ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាមកាលពីពាក់កណ្តាលខែកញ្ញាបានចាប់ផ្តើមស៊ើបអង្កេតក្រុមហ៊ុនចំនួន៣ ដែលស្ថិតក្រោមក្រុមហ៊ុនប្រេងនិងឧស្ម័នយក្ស PetroVietnam ដែលគ្រប់គ្រងដោយរដ្ឋដោយសារតែសង្ស័យថា មានការព្យាយាមប្រើប្រាស់ទឹកប្រាក់ចំនួន៥,២លានដុល្លារពីធនាគារក្នុងស្រុកមួយឈ្មោះ OceanBank ខុសគោលដៅ។
ការរីករាលដាលនៃអំពើពុយរលួយ
ក្រុមអ្នកវិភាគនិយាយថា ករណីលើកឡើងពីការរីករាលដាលនៃអំពើពុករលួយនៅក្នុងប្រទេសវៀតណាម។ ពួកគេបានលើកឡើងថា ការសាងសង់ កិច្ចសន្យាប្រើប្រាស់ដីធ្លី និងការធ្វើលទ្ធកម្មរបស់រដ្ឋាភិបាល គឺជាចំណុចរសើបនៃបញ្ហាអំពើពុករលួយនេះ។
ពលរដ្ឋក៏ត្រូវបានគេទារប្រាក់សូកប៉ាន់ក្នុងការរត់ការឯកសារផ្លូវការ ឬក៏ដើម្បីជៀសផុតពីការផាកពិន័យចរាចរណ៍ផងដែរ។
លោក Frederick Burke ដែលជាដែគូម្នាក់នៅក្រុមហ៊ុនមេធាវីអន្តរជាតិឈ្មោះ Baker McKenzie ក្នុងទីក្រុងហូជីមិញបាននិយាយថា៖«ទាក់ទងនឹងអំពើពុករលួយនៅក្នុងប្រទេសវៀតណាម ខ្ញុំគិតថា វាជាបញ្ហាធ្ងន់ធ្ងរនៅទីនេះ ហើយខ្ញុំគិតថា រដ្ឋាភិបាលដឹងពីបញ្ហានេះ»។
អំពើពុករលួយ ត្រូវបានគេដឹងថា វាបានបង្កឲ្យមានការខាតបង់ក្នុងការធ្វើជំនួញ និងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចពីការនាំចេញទំនិញធ្វើឲ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍សម្រាប់វិនិយោគិនបរទេស នៅក្នុងតំបន់អាស៊ី។ សេដ្ឋកិច្ចវៀតណាមកើនពី៥,២%ទៅ៦,៦៨%ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់២០១៦។
អង្គការតម្លាភាពអន្តរជាតិ ដែលជាអង្គការតស៊ូមតិមិនស្វែងរកប្រាក់ចំណេញមួយ បានផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសវៀតណាមលេខ១១៣ក្នុងចំណោមតំបន់និងប្រទេសទាំង ១៧៦ ដែលខ្លួនបានវាយតម្លៃនៅក្នុងសន្ទស្សន៍នៃការយល់ឃើញទៅ លើអំពើពុករលួយប្រចាំឆ្នាំ២០១៦។
លោក Song Seng Wun អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើការនៅឯធនាគារឯកជនឈ្មោះ CIMB នៅក្នុងប្រទេសសិង្ហបុរិបាននិយាយថា៖ «វាមិនបានរារាំងដល់កំណើនសេដ្ឋកិច្ចនោះទេ។ វាគ្រាន់តែបន្ថែមការចំណាយ។ នៅពេលមានអំពើពុករលួយ វាគ្រាន់តែជាការចំណាយអត់ប្រយោជន៍ ដោយមិនមានបង្កើនសកម្មភាពសេដ្ឋកិច្ចដែលទទួលបានផលច្រើន»។
ក្រុមហ៊ុន Gan Integrity ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់លើការគោរពច្បាប់ក្នុងការធ្វើជំនួញ និងមានមូលដ្ឋាននៅក្នុងក្រុងញូវយ៉កបានចាត់ទុកថា អំពើពុករលួយ «មានស្ទើរគ្រប់ទីកន្លែង» នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនប្រឹក្សាយោបល់មួយនេះបានឲ្យដឹងថា ក្រុមហ៊ុននានាទំនងនឹងប្រឈមនឹងការទាមទារប្រាក់សូកប៉ាន់ ការលូកដៃក្នុងឆាកនយោបាយ និង «ការបង់ប្រាក់សម្រួលកិច្ចការនានា» នៅគ្រប់វិស័យ។ ក្រុមហ៊ុនបានឲ្យដឹងទៀតថា ការអភិវឌ្ឍដីធ្លី និងសំណង់បានធ្លាក់ចុះដោយសារតែអំពើពុករលួយ។
មូលហេតុនៃការប្រព្រឹត្តិអំពើពុករលួយ
លោក Trung Nguyen ដែលជាព្រឹទ្ធបុរសមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ho Chih Minh បាននិយាយថា ប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់មន្ត្រីរដ្ឋាភិបាល ដែលពួកគាត់មួយចំនួនត្រូវការប្រាក់បន្ថែមសម្រាប់គ្រួសារផងនោះ បានបង្កឲ្យមានអំពើពុករលួយជាច្រើន។
បទបញ្ញត្តិស្មុគស្មាញក៏ជំរុញឲ្យក្រុមហ៊ុននានាបែរទៅរកផ្លូវកាត់ ដែលនេះជាមូលហេតុមួយទៀតនៃអំពើពុករលួយ។
លោក Nguyen បាននិយាយថា ពេលខ្លះ អ្នកដែលមានទុនមិនព្រមធ្វើការពង្រីកអាជីវកម្មនោះទេ ដើម្បីជៀសវាងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលកាន់តែប៉ះពាល់ដល់សេដ្ឋកិច្ចមានបញ្ហាស្រាប់មួយនេះ។
លោកបានបន្ថែមថា ពលរដ្ឋវៀតណាមក៏ប្រឈមនឹងការទារប្រាក់សូកប៉ាន់ នៅពេលពួកគេស្នើសុំឯកសារពីស្ថាប័នរដ្ឋាភិបាល និងប្រសិនបើប៉ូលិសបញ្ឈប់ពួកគេនៅពេលធ្វើចរាចរណ៍ ដែលការណ៍នេះហើយបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជនចំពោះសេវារបស់រដ្ឋាភិបាល។
លោកនិយាយថា៖ «ខ្ញុំគិតថា វាអាក្រក់ខ្លាំងណាស់។ ខ្ញុំមានមិត្តភក្តិជាច្រើន ហើយពួកគេមិនចង់បើកអាជីវកម្មនៅក្នុងប្រទេសវៀតណាមនោះទេ ដោយសារតែពួកគេគិតថា ពួកគេនឹងត្រូវធ្វើការជាមួយនឹងរដ្ឋាភិបាល ពួកគេត្រូវបង្ខំចិត្តសូកប៉ាន់ ហើយពួកគេនឹងរំលោភបំពានលើក្រមសីលធម៌ និងគោលការណ៍របស់ពួកគេ»។
ការស៊ើបអង្កេតលើក្រុមហ៊ុន PetroVietnam
ការស៊ើបអង្កេតលើក្រុមហ៊ុន PetroVietnam ដូចដែលត្រូវបានពិពណ៌នានៅក្នុងសារព័ត៌មានជាភាសាអង់គ្លេសរបស់វៀតណាម ជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាមួយទៀតធំជាងនេះគឺនៅធនាគារ OceanBank។
របាយការណ៍បាននិយាយថា មនុស្សជាង៥០.០០០នាក់ និងស្ថាប័នចំនួន៤០០ទទួលបានប្រយោជន៍ពីអ្វីដែលរដ្ឋអាជ្ញាហៅថា ការបង់ប្រាក់ដើម្បីប្រយោជន៍ខុសច្បាប់ដែលមានទឹកប្រាក់៧០,៤លានដុល្លារ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ចាប់ពីឆ្នាំ២០១០ដល់២០១៤ បុគ្គលិកធនាគារផ្តល់ប្រាក់កម្ចី និងកំណត់អត្រាការប្រាក់ ដែលខ្ពស់ជាងការកំណត់របស់រដ្ឋចំពោះអតិថិនជនសំខាន់ៗដូចជាក្រុមហ៊ុន PetroVietnam ជាដើម។
គេហទំព័រសារព័ត៌មាន VnExpress ហៅករណីនេះថា ជារឿងមួយក្នុងចំណោមករណីនៃការបោកបន្លំធនាគារដ៏ធំបំផុតដែលមិនធ្លាប់ត្រូវបានគេបញ្ជូនទៅតុលាការនៃប្រទេសវៀតណាម។
លោក Burke បាននិយាយថា ករណីមួយចំនួនដែលរងការចោទប្រកាន់ ត្រូវបានប្តឹងដោយបុគ្គលិកក្រុមហ៊ុនដែលមិនសប្បាយចិត្តនឹងក្រុមហ៊ុន។ លោកបាននិយាយថា ក្រុមហ៊ុន «ដែលស្អាតស្អំ» អាចកសាងកេរ្តិ៍ឈ្មោះឲ្យបានខ្លាំងល្មមដើម្បីលុបបំបាត់ការទារប្រាក់សំណូក។
លោកបានថ្លែងថា៖«ពេលខ្លះ យើងឃើញរបរជំនួញល្អៗត្រូវរងការរំខានទាំងស្រុង ដោយសារតែការចោទប្រកាន់ពីអំពើពុករលួយ។ ហើយជាញឹកញាប់ ជម្លោះការងារក្លាយទៅជាករណីមិនគោរពច្បាប់ ហើយពួកគេបង្កើតឲ្យមានការស៊ើបអង្កេតពេញលេញមួយ។ មនុស្សម្នាបាត់បង់ការងាររបស់ពួកគេ។ វាជារឿងធ្ងន់ធ្ងរមួយ»។
លោក Song បាននិយាយថា ក្រុមហ៊ុនចម្រុះជាតិសាសន៍ស៊ាំនឹងការទារប្រាក់សំណូក ហើយចាត់ទុកវាជាការចំណាយក្នុងការធ្វើជំនួញនៅក្នុងប្រទេសសេដ្ឋកិច្ចទើបតែរីកចម្រើន ប៉ុន្តែប្រទេសដែលព្យាយាមបញ្ឈប់អំពើពុករលួយទទួលបានការអាណិតអាសូរច្រើនជាងប្រទេសដទៃទៀត។
នៅជុំវិញតំបន់អាស៊ី វិនិយោគិនប្រឈមនឹងឧបសគ្គស្រដៀងគ្នា តួយ៉ាងក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងចិន។
ប្រទេសភាគច្រើននៅជុំវិញអាស៊ីប៉ាស៊ីហ្វិកទទួលបានចំណាត់ថ្នាក់ក្រោមពាក់កណ្តាលសម្រាប់សន្ទស្សន៍នៃការយល់ឃើញទៅលើអំពើពុករលួយឆ្នាំ២០១៦។
កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
លោក Burke បាននិយាយថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទៅលើបញ្ហានេះកើតមាននៅក្នុងប្រទេសវៀតណាម ដោយមានការបញ្ចេញច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងឆ្នាំ២០០៥ ច្បាប់ស្តីពីលទ្ធកម្មរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០០៩ និងយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាចនឹងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពី ករណីធនាគារ OceanBank ដើម្បីបង្អាក់ទឹកចិត្តអ្នកដទៃទៀតកុំឲ្យធ្វើការសូកប៉ាន់។
សារព័ត៌មាន VnExpress បានរាយការណ៍ថា នៅក្នុងខែតុលា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញរបាយការណ៍ចំហដ៏កម្រមួយទៅកាន់សភា ដោយនិយាយថា មន្ត្រីជាច្រើនបានព្រងើយកន្តើយពីតួនាទីរបស់ពួកគេ និងបរាជ័យក្នុងការប្រកាន់ខ្ចាប់នឹងស្តង់ដារសីលធម៌ និងគុណធម៌នយោបាយ។
ក្រុមហ៊ុន Gan Integrity បានឲ្យដឹងថា ការការដាក់ទោសទណ្ឌពីបទប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រទេសវៀតណាមមានរាប់ចាប់តាំងពីការពិន័យ ដល់ការប្រហារជីវិត ប៉ុន្តែខ្វះការអនុវត្ត។
លោក Song ជឿជាក់ថា វិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសវៀតណាមជា «ការងារកំពុងវិវត្តទៅមុខ»។
ប៉ុន្តែអង្គការតម្លាភាពអន្តរជាតិនិយាយថា ខ្លួនបានឃើញព័ត៌មានជាសាធារណៈតិចតួចអំពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក Nguyen បាននិយាយថា៖«មេដឹកនាំកំពូលៗរបស់វៀតណាមមិនបានរួបរួមគ្នាក្នុងការបញ្ឈប់បញ្ហានេះនោះទេ។ ខ្ញុំគិតថា ពួកគេមិនមានឆន្ទៈនយោបាយក្នុងការបញ្ចប់អំពើពុករលួយនោះទេ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ