ក៏ប៉ុន្តែ ថ្វីបើមានតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនេះក៏ដោយ អំពើពុករលួយនៅតែមាន ដូចដែលប្រធានាធិបតីស៊ីនិយាយថា ជាការគំរាមកំហែងដ៏ធំបំផុតមួយដល់គណបក្ស។
ខណៈដែលអាជ្ញាធរនិយាយថា យុទ្ធនាការប្រឆាំងអំពើពុករលួយបានឡើងដល់សម្ទុះខ្លាំងបំផុតរួចទៅហើយដែលនឹងបន្តនៅក្នុងឆ្នាំ២០១៨ អ្នកវិភាគខ្លះនិយាយថា យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនោះនៅមិនទាន់ខ្លាំងនៅឡើយ។
លោក Ren Jianming ជាអ្នកជំនាញការនាំមុខម្នាក់ស្តីពីអំពើពុករលួយរបស់ចិន បាននិយាយថា ការសង្កេតទូទៅគឺថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយបានពង្រីកកាន់តែធំឡើងចាប់តាំងពីប្រធានាធិបតីស៊ី ជីងពីងបានក្តោបក្តាប់អំណាចចាប់តាំងពីសមាជគណបក្សកុម្មុយនិស្តលើកទី១៨មក។
ក៏ប៉ុន្តែ លោកនិយាយថា ពួកមន្រ្តី១លាន៥សែននាក់ដែលត្រូវបានស៊ើបអង្កេតគ្រាន់តែជាផ្នែកតូចមួយនៃពួកមន្រ្តីពុករលួយប៉ុណ្ណោះ។សមាជិកបក្សកុម្មុយនិស្តមានប្រហែល៨៩លាននាក់។
លោក Renដែលជាសាស្រ្តាចារ្យនៅសាលាគោលនយោបាយសាធារណៈនិងការគ្រប់គ្រងនៃសាកលវិទ្យាល័យ Beihang និយាយថា «ប្រសិនបើ មានមន្រ្តីទាំងនោះកាន់តែច្រើនឡើងបន្តពុករលួយ ការណ៍នេះមានន័យថា យើងចាំបាច់ត្រូវគិតអំពីថាតើហេតុអ្វីបានមានអំពើពុករលួយបន្ទាប់ពីសមាជគណបក្សលើកទី១៨មិនទាន់ទទួលបានការបំភិតបំភ័យនិងការគំរាមកំហែងល្មមគ្រប់គ្រាន់នោះ។
លោកនិយាយទៀតថា ការណ៍នេះបង្កើននូវសំណួរអំពីអ្វីដែលគេចាំបាច់ធ្វើការផ្លាស់ប្តូរ? ហេតុអ្វីបានជាមានបញ្ហាដូចនេះ?ហើយតើយើងត្រូវពិចារណាពីកល ល្បិចនៃការប្រឆាំងអំពើពុករលួយរបស់យើងឬទេ?។
ភាគច្រើននៃមន្រ្តីជាន់ខ្ពស់ចំនួន១៨នាក់ដែលត្រូវបានស៊ើបអង្កេតនៅឆ្នាំ២០១៧ នេះ ហើយខណៈដែលការស៊ើបអង្កេតទាំងអស់នោះបានត្រូវត្រួតត្រាមើលដោយមេដឹកនាំកណ្តាលរបស់គណបក្សនេះ មេដឹកនាំទាំងនោះភាគច្រើនបានកាន់ដំណែងនៅពេលបច្ចុប្បន្ននេះមិនដល់២ឆ្នាំផងទេ។ក្នុងករណីមួយ លោក Yu Haiyan បានរងការស៊ើបអង្កេតរយៈពេល២ខែតែប៉ុណ្ណោះ បន្ទាប់ពីបានទទួលការតែងតាំងថ្មីជាអភិបាលរងខេត្ត Gansu។
មន្រ្តីជាន់ខ្ពស់ទាំងអស់ដែលរងការស៊ើបអង្កេតក្នុងឆ្នាំ២០១៦ លើកលែងតែមន្រ្តីម្នាក់ បានត្រូវតែងតាំងក្នុងអាណត្តិទី១នៃការកាន់អំណាចរបស់ប្រធានាធិបតីស៊ី។
ពួកអ្នកវិភាគនិយាយថា ករណីដែលមន្រ្តីទាំងនេះបានត្រូវតែងតាំងរយៈពេលខ្លីមុនការស៊ើបអង្កេត ដូចនេះវានាំឲ្យមានចម្ងល់អំពីការជ្រើសរើសមន្រ្តីទាំងនោះហើយនឹងការរាលដាលនៃអំពើពុករលួយ។
អ្នកវិភាគខ្លះជជែកឲ្យហេតុផលថា ស្ថានភាពនេះក៏បង្ហាញឲ្យឃើញការពិតថា ប្រធានាធិបតីស៊ីមិនមានមន្រ្តីដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតួនាទីសំខាន់ៗ។
លោក Hu Xingdou ជាសេដ្ឋវិទូនិងអ្នកធ្វើអត្ថាធិប្បាយបាននិយាយថា អ្វីដែលចិនត្រូវការគឺប្រព័ន្ធប្រឆាំងអំពើពុករលួយទំនើបមួយ។
លោកHuបាននិយាយទៀតថា «គេត្រូវការធ្វើឲ្យមានការត្រួតពិនិត្យនិងតម្លា ភាពដូចជាការផ្សព្វផ្សាយទ្រព្យសម្បត្តិរបស់ពួកមន្រ្តីហើយនិងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឲ្យមានតម្លាភាព»។លោកបានផ្តល់អនុសាសន៍ថា ថវិកានិងការចំណាយត្រូវសម្រេចតាមរយៈសមាជជាតិនិងសមាជប្រជាជនមូលដ្ឋានរបស់ចិន ហើយគេត្រូវលើកទឹកចិត្តបណ្តាញព័ត៌មានឲ្យពិនិត្យមើលសកម្មភាពរបស់ពួកមន្រ្តី។
នៅពេលបច្ចុប្បន្ននេះ រឿងក្តីពុករលួយទាំងអស់ត្រូវបានស៊ើបអង្កេតមុនគេដោយគណៈកម្មការកណ្តាលសម្រាប់អធិការកិច្ចខាងពិន័យរបស់គណបក្ស។រហូតមកទល់ពេលនេះ ប្រធានាធិបតីស៊ីបានច្រានចោលការអំពាវនាវឲ្យមានការបែងចែកអំណាចកាន់តែខ្លាំងឡើង ហើយជាជំនួសទៅវិញ លោកបានសង្កត់ទៅលើតួនាទីនាំមុខមួយដែលគណបក្សត្រូវដើរតួនាទីនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយនេះ។
ការបង្កើតគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិដែលគេរំពឹងទុកមួយនៅឆ្នាំក្រោយ ត្រូវគេរំពឹងនឹងបន្ថែមការងារដល់មេដឹកនាំរបស់គណបក្សនៅក្នុងការប្រយុទ្ធប្រ ឆាំងអំពើពុករលួយ។គណៈកម្មការដែលមានគោលបំណងភ្ជាប់ការពង្រឹងច្បាប់ជាមួយការខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់គណបក្ស នឹងត្រួតពិនិត្យមើលបុគ្គលិក។
គណៈកម្មការថ្មីត្រូវគេរំពឹងនឹងទទួលខុសត្រូវការត្រូតពិនិត្យខាងរដ្ឋបាល ការរារាំងអំពើពុករលួយនិងឧក្រិដ្ឋកម្ម។
លោក Hun បាននិយាយទៀតថា «នៅថ្ងៃអនាគត ការស៊ើបអង្កេតទៅលើមន្រ្តីជាពិសេសបន្ទាប់ពីការបង្កើតគណៈកម្មការត្រួតពិនិត្យជាតិ ប្រហែលកាន់តែធ្វើខ្លាំងឡើងៗ ហើយការណ៍នេះ អាចធ្វើឲ្យពួកមន្រ្តីចិនកាន់តែស្អាតស្អំនិងស្មោះ ត្រង់កាន់តែខ្លាំងឡើង»។
ក៏ប៉ុន្តែ ទោះបីនៅពេលដែលការខំប្រឹងប្រែងដើម្បីបង្ក្រាបបានកើនឡើងក៏ដោយ ពួកអ្នកវិភាគនិយាយថា អ្វីដែលគេចាំបាច់ធ្វើដែរនោះគឺការធ្វើកំណែទម្រង់ដ៏សំខាន់មួយក្នុងការជ្រើសរើសមន្រ្តីនិងប្រព័ន្ធតែងតាំងមន្រ្តី។
នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើមតិរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ដូចដែលលោក Ren Jianmingនិយាយ គេត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើគោលនយោបាយខាងសមត្ថភាពដែលគេអាចប្រើប្រាស់ដើម្បីធ្វើវាឲ្យមានភាពកាន់តែងាយស្រួលឡើងដើម្បីរកឲ្យឃើញមន្រ្តីដែលមានបញ្ហា។
លោក Ren និយាយថា «ប្រសិនបើ ពឹងផ្អែកទៅលើការយល់និងការវិនិច្ឆ័យថ្នាក់ដឹកនាំកំពូលលើបុគ្គល ខ្ញុំជឿជាក់ថា ការណ៍នេះប្រហែលនឹងមានការលំបាកដោះស្រាយបញ្ហាការដំឡើងបុណ្ណស័ក្តរបស់ពួកមន្រ្តីនៅកម្រិតដ៏សំខាន់មួយ»។
លោកនិយាយទៀតថា ចិនអាចរៀនតាមទីក្រុងហុងកុងអំពីការប្រើប្រាស់ការលើកលែងទោសរបស់ទីក្រុងហុងកុងសម្រាប់ការប្រព្រឹត្តអំពើពុករលួយតិចតួច។ចំណាត់ការនេះជាគន្លឹះមួយនៅក្នុងការជួយទីក្រុងហុងកុងប្រែក្លាយពីទីក្រុងពុករលួយខ្លាំងបំផុតនៅក្នុងពិភពលោកទៅជាទីក្រុងគ្មានអំពើពុករលួយមួយ។
លោក Ren និយាយទៀតថា «យើងអាចយកមកប្រើប្រាស់នូវបទពិសោធន៍ខ្លះកាលពីអតីតកាល រួមទាំងការប្រើប្រាស់ការលើកលែងទោសរបស់ក្រុងហុងកុង ដែលអាចឲ្យយើងដោះស្រាយមន្រ្តីពុករលួយយ៉ាងច្រើនក្នុងទំហំធំ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន