ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្ញៀវបរទេស​មក​ទស្សនា​អង្គរវត្ត​ក្នុង​ឆ្នាំ​ ២០២៤ ​កើន​ឡើង​ជាង​ ២៨% ធៀបនឹង​ឆ្នាំ២០២៣


រូបឯកសារ៖ ផ្លាក​សញ្ញា​នៃ​ការ​ស្វាគមន៍​ទៅ​កាន់​ទីរមណីយដ្ឋាន​របស់​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)
រូបឯកសារ៖ ផ្លាក​សញ្ញា​នៃ​ការ​ស្វាគមន៍​ទៅ​កាន់​ទីរមណីយដ្ឋាន​របស់​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

ភ្ញៀវ​ទេសចរ​បរទេស​ជាង​១លាន​នាក់បានមក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៤ ដែល​ចំនួន​នេះ​កើន​ឡើង​ជាង ​២៨% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣។ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​ ២ ​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ។ នេះបើតាម​ស្ថិតិរបស់​គ្រឹះស្ថាន​អង្គរ​ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១ ខែមករា​ ឆ្នាំ ២០២៥។

អគ្គនាយក​គ្រឹះស្ថានអង្គរ ​លោក លី សែ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​កើន​ឡើង​ចំនួន​ភ្ញៀវទេសចរ​បរទេស​ជាង ​២៨% ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​ ២០២៤​ ដោយ​សារតែ​ការ​ដាក់​ចេញ​គោលនយោបាយ​ទេសចរណ៍​មួយចំនួន​របស់រដ្ឋាភិបាល​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ និង​ការ​ចូល​រួម​ផ្សព្វផ្សាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងវិស័យ​រដ្ឋ​ និង​ឯកជន។ លោក​សង្ឃឹមថា នៅក្នុង​ឆ្នាំ ​២០២៥ ​ខាង​មុខ​នេះ ​ភ្ញៀវ​ទេសចរ​អាច​នឹង​កើន​ឡើង​ក្នុង​រង្វង់​ចន្លោះ​ពី ​២៥%-៣០%។​

លោកថ្លែងថា៖ «ឆ្នាំ​ ២០២៥ ខាង​មុខ​នេះ យើង​រំពឹង​ថា ​ភ្ញៀវ​នឹង​មាន​កំណើន​ក្នុង​រង្វង់​ ២៥% ទៅ ៣០% ចន្លោះ​ពី​ ២៥%-៣០%​។ អ៊ីចឹង​ទេ ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​វិស័យ​ឯកជន​និង​ការ​ផ្សព្វផ្សាយ​ធានា​ឲ្យបាន​នូវ​សុខសន្តិភាព​របស់​ភ្ញៀវ សុវត្ថិភាព​ភ្ញៀវនេះ​ គឺជា​កត្តា​មួយ​សំខាន់ ​គឺថា សេវា​ល្អ​ផ្តល់​កម្រៃ​សមរម្យ​ និង​ឲ្យសុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ នេះ​ជា​កត្តា​សំខាន់​ដែល​យើង​អាចទាក់ទាញ​ភ្ញៀវ​បាន​»។​

លោក ​លី សែ បន្ថែមថា ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​នាំ​មុខ​គេក្នុង​ឆ្នាំ​ ២០២៤ ​គឺទេសចរមក​ពី​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប ក្នុង​ចំណោម​បណ្តា​ប្រទេស​ជិត ​២០០ ប្រទេស។ លោកថា ​អាមេរិក​ស្ថិត​នៅ​លំដាប់​លេខ​ ១ អង់គ្លេស​លេខ​ ២ ចិនលេខ​ ៣ ខណៈ​បារាំង និង​កូរ៉េខាង​ត្បូង​ឈរ​នៅ​លំដាប់​លេខ​ ៤ និង​លេខ​ ៥។

យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២៥​ រយៈពេល​ពេញ​មួយ​ឆ្នាំ​ ២០២៤​ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង​ ១ លាន​នាក់ ​(១.០២៣.៦៨៨នាក់​) បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ គឺកើន​ឡើង​ជាង​ ២៨% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣​ មាន​តែ​ប្រមាណ ​៨០ ម៉ឺន​នាក់ ​(៧៩៨.០៦៩​នាក់) តែ​ប៉ុណ្ណោះ​។

ចំណែក​ចំណូល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​វិញ​ មាន​ចំនួន​ប្រមាណ​ជាង​ ៤៧ លានដុល្លារ​អាមេរិក ​(៤៧.៨២៦.៩៨១ដុល្លារ​អាមេរិក)​ កើន​ជាង​ ២៨% បើ​ធៀប​ឆ្នាំ​ ២០២៣​ ដែល​ទទួលបានតែជាង ​៣៧ លានដុល្លារ​អាមេរិក ​(៣៧.១៩៨.៩៨៨ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថានអង្គរ។

អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កំណើន​ភ្ញៀវទេចរ​បរទេស​ជាង ​២៨% ដែល​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ​ ២០២៤ គឺ​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ បើទោះបី​ជា​តួលេខ​នៃ​ការ​កើន​ឡើង​នេះ​មិន​ទាន់​ស្មើ​នឹង​កំណើន​ភ្ញៀវទេសចរ​កាល​ពី​មុន​ការ​ឆ្លងរាតត្បាត​ជំងឺកូវីដ១៩ក៏​ដោយ។

ដើម្បី​ទទួល​បាន​កំណើន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ ​២០២៥ ​ខាង​មុខ​បន្តទៀត លោក ឡុង កុសល ​ថ្លែងថា​៖ «​ទី១​ ការ​រៀបចំ​ការ​ផ្សាភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ជា​មួយ​និង​ខេត្ត​សៀមរាប ក៏​ដូចជា​យើង​មាន​ព្រលានយន្តហោះ​ថ្មីៗ ហើយ​ព្រលានយន្តហោះ​របស់​យើង​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ដែល​ហោះ​ពី​ឆ្ងាយ​បាន​ដឺរ៉េច​ [direct] សុទ្ធតែ​ជា​កត្តា​លើក​ទឹកចិត្ត កត្តា​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​កំណើន​របស់​ភ្ញៀវទេសចរ​បាទ»។

លោកបាន​ឲ្យដឹង​ទៀតថា​៖ «ទន្ទឹម​នឹង​នេះ​ទៀត​សោត យើងខ្លួន​យើង​នៅ​ក្នុង​ខេត្ត​សៀមរាប​ក៏​នៅ​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​សេវា​កម្ម​របស់​យើង​ ក៏​ដូច​ជា​បង្កើត​នូវ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត ​ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​តំបន់​អង្គរ​របស់​យើង​នេះ​កាន់​តែ​នៅ​ជា​ភាព​ទាក់ទាញ​មិន​ត្រឹម​តែ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​ទេ ប៉ុន្តែ​សម្រាប់​ពិភពលោកទាំង​មូល​»។

លោក​បន្ថែមថា កំណើន​ភ្ញៀវទេសចរ​នេះ​ក៏​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារនិង​សេវា​កម្ម​កម្ពុជា អ្នកស្រី ​អ៊ូ ទេពផល្លីន ​ថ្លែង​ថា​ រដ្ឋាភិបាលនិង​គ្រប់ភាគី​ពាក់ព័ន្ធ​គួរ​បើក​យុទ្ធនាការ​ភូមិមួយ​ផលិតផល​មួយ​ឲ្យ​បាន​ញឹកញាប់​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​និងចូលរួម​បង្កើត​មុខរបរ​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ ជាជាង​ការតាំង​លក់​របស់​របរ​ដដែលៗ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំ​ឃើញ​ថា ទី ១ យើង​មាន​ហើយ​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ​ គួរតែ​កុំ​ធ្វើ​តែ​មួយសាៗ ធ្វើឲ្យ​ក្លាយ​ទៅ​ជា​យុទ្ធនាការ​ពេញ​លេញ​។ តាម​ផ្សាររាត្រី​គួរតែ​កុំលក់[របស់​ដដែរៗ] គាត់​[ភ្ញៀវ​ទេស​ចរ]ដើរ​ទៅ​ឃើញ​ដដែលៗ ឲ្យ​វា​មាន​អី​ប្លែកៗ​លើក​ទឹកចិត្ត​។ យើង​ក៏ដោយ​ យើង​ទៅ​ស្រុក​គេ​ពេល​ដើរ​ទៅ​ឃើញ​របស់​ដដែល​ៗ​ចឹង ក៏​យើង​លែង​ចង់​ដើរ​ដែរ ដើរ​វា​មាន​របស់ថ្មីៗ ឲ្យ​គេ​ចង់​ទម្លាក់​លុយ​។ ជា​គំនិត​ ធ្វើ​ម៉េច​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​ភូមិ​មួយ​ផលិតផល​មួយ​បាន​ដើរ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ពេញលេញ​ មិន​ធ្វើ​បែប​គ្រាន់​តែ​ជា​នយោបាយ​ទេ តែ​ធ្វើ​ម៉េចឲ្យ​ក្លាយ​ជា​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ សេដ្ឋកិច្ច​របស់​សហគមន៍​ពិត​ប្រាកដ​»។

គួរបញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូលទស្សនា​រមណីយដ្ឋាន​ក្នុង​ឆ្នាំ​ ២០២៤ ​សរុប​មាន​ចំនួន​ជាង​ ១ លាននាក់​ (១.០២៣.៦៨៨នាក់) ខណៈ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋានមុន​វិបត្តិ​កូវីដ១៩ ក្នុង​ឆ្នាំ​ ២០១៩ ​សរុប​មាន​ចំនួនជាង ២លាន ២សែននាក់​ (២.២០៧.២៦០នាក់)។ នេះ​បើតាម​ទិន្នន័យ​ស្ថិតិ​ភ្ញៀវទេសបរទេស​ដែល​គ្រឹះស្ថានអង្គរ​ផ្តល់​ឲ្យ​វីអូអេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG