អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា និយាយថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា មានស្តង់ដារលើសពីពីរដែលលោកហៅថា «ពហុស្តង់ដារ» ហើយនៅមិនទាន់មានលក្ខណៈម៉ឺងម៉ាត់ពេញលេញនៅឡើយ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍នេះ ។
លោកបានថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា មិនមែនមានស្តង់ដារត្រឹមពីរទេ មានច្រើនជាងពីរ បើយើងមើលពីការអនុវត្តច្បាប់»។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីមានការដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីពេលថ្មីៗនេះនូវមន្ត្រីជំនួយការម្នាក់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីសាលាក្រុងភ្នំពេញពីរនាក់ទៀត ដែលត្រូវបានរកឃើញថាមានទោសនិងត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធនឹងការទាមទារសំណូក ជាថ្នូរនឹងការបោះត្រាលើឯកសារផ្សេងៗ និងការកិបកេងមូលនិធិសាធារណៈ។
លោក ព្រាប កុល ថ្លែងថា៖
«មានករណីខ្លះ ឧទាហរណ៍ យើងមើលទៅថា ទោសគាត់ធ្ងន់ តែដល់តែគាត់មានខ្នង មានខ្សែ ឬក៏មានលុយអញ្ចឹងទៅ ទោសគាត់ហ្នឹងទៅជាស្រាលទៅវិញ បូកនឹងការព្យួរទោសទៀត ទៅជាអស់ទោសទៅវិញ។ ករណីខ្លះ យើងមើលទៅទោសហ្នឹង ដូចតូចទេ មើលទៅដូចជាស្រាលទេ ប៉ុន្តែដល់កាត់ក្តីហ្នឹង បែរជាជាប់ទោសធ្ងន់ធ្ងរ។ អាហ្នឹងពីរស្តង់ដារហើយ»។
ប៉ុន្តែ លោក ព្រាប កុល ថ្លែងបន្តថា នៅក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនេះ នៅមានស្តង់ដារច្រើនជាងនេះទៀត ជាពិសេស ទាក់ទងនឹងការសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឬជនជាប់ចោទក្នុងករណីព្រហ្មទណ្ឌខ្លះទៀត។
«អញ្ចឹងទៅ យើងមើលឃើញរូបភាពនៃការអនុវត្តច្បាប់នេះ នៅមានច្រើនស្តង់ដារណាស់។ ខ្ញុំមើលទៅ មិនឃើញពីរទេ ខ្ញុំឃើញពហុស្តង់ដារ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ម្នាក់ ត្រូវបានស្រង់សម្ដីក្នុងសារព័ត៌មានក្នុងស្រុកកាលពីចុងខែកក្កដាកន្លងទៅ ដោយនិយាយថា ក្នុងស្ថានភាពនៃបទបទល្មើសខ្លះ ចៅក្រមមានទឡ្ហីករណ៍ណាមួយដែលខ្លួនគិតថាអាចសម្រាលទោសដល់ជនល្មើស ហើយអាចសម្រេចឲ្យជននោះនៅក្រៅឃុំបាន បើចៅក្រម យល់ថា ការធ្វើបែបនោះ អាចផ្ដល់ប្រយោជន៍ច្រើនដល់សង្គម។
នៅកម្ពុជា ចៅក្រម មិនត្រូវបានតម្រូវដោយច្បាប់ ឲ្យផ្ដល់ហេតុផលជាលាយលក្ខណ៍អក្សរចំពោះសេចក្ដីសម្រេចរបស់ខ្លួនទៅលើរឿងក្ដីណាមួយទេ៕