គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចោទប្រកាន់ប្រទេសមួយចំនួនដោយមិនបញ្ចេញឈ្មោះថាព្យាយាមធ្វើឲ្យអព្យាក្រឹតភាព អធិបតេយ្យជាតិ និងការអភិវឌ្ឍកម្ពុជារងការគំរាមកំហែង ជាមួយគ្នាដែលស្ថានការណ៍ពិភពលោកកំពុងវិវត្តន៍ដ៏ស្មុគស្មាញនិងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងមានហានិភ័យកាន់តែច្រើននោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាចំនួន២ថ្ងៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី២ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានដដែលបានសង្កត់ធ្ងន់ថា៖
«ប្រទេសខ្លាំងៗមួយចំនួននៅតែបន្តប្រើប្រាស់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បំពានលើអធិបតេយ្យរបស់ប្រទេសដែលខ្សោយជាងខ្លួន។ ស្ថានការណ៍នេះ បានដាក់ សម្ពាធ និងគំរាមកំហែងដល់អព្យាក្រឹតភាព ឯករាជ្យ និងអធិបតេយ្យជាតិ ហើយក៏បានជះឥទ្ធិពលផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា»។
ទោះជាគណបក្សកាន់អំណាចមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះក្តី តែត្រូវគេ គិតថាជាការនិយាយសំដៅលើក្រុមមហាអំណាចដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបដែលកំពុងទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការដោះ លែង និងទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងក្រុមជំទាស់របស់លោក កឹម សុខា និង លោក សម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយមុនការបោះឆ្នោត ឆ្នាំ២០១៨ ដើម្បីជាថ្នូរនឹងការរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ EBA ឬការអនុគ្រោះពន្ធនាំ ចូលគ្រប់មុខទំនិញទៅកាន់ទីផ្សារអឺរ៉ុបលើកលែងតែអាវុធ។
តែអង្គសន្និបាតគណបក្សប្រជាជនកម្ពុជាបានផ្តល់តម្លៃដល់មេដឹកនាំខ្លួនគឺលោក នាយករដ្ឋមន្ត្រីហ៊ុន សែនថាបានជម្នះសម្ពាធទាំងនេះបានដោយជោគជ័យ ដោយការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ជាឯកតោភាគីដូច្នេះដោយយោងថារាជរដ្ឋាភិបាលបានទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា ដោយការធ្វើបដិវត្តន៍ពណ៌ដែលបក្សកាន់អំណាចចោទប្រកាន់ទៅលើក្រុមជំទាស់របស់លោក សម រង្ស៉ី និងលោក កឹម សុខា ដែលលោកទាំងពីរបានបដិសេធ និងអះអាងថាប្រកាន់យកការផ្លាស់ប្តូរតាមគោលការណ៍ប្រជាធិបតេយ្យ។ បន្ថែមពីលើនេះគឺការរក្សាបានសន្តិភាព និងកំណើនសេដ្ឋកិច្ច៧,១ភាគរយនិងការកែទម្រង់ស៊ីជម្រៅលើបញ្ហារដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការប្រឆាំងអំពើពុករលួយ ប្រព័ន្ធយុត្តិធម៌ អភិបាលកិច្ចល្អ ធនធានមនុស្ស សេវាកម្មសាធារណៈ គោលនយោបាយជាតិគាំពារសង្គម ការបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាជាដើម៕