កាលពីពេលថ្មីៗនេះ គណបក្សគ្រប់គ្រងប្រទេសបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រលើកកម្ពស់ការកែច្នៃផលិត ការជំរុញការនាំចេញផលិតផលកសិកម្ម និងសិក្សអំពីការគ្រប់គ្រងរដ្ឋនិងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍនៅប្រទេសចិន សម្រាប់ជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នូ ឆ្នាំ ២០២៤។
ទស្សនកិច្ចសិក្សារបស់ប្រតិភូគណបក្សកាន់អំណាចដើម្បីឈ្វេងយល់អំពីរបៀបគ្រប់ គ្រងរដ្ឋរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រព្រឹត្តទៅកាលពីថ្ងៃ ២២ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នៅទីក្រុងឆុងឈីង និងខេត្តយូណាន ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងការទូតកម្ពុជា-ចិនបានឡើងដល់កម្រិតកំពូល ដែលឆ្លងផុតពីកម្រិតនៃកិច្ចសហប្រតិបត្តិការ «មិត្តភាពដែកថែប» ឈានទៅជាកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។
លោកបន្ថែមថា ទំនាក់ទំនងការទូតកម្ពុជា-ចិនដែលត្រូវបានពង្រីកបែបនេះ គឺជារឿងល្អ ក៏ប៉ុន្តែលោកកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន ស្ថិតក្នុងកម្រិតឱនភាពនៅឡើយ ដែលភាគីទាំងពីរគួរតែជំរុញផលិតកម្មនាំចេញពីកម្ពុជាឲ្យបានច្រើន ព្រោះកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនត្រូវទទួលបានអត្ថប្រយោជន៍និងតុល្យភាពសម្រាប់ការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា៖ «នៅក្នុងវិស័យពាណិជ្ជកម្ម កម្ពុជា-ចិន ហាក់ដូចជាមិនទាន់មានតុល្យភាពទេ ដោយសារទំនិញចិន[ចូលមកកម្ពុជា]ច្រើនជាង ១០ពាន់លាន...។ តែដល់ពេលទំនិញកម្ពុជាចេញចិនវិញវាបានតិច ខ្ទង់ជាង ១ពាន់លានទេ អ៊ីចឹងជញ្ជីងពាណិជ្ជកម្មកម្ពុជា ឱនភាពខ្លាំងណាស់»។
បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន គឺកម្ពុជាបាននាំចេញទៅប្រទេសចិន ក្នុងទឹកប្រាក់ជាង ១.៦០០ លានដុល្លារអាមេរិក ខណៈការនាំទំនិញពីប្រទេសចិនមកកាន់កម្ពុជាមានទំហំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារអាមេរិក។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា កម្ពុជាក៏គួរតែចេះបត់បែននិងបង្កើនទំនាក់ទំនងការទូតល្អជាមួយប្រទេសលោកខាងលិច ដូចអ្វីដែលកម្ពុជាធ្វើជាមួយចិន ទាំងគោលនយោបាយការបរទេស និងគោលនយោបាយវិនិយោគ និងឈរលើគោលការណ៍តុល្យភាពដែលនឹងអាចទាញយកប្រយោជន៍បានច្រើនដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ជាទូទៅយើងទាក់ទងជាមួយចិន គឺជាកិច្ចការល្អណាស់ ខ្ញុំគាំទ្រ។ ក៏ប៉ុន្តែកម្ពុជាគួរតែមានគោលនយោបាយការបរទេស ហើយនិងគោលនយោបាយវិនិយោគកម្ពុជាហ្នឹងឲ្យឈរមានតុល្យភាព ពីព្រោះអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីទីផ្សារសហរដ្ឋអាមេរិក និងលោកខាងលិច អ៊ឺរ៉ុបហ្នឹងច្រើនជាងចិនឆ្ងាយណាស់។ អ៊ីចឹងកិច្ចការនេះ ខ្ញុំគិតថា អ្នកដឹកនាំ អ្នកនយោបាយកម្ពុជាគួរតែចេះបត់បែន ឈរលើអត្ថប្រយោជន៍ជាតិជាធំ។ ហើយទស្សនៈគាំទ្ររក្សាទំនាក់ទំនងចិន យើងធ្វើយ៉ាងណា រក្សាបានអ៊ីចឹងល្អហើយ គ្រាន់តែបង្កើនកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិចឲ្យល្អដូចជាមួយចិន នោះកម្ពុជាអាចទាញបានអត្ថប្រយោជន៍ច្រើនហើយ»។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ បានឲ្យដឹងថា គណៈប្រតិភូសិក្សាស្រាវជ្រាវគណបក្សប្រជាជនកម្ពុជាចំនួន ៣០ រូប ដែលដឹកនាំដោយអ្នកស្រី ខា ឡេង សមាជិកាគណៈកម្មាធិការកណ្តាលនិងជារដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានទៅកាន់ទីក្រុងឆុងឈីងនិងខេត្តយូណាន ក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ ថ្ងៃ ដើម្បីសិក្សាអំពីយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ការកែច្នៃផលិតផល ការជំរុញការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន និងតួនាទីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការជំរុញការវិនិយោគនិងពាណិជ្ជកម្ម។
សេចក្តីប្រកាសព័ត៌មានដដែលនោះបន្ថែមថា៖ «គណៈប្រតិភូមានគោលបំណងសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្តែងពីភាគីចិន ក្នុងការគ្រប់គ្រងរដ្ឋនិងបក្ស នៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសនៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ជុំវិញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វីអូអេថា ប្រទេសកម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ចំណែកប្រទេសចិនជាប្រទេសប្រកាន់របបកុម្មុយនិស្ត។ ដូច្នេះលោកយល់ថា ការសិក្សាពីគំរូនៃការគ្រប់គ្រងរដ្ឋនិងបក្សនៅថ្នាក់មូលដ្ឋានហាក់ដូចជាផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលគួរតែសិក្សាអំពីគោលការណ៍ប្រជាធិបតេយ្យឲ្យបានច្រើន។
លោកបន្ថែមថា កម្ពុជាក៏ត្រូវតែធ្វើយ៉ាងណាកុំឲ្យមតិអន្តរជាតិ មើលឃើញថាកម្ពុជាផ្អៀងទៅចិន និងត្រូវបង្កើតទំនាក់ទំនងល្អជាមួយប្រទេសលោកសេរី រួមទាំងសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបក្តី ដោយសារប្រទេសទាំងនោះ ជាទីផ្សារដ៏ធំសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។
លោក រ៉ុង ឈុន ថ្លែងថា៖ «អ៊ីចឹងការទំនាក់ទំនងត្រូវតែបង្កើតនូវទំនាក់ទំនង ថ្លឹងថ្លែងរវាងចិន រវាងអាមេរិកនិងអឺរ៉ុប ក៏ដូចជាជប៉ុន ធ្វើម៉េចកុំឲ្យវាផ្អៀងទៅម្ខាងៗ។ ហើយការធ្វើទំនាក់ទំនងផ្អៀងតែម្ខាងធ្វើឲ្យកម្ពុជាមានការខាតបង់ទៅវិញ»។
ជាផ្នែកមួយនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺកាលពីឆ្នាំ ២០១៩ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន សម្រាប់ឆ្នាំ ២០១៩-២០២៣។ ក្រោយមក អំឡុងពេលលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជានិងចិនបានចុះហត្ថលេខាម្តងទៀតអំពីផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ ២០២៤-២០២៨ និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។
ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសទាំងពីរ ដោយសារការបន្ស៊ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំទៅក្នុងការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅរវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវរបស់ចិន» និង «យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា»។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ