ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីកម្ពុជា៖ អាជីវកម្ម​ប្រេង​នឹង​បន្ត​ទៅ​មុខ ក្រោយ​រដ្ឋាភិបាល​លក់​ប្រេង​ឆៅ​បាន ១៤,២ លាន​ដុល្លារ


រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញសកម្មភាពទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)
រូបឯកសារ៖ រូបថតដែលផ្សព្វផ្សាយដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បង្ហាញឲ្យឃើញសកម្មភាពទាញយកប្រេងនៅឈូងសមុទ្រកម្ពុជា។ (AFP/ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល)

ប្រទេស​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ទាញ​បាន​ចំណូល​ពី​ការ​លក់​ប្រេងឆៅ​ក្នុង​ទឹក​ប្រាក់ជាង ១៤,២​ លាន​ដុល្លារ​អាមេរិក​ ក្រោយ​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បាន​ធ្វើ​ឱ្យ​របូត​បាត់​ប្រេង​ឆៅជិត ៣០​ ម៉ឺន​បារ៉ែល​កាលពី​ឆ្នាំ​មុន​ ក្នុង​ពេលរក​ឃើញ​ដំណក់​ប្រេង​ជាលើក​ដំបូង។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​មួយ​រូប នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

នៅ​ក្នុង​ការ​អត្ថាធិប្បាយ​មួយ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ លោក​ ម៉េង សក្តិធារ៉ា បាន​រៀបរាប់​ថា បន្ទាប់​ពីការ​ប្រកាស​ក្ស័យធន​របស់​ក្រុម​ហ៊ុន​ KrisEnergy​ និង​ការ​ចាក​ចេញ​របស់​កប៉ាល់​ផ្ទុក​ប្រេង​ពី​កម្ពុជា​ កាលពី​ឆ្នាំ​មុន​នោះ​ ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ត្រូវបាន​មតិ​ភាគច្រើន​ចាត់​ទុក​ថា​ ជា​បរាជ័យ​របស់​កម្ពុជា​នៅក្នុង​ដំណើរ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ ហើយ​បាន​បាត់​បង់​ធនធាន​ទាំងនេះ​ទាំងស្រុង។

ក៏​ប៉ុន្តែ​លោក​បន្ត​ថា កម្ពុជា​មិនបាន​ធ្វើ​ឱ្យ​បាត់​ប្រេងឆៅ​ដែល​ផលិត​បាន​ទាំង​អស់​ទេ ហើយ​តាម​រយៈ​ការ​តស៊ូតាម​ផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ​ និង​កា​រចរចា​ពាណិជ្ជកម្ម​ដ៏​ស្វិតស្វាញ​ កម្ពុជា​រក្សា​ការ​ពារ​បាន​នូវ​កម្មសិទ្ធ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ពេញលេញ​ ក្នុង​នាម​ជា​ម្ចាស់​ធនធាននេះ។

លោក ម៉េង សក្តិធារ៉ា​ បកស្រាយ​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ប្រេង​ឆៅ​នេះត្រឡប់​មក​វិញ ​ប្រេងឆៅ​ដែល​អាច​បូម​លក់​បាន​មាន​ចំនួន​សរុប​ជាង​ ២៨ ម៉ឺន​បារ៉ែល ហើយ​ត្រូវបាន​ប្រគល់​ជូន​រដ្ឋាភិបាល​ ដើម្បី​ចាត់​ចែង​លក់​ និងទូទាត់​ចំណែក​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​។

បើ​តាម​លោក ម៉េង​ សក្តិធារ៉ា កម្ពុជា​បានលក់​ប្រេង​ឆៅ​របស់​ខ្លួន​ ដោយ​ជោគជ័យ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២២ កន្លងទៅ​ ដោយ​ទទួលបាន​ចំណូលជាង​ ២៥​ លាន​ដុល្លារ​អាមេរិក។ ក្រោយ​ការ​កាត់​កង​ថ្លៃឈ្នួល​ទីផ្សារ និង​ចំណាយ​ពាក់​ព័ន្ធផ្សេង​ទៀត ​មានទាំង​ការ​ដឹក​ជញ្ជូន​ និង​ការ​ធានារ៉ាប់​រង​នោះ ចំណូល​ដែលនៅ​សល់​គឺ​ជាង ​២០ លាន​ដុល្លារ​ ដែល​នាំ​ឱ្យ​ភាគី​រដ្ឋាភិបាល​ទទួល​បាន ​៧០ ភាគរយ​គឺ​ស្មើនឹង​ជាង ១៤,២ លាន​ដុល្លារ​អាមេរិក។

បន្ថែម​លើនេះ​ លោក​ថា រដ្ឋាភិបាល​ក៏​ទទួលបានកប៉ាល់​ផលិតកម្មប្រេង ដែល​មាន​ស្រាប់​ នៅទីតាំង​ផលិតកម្ម​នៅក្នុង​តំបន់​ផ្លាតហ្វម A (Platform A) នៅប្លុក A នា​ពេល​បច្ចុប្បន្ននេះ​ និង​សាច់ប្រាក់​បន្ថែម​ទៀតចំនួន​ ៥ លានដុល្លារអាមេរិក​ ដែល​បាន​ពី​ការ​រឹប​អូស​ប្រាក់​តម្កល់​ធានា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ KrisEnergy ​ដែល​បាន​តម្កល់​ពី​មុន​ពេល​ប្រកាស​ក្ស័យ​ធន។

លោក​ ម៉េង​ សក្តិធារ៉ា លើក​ឡើងថា៖ «ដំណើរ​ផលិតកម្ម​ប្រេង​របស់​កម្ពុជា​ មិន​បញ្ចប់​ដោយ​ការ​ក្ស័យ​ធន​របស់​ក្រុមហ៊ុន​ KrisEnergy​ ទេ»​។

លោក​បន្ត​ថា ជាមួយ​ប្រព័ន្ធ​ស្ថាប័នភ័ណ្ឌ [ឬទីតាំង​ដាក់​ឧបករណ៍] ដែល​មាន​រួច​ហើយ​ និង​ទុន​ដំបូង​ដែល​បាន​ពី​ការ​លក់​ប្រេង​ខាងលើ​ រដ្ឋ​អាច​បន្ត​ដំណើរ​កា​រផលិត​ប្រេង​ ដែល​នៅ​សល់​តាម​អណ្តូង​ប្រេង​ទាំង​ប្រាំ​ ប្រមាណ​ជាង​ ១០ ម៉ឺនបារ៉ែល​បន្ត​ទៀត​ និង​អាច​ខួង​អណ្តូង​ប្រេង​កាត​បន្ថែម​ដើម្បី​ផលិត​ប្រេង​នៅ​តំបន់​មួយ​ចំនួន​ទៀត​ ក្រៅពី តំបន់​ Platform A​ នេះបន្ត​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ លោក ប៉ិច ពិសី សាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​របស់ខ្លួន​មកវិញ​ ហើយ​បាន​ជំរុញរដ្ឋាភិបាលឱ្យ​មាន​តម្លាភាព​ពាក់ព័ន្ធ​ជាមួយ​ការ​ដេញ​ថ្លែ​រក​ក្រុមហ៊ុន ដែល​មាន​សមត្ថភាព​ដើម្បីរុករក​ប្រេង​បន្តទៀត។

លោកបន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ថា​ អ្វីដែល​ខ្លួន​ធ្វើក្នុង​អាជីវកម្ម​ប្រេង​នេះ​ គឺស្រប​ទៅ​តាម​ច្បាប់​ដែល​មានស្រាប់​ ដើម្បី​កុំឱ្យ​មន្ត្រីពាក់​ព័ន្ធមាន​គំនិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កេង​យក​ចំណូល​ជាតិ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ច្បាប់​យើង​មាន​ យើង​អនុវត្តច្បាប់​ឱ្យបាន​ត្រឹម​ត្រូវ។ហើយ​ធម្មតា​នៅក្នុង​ច្បាប់​ហ្នឹង គេ​បាន​ចែង​ច្បាស់​ណាស់​ពី​ជំហាននីមួយៗ​នៃ​ការ​ដេញ​ថ្លៃ​តាំងពីការ​ផ្សព្វផ្សាយ​ ការ​បែង​ចែក​ព័ត៌មាន ការ​ដាក់​ពាក្យ និង​គណៈកម្ម​ការ​អី​ជាដើម។​ គេ​មាន​នីតិវិធីជាក់លាក់​ហើយ។ អ៊ីចឹង​យើង​ដើរតាម​តែ​នីតិវិធីហ្នឹង​ ហើយកុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​កើត។ ប្រហែល​ជាយើង​អាច​រើស​បាន​ក្រុមហ៊ុន​ល្អ មានន័យ​ថា ក្រុមហ៊ុនដែល​មាន​សោភ័ណភាព»។

​វីអូអេមិន​ទាន់​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយពី​រដ្ឋលេខា​នៃ​ក្រសួងរ៉ែ​និងថាមពល​លោក ម៉េង សក្តិធារ៉ា​ តាម​ទូរសព្ទ​បាន​នៅឡើយ​ទេ​ នៅថ្ងៃ​ពុធនេះ។​

គួរបញ្ជាក់​ផងដែរថា​ កម្ពុជា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ KrisEnergy Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ នៅ​ក្នុងការ​រុក​រក​ប្រេងកាត​ក្នុង​ដែន​សមុទ្រកម្ពុជា​ ដែល​មាន​ទំហំ​ ៤.៧០៩​ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០២១ ក្រុមហ៊ុន ​KrisEnergy ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន​នៅ​កម្ពុជា​ឈ្មោះ KrisEnergy Cambodia បាន​ប្រកាស​ក្ស័យធន ក្រោម​ហេតុផលថា បរិមាណ​ផលិតកម្ម​ប្រេងដែល​រក​ឃើញ​នោះ មិន​ដល់​កម្រិត​ដែល​រំពឹង​ទុក។

បន្ទាប់ពីការ​ប្រកាស​ក្ស័យធន​នោះ​ មាន​សេចក្តីរាយការណ៍​មួយចំនួន​ថា ប្រេងឆៅ​ជិត​ ៣០ ​ម៉ឺនបារ៉ែល ត្រូវបាន​គេ​លួច​ដឹក​តាម​កប៉ាល់ចេញ​ពី​កម្ពុជា។ ក្រោយ​មក​កប៉ាល់​ដែល​សង្ស័យ​ថា​ដឹកប្រេង​ចេញ​ពីកម្ពុជា​នោះ​ ត្រូវ​បាន​គេរកឃើញ​ថា​មាន​ឈ្មោះ MT Strovolos ហើយត្រូវបាន​ឃាត់​ទុក​ដោយ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី នៅ​តំបន់​ដែន​សមុទ្រ​កោះ​ស៊ូម៉ាត្រា​ កាលពី​ខែ​កក្កដា ​ឆ្នាំ​ ២០២១៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG