ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាប់​ចោទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ចង់​រត់គេច​វេះ​ពី​ការចាប់ខ្លួន


ក្រុមជំនួយការ​យកភួយ​គ្របលោក​ប្រធានសភា​ Setya Novanto ដែល​កំពុងស្ថិតនៅលើស្នែងសែង​ ខណៈ​លោកត្រូវបាន​គេបញ្ជូនទៅ​មន្ទីរពេទ្យ Cipto Mangunkusumo ក្នុងរដ្ឋធានី​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ ថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

នៅទីបំផុត​ ប្រធាន​សភា​ប្រទេសឥណ្ឌូណេស៊ី​ត្រូវបាន​កងកម្លាំងប្រដាប់​អាវុធ​ចាប់​ខ្លួនហើយ​ បន្ទាប់ពី​រូបលោក​ព្យាយាម​រត់គេចវេះ​ពីការចាប់ខ្លួន​ពីបទប្រព្រឹត្ត​អំពើពុករលួយ​និងតាមរយៈ​ហេតុការណ៍​ប្លែកៗ​រយៈពេល​ប៉ុន្មានថ្ងៃនេះ​ដូចជា​អវត្តមាន​របស់លោក​នៅពេលមាន​ការឆ្មក់ចូលចាប់ខ្លួន​ ការបើករថយន្ត​បុកបង្គោល​ទូរស័ព្ទ និង​ការចែកចាយ​រូបថត​របស់លោក​សម្រាក​នៅមន្ទីរពេទ្យ​ជាដើម។

ហេតុការណ៍​ទាំងអស់នេះ​ គឺជា​ការវិវត្តចុងក្រោយ​បង្អស់​ក្នុងរយៈពេល​ដែល​លោក​ Setya Novanto ស្ថិតក្នុង​តំណែង​និង​បានប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងច្រើន​ និង​បាន​ព្យាយាម​រត់គេចវេះ​ពីការចាប់​ខ្លួន​ជាច្រើន​លើក​ច្រើនសារ​ និង​ពីការកាត់ទោស​ពី​បទប្រព្រឹត្ត​អំពើពុករលួយ​។

គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ (KPK) បាន​ចុះទៅដល់​ផ្ទះលោក​ Novanto ស្ថិត​នៅ​ភាគខាងត្បូង​រដ្ឋធានី​ហ្សាការតា​កាលពី​រាត្រីថ្ងៃពុធកន្លងទៅ​ ប៉ុន្តែ​គាត់​មិនមាន​វត្តមាន​នៅទីនោះ​ទេ។ មេធាវី​របស់​លោក(Novanto)បាន​អះអាងថា​ គាត់មិន​បានទាក់ទង​ជាមួយ​រូបលោក​(Novanto)ឡើយ​ ប៉ុន្តែ​គាត់ជឿជាក់​១០០ភាគរយ​ថាលោក​(Novanto) កំពុង​ស្ថិតនៅ​ក្នុង​រដ្ឋធានី​ហ្សាការតា​ ហើយ​លោកមិន​កំសាក​លាក់ខ្លួន​ក្នុង​រឿងនេះ​ឡើយ។

លោក​ Novanto កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​បទប្រើប្រាស់តួនាទី​របស់ខ្លួន​ក្នុងរឿង​អាស្រូវ​ជាតិពាក់ព័ន្ធ​នឹងការទទួល​បាន​អត្ថប្រយោជន៍​ពី​ការធ្វើ​កាត​អត្តសញ្ញាណ​ប័ណ្ណ​ឌីជីថល។ គណៈកម្មា​ធិការ​លុបបំបាត់​អំពើពុករលួយ​ ក៏ធ្លាប់​បានចេញ​ដីកាកោះហៅ​រូបលោក​ចំនួន១១ដង​លើ​សំណុំរឿង​តែមួយនេះ​ផងដែរ។ គាត់​ត្រូវរង​ការចោទ​ប្រកាន់​ពីការកាត់​យក​ចំណែក​១០ភាគរយ​ពីក្រុមហ៊ុនមួយ​ដែលបាន​ចុះកិច្ច​សន្យា​ផលិត​កាតអត្ត​សញ្ញាណ​ប័ណ្ណទាំងអស់នេះ។

លោក​ Novanto បាន​បង្ហាញខ្លួន​កាលពីព្រឹក​ថ្ងៃពុធ​នៅក្នុងរដ្ឋសភា​ នៅពេល​ដែល​លោក​ថ្លែងសន្ទរកថា​បើកកិច្ច​ប្រជុំសភា​ពេញអង្គ។ គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ បាន​ព្រមាន​លោក​ឲ្យប្រគល់​ខ្លួនឲ្យអាជ្ញាធរ​ក្នុងរយៈពេល​២៤ម៉ោង​ បើមិន​ដូច្នេះទេ​ឈ្មោះលោក​នឹងត្រូវដាក់​ចូលក្នុង​បញ្ជីអ្នក​ដែល​ត្រូវគេ​តាម​ចាប់​ខ្លួន។

កាល​ពី​រាត្រីថ្ងៃ​ព្រហស្បតិ៍​ មានការ​រាយការណ៍​ថា​រថយន្ត​របស់​លោក​ទទួល​រងគ្រោះ​ថ្នាក់​ ហើយ​លោក​ត្រូវ​ចូល​ទៅ​ពិនិត្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ Permata Hijau ស្ថិតនៅ​ភាគខាង​ត្បូង​រដ្ឋធានី​ហ្សាការតា។កាលពីថ្ងៃ​សុក្រ​ មេធាវី​របស់លោក​ បាន​និយាយ​ថាលោក​ ត្រូវ​បានយាម​ការពារ​ដោយកងកម្លំាំង​ប្រដាប់​អាវុធ​នៃក្រុមស៊ើប​អង្កេត​ប្រឆាំង​អំពើពុក​រលួយ​ខណៈ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

អាជីព​បង្កើត​តែរឿង​ពុករលួយ​

លោក​ Novanto ត្រូវជាប់​ពាក់ព័ន្ធ​នឹងសំណុំរឿង​ពុករលួយ​យ៉ាងហោច​ណាស់​ចំនួន៨​ ក្នុង​អាជីព​ជាអ្នក​នយោបាយ​ក្នុង​រយៈពេល១៩ឆ្នាំ​កន្លង​មក​នេះ ចាប់តាំងពីការ​ដួលរលំ​នៃរបបផ្តាច់ការ​លោក​ Suharto ហើយ​ក៏​ជាពេល​ដែលយុគសម័យ​ប្រជាធិបតេយ្យ​ចាប់ផ្តើម​ក្នុងប្រទេស​ឥណ្ឌូណេស៊ី។

ក្នុង​ចំណោម​បទចោទ​ប្រកាន់​ទាំងអស់​ មាន​បទចោទ​ប្រកាន់​មួយ​ទាក់ទង​នឹងការ​ប៉ុនប៉ង​បង្វែរ​ដាន​បន្លំប្រាក់ចំនួន៤ពាន់​លានដុល្លារ​ពីក្រុមហ៊ុន​រុករករ៉ែ​របស់អាមេរិក​មួយឈ្មោះ​Freeport កាល​ពីឆ្នាំ២០១៥​ ដែល​ជារឿងអាស្រូវ​មួយនាំឲ្យ​មានការ​ដកតំណែង​រូ​លោក​ចេញ​ពី​ប្រធានសភា​មួយរយៈ​ ប៉ុន្តែ​ត្រូវបាន​គេប្រគល់​តំណែងឲ្យ​វិញ​នៅពេល​ដែលភ័ស្តុតាង​ចោទប្រកាន់​រូបលោក​ត្រូវបាន​តុលាការ​ចាត់ទុកថា​មិន​ត្រឹមត្រូវ។

សម្រាប់​សំណុំរឿង​អាស្រូវពាក់ព័ន្ធ​នឹង​ការធ្វើ​កាត​អត្តសញ្ញាណប័ណ្ណ​នេះ​ លោក​ Novanto បាន​គេចវេះ​ជាច្រើន​លើក​ច្រើនសារ​ក្នុងការ​បង្ហាញខ្លួន​ក្នុងតុលាការ។ កាលពី​ខែមុន​ លោក​បានបង្ហាញ​រូបថត​លោក​ក្នុងមន្ទីរពេទ្យ​ ដោយ​បានអះអាង​ថាលោក​មានអាការៈ​វិលមុខ​ដោយសារ​លេងកីឡា​វាយ​ប៉េងប៉ុង។ រូបថត​នោះត្រូវបាន​គេចែកផ្សាយ​ និង​ចម្អក​លេងសើច​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយរឿង​នេះ​កាន់​តែធ្ងន់ធ្ងរ​ឡើង​នៅពេល​ស្ត្រីជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវ​បាន​គេចាប់ខ្លួន​ក្រោមច្បាប់​បទបរិហាកេរ្តិ៍ ដែល​បានចែកចាយ​រូបភ្ជាប់​នឹង​រូបបង្ហាញ​ពីអារម្មណ៍​លេងសើច​លើរូបលោក​ Novanto នៅលើ​បណ្តាញ​សង្គម Instagram។

បើទោះជា​មនុស្សម្នា​ហាក់ដូចជា​ដឹងពីទំហំ​នៃអំពើពុក​រលួយ​របស់លោក​ Novanto ក៏ដោយ​ ក៏មាន​ការចំណាយ​ច្រើន​ទាំងក្នុងសង្គម​ និង​នយោបាយដើម្បី​ជំរុញ​ឲ្យ​មាន​ការកាត់ក្តី​ និង​ការចាប់​ខ្លួនរូប​លោក។

កាលពី​ខែសីហា​ សាក្សី​មួយរូប​រស់នៅទីក្រុង​ Los Angeles ដែល​មានភ័ស្តុតាង​នៃ​ការពាក់ព័ន្ធ​របស់លោក​ Novanto ក្នុងសំណុំ​រឿង​អត្តសញ្ញាណ​ប័ណ្ណនេះ បាន​ធ្វើអត្តឃាត​ ហើយ​ត្រូវបាន​គេរាយការណ៍​ថាដោយសារ​តែលោក​ភ័យខ្លាច​ ក្រែងលោ​ថាឈ្មោះរបស់​លោកនឹងត្រូវបានបង្ហាញ​ជាសាធារណៈ​ជាប់​ពាក់ព័ន្ធជាមួយ​នឹងលោក​ Novanto។

អ្នកជំនាញកិច្ចការ​សន្តិសុខ​ជនជាតិឥណ្ឌូណេស៊ី​មួយរូប​បាននិយាយ​ថា៖ «លោក (Novanto)​គឺជាមន្រ្តី​ពុករលួយ​ក្នុង​ក្រុម​វរជន។ លោកទទួល​សំណូក​ពីគ្រប់​ច្រកល្ហក​»។ លោក​បាន​បន្ថែមថា​៖ «លោក​ក៏ជា​មនុស្សចេះដឹង​ពីរឿងនយោបាយ​មួយផង​ដែរ​ ក្នុងនាម​លោក​ជា​អ្នក​ដឹកនាំ​គណបក្ស​Golkarដែលជាអ្នកគាំទ្រលោកJokowi។ ប្រសិន​បើលោក​ត្រូវ​គេ​ចាប់ខ្លួន​ ដៃគូ​សម្ព័ន្ធភាព​ដែល​មកពីគណបក្ស​ Golkar និង​ត្រូវប្តូរទៅ​ចាប់​ដៃគូ​សម្ព័ន្ធភាព​ជាមួយគណបក្ស​ Kalla-Bakrie (ដែល​មានលោក​ Jusuf Kalla ជា​អនុប្រធានគណបក្ស​ និងលោក​ Aburizal Bakrie ដែល​ជាធុរជន​ដ៏សំខាន់​មួយរូប) ជំនួស​វិញ ហើយ​ការណ៍​នេះ​នឹងធ្វើឲ្យ​ជីវិត​របស់គណបក្ស​របស់លោក​ប្រធានាធិបតី​គឺ​Jokowi មាន​ការលំបាក​សម្រាប់​ឆ្នាំ​២០១៩នេះ។ ប្រសិន​បើលោក​ Novanto ហ៊ាន​លាតត្រដាង​ការពិតនោះ​ មានអ្នកជាប់ពាក់ព័ន្ធជាច្រើន​ទៀតនឹង​ត្រូវជាប់​ពន្ធនាគារ​ផងដែរ។ ដូច្នេះ​រឿងនេះ​ គឺជារឿង​រស៊ើប​ណាស់»។

គណបក្ស​ Golkar សព្វថ្ងៃ​ដឹកនាំ​ដោយលោក​ Novanto បាន​ធានា​ថាខ្លួន​ផ្តល់ជំនួយ​ផ្នែកច្បាប់ដល់​លោក​ប្រសិន​សំណុំរឿង​របស់លោក​ត្រូវគេយក​ទៅកាត់ក្តី។

ភាពអាម៉ាស់​របស់​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​

អាជីព​របស់​លោក​ Novanto ឆ្លុះបញ្ចាំង​ពីភាព​ប្រឈម​នៃលទ្ធិ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ ដែល​អំពើពុករលួយនៅ​មាន​គ្រប់ទីកន្លែង ដែលបាន​កកើត​ចាប់​តាំងពី​របបផ្តាច់ការ​ Suharto និងបាន​ធ្វើឲ្យក្រុម​អ្នកដឹកនាំ​បន្ទាប់ចេះ​ប្រព្រឹត្ត​អំពើពុករលួយ​ និង​កេងបន្លំប្រាក់កាស ​ដែលស្ថានភាពនេះ​នៅតែបន្ត​មានរហូតដល់​យុគសម័យ​ប្រជាធិបតេយ្យ​នេះ។

ប្រសិនបើ​លោក​ Novanto អាចគេច​ផុតពីការ​ចោទប្រកាន់​ម្តងនេះ​ទៀត នោះ​វានឹង​ក្លាយជា​ព្យុះបក់បោក​ដ៏ធំមួយ​សម្រាប់​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ ដែល​ជាស្ថាប័ន​ដ៏មាន​ប្រជាប្រិយភាព​បំផុត​មួយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ និង​មិនដែល​ធ្លាប់មានបញ្ហា​នៃការផ្តាច់ថវិកា​ និង​គំរាមកំហែង​ពីវរជន​នយោបាយ​ណាមួយ​ឡើយ។ កាលពីខែមេសា​ អ្នកស៊ើប​អង្កេត​មួយ​រូប​នៃ​គណៈកម្មាធិការនេះ ទទួល​រងការវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត​មួយថ្ងៃ​បន្ទាប់​ពីគណៈកម្មាធិការ​នេះ​ប្រកាស​ថា លោក​ novanto ស្ថិតក្រោម​ការស៊ើបអង្កេត​ជុំរិញរឿង​អាស្រូវ​កាត​អត្តសញ្ញាណ​ប័ណ្ណ។

ក្រុមអ្នក​ឃ្លាំមើល​សង្គម​គិតថា​រឿងដ៏គួរឲ្យភ្ញាក់ផ្អើល​នៃការគេចវេះ​របស់លោក​ Novanto និង​កម្រិត​នៃការខឹង​សម្បា​ពីសាធារណជន​ មាន​ន័យថា​នេះជា​លើកទីមួយ​ហើយ​ដែល​បទចោទ​ប្រកាន់នេះ​នៅមាន​ប្រជាជន​កំពុង​តែ​តាម​ដាន​នៅ​ឡើយ។

សាធារណជន​កាន់តែច្រើន​ឡើងចង់​ឲ្យលោក​ Novanto បកស្រាយ​ពី​សកម្មភាព​របស់​លោក​ ដែល​ការណ៍នេះ​អាចនឹង​ជួយដល់​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ នេះបើយោង​តាមលោក​ Arbi Sanit ជាអ្នកវិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកលវិទ្យាល័យ​University of Indonesia ។

លោក​ Sanit បាន​ព្យាករថា​៖ «ខ្ញុំ​ទស្សទាយ​ថា​ គណៈកម្មាធិការ​នេះ​ នឹង​មាន​ចំណាត់ការ​ជាបន្តបន្ទាប់​ គឺ​ទៅតាមវិធីសាស្ត្ររបស់គណៈកម្មាធិការនេះ​ ពេលនោះ​លោក​ Novanto នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​បញ្ជីមនុស្ស​ដែលត្រូវគេ​តាមចាប់​ខ្លួន បន្ទាប់មក​នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យប៉ូលិស​ និង​ស៊ើបសួរ​ដោយ​មន្រ្តីប៉ូលិស​ ហើយនឹងត្រូវគេ​ហាមឃាត់​មិនទៅព្យាបាល​ជំងឺនៅ​បរទេស​នោះ​ទេ»។

ស្របពេល​ជាមួយគ្នា​នេះដែរ​ ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះថា​ សង្គម​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រឆាំង​នឹងអំពើពុករលួយ​ ក៏បាន​ធ្វើសកម្មភាព​តូចមួយ​របស់ខ្លួន​តាមរយៈ​ការផ្តល់​រង្វាន់​ក្នុង​ទឹកប្រាក់​១០លាន rupiah ដល់​«បុគ្គលណា​ដែលអាច​ផ្តល់ព័ត៌មាន​អាច​ទុកចិត្ត​បានពី​វត្តមាន​របស់លោក​ Novanto ទៅដល់​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ ឬដល់មន្រី្ត​ប៉ូលិស​ ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់​ណាមួយ​ ដូច្នេះ​ ពេលនោះ​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​អាចចាប់​ខ្លូនលោក​ Novanto»។

ទឹកប្រាក់​នៃរង្វាន់នោះ​មិនច្រើន​នោះទេ​ គឺ​ប្រហែល​តែ៧៤០​ដុល្លារតែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គណៈកម្មាធិការ​លុបបំបាត់​អំពើពុករលួយ​ត្រូវការ​គ្រប់ជំនួយ​ទាំងអស់​ បើអាច​ធ្វើ​បាន៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG