់សម្គាល់ឃើញថា កន្លងទៅដែលគាត់មិនបានយល់ច្បាស់ ឥឡូវនេះ គាត់ចាប់ផ្តើមយល់ខ្លះហើយ។ អញ្ចឹងវាមានការចាំបាច់នៅក្នុងការជួបគ្នា ជជែកគ្នា បកស្រាយជាមួយគ្នា បំភ្លឺជាមួយគ្នា ដើម្បីឲ្យយល់ពីសភាពការណ៍ទៅវិញទៅមក។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្រ្តី នៅពេលដែលការបោះឆ្នោតឆ្នាំ២០១៨នេះ នឹងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ហើយខាងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែលឃ្លាំមើលការបោះឆ្នោត ក៏មានបញ្ហាខ្លះទាក់ទងនឹងរឿងពន្ធដារអី។ តើបញ្ហាហ្នឹងអាចនឹងប៉ះទង្គិចដល់កិច្ចការងារពួកគាត់ក្នុងការឃ្លាំមើលការបោះឆ្នោតទេ? ឬបញ្ហាហ្នឹងអាចជះឥទ្ធិពលយ៉ាងណា ដូចការដែលព្រួយបារម្ភអន្តរជាតិមួយចំនួនដែលបានចេញសេចក្តីថ្លែងការណ៍កន្លងមក? ឬក៏មានការធានាយ៉ាងម៉េចចំពោះសេរីភាពសង្គមស៊ីវិល នៅមុនការបោះឆ្នោតឆ្នាំ២០១៨។
លោកប្រាក់ សុខុន៖ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពនៅក្នុងការតាមដានព័ត៌មានអីផ្សេងៗ គឺថានៅតែរក្សាធានាដដែលទេ។ សូមតែម្យ៉ាង កុំឲ្យធ្វើខុសច្បាប់។ រឿងអី យកអារឿងពន្ធនេះយកមកចោទជាបញ្ហាវិញ។ ខ្ញុំបានជូនឧទាហរណ៍ហើយដូច Cambodia Daily។ នៅពេលដែលភ្នំពេញប៉ុស្តិ៍ និង Khmer Times គេបង់ពន្ធ ហេតុអ្វី Cambodia Dailyមិនបង់ពន្ធ? អ្នកខ្លះចោទប្រកាន់ថា ការបិទដោយប្រញាប់ប្រញាល់នូវកាសែតឯករាជ្យមួយ។
ទីមួយ ការបិទដោយប្រញិបប្រញាប់។ ខ្ញុំសូមជម្រាបថា អត់មានការបិទដោយប្រញិបប្រញាប់ទេ មានការជូនដំណឹងទៅកាសែត Cambodia Daily ថា អ្នកឯងជំពាក់ប៉ុណ្ណេះៗ ហើយអាហ្នឹងគិតតែ១០ឆ្នាំផង។ បើគិតតាំងពីឆ្នាំដែលគាត់បង្កើតឡើងនៅឆ្នាំ១៩៩៣ វា ២៣ឆ្នាំ ២៤ឆ្នាំហ្នឹង រឹតតែច្រើនទៀតហើយ។ ប៉ុន្តែច្បាប់ស្តីពីពន្ធដារ ឲ្យធាក់ថយមកត្រឹម១០ឆ្នាំ ដើម្បីប្រមូលពន្ធមកវិញ។ អញ្ចឹងការប៉ាន់ស្មានពន្ធហ្នឹង គឺប៉ាន់ស្មាននៅក្នុងកម្រិតទាបបំផុត ដែលផ្អែកទៅលើអាជីវកម្ម ចំណូលចំណាយស្អីផ្សេងៗ គឺមាន ៦លាន៣សែន ១០ឆ្នាំនេះ។ អញ្ចឹងហេតុអ្វីគាត់មិនបង់ អាហ្នឹងរឿងទីមួយ រឿងពន្ធ។
ទីពីរ ពាក្យថា ឯករាជ្យ តើពាក្យឯករាជ្យ យកទៅដូរនឹងសិទ្ធិមិនបង់ពន្ធបានទេ។ គ្មាននរណាអាចអួតអាងខ្លួនឯងថាឯករាជ្យ យកអាហ្នឹងទៅដូរនឹងការមិនបង់ពន្ធទេ។ ហើយឯករាជ្យភាពហ្នឹង មិនមែនមានន័យថា ឲ្យរួចពន្ធទេ។ឯករាជ្យ ឯករាជ្យហើយ ប៉ុន្តែការរកស៊ីរបស់ខ្លួន ពីព្រោះ Cambodia Daily ហ្នឹង មានការផ្សាយពាណិជ្ជកម្ម ជាអីហូរហែ កាសែតរបស់គាត់លក់ទៅទៀត មិនមែនជាអង្គការដែលមិនរកកម្រៃទេ ជាអង្គការដែលរកកម្រៃ។ អញ្ចឹងហើយគាត់ត្រូវតែបង់ពន្ធ ទៅតាមចំណូលរបស់គាត់នៅក្នុងការរកកម្រៃ។
ប៉ុន្តែនិយាយត្រឡប់មកវិញឲ្យតែធ្វើតាមច្បាប់ អ្នកដែលត្រូវបង់ពន្ធ បង់ពន្ធទៅ អ្នកដែលត្រូវចុះឈ្មោះ ក្នុងបញ្ជីអង្គការក្រៅរដ្ឋាភិបាល ចុះឈ្មោះទៅ ព្រោះឥឡូវយើងធ្វើការរំឭកឡើងវិញទៀតហើយ ហើយឆាប់មក ឆាប់ចុះឈ្មោះ ឆាប់ចុះ MOU ជាមួយនឹងក្រសួងការបរទេស ដូច NDI តាំងពីមុនមានច្បាប់ស្តីអំពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល គាត់ក៏មិនដែលចុះឈ្មោះ គាត់ក៏មិនដែលមានអនុស្សរណៈស្តីពីការយោគយល់ជាមួយក្រសួងការបរទេសដែលគេតម្រូវនោះ។
អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិត្រូវតែមានការចុះ MOU ជាមួយក្រសួងការបរទេស។ មុនច្បាប់ហ្នឹងចេញ ក៏គាត់មិនចុះ ក្រោយច្បាប់ហ្នឹងចេញ ក៏គាត់មិនចុះ។ អញ្ចឹងគាត់ធ្វើខុស។ គាត់ធ្វើខុស ក្រសួងការបរទេសមានសិទ្ធិសម្រេចត្រូវបិទអង្គការហ្នឹង ដោយមិនបាច់ផ្តល់ហេតុផល ក្នុងច្បាប់គេមាន។ គេមិនចាំបាច់ផ្តល់ហេតុផល អាហ្នឹងដូចករណីយើងទៅសុំទិដ្ឋាការ (VISA) សុំទិដ្ឋាការ បើគេបដិសេធ គេអត់ប្រាប់យើងមកពីមូលហេតុអ្វីបានជាគេបដិសេធទេ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី ប្រហែលជាបានជ្រាបតាមទំព័រហ្វេសប៊ុក ឬក៏ការរិះគន់ផ្សេងៗជុំវិញការសុំច្បាប់ អង្គការសង្គមស៊ីវិលក្តី សហជីពក្តី អង្គការ NDI ក្តី។ អង្គការ NDI បានពន្យល់ថា បានដាក់ពាក្យមុនសឹងមួយឆ្នាំហើយ ប៉ុន្តែមិនបានទទួលការឲ្យច្បាប់មកវិញ ប៉ុន្តែអង្គការសង្គមស៊ីវិលខ្លះ ដែលខ្ញុំថា មានការរិះគន់តាមហ្វេសប៊ុកហ្នឹងគឺចង់និយាយថា ពាក្យសម្តីមួយចំហៀងគឺថា មិនទទួលស្គាល់អ្វីដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ មានន័យថា ពេលដែលគាត់ដាក់ច្បាប់ទៅ គេហាក់ដូចជាគិតថា កាលណាដែលជាអង្គការដែលប្រឆាំងនឹងរដ្ឋាភិបាល ឬអង្គការដែលឯករាជ្យ ឬក៏ធ្វើការដោយតម្លាភាព ខាងអាជ្ញាធរហាក់ដូចជា មិនជូនជាច្បាប់អាជ្ញាប័ណ្ណអីទៅវិញ? តើរឿងហ្នឹង លោកទេសរដ្ឋមន្ត្រីបកស្រាយយ៉ាងដូចម្តេច?
លោកប្រាក់ សុខុន៖ អត់ទេ។ អង្គការក្រៅរដ្ឋាភិបាលរាប់ពាន់គេបានចុះឈ្មោះត្រឹមត្រូវ ព្រោះនៅកម្ពុជាយើង មានជាង៤.០០០អង្គការក្រៅរដ្ឋាភិបាល។ ភាគច្រើនលើសលប់ហ្នឹង គេបានចុះឈ្មោះស្រួលបួលត្រឹមត្រូវអស់ហើយ។ មិនមានបញ្ហាអីបែបនេះទេ។ ហើយអ្នកដែលថាហ្នឹង ច្រើនតែមានខ្លួនហ្នឹងទេ។
ពីព្រោះនៅក្នុងច្បាប់ហ្នឹង យើងមានបញ្ហាមួយ ចំណុចមួយជាតម្រូវការឲ្យដើម្បីបញ្ជាក់អំពីហិរញ្ញប្បទាន ហើយអ្នកអស់នោះ គាត់បានទទួលហិរញ្ញប្បទានសម្ងាត់ពីខាងក្រៅមក (ខ្ញុំគ្រាន់តែស្មានទេ) ដើម្បីធ្វើការងារសម្ងាត់ផ្សេងទៀតយើងក៏មិនដឹង។ តែការពិត យើងដឹង។ តែការពិតយើងដឹង។ អ្នកអស់ហ្នឹងហើយដែលថា មានខ្លួនហ្នឹង ហើយចេះតែលើកបញ្ហាអញ្ចេះអញ្ចោះអញ្ចឹងទៅ។ តាមការពិត អត់ទេ។ ឲ្យតែធ្វើការត្រឹមត្រូវ គោរពច្បាប់ទម្លាប់គឺ អ្នកទាំងអស់ហ្នឹងគឺថា មានសិទ្ធិធ្វើសកម្មភាពនៅស្រុកខ្មែរ ដោយសិទ្ធិសេរីភាពពេញលេញ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី នៅពេលដែលកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ ហើយនឹងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចូលរួមច្រើន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងអញ្ជើញទៅដែរ។ តើអ្វីដែលលោកទេសរដ្ឋ មន្ត្រីមានប្រសាសន៍ពីខាងដើមថា ទំនាក់ទំនងហ្នឹងហាក់ដូចជាមានភាពតានតឹងខ្លះនៅចុងក្រោយនេះ អាចនឹងមានការលើកយកមកពិភាក្សា ឬក៏ជជែកគ្នាយ៉ាងណាជាមួយនឹងលោកប្រធានាធិបតីនៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅដែរ ឬក៏មានគម្រោងយ៉ាងណា?
លោកប្រាក់ សុខុន៖ ខ្ញុំអត់មានដំណឹងពាក់ព័ន្ធទៅនឹងគម្រោងនៃជំនួបហ្នឹងទេ។ ប៉ុន្តែ រាល់ដងគឺ ប្រធានាធិបតីអាមេរិកពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអញ្ចឹង គឺគាត់មានពេលវេលាតិចណាស់ដើម្បីជួបទ្វេភាគីជាមួយនឹងដៃគូផ្សេងៗនៅក្នុងចំណោមសមាជិករបស់អាស៊ាននេះ។
ទី១គឺថា អាស្រ័យទៅលើពេល អាស្រ័យទៅឆន្ទៈរបស់លោកប្រធានាធិបតីអាមេរិក។ ហ្នឹងគឺថា បុព្វសិទ្ធិរបស់ខាងអាមេរិកហ្នឹងទេ។ ទី២ យើងសង្ឃឹមថា ជាបណ្តើរៗ ដោយសារយោងទៅតាមស្មារតីនៃការជួបគ្នារវាងខ្ញុំ និងលោកជំទាវ Susan Thornton កាលពីម្សិលមិញនេះគឺ យើងនឹងខិតខំធ្វើការសម្រួលទំនាក់ទំនងជាមួយគ្នាហ្នឹងឲ្យបានស្រួល យ៉ាងហោចណាស់ក៏បានដូចដើមឡើងវិញដែរ។
លោកសុខ ខេមរា៖ មានការធានាយ៉ាងណាពីគាត់? រយៈពេលវេលាប៉ុណ្ណាដែលអាចថា ដោះស្រាយបាន? ឧទាហរណ៍មួយថា រឿងបញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងទៅកម្ពុជាហ្នឹង តើត្រូវការពេលវេលាប៉ុន្មាន? តើសហរដ្ឋអាមេរិកមានការបញ្ជាក់ដែរឬទេ?
លោកប្រាក់ សុខុន៖ រឿងបញ្ចូនហ្នឹងមានបញ្ហាពីររឿង។ ខ្ញុំពីម្សិលមិញហ្នឹង ខ្ញុំក៏បានជម្រាបលោកជំទាវ Susan Thornton ផងដែរ។ ខ្ញុំហាក់ដូចជានៅចន្លោះជ្រុញ និងញញួរ។ បើខ្ញុំទទួលយកលក្ខខណ្ឌរបស់រដ្ឋាភិបាលអាមេរិក សហគមន៍ខ្មែរនៅអាមេរិក គេនឹងជេរខ្ញុំ ដោយសារថា កន្លងមកគាត់បានសំណូមពរស្នើសុំថា កុំឲ្យរដ្ឋាភិបាលហ្នឹងទទួលយកដើម្បីទុកឲ្យពលរដ្ឋខ្មែររបស់យើងរួចទុក្ខទោសហើយ នៅទីនេះ។ តែបើខ្ញុំមិនទទួលយក ឃើញទេ ឃើញគាត់ដាក់ទណ្ឌកម្មអញ្ចេះដាក់ទណ្ឌកម្មអញ្ចោះទេ? អញ្ចឹង វាមិនមែនប៉ះពាល់ត្រឹមតែបុគ្គលមួយពីរហ្នឹងទេ។
ប្រសិនបើយើងនៅតែរឹងទទឹងបែបនេះទៀត វាអាចប៉ះពាល់ទៅដល់ការសុំទិដ្ឋាការរបស់និស្សិត របស់ប្រជាពលរដ្ឋយើងខ្មែរជាទូទៅ ដែលគាត់ចង់មកលេងបងប្អូននៅអាមេរិកនេះ ហើយនឹងអ្នករកស៊ីថែមទៀត។ អញ្ចឹង រវាងអ្នកទាំងពីរ តើខ្ញុំត្រូវយកអ្នកណា? អញ្ចឹងបានយើងគិតថា ឲ្យតែដោះស្រាយបញ្ហានេះឲ្យបានស្រួល ឥឡូវខ្ញុំបានជម្រាបជូនលោកជំទាវ Susan ហើយ។ យើងប្រាប់គាត់ថា យើងត្រៀមខ្លួន។ ឥឡូវសុំឲ្យតែខាងអាមេរិកប្រាប់ថា ពេលណាដែលខាងកម្ពុជាអាចមកបាន ដើម្បីសម្ភាសន៍អ្នកទាំង២៦នាក់ដែលកំពុងតែរង់ចាំនេះ។ ពេលនោះ យើងនឹងបញ្ជូនមន្ត្រីយើងមកភ្លាម។
អញ្ចឹង វាជាសញ្ញាមួយដែលឲ្យឃើញថា កម្ពុជាមិនមែនផ្អាក មិនមែនបញ្ឈប់កម្មវិធីទទួលយកជនជាតិខ្មែរយើង ពលរដ្ឋខ្មែរយើងត្រឡប់ទៅស្រុកវិញទេ។ បានន័យថា ការដែលដាក់ទណ្ឌកម្មខាងផ្នែក VISA (ទិដ្ឋាការ)នេះគឺអស់មានន័យទៀតហើយ។ អញ្ចឹង កម្មវិធីនេះចាប់ផ្តើមឡើងវិញ VISA បើកមកវិញ ការរុករកអដ្ឋិធាតុយុទ្ធជនបាត់ខ្លួនរបស់អាមេរិកនៅកម្ពុជាដំណើរការឡើងវិញ។
អញ្ចឹងទំនាក់ទំនងវាធូរស្រាលឡើងវិញទាំងអស់ជាមួយគ្នា។ អញ្ចឹងដោះស្រាយបញ្ហាផ្សេងៗទៀត យើងនឹងដោះស្រាយជាបណ្តើរៗទៀតជាមួយគ្នា។ អញ្ចឹង វាអាចថា ឲ្យខ្ញុំថា ពេលវេលាប៉ុន្មានៗ ខ្ញុំមិនហ៊ានទាយទេ។ ប៉ុន្តែប្រហែលជាពេលឆាប់ៗនេះ ខាងសហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានថា ពេលណាទៅដែលមន្ត្រីកម្ពុជាយើងអាចសម្ភាសអ្នកទាំង ២៦នាក់ ដែលកំពុងតែរង់ចាំ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រីនៅពេលដែលមានបញ្ហាតានតឹងរវាងកម្ពុជានិងសហរដ្ឋអាមេរិកចុងក្រោយ តើមានបញ្ហប៉ះទង្គិចយ៉ាងណាដល់ការវិនិយោគទុនឫក៏ ពាណិជ្ជកម្មនាំចេញ នាំចូលរវាងកម្ពុជានិងសហរដ្ឋអាមេរិក ហើយនឹងកម្ពុជាទៅសហភាពអឺរ៉ុប។ ដូចមានចេញសេចក្តីថ្លែងការណ៏ច្រើនអំពីរឿងហ្នឹង តើមានការខ្វល់ ខ្វាយយ៉ាងណាអំពីរឿងនេះ?
លោកប្រាក់ សុខុន៖ ជាធម្មតាយើងតែងតែគិតគូរ ហើយអញ្ចឹងបានថា ក្នុងករណីដែលខ្ញុំបានជម្រាបជូនមុននេះថា មុននឹងសម្រេចចាត់វិធានការខាងផ្លូវច្បាប់ខាងផ្លូវតុលាការចំពោះលោកកឹម សុខាគឺថា មានការប្រជុំជំនុំគ្នាក្នុងកម្រិតកំពូលៗរបស់រដ្ឋាភិបាលកម្ពុជា ហើយយើងបានថ្លឹងថ្លែងគ្រប់កន្លែងទាំងអស់។ ប៉ុន្តែមកដល់ម៉ោងនេះគឺ មិនទាន់មានសញ្ញាអី ដែលថាការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុប ដែលមានទំហំធំជាងអាមេរិកទៅទៀតជាង ៤ពាន់លាន។
អញ្ចឹងវាអត់មានស្អីត្រូវប៉ះពាល់នៅឡើយទេ ប៉ុន្តែមានការចាំបាច់ក្នុងជជែកគ្នាជួបគ្នាពន្យល់គ្នាទៅវិញទៅមក និងការដោះ ស្រាយបញ្ហាមួយចំនួន ដែលអាចដោះស្រាយបាន ប៉ុន្តែបើការទាមទារណាមួយដែលកម្ពុជាមិនអាចទទួលយកបានអាហ្នឹងកម្ពុជាគឺ ដាច់ខាតត្រូវតែរក្សាជំហររបស់ខ្លួនដើម្បីផលប្រយោជន៏របស់ប្រទេសជាតិមិនមែនផលប្រយោជន៏របស់បុគ្គលណានោះទេ។ អានេះគឺជាបញ្ហាលំបាកតែវាជាបញ្ហាចាំបាច់ដើម្បីកុំឲ្យកម្ពុជាវិលត្រឡប់ទៅរកសោកនាដកម្ម ដែលយើងធ្លាប់ជួបប្រទះជាឧទាហរណ៍ នៅពេលដែលកម្ពុជាត្រូវបានចាប់បង្ខំផ្លូវមួយ ដែលគេចាំបង្ខំពីខាងក្រៅ។
កម្ពុជាបានមើលឃើញថា កម្ពុជាបានធ្លាក់ចូលទៅក្នុងសោកនាដកម្មដ៏គួរឲ្យសោកសៅជាទីបំផុត។ ឧទាហរណ៏ដូចជាការសម្រេចចិត្តការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក ការធ្វើរដ្ឋប្រហារ ដើម្បីផ្លាស់ប្តូររបបឆ្នាំ១៩៧០ អញ្ចឹងឃើញទេប្រទេសយើងបានធ្លាក់ចូលទៅក្នុងសង្គ្រាមបើកផ្លូវឲ្យខ្មែរក្រហមចូលមកកាន់កាប់អំណាច បើកផ្លូវឲ្យខ្មែរក្រហមដាក់របបប្រល័យពូជសាសន៏នៅកម្ពុជារបស់យើង សោកនាដកម្មធំណាស់។ អញ្ចឹងមិនមែនគ្រប់វិធីទាំងអស់គ្រប់មាគ៌ាទាំងអស់ដែលពីខាងក្រៅដាក់ឲ្យយើងហ្នឹងជាវិធីត្រឹមត្រូវទេ ផ្ទុយទៅវិញពិធីយើងទេ ដែលកម្ពុជាមើលឃើញទៅជាវិធីត្រឹមត្រូវ។
ខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងបន្តិច។ ប៉ុន្មានឆ្នាំចុងក្រោយហ្នឹងប៉ុន្មានឆ្នាំកន្លងមក ហើយហ្នឹងយើងតែងតែមានការខ្វែងគំនិតគ្នាទាក់ទិនទៅហ្នឹងមាគ៌ាដែលកម្ពុជាត្រូវដើរតាមវាមានមាគ៌ាតាមផ្លូវលោកខាងលិច ដែលប្រកាន់ប្រជាធិបតេយ្យមកហូរហែរអញ្ចឹងហើយមានមាគ៌ាមួយដែលកម្ពុជាយល់ឃើញថា ជាមាគ៌ាដែលស្របតាមកាលៈទេសៈរបស់កម្ពុជាស្របតាមតម្រូវការរបស់កម្ពុជា។
អញ្ចឹងខ្ញុំបានពន្យល់ហើយមានមាគ៌ាពីខាងក្រៅមកទម្លាក់គ្រាប់បែក ធ្វើរដ្ឋប្រហារ ហើយនាំទៅរករបបប្រល័យពូជសាសន៏ ហើយក្រោយរបបប្រល័យពូជសាសន៍ហ្នឹងទៀតសោតគឺប្រទេសភាគច្រើនលោកខាងលិចដែលកំពុងតែផ្តល់ដំបូន្មានឲ្យយើងហ្នឹងបានគាំទ្រខ្មែរក្រហម។ ខ្មែរក្រហមជាតំណាងកម្ពុជានៅអង្កការសហប្រជាជាតិ ហើយជាមួយហ្នឹងគាត់បានដាក់គំនាប ខាងផ្នែកសេដ្ឋកិច្ច embargo (ហ៊ុំព័ទ្ធ)អស់រយៈពេល១២ឆ្នាំ។ ហ្នឹងមាគ៌ារបស់គាត់ដាក់ឲ្យយើង ហើយយើងរងទុក្ខវេទនាប៉ុណ្ណា តែផ្ទុយទៅវិញក្រោយថ្ងៃរំដោះពីរបបប៉ុលពតឆ្នាំ១៩៧៩ យើងបានជ្រើសរើស មាគ៌ាមួយរបស់យើង។
ទី១ គឺរារាំងមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកាន់កម្ពុជាវិញ ទី២ គឺកសាងប្រទេសជាតិវិញពីគំនរផេះផង់ អស់រលីង។ អស់រលីង លោក ខេមរា ដឹងហើយ អស់រលីងឆ្នាំ១៩៧៩។
អញ្ចឹងកសាងប្រទេសជាតិ និងការពារប្រទេសជាតិកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញផង ក្នុងខណៈដែលគេដាក់គំនាបសេដ្ឋកិច្ចមកលើកម្ពុជាផងមិនមែនជារឿងតូចតាចទេ។ ស្អីដែលយើងឯកភាពគ្នាមាគ៌ា ទាំងពីរហ្នឹងបានរកផ្លូវត្រូវគ្នាគឺនៅពេលដែលចប់សង្គ្រាមត្រជាក់ យើងបានឯកភាពគ្នារកការចរចា និងការព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយបន្ទាប់មកមានការបោះឆ្នោត អាហ្នឹងគឺមានការឯកភាពគ្នាហើយ។ ស្អីដែលខ្ញុំគ្មានការឯកភាពគឺការដាក់ (Embargo) មកលើកម្ពុជា ស្អីដែលខាងយើងបានឯកភាពគឺ ការផ្តល់ជំនួយផ្នែកអភិវឌ្ឍន៏មកកាន់កម្ពុជាវិញក្រោយឆ្នាំ ១៩៩១ ១៩៩២ ១៩៩៣ ដែលធ្វើឲ្យកម្ពុជាបានរស់រានមានជីវិត បានកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចមកដល់សព្វថ្ងៃនេះ។
អញ្ចឹងផ្លូវពីរមានការខុសគ្នា មានពេលខ្លះត្រូវគ្នា ប៉ុន្តែសំខាន់ឲ្យគោរពនូវផ្លូវរបស់កម្ពុជាខ្លួនឯងផង ពីព្រោះការដាក់បង្ខំឲ្យដើរតាមផ្លូវរបស់លោកខាងលិចបានបង្ហាញឲ្យឃើញថាពេលខ្លះ ហើយភាគច្រើនតែងតែនាំទៅដល់ផ្លូវខុស នាំទៅដល់សោកនាដកម្ម។ អញ្ចឹងផ្លូវរបស់កម្ពុជាដែលរកសន្តិភាពពេញលេញ នៅក្រោយពីអ៊ុនតាក់បរាជ័យក្នុងការនាំមកនូវសន្តិភាពនៅ កម្ពុជា ប៉ុន្តែផ្ទុយទៅវិញគោលនយោបាយឈ្នះៗរបស់សម្តេចតេជានាយករដ្ឋមន្ត្រីទេ ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាពឡើងវិញ ហើយមានការអភិវឌ្ឍន៍ ៧ជាងភាគរយប្រចាំឆ្នាំអស់រយះពេលជាង ២០ឆ្នាំកន្លងទៅហើយនេះ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី នៅពេលជាមួយសហរដ្ឋអាមេរិកមានបញ្ហាទំនាក់ទំនងរាងមិនសូវល្អនៅពេលនេះ ហើយជាមួយសហភាពអឺរ៉ុបវិញក៏ហាក់បីដូចជា មានសេចក្តីថ្លែងការណ៍មួយរយៈចុងក្រោយនេះ។ ប៉ុន្តែខ្ញុំចង់ដឹងថាគោលនយោបាយ Everything But Arms ( EBA ) ទៅកាន់អឺរ៉ុប ការនាំចូលទំនិញទៅកាន់សហភាពអឺរ៉ុបវិញ។ តើនឹងមានបញ្ហាយ៉ាងណាទៅបើសិនជាស្ថានការណ៏ហ្នឹងអញ្ចឹងហើយសហភាពអឺរ៉ុបហាក់ដូចជា មានចេញសេចក្តីថ្លែងការណ៏ដល់កម្ពុជាដែរទៅដល់បញ្ហាចុងក្រោយនេះ?
លោកប្រាក់ សុខុន៖ ឥឡូវអញ្ចេះ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថ្មីៗនេះ គេបានដាក់បញ្ជីឈ្មោះ ២៦ប្រទេស ដែលមានបញ្ហាខាងផ្នែកសិទ្ធិមនុស្ស និងផ្នែកប្រជាធិបតេយ្យ។ ក្នុងចំណោមហ្នឹងអត់មានកម្ពុជាទេៗ។ អញ្ចឹងបញ្ហាសភាអឺរ៉ុបដែលធ្វើការរិះគន់មកដល់កម្ពុជា អាហ្នឹងជារឿងមួយ បញ្ហាយើងធ្វើទំនាក់ទំនងជាមួយសហភាពអឺរ៉ុបក្នុងផ្នែកពាណិជ្ជកម្មជារឿងមួយទៀត។ ថ្វីត្បិតថា ពេលខ្លះរឿងទាំងពីរហ្នឹងវាពាក់ព័ន្ធជាមួយគ្នា ដោយសារតែឥទ្ធិពលរបស់សភា ឥទ្ធិពលរបស់គណៈកម្មការសហភាពអឺរ៉ុបជះមកលើបញ្ហាហ្នឹងក្នុងករណីវាមានបញ្ហាធ្ងន់ធ្ងរ។
ប៉ុន្តែឧទាហរណ៍ដែលខ្ញុំបានលើកឡើងថា ក្នុងចំណោម ២៦ប្រទេស ដែលត្រូវចាត់ទុកថា មានបញ្ហាខាងផ្នែកសិទ្ធិមនុស្សហ្នឹង។ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អត់មានដាក់កម្ពុជានៅក្នុងហ្នឹងទេ។ អញ្ចឹងយើងគិតថា មិនមែនបានចិត្តទេ យើងគិតថា ស្អីដែលយើងធ្វើគឺ ត្រឹមត្រូវហើយយើងនឹងខិតខំពន្យល់ដូចខ្ញុំបានជម្រាបហើយជម្រាបទៀតថាយើងនឹងខិតខំពន្យល់។ ពីព្រោះមានការពន្យល់ខ្លះអញ្ចឹងទៅនាំឲ្យមានការយល់ខុស ។
អញ្ចឹងយើងមានការខិតខំពន្យល់ឲ្យមានការយល់ត្រូវទៅវិញថា ស្អីដែលយើងធ្វើគឺស្របទៅតាមច្បាប់ទាំងអស់ ហើយសិទ្ធិសេរីភាពខាងសារព័ត៌មានក៏មិនត្រូវប៉ះពាល់ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើនយោបាយក៏មិនត្រូវប៉ះពាល់។ អ្នកដែលមិនមានបញ្ហារំលោភបំពានទៅលើច្បាប់នៅតែមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តន៍សកម្មភាពនយោបាយរបស់ខ្លួន មានតែអ្នកនយោបាយដែលមានបញ្ហាជាមួយផ្លូវច្បាប់ ខាងផ្លូវតុលាការទេដែលមិនមានសិទ្ធិបំពេញសកម្មភាពដូចគេឯង។
លោកសុខ ខេមរា៖ ប្រហែលជាលោកទេសរដ្ឋមន្ត្រីបានដឹងហើយថា មានការចោទប្រកាន់រដ្ឋាភិបាលខ្លះ ដែលងាកបែរទៅរកចិនដែលកៀកស្និទ្ធជាងបណ្តាប្រទេសដ៏ទៃចុងក្រោយនេះហើយមានការព្រួយបារម្ភថា ខ្លាចក្រែងរបបខ្មែរក្រហមវិលត្រឡប់មក វិញនៅសម័យនេះអញ្ចឹង។ តើគិតយ៉ាងម៉េចដែរអំពីបញ្ហានេះ?
លោកប្រាក់ សុខុន៖ ខ្ញុំមិនយល់ថា សំណួរទាំងពីរហ្នឹងវាពាក់ព័ន្ធគ្នាយ៉ាងម៉េចទេ។ ពីព្រោះរបបខ្មែរក្រហមបានចប់បាត់ទៅហើយ យើងមិននិយាយតទៅទៀតទេ។ អាចមានជាសង្គ្រាមស៊ីវិល ដោយសារតែមានអ្នកនយោបាយមួយចំនួនគាត់ប្រកាន់នូវទ្រឹស្ដីញុះញង់ ប្រកាន់ពូជសាសន៏ ភូតកុហកខាងផ្នែកផែនទីខាងផ្នែកព្រំដែន ជា មួយប្រទេសជិតខាងយើងនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំហើយខឹងសម្បារអី អាហ្នឹងអាចមានទៅជាការកើតបញ្ហារកាំរកូសផ្ទៃក្នុងយើងហ្នឹងដែរ។
ក៏ប៉ុន្តែការដែលកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនគឺ ដើម្បីផលប្រយោជន៍របស់ប្រទេស និងប្រជាជនកម្ពុជាទេ ពីព្រោះទំនាក់ទំនងជាមួយចិនគឺ ផ្អែកទៅលើការគោរពគ្នាទៅវិញទៅមកហើយនឹង ផ្អែកទៅលើការផ្តល់ផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក។ យើងបានទទួលផលប្រយោជន៏ច្រើនពីជំនួយរបស់ចិន ពីសហប្រតិបត្តិការរបស់ចិនពីការវិនិយោគរបស់ចិន។ ចិនគាត់មកវិនិយោគលើវារីអគ្គិសនី មានជំនួយខ្លះមានការវិនិយោគខ្លះ មានកិច្ចសហប្រតិបត្តិការខ្លះ។ វារីអគ្គិសនីចំនួន៧នៅស្រុកខ្មែរ គឺថាសព្វថ្ងៃនេះគឺ ថា មានចំនួន៦មានចំណែករបស់ចិនហើយ មានកន្លែងខ្លះជាលុយ ជំនួយ កន្លែងខ្លះជាលុយកម្ចី កន្លែងខ្លះជា Joint venture គឺថាការរួមសហការគ្នារវាងក្រុមហ៊ុនចិនជាមួយក្រុមហ៊ុនខ្មែរ។
អញ្ចឹងនេះវាបានផ្តល់ផលប្រយោជន៏ដូចជាស្ពានផ្លូវដែលជាជំនួយឥតសំណងភាគច្រើនគឺ ការផ្តល់ផលប្រយោជន៏សម្រាប់លើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនយើង ពីព្រោះកាលណាមានផ្លូវគាត់ធ្វើដំណើរក៏ស្រួលគាត់ដឹកទំនិញមកឯរាជធានីហ្នឹងក៏ស្រួល ឬក៏ដឹកទៅខេត្តណាផ្សេងទៀតក៏ស្រួល។ សម្រួលគ្រប់យ៉ាងទាំងអស់ដល់ជីវភាពរបស់ពួកគាត់។ អញ្ចឹងទំនាក់ទំនងនេះគឺជាទំនាក់ទំនង ដែលគិតទៅដល់ផលប្រយោជន៍ដល់កម្ពុជាមិនមែនថាកម្ពុជាក្លាយជារណបរបស់ចិននោះទេ ពីព្រោះយើងរក្សាច្បាស់លាស់ណាស់នូវគោលនយោបាយឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍របស់កម្ពុជា។
យើងជាប្រទេសអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ។ អញ្ចឹងយើងរក្សា និងការពារគោលនយោបាយនេះបានត្រឹមត្រូវ ។ហើយខ្ញុំមិនយល់ថា ហេតុអ្វីបានជាគេចោទប្រកាន់មកលើកម្ពុជាអញ្ចឹង? នៅពេលដែលអ្នកដែលចោទប្រកាន់ហ្នឹងភាគច្រើនគាត់ទាញថា ឲ្យកម្ពុជាទៅរកអាមេរិក។ អញ្ចឹងខ្ញុំមិនយល់ថាយ៉ាងម៉េចបានជាចោទប្រកាន់កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន?ហើយនៅពេលដែលខ្លួនឯងចង់ទាញទំនាក់ទំនងឲ្យដូចគ្នាហ្នឹងជាមួយហ្នឹងអាមេរិក។
ក៏ប៉ុន្តែយើងចង់ឲ្យមានទំនាក់ទំនងណាស់ ជាមួយនឹងគ្រប់ប្រទេសទាំងអស់ ជាទំនាក់ទំនងមិត្តភាព ឈរទៅលើការគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នាទៅវិញទៅមក។ ខ្ញុំយល់ហើយថា ពាក្យថា ស្មើភាពវា មានន័យរបស់វាមានកម្រិត ព្រោះវាអាស្រ័យទៅលើឥទ្ធិពលប្រទេស ទំហំរបស់ប្រទេស ឬអំណាចនៅក្នុងប្រទេសដែលមាននៅក្នុងទំនាក់ទំនងជាមួយនឹងយើង។ ការពិតវាអញ្ចឹងមែន។ ប៉ុន្តែយ៉ាងហោចណាស់ឲ្យមានការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាពការគោរពឯករាជ្យភាពគ្នាទៅវិញទៅមក។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី វិលត្រឡប់ទៅរករឿងបញ្ហាមួយផ្នែកនៃទំនាក់ទំនងជាមួយនិងចិនដែរ។ទាក់ទិននឹងបញ្ហាការតាក់តែងក្រមប្រតិបត្តិ (COC)រឿងសមុទ្រចិនខាងត្បូង ហើយដែលធ្វើឲ្យមានបញ្ហានៅក្នុងតំបន់អាស៊ានខ្លះ។តើអ្វីខ្លះជាជំហរ កម្ពុជាមកដល់ពេលចុងក្រោយនេះ?
លោកប្រាក់ សុខុន៖ បញ្ហាសមុទ្រចិនខាងត្បូងពីឆ្នាំទៅមិញ មានភាពតានតឹងខ្លាំង ដោយសារតែការចេញនូវសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ ឆ្លើយតបទៅនឹងបណ្តឹងរបស់ប្រទេសហ្វីលីពីន ប្រឆាំងទល់នឹងចិន។ ប៉ុន្តែកម្ពុជាក្នុងឋានៈជាប្រទេសអព្យាក្រឹត្យហ្នឹងម្តងទៀតហើយ។
យើងអព្យាក្រឹត្យ យើងមិនត្រូវកាន់ជើងខាងណា យើងអត់លូកលាន់ខាងណាទេទី១ ។ ទី២យើងមិនមែនជាប្រទេសដែលដណ្តើមទាមទារអធិបតេយ្យនៅក្នុងតំបន់ហ្នឹងទេហើយទី៣គឺថា យើងខិតខំយ៉ាងម៉េចរក្សាសន្តិភាព រក្សាផលប្រយោជន៍របស់អាស៊ានទាំងមូលនៅក្នុងហ្នឹង។ ដោយពិនិត្យមើលឃើញថា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នេះគឺពាក់ព័ន្ធ តែនឹងប្រទេសពីរទេគឺ ប្រទេសហ្វីលីពីន ជាមួយនឹងចិន ហើយចុងក្រោយនេះនៅក្នុងជំនួបកំពូលខែ ៤កន្លងទៅហ្នឹង។
លោកប្រធានាធិបតី ឌូធើតេ (Rodrigo Duterte ) នៃប្រទេសហ្វីលីពីនខ្លួនឯង ក៏គាត់បានប្រកាសដែរថា បញ្ហានេះមិនមែនជាបញ្ហារវាងអាស៊ាននឹងចិនទេ គឺជាបញ្ហារវាងហ្វីលីពីន និងចិន។ អញ្ចឹងគាត់មិនបានលើកបញ្ហាហ្នឹងថា ជាបញ្ហាយកមកចោទនៅក្នុងកិច្ចប្រជុំកំពូលនោះទេ។ អញ្ចឹងជំហររបស់កម្ពុជាគឺ ខិតខំធ្វើយ៉ាងម៉េចឲ្យមានការរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ដែលជាបុរេលក្ខខណ្ឌ និងវិបុលភាពសម្រាប់តំបន់។ អញ្ចឹងយើងអត់កាន់ជើងខាងណាទេ។
អញ្ចឹងយើងខិតខំធ្វើយ៉ាងម៉េចឲ្យ មុនដំបូងឲ្យការអនុវត្តឲ្យបានពេញលេញនូវ (DOC) មុនដំបូង(DOC) បើសិនជាសេចក្តីប្រកាសរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូង ដែលក្នុងនោះវាមានបទដ្ឋានមួយចំនួនតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តតាម ហើយបន្ទាប់ពីហ្នឹងមកយើងបានឯកភាពគ្នា ដើម្បីបន្ធូរបន្ថយ និងបង្ការកុំឲ្យមានជម្លោះនោះកើតឡើងនៅក្នុងតំបន់ហ្នឹង។
ទី១គឺថា យើងបង្កើត Hot Line រវាងក្រសួងការបរទេសនៃប្រទេសសមាជិកអាស៊ានជាមួយក្រសួងការបរទេសនៃប្រទេសចិន ហើយមួយទៀតយើងបង្កើតនូវក្រមមួយសម្រាប់ប្រតិបត្តិក្នុងពេលដែលយើងបានជួបប្រទះបញ្ហាដែលយើងអត់បានគ្រោងទុកនៅក្នុងតំបន់សមុទ្រនេះ។ អញ្ចឹងប្រសិនបើមានការពាក់ព័ន្ធអ្វីប៉ះទង្គិចអ្វី យើងខំប្រឹងអត់ធ្មត់អ្វីយ៉ាងម៉េចមាននៅក្នុងក្រមហ្នឹង ដើម្បីចៀសវាងកុំឲ្យមានការយល់ច្រឡំគ្នាបានហើយ។ហើយបន្ទាប់មកថ្មីៗនេះក្នុងខែ៨កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគឺ យើងបានឯកភាពគ្នាបានអនុម័តនូវក្របខណ្ឌនៃក្រមប្រតិបត្តិរបស់សមុទ្រចិនខាងត្បូង។
ក្របខណ្ឌនេះជាគោលគំនិតធំៗសម្រាប់តាក់តែង (COC) នេះ។ អញ្ចឹងឥឡូវយើងបានអនុម័ត និងឯកភាពគ្នារួច ហើយនូវក្របខណ្ឌ (COC) នេះ។ អញ្ចឹងផ្អែកលើកក្របខណ្ឌ (COC) នេះយើងនឹងសហការគ្នាដើម្បីតាក់តែងនូវ (COC) អញ្ចឹងជំហររបស់កម្ពុជាគឺ គាំទ្រដំណើរការដោយសន្តិវិធីចំពោះដំណោះស្រាយនៅសមុទ្រចិនខាងត្បូងនេះ។
សាមគ្គីភាពនៅក្នុងសមាគមអាស៊ានក្នុងការរក្សាសន្តិភាព យើងឆ្លើយ Yes (ព្រម)បើឲ្យយើងទៅសាមគ្គីរួមគ្នាជាមួយហ្នឹងប្រទេសមួយចំនួននៅក្នុងការបង្កជម្លោះជាមួយនឹងចិនជាមួយនឹងអ្នកណាផ្សេង No (មិនព្រម) ។ អញ្ចឹងជំហររបស់យើងគឺ សាមញ្ញណាស់គឺថា ខិតខំធ្វើយ៉ាងម៉េចឲ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំដោះស្រាយបញ្ហាជម្លោះរបស់ខ្លួនដោយសន្តិវិធីស្របទៅតាមច្បាប់។
លោកសុខ ខេមរា៖ នៅក្នុងសេចក្តីរាយការណ៍ព័ត៌មានក៏ដូចជា ការអត្ថាធិប្បាយរបស់មន្ត្រីអាស៊ានជាច្រើនរាប់ទាំងកម្ពុជាផងហាក់ដូចជាមិនបានផ្តោតទៅលើដូចថា តើតួអង្គណា តុលាការណា ដែលអាចជួយដល់ការសម្របសម្រួលនៅពេលដែលមានការជម្លោះរឿងសមុទ្រចិនខាងត្បូង? តើកម្ពុជាអាចពន្យល់បានអំពីរឿងហ្នឹងថា ហេតុអ្វីបានជា មិនមានប្រើពាក្យពេចន៍អ្វីនៅក្នុងហ្នឹងថា បើសិនជាមានរឿងអ្វីទៅថាតើខាងណា តុលាការណា អាចនឹងកាត់សេចក្តីបាន?
លោកប្រាក់ សុខុន៖ អានេះវាសំខាន់ទៅលើភាគីដែលពាក់ព័ន្ធជាមួយគ្នាហ្នឹងទេ។ដូចបានជម្រាបជូនហើយថា បញ្ហាជម្លោះទាំងអស់នេះមិនមែនជាបញ្ហារវាងចិនជាមួយអាស៊ានទាំងមូលទេ។ ជាបញ្ហារវាងប្រទេសជាមួយនឹងប្រទេស។ ចិនជាមួយនឹងប្រទេសហ្វីលីពីន ឬ ក៏ជាមួយនឹងប្រទេសប្រ៊ុយណេ វៀតណាម។ ប៉ុន្តែមិនមែនជាបញ្ហារវាងចិននឹងអាស៊ានទេ។ អញ្ចឹងអាស៊ានអត់មានការចាំបាច់ ហើយមិនត្រូវបញ្ចូលបញ្ហាអស់នេះនៅក្នុងឯកសារផ្លូវការរបស់ខ្លួននោះទេ ពីព្រោះមិនមែនពាក់ព័ន្ធជាមួយអាស៊ាន។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្រ្តី វិលត្រឡប់ទៅរកប្រទេសកូរ៉េខាងជើងវិញ។លោកទេសរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ ឬរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ជាច្រើនទាក់ទិនទៅនឹងការសាកល្បងកាំជ្រូចមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងជើង។ តើមកដល់ពេលនេះមានការវិវត្តយ៉ាងណា ឬ មានការជជែកគ្នាយ៉ាងណា នៅក្នុងកិច្ចប្រជុំគ្នា យ៉ាងណាទេអំពីរឿងនេះ?
លោកប្រាក់ សុខុន៖ យើងមានការព្រួយបារម្ភជាខ្លាំងចំពោះសភាពការណ៏នៅឧបទ្វីបកូរ៉េ។ ខ្ញុំសូមកែបន្តិចត្រង់បញ្ហាកូរ៉េខាងជើង និងបញ្ហាឧបទ្វីបកូរ៉េ ពីព្រោះបើយើងនិយាយពីឧបទ្វីបកូរ៉េទៅវាពាក់ព័ន្ធជាមួយនឹងដៃគូ និងតួអង្គផ្សេងទៀតនៅក្នុងឧបទ្វីបនេះ។ កូរ៉េខាងជើងគាត់ជា តួអង្គមួយ ហើយតែមិនមែនតួអង្គតែឯងទេ។
អញ្ចឹងចំពោះបញ្ហាឧបទ្វីបកូរ៉េនេះគឺ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសប៉ុន្មានខែចុងក្រោយនេះសភាពការណ៍កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែ គូរទំនាស់នឹងគ្នាកាន់តែបង្កើនសកម្មភាពដែលផ្គើនផង ដែលធ្វើឲ្យសភាពការណ៍ហ្នឹងកាន់តែតានតឹងផង។ ផ្គើនពីម្ខាងប្រទេសកូរ៉េខាងជើង។ លោក ខេមរា ជ្រាបស្រាប់ហើយគឺ កម្ពុជា និងកូរ៉េខាងជើងមានទំនាក់ទំនងជាមួយគ្នា ពិសេសដោយសារតែព្រះករុណាសម្តេចឪព្រះនរោត្តមសីហនុពីដើមមកលោកមានទំនាក់ទំនងពិសេសជាមួយលោកអតីតប្រធានាធិបតី គឹម អ៊ីលស៊ុង។
ចាប់តាំងពីពេលនោះមកយើងរក្សាទំនាក់ទំនងហ្នឹងគឺថាជាទំនាក់ទំនងពិសេសមួយ រហូតមកដល់ពេលនេះ។ ប៉ុន្តែដោយសារសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងហ្នឹងគាត់ទៅជ្រុលហួសហេតុ ហើយក្នុងឋានៈមួយជាសមាជិកមួយនៃអង្គការសហប្រជាជាតិកម្ពុជាចាំបាច់ត្រូវតែរំឭកដល់ប្រទេសកូរ៉េខាងជើងថា ខ្លួនត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហើយមានជាហូរហែរមកហើយ។
សេចក្តីសម្រេចមួយៗឥឡូវ នេះកាន់តែតានតឹងឡើងៗចំពោះកូរ៉េខាងជើង មានការកាត់ផ្តាច់ការធ្វើពាណិជ្ជកម្ម ការរកស៊ីអ្វីផ្សេងៗទៀត ដើម្បីកាត់ផ្តាច់នូវហិរញ្ញប្បទានទាំងឡាយ ដែលអាចយកទៅចិញ្ចឹមដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អញ្ចឹងទោះបីទំនាក់ទំនងជាពិសេស និងល្អជាមួយកូរ៉េខាងជើង ក៏ដោយក៏កម្ពុជាយើងបានធ្វើសេចក្តីថ្លែងការណ៏ពីរដោយឡែកពីរកាលពីឆ្នាំ២០១៦ និងពីរទៀតនៅក្នុងឆ្នាំនេះពាក់ព័ន្ធ និងការបាញ់កាំជ្រួចផង និងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក្រោមដីផង។
អញ្ចឹងយើងបានបញ្ជាក់យ៉ាងច្បាស់ជាមួយកូរ៉េខាងជើងអំពីជំហររបស់យើងបើអ្នកនៅចង់បន្តនៅធ្វើជាមិត្តអ្នកត្រូវតែគោរពដល់ការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ គោរពទៅដល់ការសម្រេចទាំងអស់របស់ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ គោរពសហគមន៍អន្តរជាតិ និងបោះបង់ចោលនូវកម្មវិធី អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅ។
ឯម្ខាងទៀតយើងក៏គិតថា រឿងវាកើតឡើង ក៏ដោយសារមានការញុះទៅញុះមក វាវិលជុំ។ ខាងអាមេរិក និង កូរ៉េខាងត្បូងក៏បង្កើនសមយុទ្ធរបស់ខ្លួនកាន់តែខ្លាំងទៅៗ ។ ដល់អីចឹងទៅធ្វើឲ្យប្រទេសកូរ៉េខាងជើងកាន់តែបារម្ភខ្លាំងទៅៗ គាត់រុញកម្មវិធីរបស់គាត់រឹតតែខ្លាំងទៅ។ អញ្ចឹងនាំគ្នាគេហៅថា វិលចុះវិលឡើងទៅ វាជាជុំមួយដែលនាំសភាពការណ៍ហ្នឹងកាន់តែតានតឹង។
អញ្ចឹងបានជាជំហររបស់កម្ពុជា នៅពេលដែលយើងធ្វើសេចក្តីថ្លែងការណ៍នានាគឺថា ទី១ យើងស្នើសុំឲ្យកូរ៉េខាងជើងគោរពនូវសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ គោរពនូវកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន ប៉ុន្តែទី២យើងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់នឹងជៀសវាងរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យសភាពការណ៍ ហ្នឹងកាន់តែតានតឹងថែមទៀត។ ពីព្រោះយើងបារម្ភដល់ដំណាក់កាលណាមួយវាទប់មិនបានវាផ្ទុះសង្គ្រាមទៅវាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងពីរជាប់គ្នាហ្នឹងទេ វាប៉ះពាល់ដល់តំបន់ទាំងមូល ដល់ពិភពលោកទាំង មូល។ ហើយទី៣យើងក៏បានស្នើសុំឲ្យមានការពិចារណារាល់សំណើរបស់ចិន និងរុស្ស៊ីដែលគាត់បានលើកសំណើគេហៅថា Double Free ផ្អាកទាំងសង ខាងផ្អាកទាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងផ្អាកទាំងការសមយុទ្ធ ឬក៏បន្ថយកម្រិតសមយុទ្ធដែលអាចទទួលយកបានដែរ។ ពីព្រោះថាសមយុទ្ធហ្នឹង ក៏វាជាអណ្តាតភ្លើងមួយបញ្ឆេះកម្ដៅទៅដល់ប្រទេសកូរ៉េខាងជើងនាំឲ្យកូរ៉េខាងជើងខឹង សម្បាតទៅទៀត។
ហើយជាមួយហ្នឹងក៏យើងបានគាំទ្រនូវគំនិតផ្តួចផ្តើមគេហៅថា គំនិតផ្តួចផ្តើមទីក្រុងប៊ែរឡាំង ពីព្រោះលោកប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន (Moon Jae-in) គាត់បានធ្វើគំនិតផ្តួចផ្តើមហ្នឹងប្រកាសនៅពេលដែលគាត់ធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងគឺ ការហុចដៃទៅកូរ៉េខាងជើងដើម្បីចរចាគ្នាឡើងវិញដើម្បីរកដំណោះស្រាយ រកសន្តិភាពរវាងកូរ៉េទាំងពីរ ។ អាហ្នឹងយើងបានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដែលជាគំនិតផ្តួចផ្តើមឆ្ពោះទៅរកការបន្ទូរបន្ថយសភាពការណ៍តានតឹងរវាងកូរ៉េទាំងពីរនេះ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រី នៅពេលដែលមានការព្រមានឲ្យដឹងពីជំហររបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងជើងយ៉ាងដូច្នេះ។ តើនៅពេលនេះមានពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងជើងអាចត្រូវផ្អាក ឬក៏បន្ថយពីរឿងហ្នឹង ឬក៏មានទំនាក់ទំនងហ្នឹងអាចបន្ធូរបន្ថយទៅតាមហ្នឹង ឬក៏យ៉ាងណា?
Your browser doesn’t support HTML5
លោកប្រាក់ សុខុន៖ ជម្រាបឲ្យត្រង់ទៅយើងបានបដិសេធរាល់សំណើរបស់កូរ៉េខាងជើងក្នុងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ទាំងអស់។ រដ្ឋមន្ត្រីការបរទេសគាត់សុំមកកម្ពុជាយើងក៏ស្នើសុំថា មិនទទួល ប្រធានរដ្ឋសភាសុំមកក៏យើងមិនទទួល អនុរដ្ឋមន្ត្រីការបរទេសមកក៏យើងមិនទទួល ថ្នាក់អគ្គនាយកសុំមកក៏យើងអត់ទទួលដែរ។ ដើម្បីបង្ហាញឲ្យយល់ថាអ្នកត្រូវតែគោរពនូវរាល់សេចក្តីសម្រេចនានារបស់អង្គការសហប្រជាជាតិ ដើម្បីឲ្យខាងខ្ញុំនេះមានលទ្ធភាពកសាងទំនាក់ទំនងប្រក្រតីឡើងវិញជាមួយអ្នកឯង។
ពីព្រោះថាបើយើងធ្វើការទទួលអីចឹងគឺ កម្ពុជាខ្លួនឯងផ្ទាល់នឹងរំលោភបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិតែម្តង ហើយចំពោះសកម្មភាពពាណិជ្ជកម្មនានាហ្នឹងក៏យើងបានធ្វើការស្រាវជ្រាវដកស្រង់ព័ត៌មានទាំងអស់ទាក់ទងទៅនឹងសកម្មភាពសេដ្ឋកិច្ច ដែលកូរ៉េខាងជើងអាចមាននៅកម្ពុជា ដើម្បីយើងចាត់វិធានការស្របទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកសុខ ខេមរា៖ បញ្ហាចុងក្រោយមួយរវាងពលករចំណាកស្រុកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង។ អំពីរឿងនេះតើមានការដូចថាជួយសម្រួលយ៉ាងណាក្នុងការផ្តល់ប៉ាស្ព័រ វីសា ឬក៏ការសិទ្ធិធ្វើការងារនៅក្នុងប្រទេសថៃ ឬក៏នៅប្រទេសកូរ៉េខាងត្បូង ដែលកំពុងតែកើតមានទន្ទឹមគ្នានឹងកើតមានការដែលមានសេចក្តីថ្លែងការណ៍នៅអង្គការសហប្រជាជាតិពីការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្មែរ?
លោកប្រាក់ សុខុន៖ ទី១ ចំពោះនៅកូរ៉េខាងត្បូងដូចជាអត់មានបញ្ហាអ្វីទេ។ ពីព្រោះនៅកូរ៉េខាងត្បូងជាប្រទេសឆ្ងាយម្ល៉ោះ ហើយធ្វើដំណើរទៅមិនអាចរត់ចូលតាមរបៀងដូចដែលយើងធ្វើជាមួយប្រទេសថៃអញ្ចឹងទេ។ អញ្ចឹងគាត់ត្រូវធ្វើដំណើរឆ្ងាយគាត់ត្រូវមានឯកសារធ្វើដំណើរស្របច្បាប់ទាំងអស់ បានន័យថា គាត់ត្រូវមានប៉ាស្ព័រ ហើយ នឹង វីសា។
ទៅដល់នៅគាត់ត្រូវមានការអនុញ្ញាតឲ្យមានការងារធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អាចមានករណីតិចតួចជា ករណីមិនស្របច្បាប់នោះគឺ ពេលដែលមានពលករមួយចំនួនគាត់ចប់ការងាររបស់គាត់ជាមួយក្រុមហ៊ុនមួយ ហើយគាត់ទៅថ្ពក់ការងារជាមួយក្រុមហ៊ុនមួយផ្សេងទៀតដោយយើងអាចហៅថាក្រៅអំពីកិច្ចសន្យាដែលគាត់បានជាប់។
ប៉ុន្តែមានករណីតិចតួចណាស់ ដែលយើងបានដឹងហើយកន្លងទៅយើងក៏បានណែនាំឲ្យពលកររបស់យើងគោរពទៅតាមច្បាប់ ដើម្បីធានាសុវត្ថិភាពរបស់គាត់ផង ភាពស្របច្បាប់របស់គាត់ ហើយកុំឲ្យគាត់មានបញ្ហាជាមួយនឹងអាជ្ញាធរជាមួយប្រទេសគេហ្នឹង។ ប៉ុន្តែជាមួយនឹងប្រទេសថៃយើងមានពលករច្រើនដែលស្តាប់ទៅតាមការអូសទាញពីមេខ្យល់មួយចំនួនដែលគាត់រកកម្រៃក្នុងពេលដែលពលករ កម្មកររបស់យើងរកការងារធ្វើ។ អញ្ចឹងគាត់រកកម្រៃជិះជាន់ពីលើពីពលកររបស់យើង។ ជួនកាលក៏គាត់នាំរកការងារធ្វើបានទៅ ជួនកាលក៏គាត់បោកប្រាស់អញ្ចឹងទៅ។
ករណីបោកប្រាស់វាមានតិចជាងច្រើន ហើយប៉ុន្តែគាត់នៅតែជាបញ្ហាមួយដែលយើងខិតខំដោះស្រាយដែរ។ ចំពោះភាពស្របច្បាប់របស់គាត់គឺថា យើងបានបើកយុទ្ធនាការធំណាស់ក្នុងរយៈកាលកន្លងទៅចំពោះប៉ាស្ព័រជាង២សែនច្បាប់ដែលយើងបានសម្រេចធ្វើហើយសម្រាប់ពលករយើងបានចាប់ផ្តើមចែកទៅជូនពួកគាត់។
ពីព្រោះនេះវាជាការលំបាកដែរ គាត់មកធ្វើប៉ាស្ព័រហើយគាត់ត្រឡប់ទៅធ្វើការនៅរោងចក្រនៅតាមខេត្តរបស់គាត់វិញ ហើយអញ្ចឹងវាពិបាកក្នុងការជូនព័ត៌មាន ពិបាកក្នុងការយកប៉ាស័្ពរទៅចែក យើងអាចស្រង់បញ្ជីហ្នឹងបានហើយ យើងអាចដឹងថាគាត់ធ្វើការនៅកន្លែងណា យើងយកប៉ាស័្ពរទៅចែកជូនគាត់ដល់ទីកន្លែង។ ហើយនៅពេលហ្នឹងគឺ យើងដំណើរការមួយទៀតគឺថាស្រង់នូវអត្តសញ្ញាណខែ្មរនៃពលកររបស់យើង ដែលកំពុងធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃ។
ផ្អែកលើបញ្ហាហ្នឹងយើងកសាងឯកសារ Travel Document គឺថាឯកសារធ្វើដំណើរក្នុងនោះប៉ាស្ព័រគឺជារឿងបញ្ហាធំជាងគេដើម្បីជូនទៅគាត់។ ហើយយើងដាក់កម្លាំងទៅច្រើនមែនទែនសូម្បីតែស្ថានទូតខ្មែរយើងនៅទៅក្រុងបាងកកក៏ត្រូវរៀបចំ។ កន្លែងចតរថយន្តពីដើមគឺថាដកចេញអស់រៀបចំកែសម្រួលដាក់ម៉ាស៊ីនត្រជាក់ដើម្បីទទួលពលករយើងដើម្បីមកបំពេញភាពស្របច្បាប់របស់ខ្លួនធ្វើការនៅប្រទេសថៃ។ អញ្ចឹងយើងខិតខំច្រើនដើម្បីឲ្យគាត់ទទួលភាពស្របច្បាប់ ដើម្បីកុំឲ្យគាត់ទទួលការជិះជាន់ជាយថាហេតុពីថៅកែ។
ពីព្រោះកាលណាយើងមិនស្របច្បាប់យើងងាយទទួលរងនូវការជិះជាន់ការធ្វើបាបពីថៅកែណាដែលអត់មានភាពសុចរិតនោះ។ អញ្ចឹងយើងខិតខំការពារគាត់ យើងជួយសម្រួលដល់គាត់ហើយគាត់មានបញ្ហាអ្វីគាត់អាចមករកនៅស្ថានទូតរបស់យើងបានគ្រប់ពេលវេលាទាំងអស់។
លោកសុខ ខេមរា៖ ជាមួយនឹងអាជ្ញាធរថៃវិញមានការសហការជាមួយគ្នាល្អប៉ុណ្ណាទៅ ពីព្រោះមានរឿងខ្លះកើតឡើងភាគីថៃហាក់បីដូចជា មិនបានជូនដំណឹងមកកម្ពុជាទេ។ ប៉ុន្តែឃើញតែមានការចាប់បណ្តេញពលករតែម្តង។ តើមានការពិភាក្សាគ្នាយ៉ាងណាអំពីរឿងនេះ?
លោកប្រាក់ សុខុន៖ យើងបានពិភាក្សាច្រើនណាស់ទាំងក្នុងកម្រិតក្រុមការងារ ទាំងក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការបរទេស។ ខ្លួនខ្ញុំផ្ទាល់ហ្នឹងក៏បានជជែកច្រើនជាមួយឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃដើម្បីឲ្យយកចិត្តទុកដាក់ចំពោះពលកររបស់យើង។ ប៉ុន្តែធម្មតាក្រសួងការបរទេសមិនមែនជាអ្នកគ្រប់គ្រងពលករទាំងស្រុងទេ យើងគ្រាន់តែមានការជួយសម្រួលបែបបទមួយចំនួនឲ្យទេតែសំខាន់នៅលើក្រសួងការងាររបស់ថៃ ផ្នែកអន្តោប្រវេសន៏របស់ថៃ។
ប៉ុន្តែមានការស្នើសុំឲ្យសហការឲ្យសម្រួល ហើយខ្ញុំក៏បានសំណូមពរដល់ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានពិភាក្សាបញ្ហានេះជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃដែរលើកចុងក្រោយនេះ នៅពេលដែលឯកឧត្តមប្រាយុទ្ធមកទស្សនកិច្ចនៅប្រទេសកម្ពុជាថ្ងៃទី៧ ខែកញ្ញា យើងនេះ។ ប៉ុន្មានអាទិត្យ មុននេះក៏បានពិភាក្សាអំពីបញ្ហាហ្នឹងដែរហើយ ក៏បានឯកភាពគ្នាថា ខិតខំសម្រួលជា អតិបរមាដើម្បីឲ្យពលកររបស់យើងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីខាងភាគីថៃកុំឲ្យមានការធ្វើបាប។
ហើយក្នុងរឿងធ្វើបាបនេះក៏យើងមានការជជែកគ្នា ដែរពីបញ្ហាប្រើប្រាស់អាវុធប្រឆាំងអ្នកកាប់ឈើខុសច្បាប់ ពីព្រោះនិយាយទៅកម្ពុជាយើងមួយចំនួនចាញ់បោកគេ ឲ្យទៅកាប់ឈើគ្រញូងនៅក្នុងដីថៃ ហើយដឹកយកមកវិញ។ អញ្ចឹងទៅមានបញ្ហាឃាត់ឃាំងទៅមានការតដៃ ឬក៏មិនតដៃយើងទៅយើងក៏ពិបាកដឹងដែរគឺ យើងស្នើសុំឲ្យមានការសហការគ្នាឲ្យបានជិតស្និទ្ធថែមទៀតទាក់ទងបញ្ហាហ្នឹង ដើម្បីកុំឲ្យមានការបាត់បង់ជីវិតដល់ប្រជាពលរដ្ឋយើងទោះជាគាត់ខុសឆ្គងយ៉ាងណាក៏ដោយ។
លោកសុខ ខេមរា៖ លោកទេសរដ្ឋមន្ត្រីដោយសារខ្ញុំជិតដល់ពេលវេលា។តែខ្ញុំចង់ឲ្យលោកបញ្ជាក់សារដើមអំពីកិច្ចសហប្រតិបត្តិការពីរឿងភេវកម្ម និងបម្រែបម្រួលអាកាសធាតុ។ តើកម្ពុជាបានចូលរួមអ្វីខ្លះជាសំខាន់ៗ?
លោកប្រាក់ សុខុន៖ បញ្ហាភេវកម្មទី១ យើងថ្កោលទោស យើងប្រឆាំងដាច់ខាតចំពោះអំពើភេវកម្មទោះក្នុងរូបភាពណាក៏ដោយ និងដោយមូលហេតុណាក៏ដោយពីព្រោះថា យើងមិនអាចទទួលបានទេនូវអំពើសម្លាប់ប្រជាជនស្លូតត្រង់ដោយឥតរើសមុខបែបនេះ។ ទី២យើងក៏ដឹងដែរថា ភេវកម្មគ្មានប្រទេសណាមួយអាចរួចខ្លួនបានទេទោះជាមកដល់ម៉ោងនេះកម្ពុជា យើងមិនទាន់ទទួលបាននូវអំពើភេវកម្មនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។
ក៏ប៉ុន្តែយើងត្រូវតែត្រៀមជាប់ជានិច្ចដើម្បីប្រឆាំងទប់ទល់នឹងយថាភាពនៃការប្រពឹត្តអំពើភេវកម្ម។ ទី៣គឺ យើងត្រូវដោះស្រាយអំពើភេវកម្ម។ ទី១គឺដោះស្រាយចំពោះមូលហេតុដើមដែលនាំឲ្យមានអំពើភេវកម្ម មូលហេតុទាក់ទងទៅនឹងអតុល្យភាពនៅក្នុងសង្គម ការរើសអើង ការចងកំហឹងរវាងសាសនាខុសគ្នា។ ក៏ប៉ុន្តនៅកម្ពុជាយើងសាសនាទាំងអស់រួមរស់ជាមួយគ្នាដោយសុខសន្តិភាព។
នេះជាគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្ត្រីដែលលោកលើកទឹកចិត្តទាំងសាសនាឥស្លាម ទាំងសាសនាគ្រឹស្ត ហើយច្បាស់ហើយគឺ សាសនាព្រះពុទ្ធរបស់យើងនេះ ហើយបញ្ហាដែលត្រូវចូលរួមមួយទៀតគឺ បញ្ហាដែលត្រូវចូលរួមទប់ស្កាត់ការធ្វើហិរញ្ញប្បទានដល់សកម្មភាពភេវកម្ម។ ពីព្រោះធម្មតាធ្វើអ្វីក៏ដោយវាត្រូវតែមានលុយ ហើយបើយើងកាត់ផ្តាច់ហិរញ្ញប្បទានហ្នឹងបាន យើងអាចទប់ស្កាត់ភេវកម្មបានច្រើន។
ហើយចំណុចមួយទៀត ដែលគួរឲ្យចាប់អារម្មណ៍ដែរគឺព្រឹត្តិការណ៍ដែលកើតឡើងនៅទីក្រុមម៉ារ៉ាវី (Marawi) ប្រទេសហ្វីលីពីនគឺជា ការបញ្ជាក់ឲ្យឃើញថាភេវករកំពុងតែរកទីតាំងមូលដ្ឋានមួយនៅតំបន់អាស៊ីអាគ្នេយ៍យើង។ អញ្ចឹងប្រទេសអាស៊ានទាំងអស់ខំប្រឹងប្រែងរួបរួមកម្លាំងគ្នា ដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើង ដូចវាបានកើតឡើងនៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី នេះជាដើម។
ឯចំពោះការបម្រែបម្រួលអាកាសធាតុគឺ យើងបានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលធាតុអាកាសហើយ។ ហើយរដ្ឋសភាយើងក៏បានផ្តល់សច្ចាប័នទៅដល់កិច្ចព្រមព្រៀងនោះហើយកាលពីដើមឆ្នាំនេះ។
អញ្ចឹងយើងរួមចំណែកដោយអស់ពីចិត្តពីថ្លើមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះដែលកន្លងទៅយើងឃើញថា ការប្រែប្រួលធាតុអាកាសក៏បានជះឥទ្ធិពលធំណាស់ដែរមកដល់កម្ពុជាយើង។ អញ្ចឹងយើងក៏ចាត់វិធានការនានាដើម្បីរួមចំណែកក្នុងការចាត់វិធានការប្រឆាំងជាមួយនឹងការប្រែប្រួលធាតុអាកាសហ្នឹងជាមួយនឹងសហគមន៍ពិភពលោកផងដែរ។
លោកសុខ ខេមរា៖ បាទតើជាចុងក្រោយនេះលោកទេសរដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងណាពីបូរីញូវយ៉កទៅកាន់ពលរដ្ឋកម្ពុជា? បាទសូមអញ្ជើញ។
លោកប្រាក់ សុខុន៖ បុណ្យភ្ជុំបិណ្ឌទើបបញ្ចប់ថ្មីៗនេះ។ ខ្ញុំមិនមានអ្វីវែងឆ្ងាយទេគ្រាន់ តែថា សុំឲ្យប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅអាមេរិក ក៏ដូចជារស់នៅប្រទេសផ្សេងៗទៀតគឺថា មានការស្វែងយល់ឲ្យបានត្រឹមត្រូវទាក់ទិនទៅនឹងសភាពការណ៍នៅកម្ពុជា មានការថ្លឹងថ្លែងមុនធ្វើការចោទប្រកាន់ហើយធ្វើការវិនិច្ឆ័យប្រកបទៅដោយភាពគ្រប់ជ្រុងជ្រោយដូចខ្ញុំបានជម្រាបជូនខាងដើមនេះ។
ហើយឆ្លៀតក្នុងឱកាសនេះខ្ញំសូមជូនពរដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរ កម្លាំងពលំមាំមួនធ្វើយ៉ាងណាសូមឲ្យឈ្នះគ្រប់មារសត្រូវ និងសម្រេចឲ្យគ្រប់កិច្ចការទាំងអស់ ដែលខ្លួនកំពុងបំពេញប្រកបទៅដោយភាពជោគជ័យនិងមានសុភមង្គលក្នុងគ្រួសារ។
លោកសុខ ខេមរា៖ បាទសូមអរគុណច្រើនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាអ្នកតំណាងកម្ពុជា ដែលបានមកថ្លែងការណ៍នៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់កិច្ចសម្ភាសន៏ជាមួយខ្ញុំបាទ សុខ ខេមរា អ្នកយកព័ត៌មានរបស់ VOA និងក្រុមការងាររបស់ VOA មានលោក ប៉ូច រាសី និង លោក ពិន ស៊ីសុវណ្ណ មកកាន់បូរីញូវយ៉កនេះ ហើយដោយសារពេលវេលាខ្លីខ្ញុំសូមអរគុណហើយសូមជម្រាបលា។
លោកប្រាក់ សុខុន៖ បាទ សូមអរគុណ៕