ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពានរង្វាន់ Pulitzer ត្រូវបាន​ប្រគល់​ជូន​សម្រាប់​ការ​រាយការណ៍​អំពី​កូវីដ១៩ និង​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក


នាង Darnella Frazier (ទីបីរាប់​ពី​ស្ដាំ) ប្រើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដើម្បី​ថត​សកម្ម​ដែល​ប៉ូលិស​កំពុង​ចាប់​ខ្លួន​លោក George Floyd នៅ​ក្នុង​រូបថត​មួយ​ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​វីដេអូ​កាមេរ៉ា​របស់​ប៉ូលិស​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
នាង Darnella Frazier (ទីបីរាប់​ពី​ស្ដាំ) ប្រើ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដើម្បី​ថត​សកម្ម​ដែល​ប៉ូលិស​កំពុង​ចាប់​ខ្លួន​លោក George Floyd នៅ​ក្នុង​រូបថត​មួយ​ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​វីដេអូ​កាមេរ៉ា​របស់​ប៉ូលិស​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ពានរង្វាន់ Pulitzer ផ្នែក​ការ​សរសើរ​ពិសេស ត្រូវ​បាន​ប្រគល់​ជូន​នាង Darnella Frazier ដែល​បាន​ថត​វីដេអូ​អំពី​សកម្មភាព​ដែល​មន្ត្រី​ប៉ូលិស​ឈ្មោះ Derek Chauvin ប្រើ​ជង្គង់​សង្កត់​ក​លោក George Floyd រហូត​ដល់​ស្លាប់ នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក។

សម្រាប់​ពាន​រង្វាន់ Pulitzer ផ្នែក​សេវា​សាធារណៈ​ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ​ព័ត៌មាន The New York Times សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ រី​ឯ​ពាន​រង្វាន់ Pulitzer ផ្នែក​ព័ត៌មាន​ទាន់​ហេតុការណ៍ ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ​ព័ត៌មាន Star Tribune ប្រចាំ​ទីក្រុង Minneapolis សម្រាប់​ការ​រាយការណ៍​ក្រោយ​ហេតុការណ៍​នៃ​ការ​ស្លាប់​របស់​លោក Floyd។ ចំណែក​ឯ​ពានរង្វាន់​ផ្នែក​ថត​រូប​ចំនួន​ពីរ​វិញ ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

ឆ្នាំ ២០២០ គឺ​ជា​ឆ្នាំ​ដ៏​កម្រ​មួយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន ដោយសារ​តែ​រឿងរ៉ាវ​ស្ទើរតែ​ទាំងអស់​ដែល​បាន​កើតឡើង​មាន​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩។

ការ​ប្រកាស​អំពី​ជ័យលាភី​ពានរង្វាន់​នេះ ដំបូង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា ប៉ុន្តែ​ក្រុមប្រឹក្សា​ភិបាល​ពានរង្វាន់ Pulitzer បាន​ពន្យារពេល​រហូត​ដល់​ខែ​មិថុនា ដើម្បី​ទុក​ពេល​ឲ្យ​សមាជិក​ទាំង ១៨ នាក់​របស់​ខ្លួន​ធ្វើការ​ជជែក​ដេញដោល​ដោយ​ផ្ទាល់​ជាជាង​ធ្វើ​ឡើង​តាម​អនឡាញ។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ការ​ប្រកាស​ពាន​រង្វាន់​នេះ​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​ពន្យារពេល​ពីរ​សប្ដាហ៍​ដើម្បី​ទុក​ពេល​បន្ថែម​ទៀត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ដែល​រវល់​រាយការណ៍​ព័ត៌មាន​អំពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ការ​វាយតម្លៃ​លើ​បេក្ខជន​ដែល​ជាប់​ដល់​ជុំ​ចុងក្រោយ​ទាំងអស់។

ពានរង្វាន់ Pulitzer ក្នុង​វិស័យ​សារព័ត៌មាន ត្រូវ​បាន​ប្រគល់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩១៧ ហើយ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ពានរង្វាន់​កិត្តិយស​ខ្ពស់​បំផុត​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ពិធី​ប្រគល់​ពានរង្វាន់​ដោយ​មាន​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​នៅ​សាកលវិទ្យាល័យ Columbia ក្នុង​ទីក្រុង New York ដែល​តែងតែ​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ក៏​ត្រូវ​បាន​ពន្យារពេល​ផងដែរ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG