ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ១០ ទៀត​ទាក់ទិន​នឹង​ការ​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់


រូបឯកសារ៖​ ក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ ប្រធានាធិបតីចិនលោក Xi Jinping ពិនិត្យកងទ័ពក្នុងអំឡុងពេលអធិការកិច្ចរបស់គាត់នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលឈរជើងក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤ ។
រូបឯកសារ៖​ ក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ ប្រធានាធិបតីចិនលោក Xi Jinping ពិនិត្យកងទ័ពក្នុងអំឡុងពេលអធិការកិច្ចរបស់គាត់នៃកងទ័ពរំដោះប្រជាជនចិន (PLA) ដែលឈរជើងក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤ ។

ប្រទេស​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផ្នែក​ការពារ​ជាតិ​ចំនួន ១០ ទៀត​របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទាក់ទិន​នឹង​ការ​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់។ នេះ​គឺជា​ជុំ​ទី​ពីរ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​ក្រុមហ៊ុន​អាមេរិក​ទាក់ទិន​នឹង​បញ្ហា​នេះ​ក្នុង​រយៈពេល​តិច​ជាង​មួយ​សប្ដាហ៍។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សាខា​របស់​ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន General Dynamics និង​ក្រុមហ៊ុន Raytheon ដែល «បាន​ចូលរួម​នៅក្នុង​ការ​លក់​សព្វាវុធ​ឲ្យ​តៃវ៉ាន់» ត្រូវបាន​បន្ថែម​ចូល​ទៅ​ក្នុង «បញ្ជី​អង្គភាព​មិន​គួរ​ឲ្យ​ទុកចិត្ត» របស់​ចិន។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ក្រសួង​នេះ​បាន​លើកឡើង​ថា សាខា​ក្រុមហ៊ុន​ទាំងនេះ​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នាំចូល​និង​នាំចេញ​ឬ​ក៏​ធ្វើ​ការ​វិនិយោគ​ថ្មី​ណា​មួយ​នៅក្នុង​ប្រទេស​ចិន ហើយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទាំងនេះ​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ចិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​អាមេរិក​ចំនួន ៧ ដែល​រួម​មាន​ទាំង​ក្រុមហ៊ុន Insitu ដែល​ជា​សាខា​របស់​ក្រុមហ៊ុន Boeing ទាក់ទិន​នឹង​ការ​ផ្ដល់​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​តៃវ៉ាន់​ផងដែរ។

កាលពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​យល់ព្រម​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ការពារ​ជា​ទឹកប្រាក់​ចំនួន ៥៧១,៣ លាន​ដុល្លារ​ដល់​តៃវ៉ាន់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា សកម្មភាព​ទាំងនេះ «ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន»។

ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​និង​បាន​ធ្វើ​សមយុទ្ធ​យោធា​ធំៗ​ចំនួន ៣ លើក​តាំងពី​ពេល​ដែល​លោក Lai Ching-te ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ខែ​ឧសភា​ឆ្នាំ​មុន​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG