អ្នកកាសែតនិងក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលរបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មានតាមរយៈការបង្កើតបទបញ្ញតិ្តផ្សេងៗ និងបានទទូចឱ្យរដ្ឋាភិបាលផ្តល់នូវសេរីភាពពេញលេញដល់អ្នកសារព័ត៌មានវិជ្ជាជីវៈដែលកំពុងធ្វើការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន២៦ស្ថាប័នបានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល» ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅរាជធានីភ្នំពេញ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា (CamboJa) លោក ណុប វី ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល»នេះគឺត្រូវបានពិភពលោកទាំងមូលយកទៅពិភាក្សា ពោលគឺមិនមែនធ្វើតែនៅក្នុងប្រទេសកម្ពុជាទេ។
លោកបន្ថែមថា ការផ្សព្វផ្សាយដំណឹងតាមប្រព័ន្ធឌីជីថលនេះកំពុងតែមានការពេញនិយមសម្រាប់អ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិសារព័ត៌មានរូបនេះកត់សម្គាល់ថា សេរីភាពសារព័ត៌មានប្រព័ន្ធឌីជីថលនៅកម្ពុជាហាក់មិនមានភាពទូលំទូលាយនោះទេ ខណៈរដ្ឋាភិបាលបាននិងកំពុងរៀបចំបង្កើតច្បាប់ក៏ដូចជាអនុក្រឹត្យមួយចំនួន ដែលអាចបង្កផលប៉ះពាល់ដល់សិទ្ធិ និងសេរីភាពផ្សព្វផ្សាយដំណឹងតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។
លោកផ្តល់សេចក្តីពន្យល់បន្ថែមថា៖ «ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏កំពុងតែរៀបចំនូវច្បាប់មួយចំនួនក៏ដូចជាអនុក្រឹត្យមួយចំនួន ដែលធ្វើឱ្យយើងមានការព្រួយបារម្ភថា វាអាចនឹងធ្វើឱ្យមានការរួមតូចទៅដល់សេរីភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ហ្នឹងទី១។ ទី២ អាចនឹងធ្វើឱ្យមានការរឹតត្បិតឬមួយក៏ប្រឆាំងជាមួយនឹងអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផ្សព្វផ្សាយព័ត៌មាន។ អ៊ីចឹងហើយបានជាកន្លងមក យើងតែងតែទទូច ទាមទារឱ្យមានការបើកកិច្ចពិភាក្សាទូលំទូលាយរវាងអ្នកធ្វើគោលនយោបាយជាមួយអង្គការសង្គមស៊ីវិលពាក់ព័ន្ធក៏ដូចជាអង្គការសារព័ត៌មានហ្នឹង»។
ដំណាលគ្នានឹងការប្រារព្ធទិវាសាកលនេះ កិច្ចពិភាក្សាជជែកដេញដោលត្រូវបានធ្វើឡើងដោយមានការចូលរួមពី អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល សិស្សនិស្សិត តំណាងរដ្ឋាភិបាល និងស្ថានទូត តំណាងដៃគូអភិវឌ្ឍន៍ដើម្បីឈ្វេងយល់ អំពី ផលប៉ះពាល់នៃអនុក្រឹត្យច្រកទ្វារអ៊ីនធើណិតជាតិ (NIG) និងអនុ ក្រឹត្យទិន្នន័យអត្តសញ្ញាណផ្ទាល់ខ្លួន (PIG) លើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិទទួលបានព័ត៌មាន និងការរាយការណ៍អំពីការបោះឆ្នោត និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន និងការទុកជឿទុកចិត្តជាសាធារណៈ។
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ CCIM លោក អ៊ិត សូធឿត ដែលចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកកាលពីថ្ងៃច័ន្ទ និយាយថា សារព័ត៌មានឌីជីថលគឺជាទំនោរមួយថ្មីដែលក្នុងការបើកដំណើរការមានភាពងាយស្រួលជាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជាកាសែត និងវិទ្យុជាដើម។
ក៏ប៉ុន្តែ លោកថា ស្ថាប័នព័ត៌មានតាមប្រព័ន្ធឌីជីថលដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលគឺមានច្រើនគួរឱ្យកត់សម្គាល់ គ្រាសារព័ត៌មានតាមប្រព័ន្ធឌីជីថលដែលចេញផ្សាយសេចក្តីរាយការណ៍ឯករាជ្យ និងមានលក្ខណៈរិះគន់ពីភាពឆកល្វែងរបស់រដ្ឋាភិបាលគឺមានតិចតួច ហើយថែមទាំងរងការគំរាមកំហែង ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ផ្សេងៗផងដែរ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖«យើងឃើញថាមិនថា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាប្រពៃណីឬក៏ប្រព័ន្ធផ្សព្វផ្សាយអនឡាញទេ យើងឃើញថា ភាគច្រើនគឺស្ថាប័នដែលមាននិន្នាការគាំទ្រទៅលើរដ្ឋាភិបាលដូចជាមានចំនួនច្រើនលើសលប់។ ហ្នឹងទី១។ ទី២ សារព័ត៌មានដែលមានការរិះគន់ទៅលើរដ្ឋាភិបាលនៅតែរងបញ្ហាប្រឈមផ្សេងៗ ដូចជាសារព័ត៌មានដែលគាត់ហ៊ានរិះគន់រដ្ឋាភិបាលឬក៏មន្ត្រីគ្រប់លំដាប់ថ្នាក់ហ្នឹងគឺបន្តបន្ទាប់គាត់តែងតែរងការបង្ខំឱ្យបិទឬក៏ត្រូវក្រុមហ៊ុនអ៊ីនធើណិតបិទមិនឱ្យដំណើរការ website [គេហទំព័រ]ហ្នឹងនៅក្នុងប្រទេសកម្ពុជា»។
កាលពីខែមេសា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍ថ្មីមួយដោយបង្ហាញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មានបាន«រងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ» នៅចន្លោះខែកញ្ញា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១។
របាយការណ៍ជាភាសាខ្មែរ កម្រាស់៦៦ទំព័រ ចេញផ្សាយនៅខែមេសានេះ ឱ្យដឹងថា ស្ថាប័នសារព័ត៌មានចំនួន៧ ត្រូវបានដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានយ៉ាងហោចណាស់៩នាក់ និងអ្នកការពារសិទ្ធិមនុស្ស១៧នាក់ ទទួលរងនូវផលប៉ះពាល់ពី«ការគាបសង្កត់មិនឈប់ឈរ» និង«គោលការណ៍មិនអត់ឱនចំពោះមតិរិះគន់ពីសំណាក់រដ្ឋាភិបាល»។
របាយការណ៍ដដែលឱ្យដឹងថា ការគាបសង្កត់នោះនៅក្រោមរូបភាពប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ដូចជាការកោះហៅដោយអាជ្ញាធរ ការសួរចម្លើយ ការចាប់ខ្លួន ការឃុំខ្លួន ការបង្ខំឱ្យចុះកិច្ចសន្យា ការចោទប្រកាន់ និងការផ្តន្ទាទោស។
ចាងហ្វាងគេហទំព័រកម្ពុជាថ្ងៃនេះ លោក ទូច យុទ្ធា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ស្ថាប័នព័ត៌មានដែលហ៊ានរិះគន់ពីភាពអសកម្មក៏ដូចជាសម្មភាពអវិជ្ជមានរបស់រដ្ឋាភិបាល និងមន្ត្រីខិលខូចគឺនៅតែរងការគំរាមកំហែង រឹតត្បិត រហូតឈានដល់ការដកអាជ្ញាបណ្ណផងដែរ។ តួយ៉ាង ស្ថាប័នព័ត៌មានរបស់លោកត្រូវបានក្រសួងព័ត៌មានដកហូតអាជ្ញាបណ្ណដោយសារតែចុះផ្សាយអំពីការដេញថ្លៃសម្ភារៈផ្គត់ផ្គង់នៅក្រសួងការងារដែលមានលក្ខណៈមិនប្រក្រតី ដែលអាចនាំឱ្យមានការបាត់បង់ថវិកាជាតិយ៉ាងច្រើននៅក្នុងមួយឆ្នាំៗ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌថ្លែងថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលថា ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញត្រូវបានរឹតត្បិតនោះ ជាការលើកឡើង ដែលពុំត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតអំពីបរិយាកាសនៃការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។
លោកផ្តល់ការអត្ថាធិប្បាយតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមក្នុងន័យដើមថា៖«សេរីភាព សារព័ត៌មាន នៅព្រះ រាជាណាចក្រកម្ពុជា ត្រូវបានធានា ការពារយ៉ាងគត់មត់ ដោយច្បាប់របប សារព័ត៌មាន ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានាស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានគ្រប់និន្នាការ និងភាពចម្រុះ អាចបំពេញ តួនាទី ភារកិច្ច និងអនុវត្តសេរីភាពរបស់ពួកគេ ដោយសេរី និងស្មើភាពគ្នា បានគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ កម្ពុជា និងពុំមានការរើសអើង ឬបំពានសិទ្ធិ សេរីភាព ឬរឹតត្បិតដូចការ លើកឡើង របស់ អង្គការទាំងនេះ នោះទេ»។
កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី១៤៤ ក្នុងចំណោម១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសាកលឆ្នាំ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ អង្គការនេះឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៤២ក្នុងចំណោម១៨០ប្រទេស៕