ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ខួង​ប្រេង​នៅ​សមុទ្រ​កម្ពុជា


អណ្តូង​ប្រេង​​មួយ​របស់​ក្រុមហ៊ុន CNOOC នៅ​សមុទ្រ​បូហៃ (Bohai Sea) (រូបថត​ឯកសារ)
អណ្តូង​ប្រេង​​មួយ​របស់​ក្រុមហ៊ុន CNOOC នៅ​សមុទ្រ​បូហៃ (Bohai Sea) (រូបថត​ឯកសារ)

ក្រុមហ៊ុន​សារជីវកម្ម​ប្រេង​ជាតិ​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​ដែល​មាន​ឈ្មោះ​ថា​ CNOOC ​(China National Offshore Oil Corporation) គ្រោង​នឹង​ខួង​យក​ប្រេង​នៅ​ក្នុង​សមុទ្រ​កម្ពុជា​នៅ​ចុង​ខែ​តុលា​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ស្តីពី​អំពី​ផល​ប៉ះពាល់​បរិស្ថាន​របស់​ក្រុមហ៊ុន​ CNOOC​ ដែល​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទទួល។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ CNOOC ​ត្រូវ​បាន​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ឲ្យ​រុករក​ប្រេង​នៅ​ក្នុង​ប្លុក ​F​ ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​ជាង​៤.៧០០​គីឡូម៉ែត​នឹង​មាន​ចម្ងាយប្រមាណ​ជាង​៣៧​គីឡូម៉ែត​ពី​ភាគ​និរតី​នៃ​ក្រុង​ព្រះស៊ីហនុ។

ក្រុមហ៊ុន​ CNOOC​ នៅ​ថ្ងៃ​ច័ន្ទ​ បាន​ធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​ នៅ​ឯ​ក្រសួង​បរិស្ថាន​ស្តីពី​ផល​ប៉ះពាល់​បរិស្ថាន​មុន​នឹង​ក្រុមហ៊ុន​នេះ​ឃួង​រុករក​ប្រេង។ ​បទ​បង្ហាញ​នេះ ​មាន​ការ​ចូលរួម​ពី​ក្រសួង​បរិស្ថាន​ ក្រសួង​ឧស្សាហកម្ម ​រ៉ែ ​និង​ថាមពល ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ ​ក្រសួង​កសិកម្ម​ និង ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ វីអូអេ​ខ្មែរ​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ដែល​រួម​មាន​លោក​ម៉ុក ​ម៉ារ៉េត ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

លោក​ ម៉ម ​សម្បត្តិ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បណ្តាញ​ផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​មក​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​បាន​និយាយ​ថា ​នេះ​គឺ​ជា​បញ្ហា​ល្អ​មួយ​ដែល​ក្រុមហ៊ុន​ CNOOC ​បាន​សិក្សា​ពី​ប៉ះពាល់​បរិស្ថាន​មុន​នឹង​សម្រេច​ខួង​រុករក​ប្រេង។

«ខ្ញុំ​គិត​ថា​នេះ​ជា​ដំណើរការ​មួយ​ល្អ​ ដែល​សមស្រប​ទៅ​នឹង​ទម្រង់ការ​ ឬ​មួយ​ក៏​ច្បាប់​នៅ​ក្នុង​តំបន់​ហើយ​នឹង​អន្តរជាតិ។​ ហើយ​ខ្ញុំ​គិត​ថា ​បើ​ក្រុមហ៊ុន​ប្រេង​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរការ​ដូច​ក្រុមហ៊ុន​នេះ ​អញ្ចឹង។​ ខ្ញុំ​គិត​ថា​ ល្អ​មែន​ទែន»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​កម្ពុជា ​ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​ទទួល​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​វេលា​ម៉ោង​១២ ​ថ្ងៃ​ទី​១២ ​ខែ​១២ ​និង​ឆ្នាំ​២០១២​ខាង​មុន​នេះ។

លោក​ ម៉ម ​សម្បត្តិ ​បាន​មាន​ប្រសាសន៍​ថា​នេះ​គ្រាន់​តែ​ជា​ផែនការ​មួយ​តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​កម្ពុជា​អាច​នឹង​ទទួល​បាន​មុន​ផែនការ​ ឬ​ក៏​ក្រោយ​ផែនការ​កំណត់។

«បើ​សិន​ជា​ថ្ងៃ​១២​ ម៉ោង១២ ​ខែ​១២​ ឆ្នាំ​២០១២​ ពេល​ហ្នឹង​យើង​អាច​រក​បាន​តំណក់​ប្រេង​ដំបូង ខ្ញុំ​គិត​ថា ជា​ការ​ប្រសើរ​មែន​ទែន។ តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្នុង​ឆ្នាំ​ដំបូង​ ចំណូល​ដែល​បាន​មក​ពី​ប្លុក ​A ​នេះ ​វា​មិន​អាច​យក​មក​អភិវឌ្ឍន៍​អី​បាន​ទេ​ពីព្រោះ​ចំណូល​នេះ ​ត្រូវ​យក​ទៅ​ទូទាត់​ថ្ងៃ​រុករក​ គេ​ហៅ​ថា​ថ្ងៃ​ស្រាវជ្រាវ»។

កម្ពុជា​មាន​អណ្តូង​ប្រេងកាត​ចំនួន​បី​តំបន់​គឺ​នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ក្នុង​ឈូង​សមុទ្រ​កម្ពុជា ​និង​ថៃ​ ដែល​មាន​ពី​ប្លុក​ទី​១​រហូត​ទៅ​ដល់​ប្លុក​ទី​បួន។​ តំបន់​ឈូង​សមុទ្រ​ ដែល​មាន​ពី​ប្លុក​ A, B, C, D, E ​និង​ F នៅ​តំបន់​ដែន​គោក​ជុំវិញ​បឹង​ទន្លេសាប ​ហើយ​ក្រុមហ៊ុន ​Chevron ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អណ្តូង​ប្រេង​ចំនួន​បួន​កន្លែង​នៅ​ក្នុង​ប្លុក​ A ​ដែល​មាន​នៅ​ក្នុង​បាត​សមុទ្រ​នៃ​ក្រុង​ព្រះស៊ីហនុ។ ដើម្បី​បាន​ចំណូល​ពី​ធនធាន​ធម្មជាតិ ​និង​ឧស្ម័ន ​និង​ដើម្បី​ជៀសវាង​បណ្តាសា​ប្រេង​ កម្ពុជា​កំពុង​ធ្វើ​សេចក្តីព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់​ប្រេង​និង​ឧស្ម័ន​ និង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​ប្រេង ​និង​ឧស្ម័ន ​ដែល​កំពុង​ឋិត​នៅ​ក្នុង​ដៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ។

យោងតាម​ស្ថិតិ​របស់​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ចំនួន​២០​កំពុង​ដំណើរការ​រុករក​ប្រេងកាត​នៅ​កម្ពុជា៕

XS
SM
MD
LG