ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​កឹម សុខា៖ ​ខ្ញុំ​មិន​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ


លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក​កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ចោទ​ពី​បទ​ក្បត់ជាតិ​ ប្រាប់​អង្គ​សវនាការ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ ​លោក​ធ្វើ​នយោបាយ​ចង់​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​រយៈ​ការ​បោះឆ្នោត ​មិនមែន​តាម​ការ​ធ្វើ​បដិវត្តន៍ពណ៌​នោះ​ទេ។​

សវនាការ​ថ្ងៃ​ទី​៦​ សប្តាហ៍​ទី​៣​នេះ​ បាន​ចាប់​ផ្តើម​បន្តដោយមេធាវី​របស់​លោក​កឹម សុខា​បាន​សុំ​ឲ្យ​លោកកឹម សុខា​ ពន្យល់​ពី​ពាក្យ​ថា​«ផ្លាស់​ប្តូរ»។

លោក​កឹម សុខា​ បាន​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​អាច​មាន​ការ​យល់​ច្រឡំ ឬ​ការ​មិន​យល់​គ្នា​អំពី​ពាក្យ«ផ្លាស់​ប្តូរ»។ ​លោក​បន្ត​ថា​ ​ពាក្យ​ថា ​ការ​ផ្លាស់​ប្តូរ​ដែល​លោកតែង​ប្រើ​ មិនមែន​ជា​បដិវត្តន៍​ ឬ​មិនមែន​ជា​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​ណា​មួយ​ទេ​ ប៉ុន្តែ​លោកថា​ ​រាល់​សកម្ម​ភាព​របស់​លោក​កន្លង​មកគឺ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។​

លោក​កឹម សុខា​បញ្ជាក់​ថា៖ «មួយ​ជីវិត​របស់​ខ្ញុំ​នេះគឺ​ខ្ញុំ​មិន​ផ្លាស់​ប្តូរ​រដ្ឋាភិបាលតាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ ឬ​តាម​ហិង្សា​នោះ​ទេ»។​

សវនាការ​ព្រឹក​នេះមាន​ការ​បន្ត​សួរ​ដេញ​ដោល​សកម្ម​ភាព​របស់​លោកកឹម សុខា ​ពី​ឆ្នាំ​២០០៧​ដល់​២០១២។ ​ក្នុង​នោះ​មាន​ការ​ដេញដោល​ពី​ភ័ស្តុតាង​ជារូប​ថត​ ​និង​មូលហេតុ​ដែល​លោកកឹម​ សុខា​ លាលែង​ពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ​មាន​ការ​ចោទ​សួរ​អំពី​ការ​ចាប់​ផ្តើម​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស ​ថវិកា​ដែល​លោក​កឹម​ សុខា ​ទទួល​បាន​ និង​ថវិកា​សម្រាប់​បង្កើត​ និង​ដំណើរ​ការ​គណបក្ស​សិទ្ធិ​មនុស្ស។​ មាន​ការ​បង្ហាញ​ភ័ស្តុតាង​ជារូប​ថត​មួយ​ចំនួន​ផង​ដែរ។​

មេធាវី​មួយ​រូប​ទៀត​របស់​លោក​កឹម សុខា​ គឺ​អ្នកស្រី​ម៉េង សុភារី បាន​បង្ហាញភ័ស្តុតាងរូបថតជា​ច្រើន​សន្លឹក​ពាក់ព័ន្ធ​នឹង​ជំនួប​របស់​លោក​កឹម ​សុខា​ ជាមួយប្រធានាធិបតី​ចិន ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ ព្រម​ទាំង​រូប​ថត​នៃ​ការ​ធ្វើសិក្ខា​សាលា​ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​(NDI)​ និង​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​ ដែល​មាន​គណបក្ស​នយោបាយ​ជាច្រើន​ចូល​រួម​ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

មេធាវី​ដដែល​បញ្ជាក់​ថា​ រូបថត​ទាំង​នេះ​បង្ហាញ​ថា​ លោក​កឹម​ សុខា មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជាច្រើន​ទៀត ​មិនមែន​មាន​តែ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ ​ហើយ​ថា វិទ្យាស្ថាន​ IRI ​និង​វិទ្យាស្ថាន​ ​NDI ​គឺ​ជួយ​គណបក្ស​ទាំង​អស់ ​មិន​មែន​ជួយ​តែ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ នោះ​ទេ។​

ចៅក្រមមួយ​រូប​ក្នុង​ចំណោម​បី​រូប​គឺ​លោកសេង លាង​ បាន​សួរលោក​កឹម​ សុខា ​អំពី​ថវិកា​ និង​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បង្កើត ​និង​ដំណើរ​ការ​គណបក្ស​សិទ្ធិ​មនុស្ស​ ថា​តើ​មាន​បរទេស​ណា​ជួយ​ទេ? ​លោក​កឹម សុខា ឆ្លើយ​ថា ​ជនជាតិ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​គឺ​ជា​អ្នក​ផ្តល់​ថវិកា​ ចំណែក​ជំនួយ​បច្ចេក​ទេស​មាន​តែ​ខ្មែរ​ប៉ុណ្ណោះ ​ មិន​មានបរទេស​នោះ​ទេ។​

លោកវង្ស ប៊ុនវិសុទ្ធ​ ​តំណាង​អយ្យការ​មួយ​រូប​ ​សួរ​លោកកឹម ​សុខា​ ថា​ ​តើ​ប្រើ​យុទ្ធសាស្រ្ត​អ្វី​ក្នុង​ការ​ប្រមូល​កម្លាំង​អ្នក​ស្នេហា​ជាតិ​ និង​ទាក់ទាញ​អ្នក​គាំ​ទ្រ​គណបក្ស​សិទ្ធិ​មនុស្ស?​

លោក​កឹម​ សុខា ឆ្លើយ​ថា​ ផ្អែក​លើ​គោល​នយោបាយ​ ហើយ​លោក​ធ្វើ​នយោបាយ​រក​ចំណុច​ល្អ​ឲ្យ​ពលរដ្ឋ ​និង​អ្នក​គាំទ្រ​ពេញ​ចិត្ត។

តំណាង​អយ្យការ​លោក​ប្លង់ សុផល បាន​ស្នើ​ឲ្យ​មាន​ការ​ចាក់​ឃ្លីប​សំឡេងអំពី​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​កឹម​ សុខា​ ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ បន្ទាប់​ពី​លោក​បាន​ជួប​លោក​ Daniel Baer ​ឧបការី​រង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​ និង​ការងារ ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២។​

លោក​ប្លង់​ សុផល បាន​សួរ​លោកកឹម សុខា អំពី​ខ្សែ​អាត់​សំឡេង​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​សហ​រដ្ឋ​អាមេរិក​គាំទ្រ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI)​និង​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI) របស់​អាមេរិក​ដែលធ្វើ​ការ​លើ​ការ​បោះឆ្នោត​ និង​ប្រជាធិបតេយ្យដើម្បី​ឲ្យ​អង្គការ​ទាំង​នោះ​ជួយ​គណបក្ស​នយោបាយ។​

លោក​កឹម សុខា​ បាន​បញ្ជាក់​ថា​ លោក​បាន​ស្នើ​សុំ​ឱ្យ​លោក​ Daniel Baer​ ផ្តល់​ថវិកា​ដល់អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នោះ​ ​ដើម្បី​ជួយ​គណបក្ស​នយោបាយ​ទាំង​អស់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យុវជន ​និង​ជជែកដេញ​ដោល​រវាង​គណបក្ស​នយោបាយ​ ដូច​ដែល​អង្គការ​ទាំង​នោះ​បាន​ធ្វើនៅ​កម្ពុជា​កន្លង​មក។​

វិទ្យាស្ថាន​ NDI ​ប្រចាំ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​លែង​ឱ្យ​ដំណើរ​ការ​ក្នុង​ប្រទេស​ ហើយ​ថែម​ទាំង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​អង្គការ​នេះ​ ចេញ​ពី​កម្ពុជាកាល​ពី​ខែ​សីហាឆ្នាំ​២០១៧ ​ក្រោម​ការចោទ​ប្រកាន់​ថា​ ​អង្គការ​នេះ​ បាន​ជួយ​រៀបចំ​គម្រោង​ការ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

អ្នកស្រី ​Emily Zeeberg ​អ្នកនាំពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ប្រាប់ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សហរដ្ឋ​អាមេរិក ​រួម​ជាមួយ​ម្ចាស់​ជំនួយ​ និង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ បាន​ផ្តល់​មូល​និធិ​ដល់​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ឆ្នាំ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពររបស់​ប្រទេស​កម្ពុជា​ដែល​សុំ​ជំនួយ​បច្ចេកទេស​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ ​កសាង​សមត្ថភាព និង​ជំរុញ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌។​

អ្នកស្រី​បញ្ជាក់​ថា៖​

«កម្មវិធី​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​តាម​រយៈ​ដៃ​គូ​អន្តរជាតិ ​និង​ក្នុង​ស្រុក​ ដែល​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ ​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ស្ថាប័ន​រដ្ឋាភិបាល​ជាច្រើន ​ដូចជា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត»។​

នៅ​ក្នុង​សវនាការ​ដដែល​នោះ​ ​មេធាវី​តំណាង​រដ្ឋាភិបាល​លោក​លី ចាន់តុលា បាន​សុំ​ឲ្យ​លោក​កឹម សុខា​ បញ្ជាក់​អំពី​រូប​ថត​ដែល​លោកកឹម ​សុខា ចាប់​ដៃ​ជាមួយមន្រ្តី​ជាន់​ខ្ពស់​បរទេស​ ដូចជា​ចិន ​និង​ជប៉ុន​ទាំង​នោះ​ថា ​មាន​ការ​ជជែក​ដាច់​ដោយ​ឡែក​ ឬ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ទេ? ​លោកកឹម​ សុខា ​ឆ្លើយ​ថា ​ពិបាក​ឆ្លើយ​ណាស់​ ហើយ​លោក​ថា ​ លោក​មិន​ចាំ​ការ​ជជែក​ក្នុង​ជំនួប​ទាំង​នោះ​ទេ។​

លោកលី ចាន់តុលា​ ក៏​បាន​បន្ត​សួរអំពី​ចំណូល ​និង​ចំណាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស ​ដោយ​ថា មិន​មាន​ការ​បញ្ជាក់​លម្អិត​ថា ​ចំណូល​បាន​ពី​ណា​ និង​ចំណាយ​លើ​អ្វី​ខ្លះ? ​លោក​កឹម សុខា​ ឆ្លើយ​ថា ​ចំណូល​ចំណាយ​គ្រប់​យ៉ាង​គឺ​ធ្វើ​តាម​ការ​កំណត់​ដោយ​ច្បាប់ ​និង​ក្រសួង​មហា​ផ្ទៃ។​

ក្រោយ​ការ​ជជែក​ជាង​បី​ម៉ោង ​ចៅក្រម​លោក​កូយ សៅ​ បាន​ប្រកាស​បិទ​សវនាការនៅ​ម៉ោង​ប្រមាណ​ជា​១១:៤០​នាទី។

សវនាការ​លើ​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា ​ដែល​ចាប់​ផ្តើម​តាំង​ពី​ដើម​ខែ​មករា​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​បញ្ជាក់ថា ​តើ​លោក​កឹម សុខា​ បានឃុប​ឃិត​ជាមួយ​ជន​បរទេស​រូប​ណា ឬ​ទទួល​បាន​ថវិកា ​ឬ​ជំនួយ​ពី​ជន​បរទេស​រូប​ណា​ដើម្បី​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG