រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើកទូលាយក្នុងការពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បន្ទាប់ពីលោក Trump បាននិយាយថាជំនួបរវាងលោកនិងលោក Putin កំពុងរៀបចំឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump ដែលនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ បាននិយាយថាលោកអាចធ្វើឱ្យសង្គ្រាមជិត ៣ ឆ្នាំកន្លងមករវាងរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់ឆាប់ៗ ប៉ុន្តែលោកមិនបានផ្ដល់នូវផែនការជាក់លាក់អំពីការលើកឡើងរបស់លោកនេះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «លោកប្រធានាធិបតី [Putin] បានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីការបើកទូលាយរបស់លោកក្នុងការទាក់ទងជាមួយនឹងមេដឹកនាំបរទេសនានាដែលក្នុងនោះរួមទាំងប្រធានាធិបតីអាមេរិកក៏ដូចជាលោក Donald Trump ផងដែរ»។
លោក Trump បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាជំនួបជាមួយនឹងលោក Putin កំពុងរៀងចំឡើង។
លោកបាននិយាយនៅក្នុងការប្រជុំមួយជាមួយនឹងអភិបាលរដ្ឋនានាខាងបក្សសាធារណរដ្ឋនៅភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងក្រុង Palm Beach រដ្ឋ Florida ថា៖ «លោក [Putin] ចង់ជួប ហើយយើងកំពុងរៀបចំជំនួបនេះឡើង»។
លោកបានបន្ថែមថា៖ «លោកប្រធានាធិបតី Putin ចង់ជួបដោយលោកបាននិយាយដូច្នេះជាសាធារណៈ ហើយយើងត្រូវតែបញ្ចប់សង្គ្រាមច្របូកច្របល់ដ៏បង្ហូរឈាមនេះ»។
លោក Peskov បានបញ្ជាក់កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរុស្ស៊ីស្វាគមន៍ «ការត្រៀមលក្ខណៈ» របស់លោក Trump «ក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា»។ លោកបានបន្ថែមថា រុស្ស៊ីមិនមានលក្ខខណ្ឌកំណត់ទុកមុនសម្រាប់ការចាប់ផ្ដើមជំនួបនេះទេ៕
វេទិកាបញ្ចេញមតិ