ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ផ្ដល់​មេដាយ​កិត្តិយស​ដល់​ពលរដ្ឋ​អាមេរិកាំង ២០នាក់


រូបឯកសារ៖ ជំនួយការយោធាកាន់មេដាយពលរដ្ឋប្រធានាធិបតី ដែលជាកិត្តិយសសម្រាប់ជនស៊ីវិលខ្ពស់បំផុតទីពីររបស់ប្រទេសនេះ នៅ​សេតវិមាន ក្នុង​ក្រុង​វ៉ាស៊ីនតោន ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ជំនួយការយោធាកាន់មេដាយពលរដ្ឋប្រធានាធិបតី ដែលជាកិត្តិយសសម្រាប់ជនស៊ីវិលខ្ពស់បំផុតទីពីររបស់ប្រទេសនេះ នៅ​សេតវិមាន ក្នុង​ក្រុង​វ៉ាស៊ីនតោន ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្តល់​មេដាយ​កិត្តិយស​ដល់​ពលរដ្ឋ​អាមេរិកាំង​ចំនួន ២០ នាក់​នៅឯ​ពិធីមួយ​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ជ័យលាភី​មេដាយ​កិត្តិយស Presidential Citizens Medal នេះ​ក៏​រួមមាន​ផងដែរ​នូវ​សមាជិក​រដ្ឋសភា​លោក Bennie Thompson និង​អតីត​សមាជិក​រដ្ឋសភា​អ្នកស្រី Elizabeth Cheney ដែល​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​មួយ​របស់​សភា​លើ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២១ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឡើង​ដោយ​ហ្វូង​មនុស្ស​ឥត​សណ្តាប់ធ្នាប់​ដែល​មាន​បំណង​បង្អាក់​ដល់​ការ​ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Joe Biden នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

លោក Donald Trump ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ សម្រាប់​អាណត្តិ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​នេះ បាន​និយាយ​ថា លោក Thompson និង​អ្នកស្រី Cheney គួរតែ​ត្រូវ​ជាប់​ពន្ធនាគារ។

សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​អំពី​អ្នក​ទទួល​បាន​មេដាយ​កិត្តិយស​នេះ​បាន​បញ្ជាក់​ថា អ្នកស្រី Cheney ដែល​ជា​សមាជិក​បក្ស​សាធារណរដ្ឋ «ហ៊ាន​និយាយ...ការពារ​ប្រទេស​ជាតិ​និង​ឧត្តមគតិ​របស់​យើង​ដែល​យើង​បាន​ប្រកាន់ខ្ជាប់​ដែល​នោះ​គឺ​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភាវធម៌»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា លោក Thompson បាន «ស្ថិត​នៅ​ជួរមុខ​នៃ​ការ​ការពារ​នីតិរដ្ឋ​ដោយ​សេចក្ដី​សុចរិត​មិន​ងាករេ​និង​ការ​តាំងចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​សច្ចភាព»។

មេដាយ​ប្រធានាធិបតី​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៩ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ពលរដ្ឋ «ដែល​បាន​បំពេញ​ការងារ​ជា​គំរូ​សម្រាប់​ប្រទេស​និង​ពលរដ្ឋ​របស់​ខ្លួន»៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG