ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សារព័ត៌មាន​បន្ត​ជំរុញ​ឱ្យ​រដ្ឋ​អំណាច​ពង្រឹង​លម្ហ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​


រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

ស្រប​ពេល​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ខិតចូល​មក​ដល់​នា​ថ្ងៃ​ទី៣​ ខែ​ឧសភា​ខាង​មុខ​នេះ​ មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​លើ​ផ្នែក​គាំពារ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​បន្ត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការពារ​លើ​សិទ្ធិ​ សុវត្ថិភាព​ និង​ប្រព័ន្ធ​ផ្លូវ​ច្បាប់​ចំពោះ​បណ្តាញ​ផ្សព្វផ្សាយ​និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​មាន​តិចតួច​នៅ​កម្ពុជា​បាន​រង​ការ​បង្រ្កាប​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧​ គឺ​ក្នុង​អំឡុង​ពេល​មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​មួយ​គឺ​ គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​គិត​ចាប់​តាំង​ពី​នោះ​មកប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ នេះ​បើ​តាម​វាយ​តម្លៃ​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា។​

នាយក​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ហៅ​កាត់​ថា ​CCIM​ លោក​ អ៊ិត សូធឿត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​មិន​ទាន់​ឃើញ​វិវឌ្ឍនភាព​ដែល​អាច​យក​ជា​ការណ៍​បាន​ជុំវិញ​លម្ហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖​ «ជា​ទិដ្ឋភាព​រួម​សម្រាប់​ខ្ញុំ​ វា​ដូចជា​មិន​មាន​ការ​ផ្លាស់ប្តូរ​អី​ច្រើន​ជា​ដុំ​កំភួន​នោះ​ទេ​ ដោយ​សារ​តែ​បញ្ហា​ប្រឈម​ចំពោះ​អ្នក​សារ​ព័ត៌មាន​នៅ​តែ​បន្ត​កើត​មាន ​ហើយ​ការ​ឆ្លើយតប​ពី​ខាង​ក្រសួង​ និង​រដ្ឋាភិបាល​ក៏​ដូច​ជា​នៅ​ដដែល ​ជាពិសេស​ពី​សំណាក់​អាជ្ញាធរ ​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ»។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​មន្រ្តី​ពាក់ព័ន្ធ​ស្វែង​យល់​បន្ថែម​ទៀត​ពី​តួនាទី​របស់​សារ​ព័ត៌មាន​ ជាពិសេស​សារ​ព័ត៌មាន​ឯករាជ្យ ​ដែល​ជា​ធម្មតា​តែង​រាយការណ៍​ពី​ការ​រិះគន់​ ឬ​ចំណុច​អវិជ្ជមាន​ ឬ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​លោក​ ណុប វី​ សង្កេត​ឃើញ​ថា មិន​ទាន់​មាន​ចំណុច​ណា​មួយ​បង្ហាញ​ថា មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ចំពោះ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ​គិត​មក​ទល់​ពេល​នេះ។​

លោក​បាន​លើក​ឡើង​ពី​ករណី​រឹតត្បិត​មួយ​ចំនួន​ដែល​បន្ត​កើត​មាន​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដូចជា ​ការ​ដក​អាជ្ញា​បណ្ណ ការ​មិន​បន្ត​អាជ្ញា​បណ្ណ​ បណ្តឹង​តុលាការ​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ការ​មិន​ទាន់​ដោះលែង ឬ​ទម្លាក់​ចោល​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ជា​ដើម។​

រូបឯសារ៖ អ្នក​កាសែត​នាំ​គ្នា​រង់ចាំ​យក​ព័ត៌មាន​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​តាខ្មៅ​ មុន​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ទីនោះ ខេត្ត​កណ្ដាល ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯសារ៖ អ្នក​កាសែត​នាំ​គ្នា​រង់ចាំ​យក​ព័ត៌មាន​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​តាខ្មៅ​ មុន​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ទីនោះ ខេត្ត​កណ្ដាល ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០១៨។

អ្នក​ការពារ​សិទ្ធិ​អ្នក​កាសែត​រូប​នេះ​ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធានា​ថា ​ អ្នក​សារព័ត៌មាន​មិន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​អំឡុង​ពេល​បំពេញ​វិជ្ជាជីវៈ​ និង​ទទួល​បាន​ការ​ការពារ​សមស្រប​តាម​ផ្លូវ​ច្បាប់។​

លោក​បាន​និយាយ​ថា៖ ​«អ្វី​ដែល​រដ្ឋាភិបាល​លោក​អាច​ឆ្លើយតប​ អាច​ធ្វើ​បាន​ដែរ​ហ្នឹង​គឺ ​ទាក់ទង​នឹង​ការ​ធានា​ថា ​មិន​មាន​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ ឬ​មួយ​ក៏​ត្រូវ​បាន​វាយដំ​ជា​បន្ត​ទៀត។ ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ទទូច​ ខ្ញុំ​គិត​ថា ការ​ប្រើប្រាស់​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ហ្នឹង​ក៏​គួរ​តែ​បញ្ឈប់​ផង​ដែរ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​កន្លង​មក​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង​ ​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បង្ក្រាប​ដោយ​មិន​បន្ធូរ​ដៃ​លើ​អង្គភាព​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ឆ្នាំ​២០១៧​ ដើម្បី​បាន​ក្រាញ​អំណាច។​ អង្គការ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សាកល​ឆ្នាំ​២០២១។​

អ្នក​សម្រប​សម្រួល​គម្រោង​លើក​កម្ពស់​និង​ការពារ​សេរីភាព​ខាង​បញ្ចេញ​មតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក ​ហួន ផន ​បាន​និយាយ​ថា​ យោង​តាម​របាយការណ៍​របស់​អង្គការ​លោក ​ ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​សេរី​ក្នុង​កម្រិត​ល្អ​ប្រសើរ​មួយ​នៅ​ឡើយ​ទេ ខណៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ ជាពិសេស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​អាជ្ញាធរ​ឯករាជ្យ​កំពុង​ប្រឈម​នឹង​ការ​រឹតត្បិត​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ។​

លោក​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ ពិនិត្យ​មើល​និង​កែ​លម្អ​បទដ្ឋាន​គតិយុត្តិ​នានា​ ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​បែបផែន​មួយ​ដែល​ដាក់​សម្ពាធ​ ឬ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​អ្នក​សារ​ព័ត៌មាន។ ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​តុលាការ​មាន​ការ​ថ្លឹងថ្លែង​ឱ្យ​ស្មើភាព​រវាង​បទចោទ​ប្រកាន់ ​និង​សេរីភាព​សារ​ព័ត៌មាន​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖ ​«ម្ល៉េះ​ហើយ ​គួរ​តែ​មាន​ការ​ថ្លឹងថ្លែង​រវាង​ការ​ចោទ​ប្រកាន់​ ហើយ​ជាមួយ​នឹង​សេរីភាព​សារ​ព័ត៌មាន។​ បើ​មិន​អ៊ីចឹង​ទេ ​សេរីភាព​សារ​ព័ត៌មាន​ហ្នឹង ​អ្នក​សារ​ព័ត៌មាន​ហ្នឹង​ មែនទែន​ទៅ​ ពិបាក​ក្នុង​ការ​រាយការណ៍ ​ឬ​ធ្វើ​បទ​យក​ការណ៍​ណា​មួយ​ ដែល​ជា​ប្រយោជន៍​សាធារណៈ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សម្រាប់​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ ចេញ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា​ បាន​លើក​ឡើង​ថា ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ ត្រូវ​បាន​រង​ការ​ដៅមុខ​សញ្ញា ​និង​សេរីភាព​សារ​ព័ត៌មាន​បាន​រង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា អ្នក​សារ​ព័ត៌មាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​តែង​តែ​រង​ការ​បំភិត​បំភ័យ​ ឃ្លាំ​មើល​ គំរាម​ និង​យាយី​តាម​ប្រព័ន្ធ​តុលាការ​ចំពោះ​ការ​បំពេញ​ការងារ​ស្រប​ច្បាប់​របស់​ខ្លួន។ ​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​មាស សុភ័ណ្ឌ ​បាន​ច្រានចោល​ការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​គាំពារ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ដែល​បាន​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​លម្ហ​សេរីភាព​សារ​ព័ត៌មាន​ និង​ការ​បំពេញ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

លោក​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ជា​សារ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ក្នុង​ន័យ​ដើម​ថា៖ «សេរីភាព​សារ​ព័ត៌មាន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ធានា​ការពារ​យ៉ាង​គត់​មុត​ ដោយ​ច្បាប់​របប​សារ​ព័ត៌មាន ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ​តាម​រយៈ​នេះ​ អ្នក​សារ​ព័ត៌មាន​ និង​អង្គភាព​សារ​ព័ត៌មាន​ គ្រប់​និន្នាការ​និង​ពហុនិយម​ អាច​បំពេញ​តួនាទី​ ភារកិច្ច​ និង​អនុវត្ត​សេរីភាព​របស់​ពួកគេ​ដោយ​សេរី​ និង​ស្មើភាព​គ្នា​ បាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ពុំ​មាន​ការ​រើសអើង​ ឬ​បំពាន​សិទ្ធិ​សេរីភាព​ ឬ​ការ​គំរាម​កំហែង​នោះ​ទេ»។​

អំឡុង​ខែ​មេសា​នេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ​ដោយ​បង្ហាញ​ថា សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សារ​ព័ត៌មាន ​បាន​«រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ»​នៅ​ចន្លោះ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ដល់​ខែ​សីហា​ឆ្នាំ​២០២១។ ​

របាយ​ការណ៍​ជា​ភាសាខ្មែរ ​កម្រាស់​៦៦​ទំព័រ​ ចេញ​ផ្សាយ​នៅ​ខែ​មេសា​នេះ ​ឱ្យ​ដឹង​ថា ​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​៧​ ត្រូវ​បាន​ដក​ហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​៩​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១៧​នាក់ ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ពី​«ការ​គាប​សង្កត់​មិន​ឈប់​ឈរ»​ និង​«គោល​ការណ៍​មិន​អត់​ឱន​ចំពោះ​មតិ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល»។ ​ ការ​គាប​សង្កត់​នោះ​នៅ​ក្រោម​រូបភាព​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ដូច​ជា​ការ​កោះ​ហៅ​ដោយ​អាជ្ញាធរ​ ការ​សួរ​ចម្លើយ​ ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ ការ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ ការ​ចោទ​ប្រកាន់ ​និង​ការ​ផ្តន្ទា​ទោស។​

តាម​រយៈ​របាយ​ការណ៍​នេះ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ដូច​ជា​ ការ​ធ្វើ​វិសោធន​កម្ម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ និង​ត្រូវ​ពិនិត្យ​មើល​ច្បាប់​ផ្សេង​ទៀត​ដែល​ប៉ះ​ពាល់​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ឱ្យ​អនុ​លោម​តាម​ច្បាប់​អន្តរ​ជាតិ​ ក៏​ដូចជា​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ​និង​លុប​ចោល​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ជា​ដើម៕​

XS
SM
MD
LG