ការអង្កេតដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង រួមនឹងក្រុមអ្នកវិភាគនៃស្ថាប័នហានិភ័យសេដ្ឋកិច្ច និងនយោបាយ(Political and Economic Risk (PERC) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចេញរបាយការណ៍អំពីប្រទេសមួយចំនួន រួមទាំងប្រទេសចិន ថាកំពុងចាត់វិធានការជាសាធារណៈក្នុងការដោះស្រាយអំពើពុករលួយក្នុងស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនជំនួញនានា។
របាយការណ៍របស់ស្ថាប័ន PERC ដែលបានចេញផ្សាយនៅថ្ងៃទី៣០ខែមីនា បានសរសេរថាមានសញ្ញាវិជ្ជមានជាច្រើនលើការបង្ក្រាបអំពើពុករលួយ ក្នុងនោះគឺ “ការយល់ដឹងអំពីអំពើពុករលួយនៅទ្វីបអាស៊ី មានការកើនឡើងធៀបទៅនឹងឆ្នាំមុន” ក៏ប៉ុន្តែអំពើពុករលួយនៅតែជាបញ្ហាចម្បងមួយដដែល។
ក្នុងរបាយការណ៍ដដែលរបស់ស្ថាប័ន PERC ប្រទេសសិង្ហបុរី អូស្ត្រាលី និងជប៉ុន ជាប់ចំណាត់ថ្នាក់កម្រិតទាបនៃអំពើពុករលួយ ប្រទេសស្រីលង្កាក៏មានលទ្ធផលវិជ្ជមានដែរ ប៉ុន្តែប្រទេសដែលមានចំណាត់ថ្នាក់ក្រោមគេ មានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម។
ប្រទេសចិន
ចំណាត់ថ្នាក់របស់ប្រទេសចិន មានភាពប្រសើរជាងមុន។ ក្រុមអ្នកវិភាគនៅទីក្រុងហុងកុង បាននិយាយថា៖ "សកម្មភាពបង្ក្រាបអំពើពុករលួយរបស់ប្រធានាធិបតី Xi Jinping មើលទៅដូចជាមានប្រតិកម្មវិជ្ជមានយ៉ាងច្បាស់"។
ក្រុមអ្នកវិភាគបានបន្ថែមទៀតថា៖ "ទំហំនៃបញ្ហាគឺនៅធំធេងនៅឡើយ គឺមានន័យថានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែគោលនយោបាយរបស់លោកប្រធានាធិបតី Xi បានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងដំណាក់កាលដំបូង គឺបង្ហាញថារដ្ឋាភិបាលធ្វើការមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅគ្រប់លំដាប់ និងដំណាក់កាលទី២ គឺការធ្វើឲ្យមានការរីកចម្រើនជាបន្ត"។
ក៏ប៉ុន្តែការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញលទ្ធផលវិជ្ជមានតិចជាងនេះ។ របាយការណ៍នៃអង្គការនេះបានសរសេរថា៖ “ប្រជាជនក្នុងប្រទេសចិន ច្រើនគិតថាកម្រិតអំពើពុករលួយមានការកើនឡើងនៅពេលថ្មីៗនេះ គឺប្រជាជនជិត៣ភាគ៤ បាននិយាយថាអំពើពុករលួយមានការកើនឡើង”។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញពីភាពវិជ្ជមានក្នុងការវាយតម្លៃលើការខិតខំប្រឹងប្រែងជាលក្ខណៈផ្លូវការរបស់រដ្ឋាភិបាលឥណ្ឌា ឥណ្ឌូណេស៊ី និងថៃ ក្នុងចំណាត់ការដោះស្រាយអំពើពុករលួយ បើទោះជាប្រទេសឥណ្ឌាត្រូវបានចំណាត់ថ្នាក់ថាមានអត្រាការសូកប៉ាន់ខ្ពស់បំផុតក្នុងចំណោមប្រទេសដែលបានធ្វើការអង្កេតក៏ដោយ។
ទោះជាយ៉ាងនេះក្តី ការវិភាគរបស់ស្ថាប័ន PERC បានបង្ហាញថា “ប្រជាជនឥណ្ឌាមួយចំនួនគិតថាអំពើពុករលួយពិតជាភាពប្រសើរជាងមុនក្នុងប្រទេសដែលមានអំពើពុករលួយជាប្រព័ន្ធមួយនេះ ហើយប្រជាជនឥណ្ឌាសរសើរលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី [Narendra] Modi លើចំណាត់ការបែបច្នៃប្រឌិតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានានាតួយ៉ាងការរាំងខ្ទប់ការចាយក្រដាសប្រាក់ធំ”។
ក្រុមមេធាវីនៃក្រុមហ៊ុនច្បាប់Baker McKenzie អ្នកនាង មីនី វ៉ានដេប៉ូល (Mini VandePol) និងអ្នកនាង វីវៀន វីវូ (Vivian W. Wu) ក្នុងបទអត្ថាធិប្បាយលើការអង្កេតនៃអង្គការតម្លាភាពអន្តរជាតិ បានរៀបរាប់ថារូបភាពនៃការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិននៅពេលឥឡូវនេះគឺ «តឹងរ៉ឹងជាងពេលណាៗទាំងអស់»។
ពួកគេបានលើកឡើងពីកំណែទម្រង់នានារួមមានគោលការណ៍នៃការដាក់ទោសទណ្ឌលើបទល្មើសសូកប៉ាន់ដល់មន្ត្រីរាជការ និងក្រុមជំនួញ ការធ្វើវិសោធនកម្មលើច្បាប់ព្រហ្មទណ្ឌរបស់ចិន វិធានថ្មីៗ ស្ដីពីការផ្ដល់ព័ត៌មាន វិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការប្រកួតប្រជែងមិនស្មើភាព និងចំណាត់ការនានានាំទៅរកវិធានថ្មីស្ដីពីការឧបត្ថម្ភលើវិស័យសុខាភិបាល។
ការវិភាគរបស់ស្ថាប័ន PERC ចេញផ្សាយថា ជើងឯកប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន គឺលោក វ៉ាង ហ្សីសាន (Wang Qishan) ដែលជាបុគ្គលដ៏សំខាន់ដែលនាំភាពជោគជ័យយូរអង្វែងដល់គោលនយោបាយដឹកនាំដោយលោកប្រធានាធិបតី Xi។ ប៉ុន្តែក្រុមអ្នកវិភាគ សំដែងនូវការបារម្ភថាបន្ទាប់ពីអស់លោកទាំងនេះ ចូលនិវត្តន៍ទៅ «ឱកាសនៃការប្រព្រឹត្តអំពើពុករលួយនឹងកើតមានឡើងវិញ»។
សេដ្ឋកិច្ចស្ទុះងើបឡើង
ខណៈដែលសេដ្ឋកិច្ចកំពុងស្ទុះងើបឡើង ប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ក៏កំពុងជាប់ចំណាត់ថ្នាក់ ជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរដែរ ហើយប្រទេសទាំងនេះ នៅតែរាយការណ៍ថាប្រទេសខ្លួនមានអត្រាកំណើនសេដ្ឋកិច្ចដដែល។
អ្នកស្រី ផាវិដា ផាណានន់ (Pavida Pananond) សាស្ត្រាចារ្យរងបង្រៀនមុខវិជ្ជាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា ក្រុមអ្នកវិនិយោគត្រៀមខ្លួនជាស្រេចទទួលយកលទ្ធផលពិតប្រាកដនៃកម្រិតអំពើពុករលួយ «ថាជាផ្នែកនៃហានិភ័យក្នុងការធ្វើជំនួញក្នុងប្រទេសដែលមានសេដ្ឋកិច្ចស្ទុះងើបឡើងនេះ»”។
ប៉ុន្តែលោកស្រីបានបន្តថា វាក៏ជះផលអវិជ្ជមានលើទំនុកចិត្តរបស់អ្នកវិនិយោគដែរ នៅពេលដែលអំពើពុករលួយ«មានលក្ខណៈមិនប្រាកដប្រជា និងគ្មានការប្រតិបត្តិច្បាស់លាស់ក្នុងការតាមដាននោះ»។
លោកស្រី បានប្រាប់VOA ថា៖ “ការមិនដឹងពីកម្រិតនៃអំពើពុករលួយ និងគ្មានការប្រតិបត្តិច្បាស់លាស់លើអ្វីដែលត្រូវចំណាយដែរការណ៍នេះហើយនឹងបង្កឲ្យអ្នកវិនិយោគដែលចង់បានភាពស្អាតស្អំ និងភាពច្បាស់លាស់ មានភាពញញើតជាខ្លាំងក្នុងដាក់ទុនវិនិយោគ»។
ប្រទេសថៃ
របាយការណ៍នៃការអង្កេតរបស់អង្គការតម្លាភាពអន្តរជាតិ និងស្ថាប័នPERC បង្ហាញថា ប្រជាជនថៃ ផ្ដល់ចំណាត់ថ្នាក់ជាវិជ្ជមានលើកម្មវិធីនានារបស់រដ្ឋាភិបាលយោធាដែលមានគោលដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការអង្កេតរបស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រជាជន១៤ភាគរយ ប៉ុណ្ណោះ គិតថាអំពើពុករលួយមានការកើនឡើង និងប្រជាជន៧២ភាគរយបង្ហាញការពេញចិត្តលើគោលនយោបាយរបស់រដ្ឋាភិបាល។
បទអត្ថាធិប្បាយរបស់ PERC បានសរសេរថា៖ “ការសូកប៉ាន់ពីក្រុមហ៊ុននានាដល់មន្ត្រី និងនិយតករក្នុងការទទួលបានកិច្ចសន្យានានា បានធ្លាក់ចុះដល់កម្រិតទាបបំផុតសម្រាប់រយៈពេល៥ឆ្នាំនេះ។ នេះបើយោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ»។
លោក បណ្ឌិត នីចាថាវ៉ន (Bandid Nijathawaorn) អតីតទេសាភិបាលរងនៃធនាគារកណ្ដាល និងបច្ចុប្បន្នជាប្រធានស្ថាប័ន Thai Institute of Directors បាននិយាយថាវិស័យសាជីវកម្មរបស់ថៃបានព្យាយាមរកមធ្យោបាយតទល់នឹងបញ្ហាអំពើពុករលួយ។
លោក Bandid បានបន្តថា សម្ព័ន្ធសាជីវកម្មចំនួន៨២០ប្រឆាំងអំពើពុករលួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ បានដាក់សម្ពាធឲ្យរដ្ឋាភិបាលផ្ដើមពិភាក្សាលើកំណែទម្រង់ច្បាប់ពាក់ព័ន្ធនឹងការងារលទ្ធកម្ម និងកាត់បន្ថយ «នីតិវិធីស្មុគស្មាញអូសបន្លាយពេល»តាមបែបការិយាធិបតេយ្យ។
បើទោះជាមានវឌ្ឍនភាពខ្លះក៏ដោយ លោកBandid បាននិយាយថាបញ្ហាក្នុងប្រទេសថៃគឺស្ថិតក្នុងស្ថានដូចជំងឺរ៉ាំរ៉ៃ។
លោកបានប្រាប់ VOA ថា៖ “បញ្ហាទាំងនេះ បានចាក់ឫសយ៉ាងជ្រៅ និងមានលក្ខណៈជាប្រព័ន្ធ។ ដូច្នេះ យើងមិនអាចពឹងផ្អែកតែលើស្ថាប័នមួយក្នុងការធ្វើវាឲ្យប្រសើរឡើងបានទេ។ ដើម្បីធ្វើឲ្យស្ថានការណ៍នេះ ប្រសើរឡើង គឺត្រូវមានការចូលរួមគ្រប់ភាគីសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច រាប់បញ្ចូលទាំងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហានេះ”។
សំណុំរឿងអំពើពុករលួយនៃបុគ្គលមានឋានៈខ្ពង់ខ្ពស់
កាលពីខែតុលាកន្លងទៅនេះ ប្រទេសថៃបានបង្កើតតុលាការឯកទេសខាងអំពើពុករលួយក្នុងគោលបំណងដោះស្រាយសំណុំរឿងអំពើពុករលួយឲ្យបានឆាប់។
ក្នុងសំណុំរឿងអំពើពុករលួយរបស់បុគ្គលមានឋានៈខ្ពង់ខ្ពស់មួយ តុលាការបានកាត់ទោសអតីតអភិបាលនៃអាជ្ញាធរទេសចរណ៍គឺលោកស្រី ជូថាម៉ាស សិរីវ៉ាន់ (Juthamas Siriwan) ឲ្យជាប់ពន្ធនាគាររយៈពេល៥០ឆ្នាំពីបទទទួលសំណូក១,៨ លានដុល្លារពីជនជាតិអាមេរិក២រូបជាថ្នូរនឹងការផ្ដល់សិទ្ធិជាម្ចាស់រៀបចំមហោស្រពភាពយន្តអន្តរជាតិក្នុងប្រទេសថៃ។
សំណុំរឿងអំពើពុករលួយផ្សេងៗទៀត រួមមានការបង់ប្រាក់ខុសច្បាប់ចំនួន៣៦លានដុល្លារដោយក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royceទៅឲ្យក្រុមនាយកប្រតិបត្តិនៃអាកាសចរជាតិថៃ(Thai Airways) អស់រយៈពេលជាច្រើនឆ្នាំ និងទៅឲ្យក្រុមហ៊ុនថាមពលរបស់រដ្ឋ PTT plc។
លោកស្រី Pavida បម្រើការនៅសាកលវិទ្យាល័យ Thammasat បាននិយាយថា ករណីបែបនេះគឺជាវិញ្ញាសាសម្រាប់គោលនយោបាយស្ដីពីការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល។
លោកស្រីបាននិយាយថា៖ «ពេលយើងចង់សម្អាតអ្វីមួយ យើងត្រូវអនុវត្តយន្តការតុល្យភាពអំណាចដែលអាចត្រួតមើលគ្នាទៅវិញទៅមក ដែលអាចធានាថាគេនឹងអាចយកវាទៅអនុវត្តបាន ទោះជានរណាឡើងកាន់កាប់អំណាចក៏ដោយ»។
ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ ត្រូវបានគេរាយការណ៍កាលពីដើមខែមេសានេះថា ស្ថាប័ននេះនឹងធ្វើការស៊ើបអង្កេតរឿងអាស្រូវសូកប៉ាន់ដ៏លេចធ្លោរបស់ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce នៅត្រឹមចុងឆ្នាំនេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី