អ្នកសារព័ត៌មានរបស់ក្រុមហ៊ុនព័ត៌មាន CitizenNews របស់ទីក្រុងហុងកុង បានរិះគន់ការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅក្នុងទីក្រុងនេះ ខណៈដែលពួកគេ បានសម្រេចបិទសារព័ត៌មានរបស់គេ នៅថ្ងៃចន្ទនេះ ដោយនិយាយថា ពួកគេគិតថា នឹងលែងមានសុវត្ថិភាពតទៅទៀតហើយក្នុងការផ្សាយព័ត៌មានរបស់គេ បន្ទាប់ពីបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនដែលជាគូប្រជែងរបស់ខ្លួន ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ«បះបោរ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមហ៊ុនសារព័ត៌មាន CitizenNews ជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអនឡាញ ដែលមានប្រជាប្រិយភាពបំផុតមួយក្នុងចំណោមក្រុមហ៊ុនព័ត៌មានផ្សេងៗ ក្នុងទីក្រុងហុងកុង ដែលមានអ្នកគាំទ្រប្រមាណជាង៨សែននាក់ និងជាសារព័ត៌មានទី៣ដែលត្រូវបានបិទទ្វារ ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងគ្រប់គ្រងលើការបង្ក្រាបលើអ្នកប្រឆាំង។
នៅថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់ខ្លួន ក្រុមអ្នកយកព័ត៌មានរបស់ក្រុមហ៊ុន CitizenNews បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តបិទទ្វាររបស់ក្រុមហ៊ុននេះ គឺដោយសារតែការភ័យខ្លាច បន្ទាប់ពីក្រុមប៉ូលិសក្រុងហុងកុង បានវាយឆ្មក់ចូលឆែកឆេរ និងចាប់ខ្លួនបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនព័ត៌មាន Stand News កាលពីសប្តាហ៍មុននោះ។
សហស្ថានិករបស់ក្រុមហ៊ុនព័ត៌មាន CitizenNews លោក Chris Yeung និងជាអតីតប្រធានសមាគមអ្នកសារព័ត៌មានរបស់ទីក្រុងហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងបានព្យាយាមអស់ពីលទ្ធភាពរបស់យើងហើយក្នុងការមិនរំលោភច្បាប់ណាមួយ ប៉ុន្តែយើងមិនបានឃើញច្បាស់នូវបន្ទាត់នៃការអនុវត្តច្បាប់ ហើយយើងលែងមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការងាររបស់យើងហើយ។ លោកបន្ថែមទៀតថា «អ្នកសារព័ត៌មានក៏ជាមនុស្សដែលមានក្រុមគ្រួសារ និងមិត្តភ័ក្តនោះដែរ»។
លោក Yeung និយាយថា បន្ទប់ផ្សាយព័ត៌មានរបស់ក្រុមហ៊ុនលោក នៅមិនទាន់ត្រូវបានទាក់ទងដោយក្រុមអាជ្ញាធរអនុវត្តច្បាប់នោះទេ ប៉ុន្តែក្រុមហ៊ុន បានសម្រេចចិត្តថា ត្រូវបិទទ្វារដោយយោងទៅលើអ្វីដែលបានកើតឡើងទៅលើបណ្តាញផ្សាយព័ត៌មានផ្សេងនោះ។
ក្រុមហ៊ុនសារព័ត៌មានដែលរិះគន់មិនសំចៃមាត់ Apple Daily បានដួលរលំកាលពីឆ្នាំទៅ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានបង្កកហើយមេដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុនត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ក្រុងហុងកុងជុំវិញខ្លឹមសារនៃអត្ថបទដែលបានចេញផ្សាយក្នុងពេលកន្លងមក។
ដោយឡែកក្រុមហ៊ុនសារព័ត៌មាន Stand News បានបិទទ្វារកាលពីសប្តាហ៍មុន បន្ទាប់ពីបុគ្គលិកបច្ចប្បន្ន និងអតីតកាលរបស់ក្រុមហ៊ុននេះ ចំនួន៧នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួននោះ៕