ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​បន្ត​ស្នើ​ឱ្យ​គណបក្ស​ភ្លើងទៀន​សុំទោស​រឿង​ចោទ​ថា​ បក្ស​កាន់​អំណាច​គាប​សង្កត់​ខ្លួន


រូបឯកសារ៖ អាជីវករម្នាក់ជិះកង់កាត់រូបបដាតំណាងគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។

គណបក្ស​ប្រជា​ជន​កម្ពុជា​ បានច្រាន​ចោល​សេច​ក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​មួយរបស់​គណ​បក្ស​ភ្លើង​ទៀន​ក្រោម​ហេតុ​ផល​ថា​ សេច​ក្តី​ថ្លែង​ការណ៍​នោះមិន​អាចចាត់​ទុក​ថា​ជា​លិខិតសុំ​ទោស​ ចំពោះ​ការ​ចោទ​ប្រកាន់​លើគណ​បក្ស​កាន់​អំណាច​ ដែល​ថា​ បាន​គាប​សង្កត់​ និង​ដាក់​សម្ពាធលើ​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោ​បាយនោះ​ឡើយ​។ ​នេះ​បើ​តាមអ្នក​នាំ​ពាក្យ​គណ​បក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។

កាលពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យមេធាវី​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ពិនិត្យមើល​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណបក្សភ្លើង​ទៀន​ ដែល​ចោទ​ថា​ គណ​បក្ស​កាន់​អំណាច​គាប​សង្កត់​គូ​ប្រជែងខ្លួន​នោះ​។​ លោក​ ហ៊ុន សែន​ អំពាវ​នាវ​ឲ្យ​គណបក្ស​ជំទាស់មួយនេះ​ធ្វើការ​សុំ​ទោស​ បើ​មិន​ចង់​ប្រឈម​នឹង​ចំណាត់​ការ​ច្បាប់​។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅថ្ងៃចន្ទនេះ​ថា​ ការ​ចង់​បាន​របស់​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​ការ​សុំ​ទោស​ជា​សាធារណៈ​ពី​សំណាក់​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​លោក ​ទាវ វណ្ណុល​ ចំពោះ​ការ​ចោទ​ថា គណ​បក្ស​ប្រជា​ជនកម្ពុជាបាន​គាប​សង្កត់​ និង​គំរាម​កំហែង​លើ​គណ​បក្ស​ជំទាស់​។

លោក​ថ្លែង​ថា៖ «សេចក្តី​ថ្លែង​ការណ៍ចុ​ង​ក្រោយ​របស់​ភ្លើង​ទៀន​មិន​បានពាក់​ព័ន្ធ​ដល់​ការ​សុំទោស​ជា​សាធារណៈ និង​កំហុស​របស់​ខ្លួនដែល​បំពារ​បំពាន​មក​លើ​គណបក្ស​ប្រជា​ជន​កម្ពុជាពីដំបូង​នោះ​ទេ»។

នៅ​ឯ​ពិធី​ពិនិត្យ​វឌ្ឍន​ភាព​នៃការ​សាងសង់​មន្ទីរ​ពេទ្យថ្មីមួយ​ នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ដែល​ធ្វើឡើង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ លោក​ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាផងនោះ​ បាន​សង្កត់​ធ្ងន់​ថា​ លោកមិន​អត់​ឱន​ចំពោះ​អ្នក​ណា​ដែល​និយាយ​ប៉ះ​ពាល់​ និង​ជេរ​ប្រមាថ​គណ​បក្សកាន់​អំណាច​ទៀត​នោះ​ទេ​។ ​ការ​ប្រតិកម្ម​ខ្លាំង​ៗ​របស់​លោក ហ៊ុន សែន ​កើត​មា​នឡើង​ ក្រោយពីគណ​បក្ស​ភ្លើង​ទៀន​ចេញ​សេចក្តីថ្លែង​ការណ៍មួយ​ ពាក់​ព័ន្ធ​នឹងការ​ចាប់​លោក ​ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ដាក់​ពន្ធនា​គារ។

ក្រោយ​ពី​មាន​ការ​ព្រមានរបស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ ​គណ​បក្ស​ភ្លើង​ទៀនបាន​ប្រញាប់​ប្រញាល់​ដក​សេចក្តី​ថ្លែង​ការណ៍​របស់ខ្លួន​ចុះថ្ងៃទី​១៨ មករា​ ហើយ​២ថ្ងៃ​ក្រោយ​មក​គឺថ្ងៃទី​២០​ ខែ​មករា គណបក្ស​ជំទាស់​នេះ​ បានចេញសេចក្តី​ថ្លែង​ការណ៍មួយ​ដោយ​ថ្លែង«អប​អរ​សាទ​រ​»​ ចំពោះ​សេច​ក្តី​ថ្លែង​ការណ៍​ចុះថ្ងៃទី​១៩​ ខែមករា​ របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដែល​បាន​បញ្ជាក់​ពី​«​ភាព​ស្អាត​ស្អំ ត្រឹម​ត្រូវ និង​សេចក្តី​ថ្លៃថ្នូរ​» របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ គណបក្ស​ភ្លើងទៀន​ ក៏គាំទ្រ​ជំហរ​របស់​គណបក្សកាន់​អំណាច​ក្នុង​ការ​ពង្រឹង​បរិយាកាស​នយោបាយ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ សំដៅ​ធានា​ឱ្យការ​បោះឆ្នោត​នៅថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌។

​ទោះ​ជាយ៉ាងណា​ក៏ដោយ​ ​លោក សុខ ឥសានដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយរូប​មក​ពី​គណបក្ស​កាន់​អំណច​ផង​នោះអះអាង​ថា​ គណ​ប​ក្ស​ភ្លើង​ទៀ​ន​ជាអ្នក​បង្កាត់ភ្លើង ​ដូច្នេះ​គណ​បក្ស​មួយនេះ​ត្រូវ​តែ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បើ​មិន​ចង់មាន​រឿង​នៅ​តុលាការ។

​លោក​បន្ថែម​ថា៖ ​«អ៊ីចឹង​វា​អត់​មាន​បញ្ហា​អ្វី​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​គេ​ចោទ​ថា​បង្កើត​បញ្ហា​ ឬ​ឱ្យគណ​បក្ស​ប្រជា​ជន​ធ្វើ​ឱ្យ​បរិយា​កាស​នយោ​បាយ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ហ្នឹង​ល្អ ឬ​មិន​ល្អ​យ៉ាង​ណា​នោះ អាហ្នឹង​មិន​ត្រឹមត្រូវទេ​ ពីព្រោះ​ដើម​ភ្លើ​ង មិន​មែន​គណ​បក្ស​ប្រជា​ជន​ជា​អ្នក​បង្កើត​ភ្លើង​នោះ​ទេ​»។

​បើតាមលោក​ សុខ ឥសាន​ ទោះបីជា​គណបក្ស​ភ្លើង​ទៀន​មាន​បំណងដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក៏ដោយ ក៏​វិធីសាស្ត្រនេះ​មិន​អាច​បញ្ចប់​បញ្ហាដែល​កំពុង​កើត​មាន​នេះទេ​។

នៅ​ពេល​សួរ​ ​ថា​តើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្តឹង​គណ​បក្ស​ភ្លើង​ទៀនទៅ​កាន់​តុលាការ​ហើយ​ឬ​នៅ លោក សុខ ឥសាន​ ​ថា ​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​លោក ​គី តិច​ នឹង​ធ្វើ​តាមសំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដោយពិនិត្យ​ខ្លឹម​សារ​សេចក្តី​ថ្លែង​ការណ៍​គណ​បក្ស​ភ្លើង​ទៀន​ដែល​បាន​ចេញ​ផ្សាយ​ជាសាធារណៈ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​កាលពី​សប្តាហ៍​មុន​។

បើតាមសេចក្តីថ្លែង​ការណ៍​មួយចុះថ្ងៃទី​១៨ ខែមករា គណបក្ស​ជំទាស់លើកឡើង​ថា​៖​ ​«​គណ​បក្ស​ភ្លើង​ទៀន ​ប្រឆាំង​ដាច់​ខាត​លើ​ការ​គាប​សង្កត់ ការ​គំរាម​កំហែង​ និង​កា​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ​គ្រប់​រូប​ភាព​ពី​គណ​បក្ស​កាន់អំណាច ​ដោយ​ទាម​ទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះជា​បន្ទាន់»។

វីអូអេមិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​មេធាវី គី តិច បាន​នៅ​ឡើយ​ទេតាម​ប្រព័ន្ធ​ទូរសព្ទ​នៅ​ថ្ងៃចន្ទ​នេះ។

​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា​ ​លោក​មិន​ទាន់​ដឹង​ថា​គណៈ​កម្មា​ធិការ​នាយក​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើង​ទៀន​សម្រេច​សុំ​ទោសគណ​បក្ស​ប្រជា​ជន​កម្ពុជាជា​សាធារណៈ​ ឬ​យ៉ាង​ណា​នោះ​ទេ​ បើទោះ​ជានៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ គណ​បក្សជំទាស់​នេះ​ បាន​ប្រជុំ​ថ្នាក់​ដឹក​នាំ​ក្រុម​ការងារ និង​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​គណបក្ស​ទាំង​២៥​ រាជ​ធានីខេត្ត​របស់​ខ្លួន ស្ដីពី​«ស្ថាន​ភាព​នយោ​បាយ​បច្ចុប្បន្ន​»។

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ លោក ​ទាវ វណ្ណុល បាន នៅ​ឡើយទេនៅ​ថ្ងៃ​ចន្ទ​នេះ​។ ​

​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោតខុម​ហ្វ្រែល លោក​ កន សាវាង្ស​ ​ធ្លាប់​ប្រាប់​វី​អូអេ​ថា​ ​ការ​ប្តឹង​ផ្តល់​លើ​មតិ​នយោបាយ ឬ​ឈ្នះ​ចាញ់​ដោយប្រើ​តុលាការ​ ឬក៏ការ​ទម្លាក់​កំហុស ​ឬ​បំបាក់​ដៃ​គូ​ប្រកួត​ប្រជែង​គ្នា ​រឹត​តែ​បង្កើន​ស្ថាន​ភាព​តាន​តឹង​នៅ​មុនការ​បោះ​ឆ្នោត​ ដែល​ការណ៍​នេះ​ នឹង​ធ្វើ​ឱ្យអ្នក​ឈ្នះ​មិន​សប្បាយ​ចិត្ត ចំណែក​អ្នកចាញ់​មិន​អស់​ចិត្ត​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។ ​ដូច្នេះ​លោក​ថា ​ការ​ជជែក​គ្នារក​ផ្លូវ​ដោះ​ស្រាយ​វិវាទ​នយោ​បាយ ឬ​ក៏ការ​បង្កើត​ឱ្យមាន​យន្តការរិះ​គន់គ្នា​តែលើ​គោល​នយោ​បាយនោះជា​រឿង​ល្អ​សម្រាប់​ដៃ​គូ​ប្រកួត​ប្រជែង​ដណ្តើម​យក​អំណាច​តាម​ការ​បោះឆ្នោត​៕

XS
SM
MD
LG