ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកត្រៀមលក្ខណៈដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយនឹងប្រទេសស៊ីរី បន្ទាប់ពីរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad នៅស៊ីរីបានដួលរលំកាលពីថ្ងៃទី ៨ ខែធ្នូកន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Zelenskyy បាននិយាយដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងរដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែនលោក Vitaliy Koval បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ។ លោក Koval បាននិយាយកាលពីលើកមុនថាអ៊ុយក្រែនបានបញ្ជូនជំនួយស្បៀងអាហារទៅកាន់ប្រទេសស៊ីរី។
លោក Zelenskyy បានថ្លែងថា៖ «យើងត្រៀមលក្ខណៈដើម្បីបន្តឡើងវិញនូវទំនាក់ទំនងការទូតជាមួយនឹងស៊ីរីនិងកិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា»។
អ៊ុយក្រែនបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយស៊ីរីកាលពីខែមិថុនា ឆ្នាំ ២០២២ បន្ទាប់ពីរដ្ឋាភិបាលស៊ីរីនៅពេលនោះបានបញ្ជាក់ថាខ្លួនទទួលស្គាល់ «ឯករាជ្យភាព» នៃទឹកដីដែលរុស្ស៊ីកាន់កាប់នៅក្នុងតំបន់ Donetsk និងតំបន់ Luhansk របស់ប្រទេសអ៊ុយក្រែន។
តាំងពីពេលដែលក្រុមឧទ្ទាមបានផ្ដួលរំលំរបបដឹកនាំរបស់លោក Assad កាលពីខែមុនមក អ៊ុយក្រែនត្រូវបានគេមើលឃើញថាបានឈានទៅរកការកសាងទំនាក់ទំនងជាមួយនឹងថ្នាក់ដឹកនាំអ៊ិស្លាមថ្មីរបស់ស៊ីរី។
ប្រទេសរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ គឺជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់លោក Assad និងបានផ្ដល់សិទ្ធិជ្រកកោនផ្នែកនយោបាយដល់លោក៕
វេទិកាបញ្ចេញមតិ