ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​អាមេរិក​ព្រមាន​ពី​ហានិភ័យ​នៃ​ជំងឺ​មហារីក​ដោយសារ​ការ​ផឹក​គ្រឿង​ស្រវឹង


ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​លោក Vivek Murthy ថ្លែង​នៅ​វិមានសភា រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី​៨ មិថុនា ឆ្នាំ២០២៣។
ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​លោក Vivek Murthy ថ្លែង​នៅ​វិមានសភា រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី​៨ មិថុនា ឆ្នាំ២០២៣។

ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​លោក Vivek Murthy បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា គ្រឿង​ស្រវឹង​គួរ​មាន​បិទ​ស្លាក​ព្រមាន​អ្នក​ផឹក​អំពី​ហានិភ័យ​នៃ​ជំងឺ​មហារីក ដោយ​លោក​បាន​កត់សម្គាល់​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ដោះ មហារីក​ពោះវៀន មហារីក​ថ្លើម និង​មហារីក​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក Murthy ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​វាយតម្លៃ​ឡើង​វិញ​លើ​សេចក្ដី​ណែនាំ​អំពី​ការ​កម្រិត​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ថ្លឹងថ្លែង​លើ​ហានិភ័យ​នៃ​ជំងឺ​មហារីក​នៅពេល​សម្រេច​ថាតើ​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ឬ​ក៏​អត់ ឬ​បើ​ផឹក​តើ​ត្រូវ​ផឹក​ក្នុង​កម្រិត​ប៉ុណ្ណា។ ការ​ព្រមាន​នេះ​គឺ​ជា​ការ​ធ្វើឡើង​បន្ថែម​ទៅ​នឹង​ការ​ព្រមាន​នៅ​ពេល​បច្ចុប្បន្ន​អំពី​ហានិភ័យ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​លើ​ទារក​ក្នុង​ផ្ទៃ​និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​នៅពេល​បញ្ជា​ម៉ាស៊ីន​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

ការិយាល័យ​របស់​លោក Murthy បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ធ្វើឡើង​ស្រប​នឹង​របាយការណ៍​ថ្មី​នេះ​ថា៖ «ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​នាំមុខ​ទី​បី​ដែល​អាច​បង្ការ​បាន​នៃ​ជំងឺ​មហារីក​នៅក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ថ្នាំជក់ និង​ភាព​ធាត់​ជ្រុល ដោយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​យ៉ាងតិច ៧ ប្រភេទ»។

ការិយាល័យ​របស់​លោក Murthy បាន​បន្ថែម​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​នៃ​ជំងឺ​មហារីក​ចំនួន ១០០.០០០ ករណី​នៅ​សហរដ្ឋ​អាមេរិក និង​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ចំនួន ២០.០០០ ករណី​ជា​រៀងរាល់​ឆ្នាំ ដែល​នេះ​គឺ​ច្រើន​ជាង​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ចំនួន ១៣.៥០០ ករណី​ទៅ​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​ការិយាល័យ​លោក Murthy បាន​លើកឡើង​ថា «ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នឹង​ហានិភ័យ​ជំងឺ​មហារីក​គឺ​បង្ហាញ​យ៉ាង​ច្បាស់​សម្រាប់​ជំងឺ​មហារីក​យ៉ាងតិច ៧ ប្រភេទ [ដែល​ក្នុង​នោះ​រួម​ទាំង​ជំងឺ​មហារីក​បំពង់​អាហារ ជំងឺ​មហារីក​មាត់ ជំងឺ​មហារីក​បំពង់ក និង​ជំងឺ​មហារីក​បំពង់​សំឡេង​ផងដែរ]...មិន​ថា​គ្រឿង​ស្រវឹង​នោះ​ជា​ប្រភេទ​អ្វី​នោះទេ (ឧទាហរណ៍​ដូចជា​ស្រាបៀរ ស្រា និង​ស្រាបិត​ជាដើម)»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG