ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​ទ្រព្យសម្បត្តិ​សរុប​ជាង ៤០០ លាន​ដុល្លារ


នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី Paetongtarn Shinawatra ​នៅ​ក្នុង​សន្និសីទ​កាសែត​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី ២៨ វិច្ឆិកា​ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី Paetongtarn Shinawatra ​នៅ​ក្នុង​សន្និសីទ​កាសែត​ទីក្រុងបាងកក​ប្រទេស​ថៃ​កាលពីថ្ងៃទី ២៨ វិច្ឆិកា​ ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី Paetongtarn Shinawatra បាន​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​ដែល​មាន​តម្លៃ​ជាង ៤០០ លាន​ដុល្លារ ដែល​ក្នុង​នោះ​រួមមាន​ទាំង​កាបូប​ដៃ​ជាង ២០០ ដែល​មាន​តម្លៃ​ជាង ២ លាន​ដុល្លារ​និង​នាឡិកា​ដៃ​ប្រណិតៗ​យ៉ាងតិច ៧៥ គ្រឿង​ដែល​មាន​តម្លៃ​ជិត ៥ លាន​ដុល្លារ​ផងដែរ។ នេះ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​គណបក្ស​អ្នកស្រី។

អ្នកស្រី Paetongtarn គឺជា​កូនស្រី​ពៅ​របស់​មហាសេដ្ឋី​ទូរគមនាគមន៍​និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra។ អ្នកស្រី​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ខែ​កញ្ញា​ឆ្នាំ​មុន។

អ្នកស្រី Paetongtarn មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សកម្ម​និង​ទ្រព្យ​អកម្ម​របស់​អ្នកស្រី​ឱ្យ​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ (NACC)។

ឯកសារ​មួយ​ដែល​បាន​ចុះផ្សាយ​លើ​វេបសាយ​បណ្តាញ​ព័ត៌មាន​នានា​បាន​បង្ហាញ​ថា អ្នកស្រី​មាន​ទ្រព្យសម្បត្តិ​ឬ​ទ្រព្យ​សកម្ម​ចំនួន ១៣,៨ ពាន់​លាន​បាត ស្មើ​នឹង ៤០០ លាន​ដុល្លារ​អាមេរិក។

ការ​ប្រកាស​របស់​អ្នកស្រី​បាន​បង្ហាញ​ថា វិនិយោគទុន​របស់​អ្នកស្រី​មាន​តម្លៃ ១១ ពាន់​លាន​បាត ហើយ​អ្នកស្រី​មាន​ប្រាក់​ដម្កល់​ទុក​និង​សាច់ប្រាក់​ផ្សេង​ទៀត​ចំនួន ១ ពាន់​លាន​បាត។

ទ្រព្យសកម្ម​ផ្សេង​ទៀត​របស់​អ្នកស្រី​រួមមាន​នាឡិកា​ដៃ​ចំនួន ៧៥ គ្រឿង​ដែល​មាន​តម្លៃ ១៦២ លាន​បាត​និង​នាឡិកា​ផ្សេង​ទៀត​ចំនួន ៣៩ គ្រឿង បូក​នឹង​កាបូប​ដៃ​ចំនួន ២១៧ ដែល​មាន​តម្លៃ ៧៦ លាន​បាត និង​អចលនទ្រព្យ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស​និង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត។

អ្នកស្រី​ក៏​បាន​ប្រកាស​អំពី​ទ្រព្យ​អកម្ម​ឬ​ទ្រព្យ​ដែល​ត្រូវ​បង់​ឱ្យ​គេ​ដែល​មាន​តម្លៃ​ជិត ៥ ពាន់​លាន​បាត​ផងដែរ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ទ្រព្យសម្បត្តិ​ពិត​ប្រាកដ​តែ ៨,៩ ពាន់​លាន​បាត ស្មើ​នឹង ២៥៨ លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ឯកសារ​របស់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​ថៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG