រុស្ស៊ីបានផ្តល់មីស៊ីលបាញ់យន្តហោះឲ្យកូរ៉េខាងជើងជាថ្នូរនឹងការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមទីប្រឹក្សាសន្តិសុខកំពូលរបស់កូរ៉េខាងត្បូង ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន AFP កាលពីថ្ងៃសុក្រ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរថាបានបញ្ជូនទាហានជាង ១០.០០០ នាក់ទៅជួយរុស្ស៊ីប្រយុទ្ធនឹងអ៊ុយក្រែន។ អ្នកជំនាញថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un អន្ទះសារចង់បានបច្ចេកវិទ្យាទំនើបនិងបទពិសោធន៍ក្នុងសមរភូមិសម្រាប់ទាហានរបស់លោកជាថ្នូរមកវិញ។
ពេលត្រូវសួរថាតើកូរ៉េខាងត្បូងជឿថាកូរ៉េខាងជើងបានទទួលអ្វីមកវិញជាថ្នូរនឹងទាហានទាំងនោះ ទីប្រឹក្សាសន្តិសុខកំពូលកូរ៉េខាងត្បូងលោក Shin Won-sik បានឆ្លើយថា៖ «មានការកំណត់ថាឧបករណ៍និងមីស៊ីលបាញ់យន្តហោះនោះដែលមានគោលដៅពង្រឹងប្រព័ន្ធការពារដែនអាកាសដែលងាយរងគ្រោះរបស់កូរ៉េខាងជើងត្រូវបានដឹកជញ្ជូនទៅកូរ៉េខាងជើង»។
នៅពេលថ្លែងទៅកាន់ទូរទស្សន៍ SBS នៃប្រទេសកូរ៉េខាងត្បូង លោក Shin បានបន្ថែមថាកូរ៉េខាងជើងបានទទួល «ការគាំទ្រផ្នែកសេដ្ឋកិច្ចតាមទម្រង់ផ្សេងៗ» និង «ក្រោយពីការបាញ់សាកល្បងដែលបរាជ័យកាលពីថ្ងៃទី ២៧ ខែឧសភាមក កូរ៉េខាងជើងបានខិតខំធ្វើការលើផ្នែកបច្ចេកវិទ្យាទាក់ទងនឹងផ្កាយរណប»។
អ្នកជំនាញនានាធ្លាប់បាននិយាយថា ជាថ្នូរនឹងទាហាន កូរ៉េខាងជើងទំនងជាមានបំណងចង់បានបច្ចេកវិទ្យាយោធារាប់ចាប់ពីផ្កាយរណបឈ្លបយកការណ៍រហូតដល់នាវាមុជទឹក ក៏ដូចជាការធានាសន្តិសុខពីរុស្ស៊ីផងដែរ៕
វេទិកាបញ្ចេញមតិ