ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ​ត្រូវ​បាន​ចោទ​សួរ​​អំពី​តួនាទី​ជន​បរទេស​ក្នុង​ការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ


លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី (ស្ដាំ) មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។
លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី (ស្ដាំ) មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

ក្នុង​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​ក្បត់ជាតិ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ព្រះរាជអាជ្ញា​និង​មេធាវី​រាជ​រដ្ឋាភិបាល​បាន​ចោទ​សួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​របស់​លោក​ កឹម សុខា ​ជាមួយ​នឹង​លោក សម រង្ស៊ី​ និង​តួនាទីជន​បរទេស​ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។

ស្ថិត​ក្នុង​រង្វង់​ក្រចក​សេះ​ដូច​សព្វ​ដង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ ​បាន​ឈរ​ឆ្លើយ​សំណួរ​របស់​តំណាង​អយ្យការ ​និង​មេធាវី​តំណាង​រដ្ឋាភិបាល​ជុំ​វិញ​ជំនួប​ដែល​ឈានដល់​ការ​រួម​បញ្ចូល​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម ​សុខា​ និង​គណបក្ស​ សម រង្ស៊ី ​របស់​លោក​ សម រង្ស៊ី​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នៅឯ​ទី​ក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​កាល​ពី​ឆ្នាំ​២០១២។

តំណាង​អយ្យការ​មួយ​រូប​គឺ​ លោក វង្ស ប៊ុនវិសុទ្ធ​ បាន​សាក​សួរ​លោក កឹម សុខា ​ម្តង​ហើយ​ម្តង​ទៀតថា៖«តើ​មាន​ការ​ជួយ​សម្រប​សម្រួល [បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ] ពី​ភ្នាក់​ងារ​បរទេស​ណាទេ»? ​

ការសាក​សួរ​បន្ត​រហូត​ដល់​ចំណុច​លម្អិត​ដែល​មាន​ដូចជា​ជម្រើស​រូប​សញ្ញា​ ឈ្មោះ​គណបក្ស​ ការបង្កើត​លក្ខន្តិកៈ ​ទីតាំង​សម្រាប់​ការ​ប្រជុំ ​និង​អ្នក​ចំណាយ​ថវិកា​ជាដើម។

ប៉ុន្តែ​លោក កឹម សុខា​ បាន​បដិសេធ​ថា​ មិន​មាន​បរទេស​ណា​ចូលរួម​ក្រៅ​ពី​មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​បាន​ចំណាយ​សម្រាប់​ការ​ប្រជុំ​ដោយ​ខ្លួន​ពួកគេ​ហើយ​រាល់​ការ​សម្រេច​ចិត្ត​ដែល​បាន​កើត​ឡើង​ជុំវិញ​ការបង្កើត​គណបក្ស​ថ្មី​គឺជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជាក្រុម និង​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទេ។

លោក កឹម សុខា ​បាន​បន្ថែម​ថា៖ «ធ្វើ​ដោយ​ខ្លួន​ឯង មិន​មាន​បរទេស​ណា​ទេ បើមាន​លោក​ហៅ​គាត់​មក​សួរ​មក»។

ក្រោយ​តំណាង​អយ្យការ​បញ្ចប់​សំណួរ មេធាវី​របស់​រដ្ឋាភិបាល​បាន​សាកសួរ​លោក កឹម សុខា អំពី​សេចក្តីថ្លែង​ការណ៍រួម​មួយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ដែល​ចេញ​ដោយ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា ​ថា​បាន​ប្រកាស​អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ និង​លក្ខន្តិកៈ​របស់​គណបក្ស​ ដោយ​សួរ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ទាំង​ពីរ​និយាយ​អំពី​ «ការផ្តួល​រំលំ​របប​ផ្តាច់ការ​»។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​គឺ​លោក ចាន់ ចេន ​បាន​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក លី ចាន់​តុលា​ មេធាវី​ម្នាក់​តំណាង​ឲ្យ​រដ្ឋាភិបាល។ លោក ចាន់ ចេន បាន​លើក​ឡើង​ថា ក្នុង​សេចក្តីថ្លែងការណ៍​នោះ​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ផ្តាច់ការ ​មិន​មែន​ជា​ការ​ផ្តួល​រំលំ​នោះ​ទេ។ ​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល ​ក៏​បាន​ស្នើ​ឲ្យ​ចាក់​វីដេអូ​ឃ្លីបដែល​លោក សម រង្ស៊ី ​តែង​តែថ្លែង​អំពី​ការ​ផ្តួល​រំ​លំ​រដ្ឋាភិបាល ​ព្រម​ទាំង​វីដេអូ​ដែល​លោក​ សម រង្ស៊ី អំពាវ​នាវ​ឲ្យកង​ទ័ព​បែរ​ចុង​កាណុង​ដាក់​រដ្ឋាភិបាលជាដើម។

លោក ចេង ប៉េងហាប់ មេធាវី​តំណាង​រដ្ឋាភិបាល​មួយ​រូប​បាន​ចោទ​សួរ​លោក កឹម សុខា ក្រោយ​ចាក់​វីដេអូ​ទាំង​នោះ​ថា ហេតុ​អ្វីបាន​ជា​លោក កឹម សុខា សហការ និង​ធ្វើ​ការ​ជាមួយ​លោក សម រង្ស៊ី ​ដែល​តែង​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្តួល​រំ​លំ​រដ្ឋាភិបាល?

លោក កឹម សុខា ​អះអាង​ថា ​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​របស់​លោក គឺ​គណបក្ស​សិទ្ធិ​មនុស្ស ជាមួយ​គណបក្ស​ សម រង្ស៊ី គឺ​ធ្វើ​ឡើង​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ត​ថា ការ​សហការ​ជាមួយ​លោក​ សម រង្ស៊ី គឺ​ព្រមព្រៀង​ថា​ធ្វើ​តាម​លក្ខន្តិកៈ​ដោយ​អហិង្សា។

លោក កឹម សុខា ​បាន​ដក​ថយ​ពី​សេចក្តីថ្លែងការណ៍​នានា​របស់​លោក សម រង្ស៊ី​ «ពាក់ព័ន្ធ​នឹង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ប្រើ​ហិង្សា»ថា​គឺជា​រឿង​របស់​លោក សម រង្ស៊ី​ ប៉ុណ្ណោះ។​

លោក កឹម សុខា បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ កឹម សុខា មិន​គាំទ្រ​ការ​ប្រើ​ហិង្សា​ផ្តួល​រំលំ ឬ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ដាច់​ខាត»។

ក្រោយ​ការ​សួរ​ដេញ​ដោលពី​សំណាក់​តំណាង​អយ្យការ និង​មេធាវី​តំណាង​រដ្ឋាភិបាល ដោយ​មានការ​ស្រែក​ដំឡើង​សំឡេង​ម្តងៗ​ផង ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ចាក់​វីដេអូ​ចំនួន​៣ ​ដែល​បង្ហាញ​អំពី​ការ​ថ្លែង​របស់​លោក កឹម សុខា ដែល​ថា នឹង​ធ្វើ​នយោបាយ​ដោយ​អហិង្សា ​ក្នុង​គោល​បំណង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត។

ក្រោយ​ការ​ចាក់​វីដេអូ​ឃ្លីប​ទាំង៣​នោះ លោក ផែង ហេង មេធាវី​របស់​លោក កឹម សុខា បាន​សួរ​ទៅ​លោក ​កឹម សុខា ថា៖ «តើ​ភាសា​ប្រើ​ក្នុង​វីដេអូ​ជា​ភាសា​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ទេ»?

លោក កឹម សុខា ​ស្នើ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ថា សុំ​និយាយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ក្នុង​សវនាការ ដោយ​សារ​លោក​មិន​អាចនិយាយ​នៅ​ទី​សាធារណៈ​បាន ព្រោះ​តែ​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ។ ក្រោយ​ការ​ស្នើ លោក​ចៅក្រម​ជំនុំ​ជម្រះ លោក កូយ សៅ បាន​សម្រេច​អនុញ្ញាត។

លោក កឹម សុខា ឆ្លើយ​នឹង​សំណួរ​មេធាវី​របស់​ខ្លួន​ដោយ​និយាយសង្កត់​សំឡេង​ច្បាស់ៗ​ក្នុង​សវនាការ​នោះ​ថា៖ «​អ្នកណា​ក៏​ដោយ​ដែល​មាន​បំណង​ហិង្សា ខ្ញុំ​មិន​ធ្វើ​ការ​ជាមួយ​ជា​ដាច់​ខាត គឺ​ទៅ​ឲ្យ​ឆ្ងាយ [...] ខ្ញុំ​មិននិយាយ​ឈ្មោះ​បុគ្គល​ណា​ទេ»។

ក្នុង​សវនាការ​ចំនួន​៧​សប្តាហ៍​មក​នេះ​ អង្គជំនុំ​ជម្រះ​នៅ​មិន​ទាន់បាន​កោះ​ហៅ​សាក្សីណា​ម្នាក់​មក​សួរ​នាំ​នៅ​ឡើយ​ទេ។ សវនាការ​នឹង​បន្ត​ទៅ​ថ្ងៃ​ព្រហស្បតិ៍​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG