តុលាការក្នុងក្រុងហាណូយនៅថ្ងៃទី២៣ ខែមីនាបានសម្រេចកាត់ទោសអ្នកកាសែត និងសាច់ញាតិម្នាក់ដែលព្យាយាមលាក់បាំងរូបលោកពីអាជ្ញាធរ។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) សកម្មជន និងអ្នកកាសែតឯករាជ្យដែលបង្ហោះព័ត៌មានក្នុងហ្វេសប៊ុក និងយូធូបត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងព្យួរទោសរយៈពេល ៥ ឆ្នាំពីបទ «ឃោសនាប្រឆាំងនឹងរដ្ឋ»។
តុលាការបានសម្រេចកាត់ទោសលោក ង្វៀន វ៉ាន់ សន (Nguyen Van Son) វ័យ ៦៦ ឆ្នាំដែលជាពូរបស់លោក ហ្ស៊ុងឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ប៉ុន្តែត្រូវព្យួរទោសនេះចំពោះការជួយលាក់បាំងអ្នកកាសែតរូបនេះពីប៉ូលិស។
បើយោងតាមមេធាវី និងគ្រួសារអះអាងថា លោក ហ្ស៊ុង បានបដិសេធការចោទប្រកាន់នេះ។
លោក Ha Huy Son ដែលជាមេធាវីការពារម្នាក់របស់លោក ហ្ស៊ុង បានពិពណ៌នាសេចក្តីសម្រេចរបស់តុលាការថាជា «សេចក្តីសម្រេចអយុត្តិធម៌ និងគ្មានមូលដ្ឋាន»។ លោកបានបន្ថែមថា ពួកគេនឹងប្តឹងឧទ្ធរណ៍។
លោក ហ្ស៊ុង អ្នកកាសែតវ័យ ៥១ ឆ្នាំ ឬត្រូវបានគេស្គាល់ថាឈ្មោះ ឡេ ហ្ស៊ុង វ៉ូវ៉ា (Le Dung Vova) ត្រូវបានចាប់ខ្លួនដោយសារតែសេចក្តីរាយការណ៍របស់លោកក្នុងខែមិថុនា ឆ្នាំ២០២១។ លោកបានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
សារព័ត៌មានរដ្ឋបានស្រង់ខ្លឹមសារនៃសាលក្រមនេះថា លោក ហ្ស៊ុង «បានផលិត និងបង្ហោះវីដេអូខ្លីៗចំនួន ១២ នៅលើអ៊ីនធឺណិត» នៅចន្លោះខែមីនា ឆ្នាំ២០១៧ និងខែកញ្ញា ឆ្នាំ២០១៨ ដែលរួមមានទាំងការឃោសនាប្រឆាំងនឹងរដ្ឋ ការបរិហាររដ្ឋាភិបាល ការផ្សាយព័ត៌មានមិនពិត ការបង្កឱ្យមានការភាន់ច្រឡំ និងការប្រមាថដល់ «កិត្តិយស និងកិត្យានុភាពរបស់មេដឹកនាំរដ្ឋ និងបក្ស»។
'វិទ្យុសំឡេងវៀតណាមដែលជាវិទ្យុគ្រប់គ្រងដោយរដ្ឋវៀតណាមបានស្រង់សេចក្តីថ្លែងការណ៍របស់លោក ហ្ស៊ុង ទៅកាន់តុលាការដែលលោកបាននិយាយថា វាគ្មានប្រយោជន៍នោះទេក្នុងការជជែកវែកញែកពីប្រព័ន្ធច្បាប់ក្នុងប្រទេសវៀតណាម។
លោក Ha Huy Son បានផ្តល់សេចក្តីថ្លែងការណ៍ទាំងមូលមកឱ្យ VOA។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក ហ្ស៊ុង បានថ្លែងថា ការចោទប្រកាន់ប្រឆាំងនឹងរូបលោកថា «គ្មានមូលដ្ឋានផ្លូវច្បាប់។ បទចោទនេះមិនគោរពតាមបទដ្ឋាន ឬនីតិរដ្ឋនោះទេ។ ខ្ញុំគ្មានកំហុសទេ»។
លោក ហ្សាំង ហ្ស៊ិញ ម៉ាញ់ (Dang Dinh Manh) ដែលជាមេធាវីមួយរូបទៀតរបស់លោកបានបង្ហោះសារនៅលើហ្វេសប៊ុក បន្ទាប់ពីសវនាការថា ខណៈដែលលោក ហ្ស៊ុង បានទទួលស្គាល់ពីការបង្ហោះខ្លឹមសារទាំងនោះនៅលើបណ្តាញសង្គម «លោកបានបដិសេធម្តងហើយម្តងទៀតលើទស្សនៈដែលថា ការថ្លែងក្នុងវីដេអូខ្លីៗទាំងនោះខុសច្បាប់»។
អ្នកស្រី ម៉ើយ ធី យូ ដែលជាភរិយារបស់លោក ហ្ស៊ុង បានប្រាប់ VOA ថា អ្នកស្រី និងម្តាយក្មេករបស់អ្នកស្រីមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការនោះទេ ទោះបីជាតុលាការបាននិយាយថា សវនាការនោះ «ត្រូវបានបើកជាសាធារណៈ» ក៏ដោយ។
តុលាការប្រជាជនក្រុងហាណូយមិនបានឆ្លើយតបភ្លាមៗលើការស្នើសុំអត្ថាធិប្បាយពី VOA នោះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីពេលមុនបានថ្លែងថា វៀតណាមគួរទម្លាក់ការចោទប្រកាន់ និងថា លោក ហ្ស៊ុងស្ថិតក្នុងចំណោមមនុស្សជាង ៦០ នាក់ដែលត្រូវបានកាត់ទោសដោយសារតែការបញ្ចេញមតិរបស់ពួកគេ។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំនៅអាស៊ីបានថ្លែងក្នុងសម្តីដើមថា៖ «អាជ្ញាធរវៀតណាមនៅតែចាត់ទុកការរិះគន់ដល់រដ្ឋាភិបាលថាជាការគំរាមកំហែងធ្ងន់ធ្ងរដែលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលយូរ»។
លោកបានបន្ថែមថា «ម្ចាស់ជំនួយអន្តរជាតិ និងដៃគូពាណិជ្ជកម្មរបស់វៀតណាមគួរតែគាបសង្កត់រដ្ឋាភិបាលក្រុងហាណូយឱ្យស្តាប់ការរិះគន់ជាជាងកាត់ទោសពួកគេ»។
ដោយមានសេរីភាពតិចតួចសម្រាប់ការរាយការណ៍ដោយឯករាជ្យនៅវៀតណាម អ្នកសរសេរប្លុក និងអ្នកកាសែតឯករាជ្យជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីធ្វើសេចក្តីរាយការណ៍ ឬអត្ថាធិប្បាយលើបញ្ហារសើប។
ប្រទេសនេះមានកំណត់ត្រាអាក្រក់បំផុតមួយលើសន្ទស្សន៍សេរីភាពសារព័ត៌មានសាកល ដែលជាប់ចំណាត់ថ្នាក់លេខ ១៧៥ ក្នុងចំណោម ១៨០ ប្រទេស ដែលចំណាត់ថ្នាក់លេខ១ជាប្រទេសដែលមានសេរីភាពបំផុត។ អង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders ដែលជាអង្គការឃ្លាំមើលសេរីភាពសារព័ត៌មានបានលើកឡើងថា ការចោទប្រកាន់លើការឃោសនាប្រឆាំងនឹងរដ្ឋ និងការបំពានសេរីភាពជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីចាប់អ្នករិះគន់ដាក់ពន្ធនាគារ។ មនុស្សជាច្រើនប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលយូរ។
សកម្មជនដែលត្រូវបានចាប់ខ្លួនក្នុងខែកក្កដាពីបទឃោសនាប្រឆាំងរដ្ឋបានចាញ់ការប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសលើរូបលោក។
មេធាវីរបស់លោក ហ្ស័រ ណាំ ជុង បានប្រាប់ VOA ថា តុលាការឧទ្ធរណ៍ក្នុងខេត្ត ណាំ ហ្ស៊ិញ (Nam Dinh) បានតម្កល់ការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងការព្យួរទោស ៤ ឆ្នាំចំពោះសកម្មជនសិទ្ធិមនុស្សលោក ហ្ស័រ ណាំ ជុង។
លោកមេធាវី ហ្សាំង ហ្ស៊ិញ ម៉ាញ់ បានថ្លែងថា «នេះជាសាលដីកាអយុត្តិធម៌»។ លោកបានបន្ថែមថា ក្នុងក្រមព្រហ្មទណ្ឌវៀតណាម ការបំពានការបញ្ចេញមតិគួរត្រូវកាត់ទោសក្រោមបទចោទស៊ីវិលតែប៉ុណ្ណោះ។
លោកមេធាវី ម៉ាញ់ បានថ្លែងក្នុងសម្តីដើមថា «លោក ជុង នៅតែប្រកាន់ទស្សនៈថា ការថ្លែងរបស់លោកនៅក្នុងវីដេអូខ្លីៗ និងអត្ថបទរបស់លោកគឺជាការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលផ្តល់ឱ្យដោយរដ្ឋធម្មនុញ្ញ និងនៅតែជឿថា សេចក្តីសម្រេចនេះមិនត្រឹមត្រូវ»។
លោកជុង វ័យ ៤០ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ចំពោះការបង្ហោះវីដេអូខ្លីៗចំនួន ៦ ដែលអាជ្ញាធរនិយាយថា «ជាខ្លឹមសារបកស្រាយខុស» និង «បរិហាររដ្ឋាភិបាល»។ នេះបើយោងតាមសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ។
នៅខែធ្នូ តុលាការបានសម្រេចកាត់ទោសឱ្យលោកជាប់ពន្ធនាគារ។
លោក Robertson បានថ្លែងថា៖ «វៀតណាមជាទម្លាប់កាត់ទោសប្រជាជនចំពោះការបញ្ចេញទស្សនៈរបស់ពួកគេដែលរិះគន់ដល់រដ្ឋាភិបាល ហើយការធ្វើបែបនេះធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសគ្រោះថ្នាក់បំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់សកម្មជនសិទ្ធិមនុស្ស»។
លោកបានបន្ថែមថា «អាជ្ញាធរគួរតែដោះលែង [លោក (ជុង) ជាបន្ទាន់ និងគ្មានលក្ខខណ្ឌចំពោះការបញ្ចេញមតិរបស់លោកអំពីរដ្ឋាភិបាល។ វៀតណាមក៏គួរតែលុបចោលបទចោទ «ការឃោសនាប្រឆាំងរដ្ឋ» ដែលត្រូវបានគេប្រើប្រាស់ជារឿយៗដើម្បីបង្ក្រាបអ្នករិះគន់រដ្ឋាភិបាល ជាបន្ទាន់ផងដែរ»៕