ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចុះ​ចេញ​ពី​តំណែង​ដោយ​សារ​ការ​ចោទ​ប្រកាន់​រឿង​ពុក​រលួយ


រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Nawaz Sharif និង​កូន​ប្រុស​របស់​លោក Hussain Nawaz (ស្តាំ)។ តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប៉ាគីស្ថាន​ចោទប្រកាន់​លោក ​កូន​ប្រុស​២​នាក់ និង​កូន​ស្រី​ ដោយ​សារ​តែ​បាន​លាក់​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស។
រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Nawaz Sharif និង​កូន​ប្រុស​របស់​លោក Hussain Nawaz (ស្តាំ)។ តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប៉ាគីស្ថាន​ចោទប្រកាន់​លោក ​កូន​ប្រុស​២​នាក់ និង​កូន​ស្រី​ ដោយ​សារ​តែ​បាន​លាក់​ទ្រព្យ​សម្បត្តិ​នៅ​ក្រៅ​ប្រទេស។

តុលាការ​កំពូល​នៃ​ប្រទេស​ប៉ាគីស្ថាន​ បាន​ដក​សិទ្ធិ​​នាយក​រដ្ឋមន្ត្រី​ Nawaz Sharif មិន​ឱ្យ​កាន់​តំណែង​សាធារណៈ​ហើយ​បាន​បញ្ជា​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់។

អ្នកនាំ​ពាក្យម្នាក់​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​តុលាការ​នេះ​ចេញ​ផ្សាយ​សេចក្តី​សម្រេច​របស់​ខ្លួន​ថា​លោក Sharif បាន​ទទួល​យក​សេចក្តី​សម្រេច​នេះ​ ទោះ​ណា​ជា​លោក​មិន​យល់​ស្រប​តាម​សេចក្តី​សម្រេច​នេះ​ទាំង​ស្រុង​ក៏​ដោយ ហើយ​លោក​បាន​លះ​បង់​ការ​ទទួល​បន្ទុក​នៃ​ការិយាល័យ​លោក​ហើយ។​

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នៃ​ប្រទេស ប៉ាគីស្ថាន​ ចែង​ថា៖ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ធនធាន​របស់​លោក​នៅ​ឯ​ប្រទេស​ក្រៅ​ដែល​លោក​មិន​បាន​ដក»​នៅ​ក្នុង​សំណុំ​ឯកសារ​នៃ​ការ​ស្នើ​ឈ្មោះ​លោក​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៣​ និង​ដោយ​បាន​ផ្តល់​សេចក្តីប្រកាស​ក្លែង​បន្លំ​ដោយ​មាន​ការ​បញ្ជាក់​ជា​ឧឡារិក...លោក​ Sharif មិន​ទៀង​ត្រង់ទេ...​ហើយ​ដូច្នេះ​លោក​គ្មាន​សិទ្ធិ​ជា​សមាជិក​ម្នាក់​នៃ​សភា​ឡើយ»។

​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នៃ​ប្រទេស​ប៉ាគីស្ថាន​ នេះ​បន្ថែម​ទៀត​ថា៖ «ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន​ត្រូវ​តម្រូវ​ឱ្យ​ចាត់​វិធានការ​ជា​ចាំ​បាច់​ទាំង​អស់​តាម​រយៈ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​អំពី​ការ​បន្ត​ដំណើរ​ការ​ប្រជាធិបតេយ្យ»។

តាម​ច្បាប់​របស់​ប្រទេស​ប៉ាគីស្ថាន​ គណៈ​រដ្ឋ​មន្ត្រី​របស់​លោក ​Sharif ក៏​ត្រូវ​រំលាយ​ដែរ​ហើយ​នៅ​ពេល​នេះ​ប្រធានាធិបតី​ប៉ាគីស្ថាន​ នឹង​សុំឱ្យ​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី។​

តុលាការ​កំពូល​នៃ​ប្រទេស​ប៉ាគីស្ថាន​ បាន​កាត់​ទោស​លោក​ Sharif ​ពី​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រមូល​ធនធាន​នៅ​ឯប្រទេស​ក្រៅ​ លាក់​បាំង​ធន​ធាន​ទាំង​នេះ​ និង​ថា​លោក​បាន​រស់​នៅ​ដោយ​ហ៊ឺហា។

តុលាការ​កំពូល​នេះ​បាន​បញ្ជា​ដល់​ពួក​មន្ត្រី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឱ្យ​បញ្ចប់​ការ​ស៊ើប​អង្កេតរបស់​ពួក​គេ​អំពី​ករណីយ​ប្រឆាំង​នឹង​ពួក​កូនៗ​និង​កូនប្រសា​ប្រុស​របស់​លោក Sharif ​និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ប៉ាគីស្ថាន​លោក​ Ishaq Dar ឱ្យ​បាន​ឆាប់​រហ័ស ​និង​ប្រកាស​ការ​វិនិច្ឆ័យ​មួយ​ក្នុង​រយៈ​ពេល​៦ខែ។ ​ចៅក្រម​ម្នាក់​នៃ​តុលាការ​កំពូល​នឹង​មើល​ការ​ខុស​ត្រូវ​ការ​អនុវត្តន៍​សាល​ក្រម​នៅ​ថ្ងៃ​សុក្រ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG