ក្រុមគ្រួសារលោក គង់ រ៉ៃយ៉ា នៅថ្ងៃសុក្រនេះ បានហៅសេចក្តីសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញថា អយុត្តិធម៌ ក្រោយពីតុលាការនេះបានកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» និងបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
ប៉ុន្តែតុលាការបង្គាប់ឲ្យអនុវត្តទោសតែ ៤ខែ និង១៨ថ្ងៃ ដោយព្យួរទោសដែលនៅសល់ ពោលគឺកាត់តម្រឹមតាមចំនួនខែ និងថ្ងៃ ដែលលោក គង់ រ៉ៃយ៉ា បានជាប់ឃុំមុនការកាត់ទោស។
អ្នកស្រី សុខ ស្រីនិច្ច ភរិយារបស់លោក បានថ្លែងប្រាប់វីអូអេ នៅយប់ថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ «មិនរកភាពស្អាតស្អំឲ្យគាត់ បែរជាចោទប្រកាន់គាត់ហើយកាត់ទោសគាត់ ២ឆ្នាំ អ៊ីចឹងទៀត គឺវាអយុត្តិធម៌មែនទែន សម្រាប់ស្វាមីរបស់ខ្ញុំ»។
លោក គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៩ តាមការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងសកម្មភាពរបស់លោក ក្នុងការលក់អាវយឺតដែលមានរូប និងសម្តីរបស់សពលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ កាលពីឆ្នាំ ២០១៦។
ពាក្យស្លោកមួយនៅលើអាវយឺតនោះសរសេរថា៖ «ប្រសិនបើអ្នកមិនធ្វើអ្វីសោះ អ្នកនឹងរងគ្រោះគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
សកម្មជនយុវជនរូបនេះធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ កាលពីខែមីនា ឆ្នាំ២០១៦ ដោយត្រូវតុលាការកាត់ទោសពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីលោកបានប្រកាសតាមបណ្ដាញសង្គមអំពាវនាវឱ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ជាមួយនឹងរូបលោក។
បច្ចុប្បន្នសកម្មជនរូបនេះកំពុងស្ថិតនៅក្រៅប្រទេស ចាប់តាំងពីលោកត្រូវបានតុលាការអនុញ្ញាតឲ្យស្ថិតនៅក្រៅឃុំ រង់ចាំការជំនុំជម្រះទោសកាលពីខែវិច្ឆិកា ឆ្នាំ២០១៩មក៕