ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន គ្រោង​ធ្វើ​អន្តរាគមន៍​តម្លៃ​ប្រេង​ឥន្ធនៈ​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅមណ្ឌលបោះឆ្នោតខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅមណ្ឌលបោះឆ្នោតខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាថ្មី​ម្តង​ទៀត​ មេដឹក​នាំ​កម្ពុជា​បាន​បង្ហាញ​ពី​ចេតនា​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា។​ កិច្ច​អន្តរាគមន៍​លើក​នេះ​ នឹង​ផ្តោត​សំខាន់​លើ​តម្លៃ​ប្រេង​ឥន្ធនៈ​ ដែល​កំពុង​ឡើង​ថ្លៃ​ ដោយ​សារ​ការ​កាត់​បន្ថយ​ផលិត​កម្ម​ប្រេង​របស់​ប្រទេស​នាំ​ចេញ​ប្រេង។​

នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ពី​ការ​ប្រុង​ប្រៀប​របស់​លោក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​ក្នុង​ស្រុក​ ខណៈ​ដែល​ប្រទេស​ផលិត​ប្រេង​ហៅ​កាត់​ថា​ OPEC​ បាន​ព្យាយាម​កំពុង​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន​សម្រាប់ផ្គត់ផ្គង់​ដល់​ទីផ្សារ​អន្តរ​ជាតិ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ​និង​កិត្តិយស​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ជូន​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៨នាក់​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នាថ្ងៃ​អង្គារ​នេះ ​លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ពី​ទីផ្សារ​អន្តរ​ជាតិ​ ក្នុង​បញ្ហា​តម្លៃ​ប្រេង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ជា​បន្ទាន់​មួយ។

«ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​ កំពុង​ឡើង​ថ្លៃ​ ដែល​ពេល​នេះ​ វា​ក៏​បាន​ផល​ មាន​ផល​ប៉ះពាល់​មក​ដល់​យើង​ហើយ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ថ្លែង​បញ្ជាក់​បន្ថែម​ថា​ នៅ​ចុង​ខែ​មិថុនា​នេះ​ លោក​នឹង​ប្រកាស​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​តម្លៃ​ប្រេង​នៅក្នុង​ទីផ្សារ​ក្នុង​ស្រុក​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ ដែល​មាន​ប្រភព​ចេញ​ពី​ការ​ឡើង​ថ្លៃ​ប្រេង​ ខណៈ​ដែល​អង្គការ​ផលិត​ប្រេង​ហៅកាត់​ថា​ OPEC​ បាន​កាត់​បន្ថយ​ការ​ផលិត​ប្រេងនោះ។

អ្នកបើកបរ​ឈប់​ក្បែរតារាងតម្លៃ​ប្រេង​សាំង​របស់​ស្ថានីយ៍កាល់តិច (Caltext) នៅក្បែរ​អគារ​៤២ជាន់​ដែលមិនទាន់​សង់រួច​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)
អ្នកបើកបរ​ឈប់​ក្បែរតារាងតម្លៃ​ប្រេង​សាំង​របស់​ស្ថានីយ៍កាល់តិច (Caltext) នៅក្បែរ​អគារ​៤២ជាន់​ដែលមិនទាន់​សង់រួច​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨។ (ហ៊ុល រស្មី/VOA)

យ៉ាង​ណា​ក៏​ដោយ​ លោក​ ហ៊ុន សែន​ មិន​បាន​បញ្ជាក់​លម្អិត​អំពី​គោលការណ៍​ ដែល​លោក​ត្រៀមនឹង​ដាក់​ចេញ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្លៃ​ប្រេង​ទេ តែ​លោក​បាន​ស្នើ​ដល់​ក្រុម​អ្នក​មាន​ពុទ្ធិ​ខ្ពស់​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ឲ្យចេះ​ផ្តល់​អាទិភាព​ដល់​កិច្ច​ការ​ស្រាវជ្រាវ​ ទៅ​លើ​បញ្ហា​បន្ទាន់​នានា។

«ពិត​ហើយ​ការ​ស្រាវជ្រាវ​នានា​ វាត្រូវ​តែ​មាន​ មិនមែន​គ្រាន់​តែ​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ​ នៅ​មាន​បញ្ហា​ច្រើន​ជាង​នេះច្រើន​ណាស់។​ ក៏​ប៉ុន្តែ​ខ្ញុំ​ស្នើ​សុំ​ផ្តល់​អាទិភាព​ ទៅ​ឲ្យ​កិច្ចការ​បន្ទាន់ៗ​ ចំពោះ​មុខ​ ព្រោះ​បើ​សិន​ជា​យើង​ប្រើប្រាស់​នូវ​ខួរក្បាល​របស់​យើង​និង​ធនធាន​ដែល​មាន​កម្រិត​របស់​យើង​ទៅក្នុង​តែ​មួយ​ពេល​ តែ​ប៉ុណ្ណោះ​ ពិត​ជា​មិន​អាច​ឆ្លើយ​តប​បាន​ទេ»។

នៅ​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ត្រឹម​ដើម​សប្តាហ៍​នេះ​ គេ​សង្កេត​ឃើញ​ថា​តម្លៃ​ប្រេង​បាន​ស្ថិត​ក្នុង​កម្រិត​៤២០០​រៀល​ សម្រាប់​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ​ ហើយ​ប្រេង​ស៊ុបពែ​មាន​តម្លៃ​៤៤៥០រៀល​ក្នុង​មួយលីត្រ​ ខណៈ​ប្រេង​ម៉ាស៊ូត​ស្ថិតក្នុង​តម្លៃ​៤០០០រៀល​ក្នុង​មួយ​លីត្រ។

តម្លៃ​ប្រេង​នេះ​ ត្រូវបាន​ធ្វើឡើង​ទៅ​តាម​ប្រកាស​របស់​អន្តរ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ស្តីពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា។​ តម្លៃ​ប្រេង​ខាង​លើ​នេះ​ នឹង​ត្រូវ​អនុវត្ត​ដោយ​ម្ចាស់​ស្ថានីយ៍​ប្រេង​ចាប់​ពីថ្ងៃ​ទី​ ១២​ដល់ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨។

VOA​ មិន​ទាន់​អាច​ទាក់​ទងសុំ​ការ​អធិប្បាយ​ពី​លោក​ ឡុង កែមវិចិត្រ​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្មបាន​ទេ។​ VOA ក៏​ព្យាយាម​សុំការ​អធិប្បាយ​ពី​កញ្ញា​ សឹង សុផារី​ អ្នក​សម្របសម្រួល​អង្គភាព​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រសួង​ពាណិជ្ជកម្ម​ផង​ដែរ​ តែ​ទូរស័ព្ទ​រោទិ៍​គ្មាន​អ្នក​ទទួល។

តម្លៃ​ប្រេង​បាន​ហក់​ឡើង​ខ្ពស់​កាល​ពី​ថ្ងៃ​ចន្ទ​ នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​តានតឹង​មួយ​ ដែល​អ្នក​ពាក់​ព័ន្ធ​ក្នុង​ទីផ្សារ​ បាន​បន្ទាប​ការ​រំពឹង​ទុក​របស់​ពួកគេ​ថា តើ​អង្គការOPEC​ ដែល​តំណាង​ឲ្យ​ប្រទេស​នាំ​ចេញ​ប្រេង​នឹង​បង្កើន​ការ​ផលិត​ប្រេង​យ៉ាង​ដូចម្តេច​ នៅ​ស្រប​ពេល​ដែល​អ្នក​វិនិយោគ​ បាន​ធ្វើ​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​មួយ​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស។

យោងតាម​សេចក្តី​រាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ប្រេង​ឆៅ​អាមេរិក​ បាន​កើន​ប្រមាណ​ ៧៩​ សេន ឬ​ជាង​ ៣២០០រៀល​ ដើម្បី​លក់​ក្នុង​តម្លៃ​ប្រមាណ​ ៦៥.៨៥ដុល្លារ​ (ឬ​ប្រមា​ណ​២៧​ម៉ឺនរៀល) ក្នុង​មួយ​ធុង។ តម្លៃ​ប្រេង​ឆៅ​បាន​ស្ថិត​ក្នុង​កម្រិតទាប​ក្នុង​រយៈពេល​ពីរខែ​ គឺស្ថិត​ក្នុង​តម្លៃ​៦៣.៥៩​ ​ដុល្លារ​ (ឬ​ប្រមាណ​២៦ម៉ឺនរៀល) ក្នុង​មួយ​ធុង។ ប្រទេស​ចិន​បាន​យក​ពន្ធ​នាំចូល​លើ​ទំនិញ​អាមេរិក​កាលពីថ្ងៃ​សុក្រ​ ហើយ​ការ​ដាក់​ពន្ធ​លើ​ប្រេងឆៅ​ក៏​ត្រូវ​បាន​ត្រៀម​ទុក​ផង​ដែរ។

VOA​ ព្យាយាម​សុំការ​អធិប្បាយ​ពីក្រុមហ៊ុន​លក់​ប្រេង​សាំង​មួយ​ចំនួន​ ដូចជា​ក្រុមហ៊ុន​ Total​ តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​មក​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។

ក្រៅ​ពី​ផែនការ​នៃ​ការ​ចូល​អន្តរាគមន៍​ក្នុង​បញ្ហា​ប្រេង​សាំង​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ធ្លាប់​បាន​ធ្វើអន្តរាគមន៍​ក្នុងបញ្ហា​ផ្សេង​ទៀត​ ដូចជា​ការ​អន្តរាគមន៍ដំឡើង​បន្ថែម​នៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ឧស្សាហកម្មកាត់​ដេរ។ កាល​ពី​ឆ្នាំ​មុននេះ​ លោក​ ហ៊ុន សែន ក៏បាន​អន្តរាគមន៍​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ដោយ​ការ​ដាក់​ពិដាន​អត្រា​ការប្រាក់​ត្រឹម​ ១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ។ លោក​អះអាង​ថា​ ការ​ធ្វើ​ដូចនេះ​ ជា​ការ​ផ្តល់​ឱកាស​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធ​ភាព​ច្រើន​ក្នុង​ការ​ទទួល​បាន​ទុន​យក​មក​ធ្វើ​អាជីវកម្ម៕

XS
SM
MD
LG