ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក គង់ រ៉ៃយ៉ា ការពារ​ខ្លួន​ពី​ក្រៅ​ប្រទេស​ ខណៈ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​លោក​កំបាំង​មុខ


រូបឯកសារ៖ លោក គង់ រ៉ៃយ៉ា ត្រូវបានប៉ូលិសនាំខ្លួនចូលសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទញុះញង់ប្រព្រឹត្តឧក្រិដ្ឋកម្មជាអាទិ៍ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក គង់ រ៉ៃយ៉ា ត្រូវបានប៉ូលិសនាំខ្លួនចូលសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទញុះញង់ប្រព្រឹត្តឧក្រិដ្ឋកម្មជាអាទិ៍ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ចៅ​ក្រមសាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក​ គង់ រ៉ៃ​យ៉ា ​ដោយ​អវត្តមាន​របស់​លោក ​ដោយសារ​លោក​កំពុង​នៅ​ក្រៅ​ប្រទេស។

លោក ​គង់ រ៉ៃយ៉ា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៩​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវ​យឺត​មាន​រូប​ និង​សម្តី​របស់​លោក​បណ្ឌិត​ កែម ឡី​ ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១៦។​

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក ​គង់​ រ៉ៃយ៉ា​ ស្ថិត​នៅ​ក្រៅ​ឃុំ ​ បន្ទាប់​ពី​សកម្មជន​រូប​នេះ​បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៤​ខែ។ ​ប៉ុន្តែ​តុលាការ​ហាម​មិន​ឲ្យ​លោក​ គង់​ រ៉ៃយ៉ា​ បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម ​ឬ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុង​ពេល​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​ទេ។​ តុលាការ​មិន​បាន​ដក​លិខិត​ឆ្លង​ដែន​របស់​លោក​នោះ​ទេ។​

ក្រោយ​ការ​ជម្រះ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ដោយ​មិន​មាន​វត្តមាន​របស់​លោក ​គង់ រ៉ៃយ៉ា​ តុលាការ​បាន​សម្រេច​យក​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ខាង​មុខ​ជា​ថ្ងៃ​ប្រកាស​សាលក្រម។​

លោក​ សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ គង់ រ៉ៃយ៉ា​ ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្នុង​សវនាការ​ជាង​មួយ​ម៉ោង ​លោក​បាន​ប្រាប់​តុលាការ​ថា​ កូន​ក្តី​របស់​លោក​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​និង​ចូល​រួម​នយោបាយ​ព្រម​ទាំង​ការ​បោះពុម្ព​អាវ​តែ​ ប៉ុណ្ណោះ​ ហើយ​មិន​បាន​ញុះញង់​អ្វី​នោះ​ទេ។​ លោក​សង្ឃឹម​ថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​ក្នុង​ពេល​ប្រកាស​សាលក្រម។​ លោក​និយាយថា៖ ​«ក្នុង​នាម​ជា​មេធាវី​ការពារ​ហើយ​បាន​លើក​នូវ​ភស្តុតាង​និង​អំណះ​អំណាង​បែប​នេះ​ហើយ ​ខ្ញុំ​រំពឹង​ថា​ លោក​ចៅក្រម ​ឬ​ក៏​តុលាការ​ក្រុង​ភ្នំពេញ​នឹង​សម្រេច​ផ្តល់​យុត្តិធម៌​ឲ្យ​កូន​ក្តី​របស់​យើង​ខ្ញុំ​ ហើយ​សម្រេច​ឲ្យ​កូន​ក្តី​យើង​ខ្ញុំ​រួច​ផុត​ពី​បទ​ចោទ»។​

លោក ​គង់ រ៉ៃយ៉ា​ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​លោក​គឺ​ជា​រឿង​អយុត្តិ​ធម៌ ​និង​ជា​ការ​គំរាម​ដល់​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ​និង​បញ្ហា​ក្នុង​ប្រទេស។​

លោក​និយាយ​ថា៖​ «ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ​រិះគន់​ទៅ​លើ​សកម្ម​ភាព​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​ជា​រៀង​រហូត​មក។ ​ដល់​អ៊ីចឹង​ហើយ​វា​មាន​ការ​ខឹង​សម្បារ​ខ្លះៗ​ពី​ខាង​មន្រ្តី​គណបក្ស​ប្រជាជន​ហើយ​គោល​បំណង​នៃ​ការ​ចោទ​ប្រកាន់​ខ្ញុំ​នេះ​គឺ​ដើម្បី​បំបិទ​សំឡេង​រិះគន់​របស់​ខ្ញុំ ​ក៏​ដូច​ជា​សារ​គំរាម​ទៅ​ដល់​យុវជន​ ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​ហ៊ាន​រិះគន់​ទៅ​លើ​ភាព​អសកម្ម​របស់​មន្រ្តី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន»។​

លោក​បន្ថែម​ថា​ លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​តាម​ច្រក​របៀង ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​ដែល​លោក​ថា​ ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​សុខភាព។ ​លោក​ក៏​បន្ត​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​សវនាការ​នេះ ​និង​រង់ចាំ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ដើម្បី​សម្រេច​ថា​ នឹង​ត្រូវ​ត្រឡប់​មក​កម្ពុជា​ឬ​យ៉ាងណា។​

«ប្រសិន​បើ​ខ្ញុំ​មាន​ទោស​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ​ ពី​ព្រោះ​ខ្ញុំ​អត់​ទទួល​ស្គាល់​សាល​ក្រម​របស់​តុលាការ ​ហើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​នឹង​ធ្វើការ​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស»។​

លោក ​គង់ រ៉ៃយ៉ា​ អាយុ​២៩​ឆ្នាំ​បន្ថែម​ថា​ ការ​ចាប់​ខ្លួន​ ការ​ចោទ​ប្រកាន់ ​និង​ការ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​បែក​ពី​គ្រួសារ​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព ​និង​ស្ថានភាព​ផ្លូវ​ចិត្ត​គ្រួសារ​របស់​លោក​ទាំង​មូល។​

លោក​ គង់ រ៉ៃយ៉ា ​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ កាល​ពី​ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ក្រោយ​ពី​រូប​លោក​បាន​ប្រកាស​ឲ្យ​សាធារណ​ជន​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។​

ភរិយា​របស់​លោក​ គង់ រ៉ៃ​យ៉ា​ គឺ​អ្នកស្រី ​សុខ ស្រីនិច្ច ​ដែល​មាន​កូនស្រី​ម្នាក់​អាយុ​២​ឆ្នាំ ​និយាយ​ថា​ អ្នកស្រី​រំពឹង​ថា​ តុលាការ​នឹង​លើកលែង​ការ​ចោទ​ប្រកាន់​ស្វាមី​របស់​អ្នកស្រី​ដើម្បី​ឲ្យ​ពួក​គេ​អាច​ជួប​ជុំ​គ្រួសារ​វិញ​បាន។​

អ្នកស្រី​ថ្លែងថា៖​ «ខ្ញុំ​សូម​អំពាវ​នាវ​ដល់​តុលាការ​ទាំង​ថ្នាក់​លើ​និង​ថ្នាក់​ក្រោម​ទាំងអស់​និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​រឿង​ស្វាមី​ខ្ញុំ​ហ្នឹង មេត្តា​ផ្តល់​យុត្តិធម៌​ជូន​ស្វាមី​ខ្ញុំ​ដោយ​ពិត​ប្រាកដ​ព្រោះ​អី​គាត់​អត់​មាន​កំហុស​អី​សោះ។​ គាត់​គ្រាន់​តែ​ពាក់ព័ន្ធ​នឹង​អាវ​យឺត​លោក​បណ្ឌិត​ កែម ឡី ​ហើយ​អាវ​យឺត​ហ្នឹង​ស្វាមី​ខ្ញុំ​គាត់​ក៏​មិន​មែន​លក់​ខ្លួន​ឯង​តាំង​ពីដើម​ដែរ​គឺ​គាត់​លក់​ក្រោយ​គេ​ទេ»។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។​

ការ​ចាប់​ខ្លួន​លោក ​គង់ រ៉ៃយ៉ា ​ដោយ​សារ​លោក​ប្រកាស​លក់​អាវ​យឺត​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​មាន​ភ្ជាប់​រូបថត​អ្នក​វិភាគ​នយោបាយ​លោក ​កែម ឡី​នោះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​រំឭក​ខួប​៣​ឆ្នាំ​នៃ​ឃាត​កម្ម​លើ​លោក ​កែម​ ឡី​ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ ​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​អាវ​យឺត​ដែល​បាន​ប្រកាស​ដាក់​លក់​នោះ ​មាន​សរសេរ​សម្រង់​សម្តី​លោក​បណ្ឌិត​ កែម ឡី​ ថា៖​ «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ ក៏​គង់​នឹង​រង​គ្រោះ​ដែរ​ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។​

លោក ​អំ សំអាត ​ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​លោក ​គង់ រ៉ៃយ៉ា ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ការ​ដែល​លោក​ប្រកាស​ក្នុង​ការ​លក់​អាវ​យឺត​ដែល​មាន​រូប​ភាព​លោក​បណ្ឌិត​ កែម ឡី ​អី​ហ្នឹង​ វា​គ្រាន់​តែ​ជា​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ ហើយ​វា​ក៏​មិន​មាន​បង្ក​ឲ្យ​មាន​បទ​ល្មើស​អី​កើត​ឡើង​ដែរ។​ អ៊ីចឹង​ការ​ចាប់​ខ្លួន​នោះ​គ្រាន់​តែ​ជា​ការ​បំបាក់​ស្មារតី​យុវជន​ហ្នឹង​ហើយ​ក៏​ជា​ការ​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ហ្នឹង»។​

ក្នុង​អំឡុង​ពេល​មាន​ការ​ចាប់​ខ្លួន​លោក​ គង់​ រ៉ៃយ៉ា ​នោះ​ ក៏​មាន​ការ​ចាប់​ខ្លួន​សកម្មជន​រូប​ទៀត​គឺ​លោក ​សួង នាគព័ន្ធ ​អាយុ​២៩​ឆ្នាំ ​ដែល​រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា។​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​តែ​សំណុំ​រឿង​លោក​ គង់ រ៉ៃយ៉ា​ប៉ុណ្ណោះ។​

កន្លង​ទៅ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​និង​ទម្លាក់​បទ​ចោទ​លើ​យុវជន​ពីរ​នាក់ដោយ​ឥត​លក្ខខណ្ឌ។​ ពួក​គេ​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី៕​

XS
SM
MD
LG