ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​បញ្ចេញ​មតិ​ចម្រុះគ្នា​ជុំវិញ​ការ​កាន់​អំណាច​៣៨ឆ្នាំ​របស់ លោក ហ៊ុន សែន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុង​ឱកាស​ខួប​៣៨​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នក​តាម​ដាន​ និង​អ្នកវិភាគ​នយោបាយ​បាន​ផ្តល់​មតិ​ចម្រុះ​ពាក់​ព័ន្ធ​នឹង​ការ​ស្ថិត​នៅក្នុង តំណែង​របស់​លោក​ ដែល​ក្នុង​នោះ​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។

កាល​ពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ គឺ​ជាខួប​៣៨ឆ្នាំ​នៃការ​ស្ថិត​នៅ​ក្នុង​តំណែង​របស់​លោក ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​តាំង​ពី​ឆ្នាំ​១៩៨៥ រហូត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ក្រៅពី​ធ្លាប់​ជា​រដ្ឋមន្រ្តី​ការបរ​ទេស​ ។ លោក​ ហ៊ុន សែន​ ត្រូវ​បាន​គេ​ទទួល​ស្គាល់ថា​ជានាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​បាន​យូរ​ជាង​គេ​នៅក្នុង​ពិភពលោក​។

អ្នកវិភាគ​នយោបាយ ​លោក ​បណ្ឌិត​ សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា​រយៈ​ពេល​៣៨ឆ្នាំ​នៃ​ការ​កាន់​អំណាច​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រៅពីបាន នាំមក​នូវសន្តិភាពជា​វិជ្ជមាន​ឬការបញ្ចប់​សង្គ្រាម​ ​ក៏បាន​នាំមក​ផងដែរ​នូវ«សន្តិ​ភាព​អវិជ្ជមាន» ​ដែលនៅ​មិន​អាច​សម្រេច​បា​ននៅ​ឡើយចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិប​តេយ្យ​ និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ និងថា​លោក​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ការ​ពេល​ច្រើន​តទៅទៀត​ ដើម្បី​សម្រេច​បា​ន​នូវ​សន្តិភាព​មួយ​នេះ​។ បើ​និយាយ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អ្នកវិភាគ​រូបនេះ​អះអាង​ថា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ប៉ុន្តែ​លោក​ថា«ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃព្រលឹង​សាមគ្គី​ជាតិ» កំពុង​តែ​ធ្លាក់​ចុះនិង​ទ្រុឌទ្រោម។

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក សេង សារី​ បញ្ជាក់ថា៖ «ដូច្នេះ​ហើយ​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ក៏​នៅ​មាន​ភារកិច្ច​ច្រើនដែរ​ ដើម្បី​ធ្វើ​ម៉េច​ឱ្យខ្មែរ​មាន​ព្រលឹង​ ខ្មែរ​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង។ ខ្មែរ​ត្រូវ​មាន​សមត្ថភាព ​ទទួល​បាន​ការ​អប់​រំ ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ ​ដែល​មាន​គុណភាព​ ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នកដទៃ​បាន ជា​ជាង​ការ​គ្រាន់តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេ​ដ្ឋកិច្ច»។

លោក ​សេង សារី កត់​សម្គាល់ថា​លោក​នា​យ​ករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​មាន​មហិច្ឆតា​នៅ​ក្នុង​ការកាន់​អំណាច​យូរ​ទៀត ​គ្រា​សុខភាព​របស់​លោក​នៅល្អ​ប្រសើរ។ លោក​បន្តថា​ការផ្ទេរ​អំណាច​ក៏​មិនអាច​ស្ថិត​នៅក្នុង​អំឡុង​អាណត្តិទី​៧ដែរ​ ប៉ុន្តែអាច​ធ្វើឡើង​នៅក្រោយ​ឆ្នាំ​២០២៨។ បេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន គឺ​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ នៅ​គ្រា​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់​នា​ខែ​កក្កដា​ខាង​មុខ ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​តែ​មាន​បេក្ខភាព​លោក ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី។ គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​ដាក់​លោក​ ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​នាពេល​ណា​ក៏បាន នៅ​ពេល​គណបក្ស​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត។

លោក ​អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវ​ជ្រាវ​គោល​នយោ​បាយ ​ប្រាប់​វីអូអេ​ថាក្នុង​រយៈ​ពេល​នៃការ​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រទេស​កម្ពុជា​មាន​សន្តិ​ភាព​និង​ស្ថិរភាព​ ខណៈថា​សន្តិ​ភាព​នាំមក​នូវ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ ទោះ​ជាយ៉ាង​ណា លោក​អះអាង​ថា​ជម្លោះ​នយោបាយ​នៅតែ​បន្ត​កើត​មាន​ ជាពិសេស​គម្លាត​សង្គម​ ខណៈ​អ្នក​ក្រីក្រ​នៅ​តែ​មាន​ឱកាស​តិចតួច​ បើ​ទោះ​ប្រទេស​កម្ពុជា​កំពុងតែ​វិវឌ្ឍ​ទៅ​រក​ភាព​រីកចម្រើនក៏ដោយ។

លោក​បញ្ជាក់ថា៖ «ប៉ុន្តែស្ថាន​ភាព​តានតឹង​នយោបាយ គឺ​នៅតែ​មាន​ហើយ​បញ្ហា​នៃ​គម្លាត​សង្គម​រវាង​អ្នក​មាន​និង​អ្នក្រ អ្នក​ដែលមាន​ខ្សែឬមួយ​អ្នក​ដែលមិនមាន​ខ្សែ​គឺ​ហាក់ដូច​ជា​រីកចម្រើន។ យើង​មើល​ប្រជាពល​រដ្ឋ​ដែល​ក្រី​ក្រ ឱកាស​គាត់​នៅ​តែមាន​តិច​នៅ​ក្នុង​ពេល​មួយ​ដែល​ប្រទេស​កំពុង​តែ​រីក​ចម្រើន»។

នៅ​ពេល​ដែល​សួរ​តើ​លោក ហ៊ុន សែន​ នឹង​លាលែងពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នាអាណត្តិ​ក្រោយ​ទេ លោក អ៊ូ វីរៈ យល់​ឃើញ​ថា​ភាគរយ គឺមាន​តិច​តួច​ ខណៈ​សេណារីយ៉ូ​ដែល​ល្អ​បំផុត​នៅក្នុងការ​ផ្ទេ​អំណាច​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទៅកាន់កូន​ប្រុសច្បង​របស់លោក គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ពេល​នៃការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត បាន​ទទួល​និង​ផ្តល់​សិទ្ធិ​អំណាច​ពី​ប្រ​ជាពលរដ្ឋ។

រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

លោក​ថ្លែងថា៖ «ជាសេណារីយ៉ូ​ដែលល្អ​បំផុត ​គឺ​គួ​រតែមុន​អាណត្តិ​គឺបាន​ន័យ​ថា​សម្រាប់​អា​ណត្តិ​ក្រោយ​គឺលែង​ហើយ។ អ្នក​ដែល​កាន់អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ និង​គណៈរដ្ឋមន្ត្រី​គឺត្រូវ​តែ​ជាអ្នក​ឈ្មោះ​សម្រាប់​បេក្ខ​ជន​ សម្រាប់​ទទួល​បានការ​បោះ​ឆ្នោត​និង​សិទ្ធិ​អំណាច​ពី​ប្រជាពល​រដ្ឋ»។

​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក សុខ ឥសាន​ លើក​ឡើងថា​ ការ​ដែល​អ្នកវិភាគ​ថា​សេដ្ឋកិច្ច​កម្ពុជា​រីកច​ម្រើន​និង​ហេដ្ឋារចនា​សម្ព័ន្ធ​កើនឡើង​ជាកា​រត្រឹម​ត្រូវ​ ខណៈថា​កម្ពុជា​គោរព​ទៅ​តាម​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិ​បតេយ្យ​ពេញលេញ។

លោក​បញ្ជាក់ថា​៖ «ថា​មានការ​ប្រើ​អំពើហិង្សា​នយោបាយ​ហ្នឹង ខ្ញុំយល់ថា​អត់​មាន​ការ​ប្រើ​អំពើ​ហិង្សា​នយោបាយ​ទេ​។ ជាក់​ស្តែង​យើង​ឃើញ​ហើយ គឺ​ថា​យើ​ង​អនុវត្ត​ទៅ​តាម​លទ្ធិ​ប្រ​ជាធិ​បតេយ្យ​និងនីតិ​រដ្ឋ។ អ៊ី​ចឹង​ទេ​យើ​ងត្រូវ​ប្រើប្រព័ន្ធ​តុលាការចាត់វិធានការ​លើជន​ទាំង​ឡាយ​ណាមិន​ថា​ប្រកាន់និន្នាការ​នយោបាយ​ ជាបក្ស​កាន់អំ​ណាច​ឬ​មួយក៏​បក្ស​ប្រឆាំង​ទេ​ គឺឱ្យ​តែ​នរណា​ប្រព្រឹត្ត​ល្មើសច្បាប់​ យើ​ងត្រូវ​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ហ្នឹង​ហើយ​»។

ប្រធាន​វេទិកា ​The Thinker Cambodia ​លោក​ វណ្ណ ប៊ុនណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថាលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ត្រូវ​បានគេ​ទទួល​ស្គាល់​ថាជា​អ្នក​ដែល​នាំមក​នូវ​សន្តិ​ភាព​អវិជ្ជមាន​មកកាន់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​លោកថា​នៅក្នុងការ​ដឹកនាំ​របស់​លោក ប្រទេស​កម្ពុជា​សម្បូរ​ទៅដោ​យ​ភាព​អយុត្តិ​ធម៌សង្គម​ វិសមធម៌ ​និង​អំពើពុករលួយ​រីក​ដូច​ផ្សិត​ ខណៈ​ផល​នៃ​ការ​អភិវឌ្ឍ​បាន​តែ​ទៅ​លើ​មនុស្ស​មួយ​ក្រុម​តូច។

រូបឯកសារ៖ គ្រួសារមួយធ្វើដំណើរតាមម៉ូតូកាត់ការដ្ឋានសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ គ្រួសារមួយធ្វើដំណើរតាមម៉ូតូកាត់ការដ្ឋានសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក ​វណ្ណ ប៊ុនណា ​បញ្ជាក់ថា​៖ «ដូច្នេះ​សម្រាប់អ្ន​ក​បន្តវេន​របស់​កម្ពុជា​ ខ្ញុំ​គិត​ថា​បើ​សិន​ជា​ឯកឧត្តម​ ហ៊ុន ម៉ាណែត​ គាត់​ក្លាយ​ទៅ​ជាអ្នក​ដឹកនាំ​របស់​កម្ពុជា​ទៅអនាគត​ ត្រូវ​តែពង្រឹង​ស្នាដៃ​អំពី​ឪពុក​របស់​គាត់ ​តាម​រយៈ​ការ​បង្កើ​ត​សង្គម​កម្ពុជា​ឱ្យមាន​សន្តិ​ភាពវិជ្ជមាន ​ដែល​មានការ​ពង្រឹង​នីតិរដ្ឋ ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ ​ធ្វើ​ឱ្យ​សង្គម​មួយ​កាន់​តែ​មាន​យុត្តិធម៌​ប្រសើរ​ឡើង​ និង​ការ​អភិវឌ្ឍ​ប្រក​ប​ដោយ​បរិយា​ប័ន្ន​ផងដែរ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​គេហទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅថ្ងៃ​គម្រប់​ខួប​លើក​ទី៣៨ឆ្នាំ​នៃ​ការ​កាន់​អំណាច​ថា ៖«៣៨​ឆ្នាំកន្លងទៅនេះ កម្ពុជា​បាន​ឆ្លង​កាត់​មហា​ឧប​សគ្គធំៗ​រាប់​មិនអស់​ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ដ៏វៃឆ្លាត ​និង​មាន​បទ​ពិសោធន៍​បំផុត​របស់​កម្ពុជា​បាន​ដឹក​នាំ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិមាន​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ​មក​ទល់​សព្វ​ថ្ងៃ»។

បើ​តាម​លោក វណ្ណ ប៊ុនណា ​អាណត្តិ​ក្រោយ គឺ​ជា​ការ​សម​គួ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​ឱ្យ​ទៅ​អ្នក​ជំនាន់​ក្រោយ ​ដោយ​ហេតុ​ថា​លោក​មាន​អាយុ​ច្រើន ​ជាពិសេស​គណបក្ស​ប្រឆាំងមិន​អាច​មាន​កម្លាំង​នយោ​បាយ​ប្រៀបផ្ទឹម​ជា​មួយ​គណ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ឡើយ៕

XS
SM
MD
LG