រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពលជាតំណាង បានចុះហត្ថលេខាជាមួយក្រុមហ៊ុន KrisEnergy Group កាលពីថ្ងៃពុធនេះ ដើម្បីបើកផ្លូវឲ្យមានការអភិវឌ្ឍអណ្តូងប្រេងកាតក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
ការចុះហត្ថលេខានេះកើតមានឡើង បីឆ្នាំក្រោយពីក្រុមហ៊ុន KrisEnergy Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីទិញភាគហ៊ុនពីក្រុមហ៊ុន Chevron របស់អាមេរិក កាលពីឆ្នាំ២០១៤ ពេលដែលការស្រាវជ្រាវរកធនធានប្រេងពិតប្រាកដនៅបន្តធ្វើឡើងនៅក្នុងប្លុកនានានៃដែនសមុទ្រខ្មែរ។
លោក Kelvin Tang នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន KrisEnergy បានប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុននានាថា ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយឧបករណ៍ ជាមួយបច្ចេកវិទ្យា និងក្រុមការងារជាមួយបទដ្ឋានត្រឹមត្រូវ នៅក្នុងការបង្កើតអណ្តូងប្រេងនៅកម្ពុជា ក្នុងរយៈពេល២៤ ខែទៅមុខទៀត។
«ភ្លាមៗក្រោយការចុះហត្ថលេខានេះ យើងនឹងប្រកាសអំពីការសម្រេចចិត្តវិនិយោគចុងក្រោយ ហើយបន្តធ្វើការឈានដល់ផ្តល់ប្រេងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល២៤ខែ ដូច្នេះវាអាចកើតឡើងនៅពេលណាមួយនាចុងឆ្នាំ២០១៩។ នេះគឺជាការបោះជំហានដ៏ធំមួយ»។
លោក Kelvin Tang បន្តថា ក្រុមហ៊ុន KrisEnergy នឹងធ្វើកិច្ចការនេះប្រកបដោយក្តី មោទនៈ ដើម្បីជួយកម្ពុជាឲ្យមានទីកន្លែងសម្រាប់បូមប្រេង។ លោក Kelvin ក៏បានសន្យាថា នឹងធ្វើឲ្យជំនួញបូមប្រេងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាប្រព្រឹត្តដោយតម្លាភាព និងស្មោះត្រង់ចំពោះប្រជាពលរដ្ឋខ្មែរ។
«យើងចាំបាច់ត្រូវមានវិន័យ និងលក្ខខណ្ឌ ដើម្បីរាយការណ៍រាល់ព្រឹត្តិការណ៍សំខាន់ៗទៅកាន់អ្នកពាក់ព័ន្ធទាំងអស់។ នៅពេលដែលមានការកែប្រែនានានៅក្នុងជំនួញរបស់យើង។ លក្ខខណ្ឌរបស់យើង ឬម្ចាស់ភាគហ៊ុន យើងនឹងរាយការណ៍ភ្លាមៗ»។
ក្រោយពីពិធីចុះហត្ថលេខានោះ លោក Kelvin បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រុមហ៊ុនលោកមិនទាន់អាចទម្លាយឲ្យដឹងនូវចំនួនទុនវិនិយោគទៅលើការអភិវឌ្ឍអណ្តូងប្រេងនោះឡើយ ដោយសារក្រុមហ៊ុនកំពុងរៀបចំដេញថ្លៃ សម្រាប់ដំណើរការវិនិយោគរបស់ខ្លួន ខណៈដែលអាជីវកម្មនេះមានលក្ខណៈប្រកួតប្រជែង។ លោកថា ក្រុមហ៊ុនលោកកំពុងស្វែងរកដៃគូវិនិយោគបន្ថែមទៀត សម្រាប់ការលក់ប្រេង ហើយក៏ត្រៀមចាំជួយរដ្ឋាភិបាលកម្ពុជាក្នុងការតាក់តែងបទបញ្ញត្តិផ្សេងៗដើម្បីធានាថា អាជីវកម្មផលិតប្រេងឆៅនេះនឹងដំណើរការប្រកបដោយគណនេយ្យភាព ចៀសផុតពីហានិភ័យនានា។
ក្រុមហ៊ុន Chevron Overseas Petroleum (Cambodia) Ltd ដែលបានធ្វើការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ បានសម្រេចដកការបណ្តាក់ទុននៅកម្ពុជាកាលពីឆ្នាំ២០១៤ ហើយបានលក់ភាគហ៊ុនរបស់ខ្លួនទាំងមូល សរុបចំនួន៣០ភាគរយទៅឲ្យក្រុមហ៊ុនដៃគូគឺ KrisEnergy Ltd របស់ប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy រួមជាមួយក្រុមហ៊ុនចំនួនពីរទៀតគឺ Moeco Cambodia Co.Ltd និងក្រុមហ៊ុន GS Energy Corporation បានទទួលសិទ្ធិរុករក និងធ្វើអាជីវកម្មប្រេងក្នុងប្លុក A ក្នុងដែនសមុទ្រកម្ពុជាដែលមានទំហំ៤.៧០៩គីឡូម៉ែត្រការ៉េ ហើយក្រុមហ៊ុនអាមេរិក Chevron បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ដែលមានទឹកប្រាក់ចំនួន៦៥លានដុល្លារអាមេរិក និងបញ្ចប់ប្រតិបត្តិការជាមួយក្រុមហ៊ុនបីផ្សេងទៀត។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងពិធីចុះហត្ថលេខាស្តីពីការអភិវឌ្ឍអណ្តូងប្រេងនេះថា ផលិតកម្មប្រេងឆៅដំបូងនៅកម្ពុជានឹងលេចចេញជារួបរាងនៅក្នុងទឹកដីកម្ពុជា ហើយថា ប្រេងក្នុងប្លុក 1A និង ប្លុក 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល សម្រាប់ការធ្វើពាណិជ្ជកម្ម។ លោកថា ការអភិវឌ្ឍអណ្តូងប្រេងជំហានដំបូងនេះនឹងរួមចំណែកដល់ការសិក្សាស្វែងរកថែមទៀតលើប្លុកប្រេងដែលនៅទំនេរចំនួនប្រាំ នៅដែនសមុទ្រ និង១៨ប្លុកទៀតនៅលើដែនគោក។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា៖
«ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៃប្លុក A នាពេលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវសមិទ្ធផលដ៏អស្ចារ្យថ្មីថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចាប់ផ្តើមថ្មីយ៉ាងសំខាន់នៃដំណើរការឆ្ពោះទៅធ្វើឲ្យមានផលិតកម្មប្រេងឆៅលើកទីមួយនៃពីដែនសមុទ្ររបស់កម្ពុជា»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា អាជីវកម្មធនធានប្រេងកាតនេះនឹងក្លាយជាកម្លាំងចលករថ្មីមួយដល់កិច្ចអភិវឌ្ឍសង្គម ធនធានមនុស្ស និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការលូតលាស់ខ្សែសង្វាក់ផលិតកម្មទំនិញ និងសេវាកម្មក្នុងស្រុក និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្ម។ លោកបានបន្ថែមថា ក្រសួងរ៉ែ និងថាមពលកំពុងខិតខំរៀបចំបញ្ចប់ច្បាប់ស្តីពីការគ្រប់គ្រងវិស័យប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនទៀតដល់បរិយាកាសវិនិយោគ និងភាពច្បាស់លាស់ក្នុងការដាក់ទុនវិស័យឯកជន។
ការកើនឡើងនិងធ្លាក់ចុះនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិត្រូវបានអ្នកជំនាញមើលឃើញថា អាចជាលក្ខខណ្ឌសំខាន់មួយនៃការពន្លឿនល្បឿនអាជីវកម្មផលិតប្រេងឆៅនៅកម្ពុជា។
កាលពីចុងឆ្នាំ២០១៥ ក្រុមហ៊ុន Resources for Development Consulting បានបញ្ចេញសេចក្តីវិភាគមួយ ដែលបានឲ្យដឹងថា រដ្ឋាភិបាល និងក្រុមហ៊ុនអាចឈានដល់ចំណុចព្រមព្រៀងលើការវិនិយោគផលិតប្រេង ប្រសិនបើតម្លៃប្រេងងើបឡើងដល់តម្លៃចន្លោះពី៧០ដុល្លារ និង៩០ដុល្លារអាមេរិកក្នុងមួយធុង។
សេចក្តីវិភាគនោះពន្យល់ថា តម្លៃ៧០ដុល្លារក្នុងមួយធុងជាតម្លៃប៉ាន់ស្មាន ហើយមិនសូវចំណេញដល់រដ្ឋាភិបាលទេ រីឯតម្លៃ៩០ដុល្លារក្នុងមួយធុងជាតម្លៃដែលអាចចំណេញច្រើន។
មកទល់នឹងពេលនេះ តម្លៃប្រេងឆៅបានងើបឡើងវិញក្នុងតម្លៃ៤៨,៤១ដុល្លារក្នុងមួយធុង ពោលគឺនៅក្រោម៥០ដុល្លារក្នុងមួយធុង។ ការងើបឡើងតម្លៃប្រេងឆៅតិចតួច គឺដោយសារតែប្រទេសផលិតប្រេងមួយចំនួនមិនទាន់អាចបង្កើនការផលិតរបស់ខ្លួន ខណៈដែលភាពច្របូកច្របល់នៅបន្តកើតមានក្នុងប្រទេសទាំងនោះ ក្នុងនោះមានប្រទេសលីប៊ី។ ការថយចុះនៃផលិតកម្មប្រេងនៅសហរដ្ឋអាមេរិកក៏រួមចំណែកដល់ការកើនតម្លៃប្រេងតិចតួចនេះដែរ។ នេះបើតាមការវិភាគរបស់បណ្តាញព័ត៌មាន CNBC។
អ្នកស្រី គឹម ណាតាឆា ទីប្រឹក្សាបច្ចេកទេស និងគោលនយោបាយផ្នែកឧស្សាហកម្ម និងសេវាកម្មរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ការផលិតប្រេងឆៅដំបូងនៅកម្ពុជានឹងបង្កើតការងារជាច្រើនដល់ពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនសកម្មភាពដឹកជញ្ជូននៅកំពង់ផែព្រះសីហនុផងដែរ។ អ្នកស្រីរំពឹងថា ចំណូលដែលបានមកពីអាជីវកម្មធនធានប្រេងកាត នឹងត្រូវប្រើទៅលើវិស័យអាទិភាព ដែលរួមមានវិស័យសុខាភិបាល និងអប់រំ និងការគាំទ្រសហគមន៍នៅមូលដ្ឋាន។ អ្នកស្រីបានបញ្ជាក់ថា ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាឲ្យបានតម្លាភាពនៃអាជីវកម្មនេះ ក្រសួងរ៉ែ និងថាមពលមានយន្តការវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម ដើម្បីបើកឱកាសឲ្យអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការអាជីវកម្មនេះ។
អ្នកស្រីពន្យល់ថា៖
«ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺគាត់បានចូលរួមនៅក្នុងយន្តការរបស់ក្រសួងរ៉ែ និងថាមពល ដែលគេហៅថា វេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្ម និស្សារណកម្ម Extractive Industry Governance Forum (EIGF) ហើយវេទិកាហ្នឹងគឺពេលហ្នឹងមានការចូលរួមពីអង្គការសង្គមស៊ីវិល ដែលបានសុំចុះឈ្មោះ សុំចូលរួម ហើយអីចឹងពេលហ្នឹង ក៏គាត់បានទទួលជាព័ត៌មាន ក៏មានការទទួលជាការយល់ដឹងអំពីវិស័យហ្នឹង ហើយអំពីគម្រោងមួយចំនួនអំពីនីតិវិធីអីចឹង ដើម្បីពេលនោះ យើងអាចជួយជំរុញឲ្យមានកំណែទម្រង់ ឲ្យមានភាពប្រសើរឡើង»។
យ៉ាងណាក៏ដោយ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីចុះលើកិច្ចព្រមព្រៀងប្រេងកាតសម្រាប់ការអភវិឌ្ឍអណ្តូងប្រេងកាតនៅប្លុក A ថា កម្ពុជានឹងមិនផ្តេកផ្តួលលើចំណូលដែលបានមកពីអាជីវកម្មធនធានប្រេងកាតនេះទេ។
លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងថា៖
«កម្ពុជាមានទិសដៅច្បាស់លាស់ គឺមិនបណ្តោយខ្លួនឲ្យក្លាយជាប្រទេសដែលពឹងផ្អែកលើតែចំណូលប្រេង និងឧស្ម័ន ជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ ក្នុងការរួមចំណែក ការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចិរភាពកំណើន ក្នុងរយៈពេលមធ្យម និងវែង»។
ឯកសារព័ត៌មានស្តីការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្នមានអណ្តូងស្វែងរុករកប្រេងចំនួន២៧ ត្រូវបានខួងនៅក្នុងទម្រង់ដើមនៃប្លុក A ដែលក្នុងនោះ អណ្តូងចំនួន១៣ត្រូវបានគេរកឃើញថា មានស្រទាប់ប្រេងកម្រាស់ពី៣ទៅ១៣៨ហ្វីត អណ្តូងចំនួន៨មានប្រេង និងឧស្ម័ន ដែលមានស្រទាប់ប្រេងកម្រាស់ពី៤ទៅ៨៩ហ្វីត និងស្រទាប់ឧស្ម័នកម្រាស់ពី៣ទៅ៥៥ហ្វីត ហើយអណ្តូងចំនួនពីរទៀតត្រូវបានរកឃើញថា មានស្រទាប់ឧស្ម័នកម្រាស់ពី៤ទៅ៧៣ហ្វីត ដែលមានផ្ទុកឧស្ម័ន CO2 ខ្ពស់។
អណ្តូងចំនួន៦ត្រូវបានខួងនៅក្នុងតំបន់អប្សរា ដែលអណ្តូងនីមួយៗត្រូវបានគេប្រទះឃើញមានស្រទាប់សារធាតុអ៊ីដ្រូកាបូនសុទ្ធកម្រាស់ចន្លោះពី៧៣ហ្វីតទៅ១៣៨ហ្វីត។ អាងប្រេងចំនួន៤នៃអណ្តូង២ត្រូវបានដាក់ធ្វើតេស្តផលិតកម្ម ហើយអណ្តូង១មានលំហូរប្រេង៨៦០បារ៉ែលក្នុងមួយថ្ងៃ។
ឯកសារព័ត៌មានស្តីការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A ដដែលនោះបានឲ្យដឹងថា ការគាំពារបុគ្គលិក បរិក្ខារ និងបរិស្ថាននឹងត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេលអភិវឌ្ឍន៍ប្លុក A ។ ដើម្បីធានាបាននូវចំណុចទាំងនេះ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនបានបង្កើតផែនការសុវត្ថិភាពជាច្រើន ដែលគ្របដណ្តប់រាល់បញ្ហាសុខភាព និងសុវត្ថិភាពទាំងអស់ ក្នុងអំឡុងពេលរៀបចំគម្រោងការប្លង់ ការសាងសង់ និងធ្វើប្រតិបត្តិការ។ រីឯការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានហៅកាត់ថា EIA ក៏ត្រូវបានធ្វើឡើងរួចរាល់ហើយផងដែរ៕