អ្នកការពារសិទ្ធិមនុស្សនិងអ្នកនយោបាយប្រឆាំងបានសម្តែងការព្រួយបារម្ភចំពោះការបោះឆ្នោតជាតិក្នុងខែកក្កដាខាងមុខ បន្ទាប់ពីមេដឹកនាំរដ្ឋាភិបាលកម្ពុជាគំរាមកំហែងថានឹងបន្តប្រើប្រាស់តុលាការ និងវិធានការហិង្សាប្រឆាំងនឹងអ្នករិះគន់។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលចេញផ្សាយកាលពីពាក់កណ្តាលខែមករាបានកត់សម្គាល់ពីការធ្វើទុក្ខបុកម្នេញរួចមកហើយដោយរដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំងនិងសកម្មជនដីធ្លី មេដឹកនាំសហជីព សកម្មជនសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់ៗក្នុងឆ្នាំ២០២២កន្លងមក។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានក្នុងពេលចេញផ្សាយរបាយការណ៍នោះថា៖
«មេដឹកនាំសហជីពការងារ សកម្មជនការពារបរិស្ថាន និងដីធ្លី និងអ្នកការពារសិទ្ធិមនុស្សបានទទួលរងនូវការបង្រ្កាបនេះ ដែលអាចនឹងកាន់តែអាក្រក់ឡើងនៅពេលការបោះឆ្នោតកាន់តែខិតជិតមកដល់»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំនេះដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្របដណ្តប់លើឆាកនយោបាយកម្ពុជាកាន់តែខ្លាំងឡើងក្នុងខណៈដែលគណបក្សប្រឆាំងរងការគាបសង្កត់ជាបន្តបន្ទាប់។ អង្គការ Human Rights Watch បានកត់ត្រាសំណុំរឿងរបស់សកម្មជនជាង១០០ នាក់ដែលត្រូវកាត់ទោសពីបទជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ រួមទាំងជនជាប់ចោទ២៧ នាក់ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស ហើយដែលត្រូវបានកាត់ទោសដោយកំបាំងមុខក្នុងឆ្នាំ២០២២។
លោក Phil Robertson បានបន្ថែមថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំប្រឹងប្រែងគ្រប់ច្រកល្ហកក្នុងការរឹតបន្តឹងសិទ្ធិ និងធានាការគ្រប់គ្រងនយោបាយទាំងស្រុងដែលនឹងឈានទៅដល់ការបោះឆ្នោតជាតិពាក់កណ្តាលឆ្នាំ២០២៣»។
ការគំរាមកំហែងនេះបន្តចូលមកដល់ឆ្នាំ២០២៣នេះទៀត។ តាំងពីដើមខែមករាមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វោហាសាស្ត្រគំរាមកំហែងជាបន្តបន្ទាប់ដល់អ្នករិះគន់លោកទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសនិងតាមបណ្តាញសង្គម និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានគំរាមថានឹងយកមកកាត់ទោសរាល់អ្នករិះគន់ ជេរប្រមាថរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតនៅរៀងរាល់ពេលបោះឆ្នោត និងប្រវត្តិនៃគណបក្សប្រជាជនកម្ពុជាដែលត្រូវបានគេដឹងថាធ្លាប់បានប្រកាន់យកមនោគមវិជ្ជាកុម្មុយនីស្តនិងម៉ាក្ស-លេនីននិយមនិងទំនាក់ទំនងជាមួយនឹងគណបក្សកុម្មុយនីស្តវៀតណាម។
នៅឯវេទិកាសាធារណៈមួយកាលពីថ្ងៃព្រហស្បតិ៍ដែលត្រូវបានផ្សាយផ្ទាល់តាមបណ្តាញសង្គមនិងទូរទស្សន៍ក្នុងប្រទេសកម្ពុជាលោក ហ៊ុន សែន បានព្រមានជាថ្មីថា៖ «ជម្រើសមានតែពីរទេ។ ទីមួយប្រើផ្លូវតុលាការ។ ទីពីរទៅដល់ផ្ទះវាយអ្ហែងហ្មង»។
ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានព្រមានបណ្តាប្រទេសទាំងឡាយមិនឲ្យគាំទ្រអ្នកដែលរដ្ឋាភិបាលបង្ក្រាបផងដែរ។
បន្ទាប់ពីការព្រមានជាសាធារណៈនេះ លោក ហ៊ុន សែន ស្នើគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងពេលខាងមុខគឺត្រូវលើកសរសើរតែគោលនយោបាយរបស់គណបក្សរៀងៗខ្លួនដោយមិនចាំបាច់បង្អាប់បក្សដទៃទេ។
មេដឹកនាំគណបក្សប្រឆាំង១រូបគឺលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្សភ្លើងទៀនត្រូវបានអាជ្ញាធរចាប់ខ្លួននិងឃុំឃាំងនៅថ្ងៃទី១៦ ខែមករា ពាក់ព័ន្ធនឹងការចោទប្រកាន់ចេញសែកអត់លុយក្នុងឆ្នាំ២០១៩។ រីឯឧត្តមទីប្រឹក្សាគណបក្សនេះគឺលោក គង់ គាំ ត្រូវលោក ហ៊ុន សែន គំរាមប្តឹងផ្តល់និងរឹបអូសយកលំនៅដ្ឋានក្រោយពីលោកបានរិះគន់ការដឹកនាំរបស់គណបក្សកាន់អំណាច។ លោក គង់ គាំ បានសម្រេចប្រគល់លំនៅដ្ឋាននៅរាជធានីភ្នំពេញដែលលោកបានរស់នៅជាច្រើនទសវត្សរ៍មកហើយទៅឲ្យរដ្ឋាភិបាលដើម្បីបញ្ចប់បញ្ហា។ លោក ស៊ុន ឆៃ អនុប្រធានមួយរូបទៀតនៃគណបក្សភ្លើងទៀនក៏រងបណ្តឹងពាក់ព័ន្ធនឹងការរិះគន់ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ផងដែរ។
លោក ស៊ុន ឆៃ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារសប្តាហ៍មុនថា៖
«អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភគឺមិនដឹងថា បញ្ហានេះវារាលដាលមកដល់ថ្នាក់ដឹកនាំ។ ឥឡូវវាបីរូបហើយយើងមិនដឹងថាករណីហ្នឹងវារាលដាលដល់កម្រិតណាទៀត»។
រីឯអាជ្ញាធរប៉ូលិសរាជធានីភ្នំពេញក៏បានកោះហៅសកម្មជន៤នាក់ឲ្យចូលបំភ្លឺនៅដើមខែមករាដោយគ្រាន់តែពួកគេបង្ហោះបទចម្រៀងរំឭកដល់ការបង្ក្រាបហិង្សារបស់អាជ្ញាធរមកលើការតវ៉ារបស់កម្មករកាលពី៩ឆ្នាំមុនប៉ុណ្ណោះ។ សកម្មជនសហគមន៍យល់ថាការដាក់សម្ពាធរបស់រដ្ឋាភិបាលមកលើអង្គការសង្គមស៊ីវិលនៅមុនពេលបោះឆ្នោតគឺជានិន្នាការដែលកើតឡើងជាប្រចាំហើយវានឹងធ្វើមានស្ថានភាពអាក្រក់សម្រាប់ពេលខាងមុខតទៅទៀត។
លោកថេង សាវឿន ប្រធានសមាគមសម្ពន្ធកសិករកម្ពុជា (CCFC) និងជាសកម្មជនម្នាក់ដែលត្រូវប៉ូលិសកោះហៅនោះបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងដឹងហើយថា រដ្ឋាភិបាលមានការព្រួយបារម្ភខ្លាំងខ្លាចអង្គការសង្គមស៊ីវិល ឬក៏សកម្មជនធ្វើយុទ្ធនាការ ឬធ្វើកិច្ចការងារអ្វីហ្នឹងធ្វើឲ្យបាក់មុខបាក់មាត់ ធ្វើឲ្យប្រជាជនមិនមានជំនឿជឿជាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល»។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែមករាថ្កោលទោសការគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលសំដៅលើមន្ត្រីរបស់ខ្លួនមួយចំនួននិងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ គណបក្សសង្គ្រោះជាតិក៏ស្នើឲ្យអន្តរជាតិឆ្លើយតបឲ្យបានរហ័សផងដែរជាពិសេសបញ្ឈប់ការផ្តល់ជំនួយដល់កំណែទម្រង់នានាព្រោះ«មិនទទួលបានលទ្ធផលអ្វីទេក្រោមរដ្ឋាភិបាលបច្ចុប្បន្ន»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «ការធ្វើប្រតិកម្មដោយអសកម្មមិនអាចបន្តទៀតបានឡើយ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានសម្តែងទុទិដ្ឋិនិយមចំពោះការបោះឆ្នោតក្នុងពេលខាងមុខនេះ។ លោកបានប្រាប់វីអូអេកាលពីសប្តាហ៍មុនថា៖
«ទីមួយយើងមើលលំហរសេរីភាព វាអត់មានភាពសេរី វាអត់មានភាពបើកចំហរ អត់មានការប្រកួតប្រជែងដោយត្រឹមត្រូវពេញលេញទេគឺលោក ហ៊ុន សែន គាត់ធ្វើអ្វីតាមអំពើចិត្ត។ ទីពីរអាជ្ញាកណ្តាលនៃការបោះឆ្នោតហ្នឹងក៏យើងមើលឃើញថាវាអត់មានឯករាជ្យទេគឺវាធ្វើតាមតែបង្គាប់បញ្ជារបស់លោក ហ៊ុន សែន»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ខ្លួននឹងខិតខំរៀបចំការបោះឆ្នោតមួយដែលនឹងធានាដល់ភាពត្រឹមត្រូវតាមផ្លូវច្បាប់។
លោក សោម សូរីដា អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានបញ្ជាក់ប្រាប់វីអូអេនៅកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖
«ជាទូទៅគឺដំណើរការរៀបចំការបោះឆ្នោតនេះគឺគ.ជ.បបានអនុវត្តកិច្ចការរបស់ខ្លួនដោយគោរពទៅតាមច្បាប់បញ្ញត្តិដែលមានចែងស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ អ៊ីចឹងច្បាប់ជាធរមានរួមទាំងនីតិវិធីគឺជាគោលការណ៍អនុវត្តរបស់គ.ជ.ប។ អ៊ីចឹងអ្វីដែលគ.ជ.បអនុវត្តគឺទៅតាមលក្ខខណ្ឌបច្ចេកទេសដែលយើងបានត្រៀមរៀបចំរួចរាល់អស់ហើយ»។
លោក សោម សូរីដា យល់ថា វោហាសាស្ត្ររវាងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានិងអ្នកនយោបាយនានាគឺមិនស្ថិតនៅក្រោមយុត្តាធិការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតឡើយហើយក៏នឹងមិនប៉ះពាល់ដល់ការងាររបស់ស្ថាប័ននេះដែរ។
លោកបានបន្ថែមថា៖ «មតិជាតិនិងអន្តរជាតិកន្លងមកនេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងមកនេះគឺស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគ្មានអំពើហិង្សាគ្មានការគំរាមកំហែង។ ខ្ញុំជឿជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងពេលខាងមុខនេះក៏បរិយាកាសស្ថិតក្នុងស្ថានភាពដូចគ្នាក្នុងឆ្នាំ២០២២សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ»។
បើទោះបីជាមានការព្រួយបារម្ភពីបរិយាកាសបោះឆ្នោតក្នុងពេលខាងមុខក៏ដោយ លោក អេង ឆៃអ៊ាង នៃគណបក្សសង្គ្រោះជាតិរំពឹងថា ពលរដ្ឋនឹងប្រើប្រាស់សុភវិនិច្ឆ័យផ្ទាល់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំដែលល្អដែលផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅពេលពួកគេទៅបោះឆ្នោតនៅពេលខាងមុខ៕