ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អន់ថយ​នៅ​ចិន​ធ្វើ​ឱ្យ​ការ​ទិញ​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ​ធ្លាក់​ចុះ


ឈ្មួញ​ថត​ផលិតផល​គ្រឿងអលង្ការ​របស់​ពួកគេ​សម្រាប់​ការ​លក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ហាង​របស់​ពួកគេ​នៅ​ក្នុង​ទីផ្សារ​លក់ដុំ Yiwu ក្នុង​ក្រុង Yiwu ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឈ្មួញ​ថត​ផលិតផល​គ្រឿងអលង្ការ​របស់​ពួកគេ​សម្រាប់​ការ​លក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ហាង​របស់​ពួកគេ​នៅ​ក្នុង​ទីផ្សារ​លក់ដុំ Yiwu ក្នុង​ក្រុង Yiwu ខេត្ត Zhejiang ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នក​លក់ដូរ​និង​អ្នក​ប្រើប្រាស់​មាន​ទស្សនៈ​ដូចគ្នា​ថា ​រដូវកាល​ទិញ​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ (Singles' Day) នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ​មិន​សូវ​មាន​ភាព​ហ៊ឹកហ៊ាក់​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទេ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​នានា​បាន​ងាក​ទៅ​បរទេស​សម្រាប់​ការ​រីកចម្រើន​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ទម្រង់​លេខ​នៃ​ថ្ងៃ​ទី១១ ខែ១១ និង​បាន​ចាប់ផ្ដើម​ដំបូង​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ Alibaba ដែល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ដើម្បី​ទាក់ចិត្ត​អ្នក​ទិញ​ឱ្យ​ចំណាយ​ច្រើន។ ចាប់​តាំង​ពី​ពេល​នោះ​មក ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ​បាន​ពង្រីក​ដល់​វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​ផ្សេង​ទៀត​ដូចជា JD.com និង Pinduoduo ជាដើម​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដូចជា​នៅ​បរទេស។

ទោះបីជា​ទិវា​អ្នក​នៅ​លីវ​នេះ​ពី​ដំបូង​គឺជា​ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ក៏ដោយ ក៏​វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​នានា​នៅ​ក្នុង​ប្រទេស​ចិន​ឥឡូវ​នេះ​បាន​ចាប់ផ្ដើម​តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ទិវា​នេះ​ម្ល៉េះ​ដើម្បី​បង្កើន​ការ​លក់។ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​វាស់វែង​អំពី​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ​កាល​ពី​មុន។

ប៉ុន្តែ​នៅ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​ចុះ​ខ្សោយ​ដែល​បណ្ដាល​មក​ពី​វិបត្តិ​អចលនទ្រព្យ​និង​សម្ពាធ​បរិត្តផរណា អ្នក​ប្រើប្រាស់​លែង​ចំណាយ​ហ៊ឹកហ៊ាក់​លើ​ការ​ទិញ​ទំនិញ​នានា​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ដ៏​អធិកអធម​នេះ​ទៀត​ហើយ។

អ្នកស្រី Wang Haihua ដែល​ជា​ម្ចាស់​ក្លឹប​ហាត់ប្រាណ​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ប៉េកាំង បាន​និយាយ​ថា៖ «ខ្ញុំ​ចំណាយ​លុយ​តែ​ប៉ុន្មាន​រយ​យ័ន​ប៉ុណ្ណោះ​លើ​របស់របរ​ចាំបាច់​ប្រចាំ​ថ្ងៃ»។

អ្នកស្រី Wang បាន​បន្ថែម​ថា តម្លៃ​ទំនិញ​នៅ​លើ​វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​ក្នុង​អំឡុង​ទិវា​អ្នក​នៅ​លីវ​នេះ​គឺ​មិន​ប្រាកដ​ថា​ថោក​ជាង​តម្លៃ​ទំនិញ​នៅ​ពេល​ធម្មតា​នោះទេ។

លោក Zhang Jiewei អាយុ ៣៤ ឆ្នាំ​ដែល​ជា​ម្ចាស់​ហាង​កាត់សក់​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Xi’an មាន​ទស្សនៈ​ដូច​អ្នកស្រី Wang ដែរ ដោយ​បាន​និយាយ​ថា​ លោក​លែង​ទុកចិត្ត​ការ​ផ្សព្វផ្សាយ​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ​ទៀត​ហើយ ដោយសារតែ​អ្នក​លក់​ខ្លះ​មាន​ទំនោរ​ដំឡើង​តម្លៃ​ទំនិញ​ធម្មតា​មុន​ពេល​ផ្ដល់​ការ​បញ្ចុះ​តម្លៃ ដោយ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​យល់​ថា​ ពួកគេ​កំពុង​ទិញ​ទំនិញ​ក្នុង​តម្លៃ​មួយ​ដ៏​ល្អ។

លោក Zhang បាន​និយាយ​ថា៖ «ខ្ញុំ​ធ្លាប់​ទិញ​ទំនិញ​ជាច្រើន​កាលពី​ពីរ​ឬ​បី​ឆ្នាំ​មុន ហើយ​ខ្ញុំ​ថែម​ទាំង​ទិញ​ទូរស័ព្ទ​ដៃ​ទៀត​ផង​ក្នុង​ទិវា​អ្នក​នៅ​លីវ​នោះ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​បាន​ឈប់​ធ្វើ​ដូច្នេះ​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ដោយសារតែ​ចំណូល​តិច​ជាង​មុន។ ឆ្នាំ​នេះ ខ្ញុំ​មិន​ទិញ​អ្វី​ទាំងអស់»។

អ្នក​ជំនាញ​ខ្លះ​ថា វិធានការ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ឥទ្ធិពល​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់។

លោក Shaun Rein ដែល​ជា​ស្ថាបនិក​និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន China Market Research Group នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​ថ្លែង​ថា៖ «មនុស្ស​ម្នា​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចំណាយ​នោះ​ទេ​ហើយ​កំពុង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​របស់​ថ្លៃៗ។ តាំងពី​ខែ​តុលា ឆ្នាំ ២០២២ មក សេដ្ឋកិច្ច​ទន់ខ្សោយ ​មាន​ន័យ​ថា​ទំនិញ​គ្រប់មុខ​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ពេញ​មួយ​ឆ្នាំ ដូច្នេះ​ទិវា​អ្នក​នៅ​លីវ​គឺ​មិន​បាន​ធ្វើ​ឱ្យ​ទំនិញ​ចុះ​ថ្លៃ​បន្ថែម​ទៀត​ជាង​ខែ​មុន​ទិវា​នេះ​នោះ​ទេ»។

អ្នកលក់​ដែល​ជា​ធម្មតា​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​លក់ដូរ​ទំនិញ​នៅ​ទិវា​អ្នក​នៅ​លីវ​នេះ​បាន​បញ្ជាក់​ថា ថ្លៃ​ចូលរួម​គឺ​លែង​ចំណេញ​ទៀត​ហើយ​នៅ​ពេល​ដែល​ថ្លៃ​ផ្សាយ​ពាណិជ្ជកម្ម​ខ្ពស់​និង​ការ​លក់​មិន​ដូច​បំណង។

លោក Zhao Gao ដែល​គ្រប់គ្រង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang បាន​និយាយ​ថា បន្ទាប់​ពី​ចំណាយ​លើ​ថ្លៃ​ផ្សាយ​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អនឡាញ​ហើយ លោក​បានទូទាត់​រួច​ខ្លួន​តែ​នៅ​ពេល​ការ​លក់បាន​បញ្ចប់​រួចរាល់​ផង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​ទាំងនោះ​មាន​លក្ខខណ្ឌ​ជាច្រើន​សម្រាប់​ការ​ផ្សព្វផ្សាយ​បញ្ចុះ​តម្លៃ ហើយ​អតិថិជន​បាន​ចាប់ផ្ដើម​សង្ស័យ។ ក្នុង​នាម​ជា​អ្នកលក់​ម្នាក់ ខ្ញុំ​លែង​ចូលរួម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​បញ្ចុះ​តម្លៃ​ក្នុង​ទិវា​អ្នក​នៅ​លីវ​នេះ​ទៀត​ហើយ»។

អ្នក​លក់​ម្នាក់ទៀត​ឈ្មោះ Du Baonian ដែល​មាន​ក្រុមហ៊ុន​ម្ហូប​អាហារ​ច្នៃ​សាច់ចៀម​នៅ​ក្នុង​តំបន់ Inner Mongolia បាន​និយាយ​ថា ការ​លក់​ជា​ទូទៅ​កាលពី​មួយ​ឆ្នាំ​មុន​បាន​ធ្លាក់​ចុះ ១៥% ដោយសារតែ​អ្នក​ប្រើប្រាស់​លែង​សូវ​ចំណាយ​និង​កាត់​បន្ថយ​ការ​ប្រើប្រាស់។

លោក Du បាន​និយាយ​ថា៖ «យើង​ឃើញ​ចំណូល​ធ្លាក់ចុះ ប៉ុន្តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​អាច​ជួយ​យើង​ឱ្យ​រក្សា​ជំហរ​លក់​នាំមុខ​របស់​យើង​បាន»។ លោក​បាន​បន្ថែម​ថា លោក​បាន​ពិចារណា​ផ្សាយ​ពាណិជ្ជកម្ម​លើ​វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​ផ្សេងៗ​ទៀត​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត។

ស្រប​ពេល​នេះ​ដែរ វេបសាយ​ពាណិជ្ជកម្ម​អនឡាញ​នានា​ដែល​ប្រឹងប្រែង​ទប់ទល់​ជាមួយ​នឹង​ទីផ្សារ​ក្នុង​ស្រុក​ដែល​យឺតយ៉ាវ​ក៏​បាន​ងាក​ទៅ​រក​ទីផ្សារ​នៅ​បរទេស​ផង​ដែរ ​ដើម្បី​ស្វែងរក​ការ​រីកចម្រើន​ថ្មី ដោយ​ផ្ដល់​នូវ​ការ​ផ្សព្វផ្សាយ​បញ្ចុះ​តម្លៃ​ដូចជា​ការ​មិន​យក​ថ្លៃ​ដឹក​ជញ្ជូន​នៅ​លើ​ពិភពលោក​និង​ការ​អនុញ្ញាត​ឱ្យ​ឈ្មួញ​លក់​ទំនិញ​ឱ្យ​អ្នក​ប្រើប្រាស់​នៅ​លើ​ពិភពលោក​ដោយ​ងាយស្រួល​ជាដើម។

ជា​ឧទាហរណ៍ ក្រុមហ៊ុន Alibaba បាន​បញ្ជាក់​នៅ​លើ​វេបសាយ​ព័ត៌មាន Alizila របស់​ខ្លួន​ថា អ្នក​លក់​ប្រហែល ៧០.០០០ នាក់​ ឃើញ​ការ​លក់​របស់​ពួក​គេ​កើន​ឡើង​ទ្វេដង​ នៅ​ពេល​ពួក​គេផ្ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា នៅ​ក្នុង​ទីផ្សារ​នានា​ដូចជា​នៅ​ប្រទេស​សិង្ហបុរី​និង​ទីក្រុង​ហុងកុង​ជាដើម អតិថិជន​ថ្មី​ក៏​កើន​ឡើង​ទ្វេដង​ផង​ដែរ៕

XS
SM
MD
LG