ប្រធានសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី ២៩ (COP29) បានចេញសេចក្តីស្នើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយកាលពីថ្ងៃសុក្រ ដែលនឹងឲ្យក្រុមប្រទេសអភិវឌ្ឍន៍ដឹកមុខក្នុងការផ្តល់ប្រាក់ ២៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំត្រឹមឆ្នាំ ២០៣៥ ដើម្បីជួយប្រទេសក្រីក្រ។ នេះបើតាមសារព័ត៌មាន Reuters។ សំណើនេះបាននាំឲ្យមានការរិះគន់ពីគ្រប់ភាគី។
តំណាងរដ្ឋាភិបាលមកពីជុំវិញពិភពលោកដែលបានចូលរួមក្នុងសន្និសីទកំពូលនេះក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ មានកាតព្វកិច្ចស្វែងរកកិច្ចព្រមព្រៀងលើផែនការមូលនិធិដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តែសន្និសីទរយៈពេលពីរសប្តាហ៍នេះឃើញមានតែការខ្វែងគំនិតគ្នារវាងប្រទេសអ្នកមានដែលមិនចង់បានលទ្ធផលដែលចំណាយអស់ច្រើននិងប្រទេសកំពុងអភិវឌ្ឍដែលជំរុញឲ្យបានមូលនិធិកាន់តែច្រើន។
តំណាងពិសេសទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុមកពីប្រទេសប៉ាណាម៉ាលោក Juan Carlos Monterrey Gomez បានចាត់ទុកចំនួនថវិកាដែលស្នើសុំនោះថាទាបពេក។ លោកថ្លែងថា៖ «ខ្ញុំតូចចិត្តណាស់។ វាគួរឲ្យអស់សំណើច។ ខ្ញុំមានអារម្មណ៍ថាក្រុមប្រទេសអភិវឌ្ឍន៍ចង់ឲ្យភពផែនដីនេះឆេះកាល»។
ទន្ទឹមនឹងនេះដែរ អ្នកចរចាម្នាក់មកពីអឺរ៉ុបបានប្រាប់សារព័ត៌មាន Reuters ថាសំណើកិច្ចព្រមព្រៀងថ្មីនេះមានតម្លៃថ្លៃពេក ហើយមិនបានពង្រីកចំនួនប្រទេសដែលចូលវិភាគទានដល់មូលនិធិនេះទេ។
អ្នកចរចានោះបាននិយាយថា៖ «គ្មាននរណាម្នាក់សប្បាយចិត្តនឹងតួលេខនេះទេ ព្រោះវាខ្ពស់ហើយស្ទើរតែគ្មានការបង្កើនចំនួនអ្នកបរិច្ឆាគ»៕
វេទិកាបញ្ចេញមតិ