អ្នកសារព័ត៌មានប្រឈមនឹងការយាយី ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងដឹងអំពីបញ្ហាហិរញ្ញវត្ថុនៃវិស័យសារព័ត៌មាននិងទស្សនៈមិនសូវល្អដែលពលរដ្ឋអាមេរិកជាច្រើនមានលើពួកគេ។
ទោះបីជាមានបញ្ហាទាំងអស់នេះក៏ដោយ ក៏អ្នកសារព័ត៌មានភាគច្រើនពេញចិត្តនឹងការងាររបស់ពួកគេ ហើយនឹងមិនប្ដូរទៅធ្វើការងារផ្សេងពីនេះទេ។
ទាំងអស់នេះគឺស្ថិតក្នុងចំណោមការរកឃើញនៅក្នុងការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) លើអ្នកសារព័ត៌មានជិត ១២.០០០នាក់ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមិថុនាកន្លងទៅនេះ។
អ្នកស្រី Amy Mitchell ប្រធានផ្នែកស្រាវជ្រាវសារព័ត៌មាននៃមជ្ឈមណ្ឌលស្រាវជ្រាវ Pew បាននិយាយថា៖ «សម្រាប់ខ្ញុំ នេះគឺជាការដាក់ទល់គ្នាដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ អ្នកសារព័ត៌មានដឹងអំពីរឿងទាំងនេះ។ ពួកគេយល់ថាកិច្ចការនេះលំបាក។ ពួកគេដឹងអំពីអារម្មណ៍របស់សាធារណជនចំពោះពួកគេ។ ប៉ុន្តែពួកគេស្រឡាញ់ការងារនេះ។ ពួកគេមានមោទនភាពចំពោះការងាររបស់ខ្លួន»។
នៅក្នុងការស្ទង់មតិនោះ អ្នកសារព័ត៌មានចំនួន ៧៧% បាននិយាយថា ប្រសិនបើពួកគេមានឱកាសធ្វើវាម្ដងទៀតឡើងវិញទាំងស្រុង ពួកគេនៅតែបន្តអាជីពក្នុងវិស័យព័ត៌មានដដែល។
អ្នកសារព័ត៌មានចំនួន ៧៥% ដែលមានអាយុលើស ៦៥ ឆ្នាំ បាននិយាយថា ការងារជាអ្នកសារព័ត៌មានមានឥទ្ធិពលវិជ្ជមានលើសុខុមាលភាពផ្លូវអារម្មណ៍របស់ពួកគេ បើទោះបីជាតួលេខនេះមានចំនួនតិចជាងនេះសម្រាប់អ្នកដែលមានវ័យក្មេងជាងនេះក៏ដោយ។
នៅពេលដែលពួកគេត្រូវបានសួរឱ្យរៀបរាប់អំពីវិស័យសារព័ត៌មាននេះដោយប្រើពាក្យតែមួយម៉ាត់ គេឃើញថា អ្នកសារព័ត៌មាន ៧២% នៅក្នុងការស្ទង់មតិនេះជ្រើសរើសពាក្យដែលមានលក្ខណៈអវិជ្ជមានដូចជាពាក្យ «ប្រឹងប្រែងដោយលំបាក» ពាក្យ «ច្របូកច្របល់» ពាក្យ «ប្រកាន់បក្សពួក» ពាក្យ «ពិបាក» និងពាក្យ «តានតឹងក្នុងចិត្ត» ជាដើម។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ហើយនៅពេលដែលសួរពួកគេថា តើពាក្យមួយម៉ាត់ណាដែលសាធារណជនទូទៅប្រើដើម្បីសំដៅលើវិស័យសារព័ត៌មាន គេឃើញថាមានតែពាក្យចំនួន ៣% ប៉ុណ្ណោះដែលអាចចាត់ទុកថាមានលក្ខណៈវិជ្ជមាន។
ពាក្យមួយចំនួនដូចជាពាក្យ «មិនត្រឹមត្រូវ» ពាក្យ «មិនគួរឱ្យទុកចិត្ត» ពាក្យ «លំអៀង» និងពាក្យ «ប្រកាន់បក្សពួក» ជាដើម គឺជាពាក្យដែលសាធារណជនទូទៅនិយមប្រើបំផុត។
ការវាយប្រហារជាច្រើនឆ្នាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោក Trump លើវិស័យសារព័ត៌មានមានផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យនេះ។
ដោយរួមបញ្ចូលជាមួយនឹងការស្ទង់មតិស្របពេលជាមួយគ្នានេះមួយទៀតលើពលរដ្ឋអាមេរិកាំងពេញវ័យជាទូទៅ អ្នកសារព័ត៌មានមានទស្សនៈវិជ្ជមានលើការងារដែលពួកគេធ្វើជាងសាធារណជនដែលពួកគេរាយការណ៍ព័ត៌មានឱ្យ។
ជាឧទាហរណ៍ អ្នកសារព័ត៌មាន ៦៧% ជឿថា ពួកគេធ្វើការងារបានល្អបំផុតឬល្អគួរសមលើការរាយការណ៍ព័ត៌មានអំពីរឿងរ៉ាវសំខាន់បំផុតនានា បើប្រៀបជាមួយនឹងសារធារណជនចំនួន ៤១% ដែលយល់ឃើញដូច្នេះ។
អ្នកសារព័ត៌មានភាគច្រើនក្នុងចំនួន ៦៥% បាននិយាយថា ស្ថាប័នព័ត៌មានធ្វើកិច្ចការបានល្អនៅក្នុងការរាយការណ៍ដោយត្រឹមត្រូវ ចំណែកឯសាធារណជនចំនួនតែ ៣៥% ប៉ុណ្ណោះដែលគិតដូច្នេះ។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា អ្នកសារព័ត៌មាន ៤២% បាននិយាយថា ពួកគេបានរងការយាយីឬការគំរាមកំហែងកាលពីមួយឆ្នាំកន្លងទៅនេះ ដែលភាគច្រើនធ្វើឡើងតាមអនឡាញ។ ស្ត្រីចំនួន ១៦% បាននិយាយថា ពួកគេបានរងការយាយីផ្លូវភេទពីអ្នកក្រៅដែលមិនធ្វើការក្នុងអង្គភាពរបស់ពួកគេ។
អ្នកសារព័ត៌មានជាង ៩០% ក្នុងចំណោម ១០ នាក់បាននិយាយថា ពួកគេចាត់ទុកព័ត៌មានប្រឌិតឬក៏ព័ត៌មានមិនពិតថាជាបញ្ហាចម្បងមួយសម្រាប់សង្គម។ អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះចំនួនមួយភាគបីបានបញ្ជាក់ថា ជារឿយៗពួកគេបានប្រទះឃើញព័ត៌មានមិនពិត។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានលើកឡើងបន្ថែមថា បើទោះបីជាមានរឿងអវិជ្ជមានអស់ទាំងនេះក៏ដោយ ក៏អ្នកសារព័ត៌មានចំនួន ៧០% បានបញ្ជាក់ថា ពួកគេមានការពេញចិត្តយ៉ាងខ្លាំងឬក៏ពេញចិត្តគួរសមនឹងការងាររបស់ពួកគេ។ ចំណែកឯសាធារណជនចំនួនប្រហែលគ្នានេះដែរបាននិយាយថា ពួកគេពេញចិត្តនឹងការងាររបស់ខ្លួន។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា អ្នកសារព័ត៌មានក្នុងចំនួនច្រើនលើសលប់បានប្រើបណ្ដាញសង្គមអនឡាញដូចជា Twitter និង Facebook ជាដើមដើម្បីលើកកម្ពស់កិច្ចការរបស់ពួកគេ និងដើម្បីស្វែងរកប្រភពផ្ដល់ព័ត៌មានផ្សេងៗ។ ប៉ុន្តែ អ្នកសារព័ត៌មានចំនួនពីរភាគបីបាននិយាយថា បណ្ដាញសង្គមអនឡាញមានផលប៉ះពាល់អវិជ្ជមានខ្លាំងឬអវិជ្ជមានគួរសមលើអាជីពការងាររបស់ពួកគេ។
អ្នកស្រី Mitchell បាននិយាយថា៖ «ជាទូទៅ មនុស្សមិនទុកចិត្តច្រើន [លើបណ្ដាញសង្គមអនឡាញ] ទេ។ ប៉ុន្តែមនុស្សភាគច្រើនបានប្រើបណ្ដាញសង្គមទាំងនោះ»។
អ្នកស្រីបានបន្ថែមថា មនុស្សមួយចំនួនដែលប្រឈមនឹងការយាយីឬក៏ប្រទះឃើញព័ត៌មានមិនទុកចិត្តនៅតាមអនឡាញប្រហែលជាអាចពន្យល់អំពីភាពផ្ទុយគ្នានេះបាន។
អ្នកសារព័ត៌មានចំនួន ៧៥% យល់ថា វាគឺជាបញ្ហាដ៏ធំមួយនៅពេលដែលមនុស្សដែលមានទស្សនៈដូចគ្នាទទួលបានព័ត៌មានពីស្ថាប័នតែមួយ។ រីឯសាធារណជនចំនួន ៣៩% វិញក៏យល់ឃើញដូច្នេះដែរ។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew។
ការរកឃើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew គឺផ្អែកលើការស្ទង់មតិថ្នាក់ជាតិតាមអនឡាញលើអ្នកសារព័ត៌មានចំនួន ១១.៨៨៩ នាក់ ដែលបានធ្វើឡើងពីថ្ងៃទី ១៦ ខែកុម្ភៈដល់ថ្ងៃទី ១៧ ខែមីនាកន្លងទៅនេះ ដោយអត្រាខុសអាចមានតែ ១% ប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ