ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីកម្ពុជា៖ ការបូម​ប្រេង​របស់ KrisEnergy នៅ​ប្លុក A ត្រូវ​ផ្អាក ក្រោយ​ក្រុមហ៊ុន​មេ​ប្រកាស​ក្ស័យធន


រូបឯកសារ៖ ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)
រូបឯកសារ៖ ក្រាហ្វិកបង្ហាញពីប្រទេសដែលក្រុមហ៊ុន KrisEnergy មានគម្រោងបូមប្រេង។ (រូបថតពីទំព័រហ្វេសប៊ុក Krisenergy)

ការ​បូម​ប្រេង​របស់​ក្រុមហ៊ុន ​KrisEnergy​ នៅ​អណ្ដូង​ក្នុង​ប្លុក ​A​ នៃ​ដែន​សមុទ្រ​កម្ពុជាត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ក្រោយ​ពេល​ក្រុមហ៊ុន​មេ​ បាន​ប្រកាស​ក្ស័យ​ធន។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់ក្រសួង​រ៉ែ​ និង​ថាមពល។

ក្នុង​ការ​ផ្តល់​សេចក្តី​អធិប្បាយ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ពុធ លោក​ ម៉េង ស័ក្តធារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​ បាន​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​កើតឡើង​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ​KrisEnergy​ ដែល​កើត​មាន​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​ គឺ​នៅ​ពេល​ក្រុមហ៊ុន​ចាប់​ផ្តើម​លក់​សិទ្ធិ​សម្បទាន​ប្លុក​ប្រេង​កាត​ ដែល​មាន​នៅ​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន។ ក៏​ប៉ុន្តែ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​រហូត​ដល់​អំឡុង​ពេល​ឆ្នាំ​២០១៩។​

លោក ​ម៉េង ស័ក្តធារ៉ា​ បន្ត​ថា​ ដោយ​ប្រឈម​នឹង​ការ​ទារ​បំណុល​ពី​ម្ចាស់​បំណុល​ ក្រុមហ៊ុន​ ក៏​បាន​ដាក់​បណ្តឹង​សុំ​ការ​ការពារ​ពី​តុលាការ​នៅ​សិង្ហបុរី ដើម្បី​បញ្ចៀស​ការ​ប្រកាស​ក្ស័យ​ធន និង​រំលាយ​ក្រុមហ៊ុន​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០១៩។

ក្នុង​ការ​ស្នើ​សុំ​ការ​ការពារ​ពី​តុលាការ​នោះ​ លោក​ ម៉េង ស័ក្តធារ៉ា​ ពន្យល់​ថា ក្រុមហ៊ុន​បាន​យក​ការ​រំពឹង​ទុក​របស់​ខ្លួន​លើ​ផល​របស់​គម្រោង​ផលិតកម្ម​ប្រេង​នៅ​ប្លុក​ A ​របស់​កម្ពុជា​ដែល​ជា​ការសាកល្បង​បឋម​ ទៅ​ធ្វើ​ជា​អំណះអំណាង​ពី​លទ្ធភាព​អាច​កែ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ​ និង​បង្កើត​ជំនឿ​ចិត្ត​ដល់​ម្ចាស់​បំណុល​ធំៗ ដើម្បី​ឲ្យ​ផ្តល់​ឱកាស​បន្ថែម​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ប្រែ​ក្លាយ​បំណុល​ឲ្យ​ទៅ​ជា​ការ​ដាក់​ទុន​ចូល​ក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​វិញ។

បើ​តាម​ការ​អធិប្បាយ​របស់​លោក ​ម៉េង ស័ក្តិធារ៉ា អ្វីៗ​មិន​បាន​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន KrisEnergy​ ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន​នៅ​កម្ពុជា​ឈ្មោះ KrisEnergy Cambodia ដោយ​បរិមាណ​ផលិតកម្ម​ប្រេង​នៅ​អណ្ដូង​ក្នុង​ប្លុក​ A​ មិន​ដល់​កម្រិត​ដែល​រំពឹង​ទុក ហើយ​នៅ​ទីបំផុត​ទៅ​ការណ៍​នេះ​ បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន«អស់​ជម្រើស» ដាក់​ពាក្យ​ទៅ​តុលាការ​សុំ​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​សង​បំណុល​តែម្ដង។

លោក​បន្ថែម​ថា៖ «នៅ​ក្នុង​ដំណាក់​កាល​រង់ចាំ​ការ​ចាត់​ចែង​របស់​តុលាការ​ និង​ការ​ចរចា​រវាង​ភាគី​ម្ចាស់​បំណុល​ដែល​ទទួល​បាន​សិទ្ធិ​បន្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ប្រតិបត្តិការ​ប្រេង​កាត​នៅ​ប្លុក​ A ​នៅ​កម្ពុជា​ នឹង​ត្រូវ​ជួប​បញ្ហា​ប្រឈម​ ដោយ​សារ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ KrisEnergy Cambodia ​បាន​បាត់​បង់​ការ​ផ្តល់​ទុន​ហិរញ្ញវត្ថុ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន។ ប្រតិបត្តិការ​ប្រេង​កាត​ធំៗ​ និង​គម្រោង​អភិវឌ្ឍ​ជា​ជំហាន​បន្ត​ ដែល​បាន​គ្រោង​ទុក​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ រង់​ចាំ​ដំណោះស្រាយ​ឯកភាព​គ្នា​ណា​មួយ​រវាង​រដ្ឋាភិបាល​ និង​ម្ចាស់​បំណុល​ដែល​ទទួល​បាន​សិទ្ធិ​បន្ត​ពី​តុលាការ»។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Kris​Energy ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០២១​ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​មួយ​នេះ​ លើក​ឡើង​ថា​ «ក្រុមហ៊ុន​សូម​ប្រកាស​ថា ​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង​បំណុល​ខ្លួន ដោយ​ផ្អែក​លើ​បំណុល​ដែល​អាច​កើន​ឡើង ​និង​កំពុង​មាន​ជាក់​ស្តែង​ ហើយ​នឹង​បន្ត​ទៅ​រក​ការ​ទូទាត់​បំណុល»។

ក្រុមហ៊ុន​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​រក​ឃើញ​ប្រេង​និង​លំហូរ​សាច់​ប្រាក់​ពី​ការ​អភិវឌ្ឍ​ក្នុង​ប្លុក​ A​ ឬ​គេ​ហៅ​ថា ​ប្លុក​អប្សរា​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​មូលហេតុ​មួយ​ដែរ ​ដែល​នាំ​ឲ្យក្រុមហ៊ុន​ឈាន​ដល់​ការ​បិទ​បញ្ចប់​អាជីវកម្ម។

វីអូអេ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក ​ម៉េង​ ស័ក្តធារ៉ា ​តែ​មិន​ទាន់​អាច​ទាក់​ទង​លោក​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ចំណែក​លោក​ ជៀប សួរ​ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ប្រេងកាត​ និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ ក៏​មិន​លើក​ទូរស័ព្ទ។

បើតាម​សេចក្តី​ពន្យល់​របស់​លោក ​ម៉េង ស័ក្តធារ៉ា នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ក្រុមហ៊ុន ​KrisEnergy មាន​ធុរកិច្ច​ខាង​អាជីវកម្ម​ប្រេង​កាត​នៅ​ប្រទេស​មួយចំនួន​ដូចជា​ បង់​ក្លាដេស​ ឥណ្ឌូនេស៊ី​ ថៃ វៀតណាម​ និង​ថ្មីៗ​នេះ ​នៅ​កម្ពុជា។ ​

អ្នកស្រី​ Tanya Pang ​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​របស់​ក្រុមហ៊ុន KrisEnergy បដិសេធ​ធ្វើ​អត្ថាធិប្បាយ ដោយ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​យោង​សេចក្ដី​ប្រកាស​ពី​មុនៗ​របស់​ក្រុមហ៊ុន​វិញ។

បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អនឡាញ​ NIKKEI Asia ក្រុមហ៊ុន ​KrisEnergy Ltd បាន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ពី​សំណាក់​ម្ចាស់​បំណុល​ ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ ខណៈ​ក្រុមហ៊ុន​ បាន​ព្យាយាម​រៀប​ចំ​បំណុល​របស់​ខ្លួន​ដែល​មាន​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

គួរ​រំឭក​ថា​ កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន ​KrisEnergy ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា​ ​កើតមានឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ ​Chevron Overseas Petroleum​ (Cambodia) Ltd ​ដែល​បាន​ធ្វើ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​ ​បាន​សម្រេច​ដក​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៤​ ​ហើយ​បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ទាំង​មូល​ ​សរុប​ចំនួន​៣០​ភាគ​រយ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ ​គឺ​ ​KrisEnergy Ltd ​របស់​ប្រទេស​សិង្ហបុរី។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៧ ក្នុង​ពេល​ចុះ​ហត្ថ​លេខា​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ Group លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​ ​បាន​ឲ្យ​ដឹង​ថា​ ប្រេង​ក្នុង​ប្លុក​ 1A និង​ ប្លុក ​1B ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា អាច​មាន​លើស​ពី​៣០​លាន​បារ៉ែល។ លោក​ថា​ ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ជំហាន​ដំបូង​នេះ ​នឹង​រួម​ចំណែក​ដល់​ការ​សិក្សា​ស្វែង​រក​ថែម​ទៀត​លើ​ប្លុក​ប្រេង​ដែល​នៅ​ទំនេរ​ និង​មិន​ទាន់​មាន​ក្រុម​ហ៊ុន​វិនិយោគ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG