ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ការពារ​អាជីវកម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង KrisEnergy ប្រកាស​បិទ​ក្រុមហ៊ុន


រូបឯកសារ៖ ទិដ្ឋភាពនៃគម្រោងផលិតប្រេងកាត «អប្សរា‍» របស់​ក្រុមហ៊ុន KrisEnergy នៅ​ក្នុង​ប្រទេស​កម្ពុជា។
រូបឯកសារ៖ ទិដ្ឋភាពនៃគម្រោងផលិតប្រេងកាត «អប្សរា‍» របស់​ក្រុមហ៊ុន KrisEnergy នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​ ទៀ​ បាញ់ នៅ​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​ការ​ពារ​ការ​រុក​រក​ឃើញ​តំណក់​ប្រេង​ឆៅ​នៅ​កម្ពុជា​ថា ​ជា​សមិទ្ធ​ផល​ប្រវត្តិ​សាស្ត្រ ខណៈ​ក្រុមហ៊ុន KrisEnergy ដែល​ជា​ក្រុម​ហ៊ុន​មេ ​បាន​ប្រកាស​បិទ​ក្រុម​ហ៊ុន​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​បែប​នេះ​ នៅ​ក្នុង​ពិធី​មួយ​នៃ​ការបញ្ជូន​តំណក់​ប្រេង​ដំបូងរបស់​កម្ពុជា​ មក​តម្កល់​នៅ​វិមាន​ឈ្នះ-​ឈ្នះ​នៅ​រាជ​ធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

នេះ​ជា​តំណក់​ប្រេង​ដែល​ខួង​បានក្នុង​ប្លុក​ A ដោយ​ការ​រុក​រក​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​នៅ​សិង្ហបុរី​ ឈ្មោះ KrisEnergy ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០​១៧ ក្នុង​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក​ A​ នៃ​ដែន​សមុទ្រ​កម្ពុជា។

លោក ទៀ បាញ់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​តំណក់​ប្រេង​ដែល​ខួង​បាន គឺ​ជា​សមិទ្ធផល​ប្រវត្តិ​សាស្ត្រ​ ក្នុង​សម័យ​កាល​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ថ្លែង​ថា​៖ «ភារៈ​របស់​ខ្ញុំ​ គឺ​ចាត់​ទុក​ជា​ប្រវត្តិ​សាស្ត្រ ដ៏​មាន​សារ​សំខាន់​បំផុត​នោះ ​គឺ​តំណក់​ប្រេង​ដំបូង​ដែល​យើង​ទទួល​បាន។ ដូច្នេះគឺ​ជា​ប្រវត្តិ​សាស្ត្រ​នេះ គឺ​វា​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​ ដែល​ក្នុង​សម័យ​តេជោ​សន្តិភាព​ យើង​ថា ​អីចឹង​ទៅ​ចុះ»។

ប៉ុន្តែ​លោក​មិន​បាន​អត្ថា​ធិប្បាយ​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​បិទ​ក្រុមហ៊ុន​មេ ​Kris​Energy ឡើយ។ ទោះ​ជា​យ៉ាងណា លោក​បង្ហាញ​ជំនឿ​ថា​ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុនអាច​នឹងត្រូវ​បាន​ដោះ​ស្រាយជា​ដំណាក់​កាល​ៗ​នៅ​ពេល​អនាគត។

លោក​បន្ថែម​ថា​៖ «ចំណែក​ដែល​មាន​ព័ត៌មាន​នោះ​ ព័ត៌មាន​នេះ​ អា​ហ្នឹង​គឺ​អត់ ខ្ញុំ​មិន​បក​ស្រាយ​ទេ​ ហើយ​ខ្ញុំ​គ្រាន់​តែ​មាន​ជំនឿ​ទេ​ ខ្ញុំ​មាន​ជំនឿ​ថា​ កិច្ច​ការ​ទាំង​អស់​ វា​ជួន​ណា​ វា​ទៅ​ចឹង​ហ្នឹង​ មាន​ភាព​ហៅ​ថា​រលូន​ដូច​ធ្វើ​ដំណើរ​តាម​ថ្នល់​កៅស៊ូ​ទេ។ វា​អាច​មាន​រលាក់​នោះ​ រលាក់​នេះ​ គេ​នឹង​មាន​វិធាន​ការ​ដោះស្រាយ​ តាម​សភាព​ជាក់​ស្តែង​តទៅ​មុខ​ទៀត​ហ្នឹង គឺ​ជាក់​ជា​មិន​ខាន»។

ក្នុង​ពិធី​ប្រគល់​កែវ​តំណក់​ប្រេង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ ​និង​ថាមពល ​មិន​បាន​ផ្តល់​ការ​អធិប្បាយ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ​KrisEnergy​ នៅ​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧ ក្នុង​ពេល​ចុះ​ហត្ថ​លេខា​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ Group លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​ ​បាន​ឲ្យ​ដឹង​ថា ​ប្រេង​ក្នុង​ប្លុក​ 1A និង​ ប្លុក ​1B ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា អាច​មាន​លើស​ពី​៣០​លាន​បារ៉ែល។ លោកថា​ ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ជំហាន​ដំបូង​នេះ ​នឹង​រួម​ចំណែក​ដល់​ការ​សិក្សា​ស្វែង​រក​ថែម​ទៀត​លើ​ប្លុក​ប្រេង​ដែល​នៅ​ទំនេរ​ និង​មិន​ទាន់​មាន​ក្រុម​ហ៊ុន​វិនិយោគ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Kris​Energy ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០២១​ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​ លើក​ឡើង​ថា​ «ក្រុមហ៊ុន​សូម​ប្រកាស​ថា ​ក្រុមហ៊ុន​មិន​មាន​លទ្ធ​ភាព​សង​បំណុល​ខ្លួន ដោយ​ផ្អែក​លើ​បំណុល​ដែល​អាច​កើន​ឡើង ​និង​កំពុង​មាន​ជាក់​ស្តែង​ ហើយ​និង​បន្ត​ទៅ​រក​ការ​ទូទាត់​បំណុល»។

ក្រុមហ៊ុន​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ឃើញ​ប្រេង​និង​លំហូរ​សាច់​ប្រាក់​ពី​ការ​អភិ​វឌ្ឍ​ក្នុង​ប្លុក​ A​ ឬ​គេ​ហៅ​ថា ​ប្លុក​អប្សរា​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​មូលហេតុ​មួយ​ដែរ ​ដែល​នាំ​ឲ្យ​បិទ​ក្រុមហ៊ុន។

VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ​ជៀប សួរ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ប្រេង​កាត​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាម​ពល​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អន​ឡាញ​ NIKKEI Asia ក្រុមហ៊ុន ​KrisEnergy Ltd បាន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ពី​សំណាក់​ម្ចាស់​បំណុល​ ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ ខណៈ​ក្រុមហ៊ុន​ បាន​ព្យាយាម​រៀប​ចំ​បំណុល​របស់​ខ្លួន​ដែល​មាន​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​ស្រី Tanya Pang ​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាជីវ​កម្ម​របស់​ក្រុមហ៊ុន​ KrisEnergy​ បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​ទី​៨ ខែ​មិថុនា​ថា​ សេចក្តី​ប្រកាស​រំលាយ​ក្រុមហ៊ុន​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៤ ​ខែ​មិថុនា គឺ​សំដៅ​ដល់​ការ​រំលាយ​ក្រុមហ៊ុន​មេ​តែ​ប៉ុណ្ណោះ ខណៈ​រាល់​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​តែ​បន្ត​ប្រតិបត្តិការ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG