អ្នកកាសែតថតរូបក្នុងស្រុកម្នាក់ដែលមិនធ្វើការឲ្យអង្គភាពណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានស្លាប់នៅក្នុងការឃុំឃាំងរបស់ពួកយោធា បន្ទាប់ពីបានត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងរាយការណ៍ពីការតវ៉ាប្រឆាំងមួយ។ នេះ បើតាមសហការី និងមិត្តភក្តិរបស់ក្រុមគ្រួសារលោក បញ្ជាក់កាលពីថ្ងៃអង្គារ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AP។
លោក Soe Naing ជាអ្នកកាសែតលើកដំបូងដែលត្រូវបានគេដឹងថា បានស្លាប់នៅក្នុងការឃុំឃាំង ចាប់តាំងពីពួកយោធាបានដណ្តើមកាន់កាប់យកអំណាចកាលពីខែកុម្ភៈមក ដោយបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ចេញពីអំណាច។ អ្នកកាសែតជាង១០០នាក់ បានត្រូវឃុំខ្លួនចាប់តាំងពីពេលនោះមក ថ្វីបើចំនួនពាក់កណ្តាលនៃចំនួនទាំងនោះ បានត្រូវដោះលែង។
លោក Soe Naing ដែលជាអ្នករចនាក្រាហ្វិក និងជាអ្នកកាសែតដែលមិនធ្វើការឲ្យអង្គភាពណាមួយ បានត្រូវចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលលោកនិងសហការីម្នាក់ទៀត បានស្ថិតនៅកណ្តាលក្រុងរ៉ង់ហ្គូនដើម្បីថតរូបក្នុងអំឡុងពេលនៃ«កូដកម្មស្ងៀមស្ងាត់»ដែលត្រូវបានអំពាវនាវឡើងដោយពួកអ្នកប្រឆាំងការគ្រប់គ្រងរបស់ពួកយោធា។ ព្រឹត្តិការណ៍នោះ ជាការតវ៉ាប្រឆាំងដ៏ធំបំផុតទូទាំងប្រទេសក្នុងរយៈពេលជាច្រើនខែ ហើយនៅតាមផ្លូវនានាស្ទើរតែគ្មានមនុស្ស នៅពេលដែលមនុស្សធ្វើទៅតាមការអំពាវនាវឱ្យនៅផ្ទះ ហើយអាជីវកម្មនានា បានបិទទ្វារអស់រយៈពេល៦ម៉ោង។
លោក Soe Naing មិនមែនជាអ្នកជាប់ឃុំលើកដំបូងដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលនោះទេ។ ចំនួនអ្នកស្លាប់មិនច្បាស់លាស់ ក៏ប៉ុន្តែអ្នកជាប់ឃុំឃាំងផ្សេងទៀតដែលត្រូវគេរាយការណ៍ថាបានស្លាប់ខណៈដែលស្ថិតនៅក្នុងការឃុំឃាំងនោះ រួមមានសកម្មជននយោបាយនិងសមាជិករបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី Aung San Suu Kyi។ ក្នុងករណីជាច្រើនដែលគេអាចឃើញសាកសព គេឃើញមានស្លាកស្នាមដែលបានប្រាប់ឲ្យដឹងថា បុគ្គលទាំងនោះត្រូវបានគេធ្វើទារុណកម្ម។ នេះបើតាមក្រុមសកម្មជនសិទ្ធិមនុស្ស៕