រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាមន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន នៅថ្ងៃអង្គារនេះ អះអាងថា គម្រោងបដិវត្តន៍ពណ៌នៅកម្ពុជាមិនទាន់បញ្ចប់នៅឡើយទេ។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងបែបនេះ នៅក្នុងកម្មវិធីមួយក្រោមប្រធានបទ«សន្តិភាពជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ» ដែលផ្សាយតាមទំព័រហ្វេសប៊ុកឈ្មោះ«យុវជន៧មករា»។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា ខ្សែបណ្តាញរបស់ក្រុមបដិវត្តន៍ពណ៌មានគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម ដែលលោកថា ទទួលបានការគាំទ្រពីបរទេស។ លោកបន្តថា ក្រុមចង់ធ្វើបដិវត្តន៍ពណ៌នេះ មិនទាន់បានបញ្ចប់ការប៉ុនប៉ងរបស់ពួកគេនៅឡើយទេ ដូច្នេះរដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន។
លោកមានប្រសាសន៍ថា៖ «ឥឡូវកូនជឹងដៃជើងរបស់គេហ្នឹង យើងបានធ្វើការអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់បំផុត។ អ៊ីចឹងគេនៅមិនសុខចិត្តទេ ។ គេនឹងធ្វើសកម្មភាពបន្តទៀតដើម្បីធ្វើការជួយដល់កូនជឹងរបស់គេ និងបង្កើតបណ្តាញរបស់គេផ្សេងៗទៀត ដោយធ្វើសកម្មភាព។ អ៊ីចឹងទាល់តែយើងធ្វើការប្រុងប្រយ័ត្ន ប្រុងប្រៀបខ្លួនជាប់ជានិច្ច ដើម្បីធ្វើម៉េចកុំឲ្យពួកហ្នឹង វាសម្រេចឧបាយកលបដិវត្តន៍ពណ៌របស់គេបានដោយជោគជ័យនៅកម្ពុជា។ គេបានទទួលបរាជ័យហើយ ប៉ុន្តែគេចិញ្ចឹមចិត្តក្នុងការអនុវត្តវា នៅពេលណាដែលកាលៈទេសៈមកដល់»។
ពាក្យបដិវត្តន៍ពណ៌កើតឡើង ស្របពេលគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលចោទគណបក្សនោះថា មានបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការបង្កើតបដិវត្តន៍ពណ៌ ដោយមានអាមេរិកនៅពីក្រោយ។ ការចោទអំពីបដិវត្តន៍ពណ៌នេះ ក៏មានការលើកឡើងពីរដ្ឋាភិបាល ដោយចោទលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងថា មានគម្រោងក្បត់ជាតិ ដោយមានអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងអាមេរិក បានច្រានចោលការចោទប្រកាន់នេះ។
បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ការតវ៉ានានាទាក់ទងនឹងដីធ្លី ព្រៃឈើ និងការយកបញ្ហាព្រំដែនមកធ្វើជាប្រធានបទ ដូចជាករណីលោក រ៉ុង ឈុន ជាដើម ក៏ជាចេតនាមួយនៃការធ្វើបដិវត្តន៍ពណ៌ក្នុងប្រទេសដែរ។
លោកបន្ថែមថា៖ «បញ្ហាព្រៃឈើ បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី គឺគេរៀបចំក្រុមរបស់គេ ដើម្បីធ្វើការលើបញ្ហាមួយៗ ហើយនាំគ្នាបំផុស។ បំផុសហ្នឹង គឺថាបំផ្លើសបំភ្លៃព័ត៌មានពាក់ព័ន្ធបញ្ហាហ្នឹង ធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋកាន់តែខឹង ប្រជាពលរដ្ឋកាន់តែស្អប់ ហើយញុះញង់ប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣ ខែសីហា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ ឬកម្លាំងនគរបាល មិនត្រូវប្រើប្រាស់ហិង្សាទៅលើប្រជាពលរដ្ឋ ដើម្បីបញ្ចៀសបដិវត្តន៍ពណ៌ដែលអាចកើតឡើងក្នុងប្រទេសកម្ពុជា។ លោកបន្តថា ការរំលោភសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនាំឲ្យមានការតវ៉ា គឺជាសញ្ញាមួយដែលអាចនាំឲ្យមានបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងថាប្រឆាំងបំផុតបដិវត្តន៍ពណ៌ ឥឡូវនិយមន័យពិតប្រាកដប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ហ្នឹង ធ្វើម៉េច? មិនមែនយកកាំភ្លើងទៅបាញ់គេទេ!មិនមែនទេ។ ធ្វើអ៊ីចឹងខុសហើយ! គឺយើងទៅប្រឆាំងដោយខ្លួនយើងជាមុនសិន។ចង់និយាយថា យើងធ្វើល្អជាមួយប្រជាពលរដ្ឋ។ អាហ្នឹងហើយជាអាវុធដ៏ធំបំផុត។ ចុះបើយើងអាងអំណាចទៅរំលោភយកដីប្រជាជនទៅរំលោភសិទ្ធិ ឬក៏ផលប្រយោជន៍អីផ្សេងទៀតរបស់ប្រជាជនអាហ្នឹងគេម៉េចសុខចិត្ត? គេតវ៉ា តអី ត្រឹមត្រូវរបស់គេហើយ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា មិនមានសញ្ញាណាដែលចេញជាបដិវត្តន៍នៅកម្ពុជានោះទេ។ លោកបន្តថា មិនគួរមានការលាបពណ៌ដាក់គ្នាដើម្បីបង្កើតជាភាពតានតឹងទេ។
លោកថ្លែងប្រាប់VOAថា៖ «ខ្ញុំគិតថា ដល់ពេលនេះ វាគួរតែលុបបំបាត់ចោលហើយការលាបពណ៌ដាក់គ្នាទៅវិញទៅមក ពីព្រោះអង្គការសង្គមស៊ីវិល គឺជាដៃគូក្នុងការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលដែរ គឺជាដៃគូមួយដែលបំពេញនូវកង្វះចន្លោះរបស់រាជរដ្ឋាភិបាល គឺជួយគ្នាក្នុងការអភិវឌ្ឍ»។
លោក អំ សំអាត បន្តថា អង្គការសង្គមស៊ីវិលមានការងាររបស់ពួកគេ ដែលជាគោលដៅនៃការលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕