ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ថ្លែង​សុន្ទរកថា​លើក​ចុងក្រោយ​នៅ​ថ្ងៃ​ចន្ទ​ដោយ​ផ្តោត​លើ​អាមេរិក «ខ្លាំង​ជាង​មុន»


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចូលរួម​ការប្រជុំ​ទាក់ទិន​នឹង​ការ​ឆ្លើយតប​លើ​ភ្លើងឆេះព្រៃ​នៅ​ទីក្រុង Los Angeles នៅសេតវិមានកាលពីថ្ងៃទី១០ មករា ឆ្នាំ២០២៥។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ចូលរួម​ការប្រជុំ​ទាក់ទិន​នឹង​ការ​ឆ្លើយតប​លើ​ភ្លើងឆេះព្រៃ​នៅ​ទីក្រុង Los Angeles នៅសេតវិមានកាលពីថ្ងៃទី១០ មករា ឆ្នាំ២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ជិត​ចប់​អាណត្តិ​លោក Joe Biden នឹង​ថ្លែង​សុន្ទរកថា​គោលនយោបាយ​ការបរទេស​លើក​ចុងក្រោយ​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដោយ​លោក​នឹង​អះអាង​ថា​អាមេរិក​នៅ​ពេល​នេះ​គឺ​ខ្លាំង​ជាង​ពេល​លោក Donald Trump ចប់​អាណត្តិ​ទី​មួយ​របស់​លោក​ឆ្ងាយ​ណាស់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន AFP ដែល​យោង​លើ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ។

ការ​ថ្លែង​របស់​លោក Biden នៅ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នោះ ពោល​គឺ​មួយ​សប្តាហ៍​មុន​ពេល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី ត្រូវ​គេ​រំពឹង​ថា​នឹង​គូសបញ្ជាក់​ពី​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ពង្រឹង​សម្ព័ន្ធភាព​អង្គការ​អូតង់ (NATO) និង​គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Biden ក៏​នឹង​ផ្តោត​លើ​កិច្ច​ប្រឹងប្រែង​ពង្រីក​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​ដើម្បី​តទល់​នឹង​ប្រទេស​ចិន​ដែល​កំពុង​ជះ​ឥទ្ធិពល​លុប​លើ​គេ​កាន់តែ​ខ្លាំង និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​លោក Biden បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «លោក​ប្រធានាធិបតី Biden ឡើង​កាន់​តំណែង​ចំ​ពេល​ដែល​សម្ព័ន្ធភាព​របស់​អាមេរិក​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​រួច​ហើយ»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា៖ «ក្នុង​ពេល​ថ្លែង​សុន្ទរកថា លោក​ប្រធានាធិបតី Biden នឹង​គូសបញ្ជាក់​ថាតើ​សម្ព័ន្ធភាព​និង​ភាពជា​ដៃគូ​របស់​យើង​ខ្លាំងក្លា​បំផុត​មិនធ្លាប់​មាន​ពី​មុន​មក​កម្រិត​ណា​ដោយសារ​កិច្ចការ​របស់​យើង»។

មន្ត្រី​ដដែល​ថា លោក Biden ក៏​នឹង​រំលេច​ឲ្យឃើញ​ផងដែរ​ពី​របៀប​ដែល​លោក «ឈរ​ខាង​អ៊ីស្រាអែល​ពេល​ប្រទេស​នោះ​រង​ការ​វាយប្រហារ» តែ​មន្ត្រី​នោះ​មិន​បាន​លើកឡើង​អំពី​ការ​វិវឌ្ឍ​ណាមួយ​ឆ្ពោះ​ទៅរក​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្នុង​តំបន់​ហ្កាហ្សា​ទេ។

លោក Biden អាយុ ៨២ ឆ្នាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក៏​គ្រោង​ថ្លែង​សុន្ទរកថា​លាគ្នា​ចុងក្រោយ​ជា​ទូទៅ​ផងដែរ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​មុន​ពេល​លោក Trump វិល​មក​កាន់តំណែង​នេះ​ម្តងទៀត​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG