ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ កម្ពុជា​​​ទទួល​បាន​តំណក់​ប្រេង​ដំបូង ហើយ​គ្រោង​យក​ថវិកា​ពី​ប្រេង​ជួយ​វិស័យ​អប់រំ​និង​សុខាភិបាល


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ពាក់មួកស) ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ឆ្លង​ទៅ​ទន្លេ​បាសាក់ ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​ កម្ពុជាទទួល​បានតំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ទន្ទឹង​រង់ចាំ និង​ការ​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ដែល​ធ្វើ​នៅ​ផ្ទះ​របស់​លោក​នៅ​ក្រុងតាខ្មៅ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក និង​សារព័ត៌មាន​ក្នុង​ស្រុក។

ជាមួយ​ការ​ប្រកាសថា​តំណក់​ប្រេង​ជា​«ពរជ័យ»មួយ​សម្រាប់​បង្កើន​ចំណូល​ជាតិ និង​កើត​ចេញ​ពី​នយោបាយ​ឈ្នះ-ឈ្នះ លោក ហ៊ុន សែន បាន​ថ្លែង​ថា​ លោក​នឹង​យក​ថវិកា​ដែល​បាន​ពីប្រេង​នេះ ទៅ​ជួយផ្នែក​អប់រំ និង​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា។ លោក​មាន​ប្រសាសន៍​បែប​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បារម្ភ​អំពីអំពើ​ពុក​រលួយ​ក្នុងការ​ចាត់​ចែង​ថវិកាបាន​មក​ពី​ប្រេង​នេះ។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «អត់​ទាន់​មាន​ប្រេង​ផង មក​ព្រួយ​បារម្ភ​ចាយ​លុយ​ប្រេង ដោយ​គេ​យក​ពិសោធន៍​នៅ​ប្រទេស​នីហ្សេរីយ៉ា [Nigeria]​។ ប្រទេស​មាន​ប្រេង បែរ​ជា​ក្រីក្រ ដោយសារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ចាយ​លុយ»។

តំណក់​ប្រេង​ក្នុង​ប្លុក​A ដែល​មាន​ចម្ងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ព្រះ​សីហនុ ​ជា​ការ​រុក​រក​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅសិង្ហបុរី​ឈ្មោះ KrisEnergy ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀងជាមួយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០​១៧​ ក្នុង​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក​A​នៃ​ដែន​សមុទ្រ​កម្ពុជា ដែលមាន​ផ្ទៃ​ក្រឡា​ប្រមាណ​៣​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ។

បើ​តាម​លោក ហ៊ុន សែន តំណក់​ប្រេង​ដំបូង​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​វិមាន​ឈ្នះ-ឈ្នះ នៅ​រាជ​ធានី​ភ្នំពេញ។ នៅក្នុង​ដែន​សមុទ្រ កម្ពុជា​មាន​៦​ប្លុក​ដែល​អាចរុក​រក​ប្រេង​បាន​នៅ​ពេល​ខាង​មុខ បន្ថែម​ពី​តំបន់​ត្រួត​ស៊ីគ្នា​ជាមួយ​នឹង​ប្រទេស​ថៃ ដែល​ប្រទេស​ទាំង​ពីរ​នឹង​ខិត​ខំ​បន្ត​ការ​ចរចា​ជាមួយ​គ្នា។

កាល​ពី​ខែ​មេសា ឆ្នាំ​២០២០ លោក ជៀប សួរ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាលកម្ពុជា​កំពុង​រង់ចាំអ្នក​វិនិយោគ​ផ្សេង​ទៀត​មក​វិនិយោគ​លើ​ប្លុក​៤​ទៀត គឺប្លុកB ប្លុកC ប្លុកEនិង​ប្លុកF៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG