ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថាលោកបានរារាំងការលក់ដ៏ចម្រូងចម្រាស់នូវក្រុមហ៊ុនដែកថែប US Steel របស់សហរដ្ឋអាមេរិកដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារដល់ក្រុមហ៊ុនដែកថែប Nippon Steel របស់ជប៉ុន ដោយលោកបានលើកឡើងពីភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រក្នុងការការពារឧស្សាហកម្មក្នុងប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការទិញនេះនឹងធ្វើឱ្យក្រុមហ៊ុនផលិតដែកថែបដ៏ធំបង្អស់មួយរបស់អាមេរិកស្ថិតក្រោមការត្រួតត្រារបស់បរទេស ហើយនឹងធ្វើឱ្យមានហានិភ័យចំពោះសន្តិសុខជាតិរបស់យើងនិងសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់របស់យើង។ ហេតុនេះហើយ ខ្ញុំកំពុងចាត់វិធានការដើម្បីរារាំងកិច្ចព្រមព្រៀងនេះ»។
ការសម្រេចរបស់លោក Biden នេះបានធ្វើឡើងក្នុងពេលមិនដល់ ៣ សប្តាហ៍ផងមុនពេលលោកបញ្ចប់អាណត្តិជាប្រធានាធិបតី និងធ្វើឡើងបន្ទាប់ពីមានការអូសបន្លាយជម្លោះនយោបាយទាក់ទិននឹងការប្រជែងគ្នានូវការទាមទារក្នុងប្រទេសទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
គណបក្សប្រជាធិបតេយ្យដែលផ្ដោតជាចម្បងមួយលើការកសាងឡើងវិញនូវមូលដ្ឋានផលិតកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលរបស់លោក Biden បានរិះគន់កិច្ចព្រមព្រៀងនេះអស់រយៈពេលជាច្រើនខែ ខណៈដែលមិនទាន់ធ្វើការសម្រេចចិត្តដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយជប៉ុន។
គេឃើញមានការយល់ស្របដ៏កម្រមួយរបស់គណបក្សទាំងពីរនៅសហរដ្ឋអាមេរិកលើបញ្ហានេះ ដោយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងអនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance ក៏បានធ្វើយុទ្ធនាការប្រឆាំងនឹងការលក់ក្រុមហ៊ុន US Steel នេះដែរ៕
វេទិកាបញ្ចេញមតិ